ភ្នំពេញ៖ លោក Billy Gorter ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​នៃអង្គការ​ជីវិត​នៅកម្ពុជា​ ឬ​ This Life ​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​កម្ពុជា​ដែល​មាន​បេសកកម្មអបរំ​​​កុមារ​ឱ្យ​ចៀស​ឆ្ងាយ​ពី​ទោសទណ្ឌ​ដែលនាំ​ឱ្យ​ជាប់​​ពន្ធនាគារ និង​គាំទ្រ​សហគមន៍​ដែល​ងាយ​រងគ្រោះ បានទទួល​កិត្តិយស​ដោយ​ឈ្នះពាន​រង​ក្នុង​កម្មវិធី​​ Veblen Directors Awards ដ៏​មាន​កិត្យានុភាព​។​

កម្មវិធី​ Veblen Directors ត្រូវបាន​ប្រារឰ​ឡើងដើម្បី​ជ្រើសរើស​​អ្នកដឹកនាំ​ពិសេស​ម្នាក់ ដែល​មាន​ការ​ដឹកនាំ និង​ការច្នៃប្រឌិតទៅតាម​​​ប្រភេទនីមួយៗ​ ​ដូចជា ភាគហ៊ុន​ឯកជន សហគ្រាស​ធុន​តូច និង​មធ្យម តួនាទី​មិនស្ថិតក្នុង​តំណែង​​ប្រតិបត្តិ និង​ច្រើន​ទៀត​។​

ស្ថាបនិក​កម្មវិធី​លោក Callum Laing ត្រូវបាន​ដកស្រង់​សម្តី​ដោយកាសែត​ Street Insider ដោយ​និយាយថា៖ «​យើង​មាន​ក្ដី​រំភើប​រីករាយ​ណាស់​ពីព្រោះ​​កម្មវិធី​នេះ ជា​ឆ្នាំ​ដំបូង​នៃប្រារឱ​​ពានរង្វាន់ Veblen Directors Awards​​។​ ​ខ្ញុំ​ដឹងថា ​អ្នកឈ្នះ​​ចំនួន ៧ នាក់​​ និង​ជើងឯក​រង​​ចំនួន ១៤ នាក់​ ​​កំពុង​អបអរសាទរ​សមិទ្ធផល​នេះ​ជាមួយ​ស្ថាប័ន​ និង​ក្រុម​ការងារ​របស់​ពួកគេ»​។​

លោក​បាន​បន្ដថា​៖ «​​ពាន​​ទាំងនេះ​នឹង​បន្ថែម​ទម្ងន់​ដល់​កេរ្តិ៍ឈ្មោះ​អាជីព និង​បេសកកម្ម​​ដ៏​ភ្លឺស្វាង​របស់​ពួកគេទៅ​មុខ​ទៀត​​។ ខ្ញុំ​ក៏​សូម​អរគុណ​ដល់​ម្ចាស់​ឧបត្ថម្ភ​ដ៏​សប្បុរស​របស់​យើង​ផងដែរ ដែល​បាន​ជួយ​ធ្វើឱ្យ​ពានរង្វាន់​ទាំងនេះ​អាចទៅរួច​»​។​

យោងតាម​កាសែត Street Insider បាន​ឱ្យដឹងថា អ្នកឈ្នះពាន​ ​រួមមាន​ បុគ្គលក្នុង​វិស័យ​​បច្ចេកវិទ្យា​ប្រកបដោយ​និរន្តរភាព វេជ្ជបណ្ឌិត Reji Kurien Thomas (​គ្រងពាន​ ESG ប្រចាំឆ្នាំ និង​ អ្នក​ណែនាំ​ល្អ​បំផុត​) ដែលលោកបាន​ផលិតជីវឧស្ម័ន​ បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​​​ប្រមូល​ឧស្ម័ន​កាបូ​និក​ប្រមាណ ៥០​ម៉ឺន​​តោន​ជា​រៀងរាល់ឆ្នាំ។​

Ayanda Mafuleka (​Diversity & Inclusion​) គ្រប់គ្រង​កម្មវិធី​ផ្តល់​សិទ្ធិអំណាច​ស្ត្រី និង​ភាពជា​អ្នកដឹកនាំ​ក្នុងប្រទេស​អាហ្វ្រិក​ខាងត្បូង ដោយបណ្ដុះបណ្ដាល​​ដល់​នាយក​ប្រតិបត្តិ និង​អ្នកគ្រប់គ្រង​ចំនួន ២ពាន់នាក់។​

លោក Gorter ត្រូវបាន​ទទួលស្គាល់​នៅក្នុង​ប្រភេទ ESG (​បរិស្ថាន សង្គម និង​អភិបាលកិច្ច​) ជា​នាយក​ឆ្នើម​ប្រចាំឆ្នាំ ​​​ដែល​​បានរួម​ចំណែកសំខាន់​​ចំពោះ​ការអនុវត្ត​ប្រកបដោយ​និរន្តរភាព និង​សីលធម៌​នៅក្នុង​អង្គការ​​។​

លោក Gorter ដែល​បានចាប់ផ្តើម​សកម្មភាព​​នៅ​អាយុ ១៩ ឆ្នាំ​ដោយ​ការតស៊ូ​មតិ​សម្រាប់​ការអភិរក្ស Old Growth Forests ​​ក្នុង​ប្រទេស​អូស្ត្រាលី​គឺជា​កម្លាំង​ផ្លាស់ប្តូរ​នៅ​​កម្ពុជា​ចាប់តាំងពី​ការបង្កើតអង្គការ​ជីវិត​នៅ​កម្ពុជា​​ក្នុង​ឆ្នាំ២០០៧។​

