មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​បោះពុម្ព​សៀវភៅ​ «រឿងរ៉ាវ​ក្នុង​ភូមិ​សម័យ​ខ្មែរ​ក្រហម» ដែល​រៀបរាប់​ពី​សាច់​រឿង​ជីវិត​នៅ​ក្នុង​សម័យ​ខ្មែរ​ក្រហម។​ ក្នុង​ដំណាក់​កាល​ដំបូង​នេះ សៀវភៅ​នេះ​​មាន​រឿងរ៉ាវ​ចំនួន ៦៨ រឿង​ដែល​បង្ហាញ​ទិដ្ឋភាព​ផ្សេង​នា​សម័យ​នោះ។

សាច់រឿង​ទាំង​នេះ​បាន​កើត​ឡើង​នៅ​ក្នុង​ភូមិ​នា​សម័យ​ខ្មែរ​ក្រហម ដែល​ទទួល​បាន​ពី​អ្នក​រស់រាន​មាន​ជីវិត​ ហើយ​ត្រូវ​បាន​សរសេរ​ដោយ​អ្នក​ឆ្លង​កាត់​របប​ខ្មែរ​ក្រហម​ផ្ទាល់ ឬ​សរសេរ​ដោយ​គ្រូ​បង្រៀន​ អ្នក​ស្រាវជ្រាវ ឬ​អ្នក​និពន្ធ​ជំនាន់​ក្រោយ។ នេះ​បើ​តាម​លោក ​ផេង ពង្សរាស៊ី នាយក​កម្មវិធី​ស្ដីពី​ការអប់រំ​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​កម្ពុជា និង​ជា​នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​សាខា​ខេត្ត​ព្រៃវែង និង​ខេត្ត​តាកែវ។

លោក ពង្សរាស៊ី ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​​ថា៖ «បើ​យើង​មើល​ទៅ​លើ​សាច់​រឿង​ទាំង ៦៨​រឿង មាន​គ្រប់​រស់​ជាតិ​ជីវិត​ទាំង​អស់ ដូចជា​ការ​និរាស​ព្រាត់​ប្រាស់ ការ​ហូបចុក​មិន​គ្រប់​គ្រាន់ ការ​ជម្លៀស ការ​បង្ខំ​ឲ្យ​ធ្វើការ និង​ការ​ធ្វើ​ទារុណកម្ម​ជាដើម។ ដូច្នេះ​រឿងរ៉ាវ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ជីវិត​នៅ​ក្រោម​របប​ខ្មែរ​ក្រហម ដែល​ពោរពេញ​ទៅ​ដោយ​សោកនាដកម្ម ជីវិត​ជូរចត់ និង​អំពើ​ព្រៃផ្សៃ​របស់​ខ្មែរ​ក្រហម»។

លោក ពង្សរាស៊ី ពន្យល់​ថា មូលហេតុ​ដែល​មជ្ឈមណ្ឌល​ចងក្រង​សៀវភៅ​នេះ​ឡើង​គឺ​ដើម្បី​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុកដាក់​ដល់​អ្នក​ដែល​បាន​រស់​រាន​មាន​ជីវិត​ពី​សម័យ​ខ្មែរ​ក្រហម ការ​ថែ​រក្សា​សាច់​រឿង​ទាំង​នោះ​ទុក​ជា​ប្រវត្តិសាស្ត្រ​ដើម្បី​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ​បាន​យល់​ដឹង ក៏ដូចជា​ដើម្បី​ការ​ចង​ចាំ​អ្វី​ដែល​កើត​ឡើង​នៅ​ក្នុង​របប​ខ្មែរ​ក្រហម។

លោក​បាន​ឲ្យ​ដឹង​ថា នេះ​ជា​ការ​បោះ​ពុម្ព​លើក​ទី១ ហើយ​រឿងរ៉ាវ​ផ្សេងៗ​ទៀត​ដែល​បាន​កើត​ឡើង​ក្នុង​​របប​ខ្មែរ​ក្រហម​នឹង​ត្រូវ​បោះ​ពុម្ព​ជា​បន្ត​បន្ទាប់​នៅ​ពេល​មជ្ឈមណ្ឌល​ទទួល​បាន​នា​ពេល​ខាង​មុខ​​ពី​គ្រប់​ទីកន្លែង​ទូទាំង​ប្រទេស​កម្ពុជា។ 

លោក​ ពង្សរាស៊ី ពន្យល់​ថា ការ​បោះពុម្ព​សៀវភៅ​នេះ​គឺ​ជា​ការ​បន្ត​ទៅ​លើ​អ្វី​ដែល​មជ្ឈមណ្ឌល​របស់​លោក​បាន​ធ្វើ​កាល​ពី​កន្លង​ទៅ ​តាម​រយៈ​ការ​បណ្ដុះ​បណ្ដាល​ឲ្យ​លោក​គ្រូ​អ្នក​គ្រូ​ និង អ្នក​រស់រាន​មាន​ជីវិត ក៏ដូចជា​អ្នកស្រាវជ្រាវ​វ័យ​ក្មេង​ ​ចេះ​សរសេរ​សាច់រឿង​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ភូមិ​នៅ​សម័យ​ខ្មែរ​ក្រហម​ដោយ​ខ្លួន​ឯង។ លើស​ពី​នេះ​ទៀត លោក​គ្រូ​អ្នក​គ្រូ ​អាច​យក​រឿង​រ៉ាវ​ទាំង​នោះ​ទៅ​បញ្ចូល​ក្នុង​ការ​បង្រៀន​របស់​គាត់៕

សៀវភៅ​«រឿងរ៉ាវ​​ក្នុង​​ភូមិ​​​នៅ​​សម័យ​​ខ្មែរ​ក្រហម» បោះ​ពុម្ព​​ផ្សាយ​​ដោយ​​មជ្ឈមណ្ឌល​​ឯកសារ​​កម្ពុជា។ DC-Cam