ចាប់ផ្តើម​ជាមួយ​​មនុស្ស​តែ​ម្នាក់ លោក Gorter បាន​ពង្រីក​​​ទៅជា​អង្គភាព​ដ៏​រឹងមាំ​មួយ​ដែលមាន​បុគ្គលិក​ចំនួន ៩០ នាក់ ជះ​ឥទ្ធិពល​វិជ្ជមាន​​ដល់​ជីវិត​រាប់ម៉ឺន​នាក់​នៅ​ទូទាំងប្រទេស​។​

ក្រោម​ការដឹកនាំ​របស់លោក​ Gorter អង្គការ​​សម្រេចបាន​នូវ​ព្រឹត្តិការណ៍​សំខាន់ៗ​នៅក្នុង​បេសកកម្ម​របស់ខ្លួន​ក្នុង​ការជួយ​សហគមន៍ និង​ការពារ​ការជាប់​ឃុំឃាំង​របស់​យុវជន​។​

អង្គការក្រៅរដ្ឋាភិបាល​ដែលមាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប បាន​បំពេញ​ការងារ​​លើកកម្ពស់​គុណភាព​ជីវិត​នៅក្នុង​សហគមន៍​កម្ពុជា តាមរយៈ​ការអប់រំ ការអភិវឌ្ឍន៍​សហគម​ន៍ និង​ការតស៊ូ​មតិ​។​

ពួកគេ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយសហគមន៍​ក្នុងស្រុក ដើម្បី​រៀបចំ និង​អនុវត្ត​កម្មវិធី​ប្រកបដោយ​និរន្តរភាព ដែល​ដោះស្រាយ​បញ្ហា​ប្រឈម​សង្គម សេដ្ឋកិច្ច និង​ការអប់រំ ដោយ​ផ្តោតលើ​ការផ្តល់​សិទ្ធិអំណាច​ដល់​កុមារ​ងាយ​រងគ្រោះ គ្រួសារ និង​ការលើកកម្ពស់​សិទ្ធិមនុស្ស និង​យុត្តិធម៌​សង្គម​។​

នៅ​ឆ្នាំ២០២៤ អង្គការ​ជីវិត​នៅ​កម្ពុជា ​បាន​ជួយ​ដល់​កុមារ ៤ នាក់​ដំបូង​ក្នុងប្រទេស​កម្ពុជា ​ដោយ​បញ្ចៀស​​ពួកគេ​គេច​ពី​កំណត់ត្រា​ឧក្រិដ្ឋកម្ម​។

លោក Gorter បាន​ពណ៌នា​សមិទ្ធិផល​នេះ​ថា ​ជា «នេះជា​ជោគជ័យ​សំខាន់​​» សម្រាប់​កំណែទម្រង់​យុត្តិធម៌​អនីតិជន​នៅក្នុង​ប្រទេស​។​

កម្មវិធី​ប្រកបដោយ​ភាព​ច្នៃប្រឌិត​របស់​អង្គការ ​ដូចជា This Life Beyond Bars បាន​កាត់បន្ថយ​យ៉ាងខ្លាំង​នូវ​អត្រា​ការរើសអើង​នៅក្នុង​ប្រទេស​កម្ពុជា​ពី ៦០ភាគរយ​ មក​នៅក្រោម ២ភាគរយ​ ដែល​ផ្តល់នូវ​គំរូ​សម្រាប់​ការ​ស្តារនីតិសម្បទា​ប្រកបដោយ​ប្រសិទ្ធភាព​។​

អង្គការ​​លើកកម្ពស់​ការ​យល់ដឹង​អំពី​អំពើ​ហឹ​ង្សា​លើ​យេនឌ័រ ជាមួយនឹង​យុទ្ធនា​ការដែល​បាន​ទៅដល់​ប្រជាជន​កម្ពុជា​ម្នាក់​ក្នុងចំណោម​បីនាក់​។​

តាមរយៈ​ការពង្រឹង​ទំនាក់ទំនង​ដ៏​រឹងមាំ​ជាមួយ​សហគមន៍​មូលដ្ឋាន ក្រសួង​រដ្ឋាភិបាល និង​ស្ថាប័ន​អន្តរជាតិ អង្គការ​ជីវិត​នៅកម្ពុជា​ បាន​តាំងខ្លួន​ជា​អ្នកដឹកនាំ​ក្នុង​អភិបាលកិច្ច និង​ការអភិវឌ្ឍន៍​សហគម​ន៍​។

លោក Gorter បាន​ប្រាប់ភ្នំពេញ​ប៉ុស្ដិ៍ថា​៖ «​កិត្តិយស​នេះ​គឺ​មិន​នឹកស្មាន​ដល់ និងពិតជា​អស្ចារ្យ​​។ វា​ជា​សក្ខីភាព​មួយ​ចំពោះ​ការងារ​របស់​ក្រុម​របស់​យើង​នៅអង្គការ​​ និង​ភាព​ធន់​របស់​សហគម​ន៍​ដែល​យើង​បម្រើ​។ សាវតា​របស់ខ្ញុំ​បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់ខ្ញុំ​ក្នុងការ​បង្កើត​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន»៕ ​