ភ្នំពេញ៖ ការ​កម្សាន្ត​ដ៏​ពេញ​និយម​ក្នុង​ការ​រត់​​នៅ​តាម​ប្រាង្គ​ប្រាសាទ​នានា​ក្នុង​ប្រទស​កម្ពុជា​កំពុង​បង្កឱ្យ​មាន​ការ​ជជែក​ដេញដោល​​ក្នុង​ចំណោម​អ្នកស្រាវជ្រាវ​វប្បធម៌ ខណៈ​ភ្ញៀវ​ទេសចរ​ និង​អ្នក​បង្កើត​មាតិកា​លើបណ្ដាញ​សង្គម​កាន់​តែ​ផុស​ផុល​ចំពោះ​ការ​រត់​យក​លំនាំ​ហ្គេម​ទូរស័ព្ទ «Temple Run»។

ដោយ​មាន​ការ​បំផុស​គំនិត​ដោយ​ហ្គេម​នេះ អ្នកទស្សនា​កំពុង​ថត និង​ចែករំលែក​វីដេអូ​អំពី​ពួកគេ​រុករក​ប្រាសាទ​បុរាណ​នៃ​ប្រាសាទ​អង្គរវត្ត និង​ប្រាសាទ​តាព្រហ្ម ដោយ​លាយ​បញ្ចូល​បច្ចេកវិទ្យា​ទំនើប​ជាមួយ​សម្បត្តិ​វប្បធម៌​ដ៏​សម្បូរបែប​នៃ​តំបន់​ប្រវត្តិសាស្ត្រ​ទាំងនេះ។

សកម្មភាព​កម្សាន្ដ​​នេះ​បាន​ធ្វើ​ឱ្យ​អន្តរជាតិ​ចាប់អារម្មណ៍​លើ​វិស័យ​ទេសចរណ៍​របស់​កម្ពុជា ដោយ​ការ​រំលេចនូវ​រូបភាព​ផ្ទៃ​ក្រោយ​នៃ​ប្រាសាទ​បុរាណ​​យ៉ាង​ស្រស់បំព្រង និង​គួរឱ្យ​គយគន់។

Temple Run ត្រូវ​បាន​អភិវឌ្ឍ​ដោយ Imangi Studios គឺជា​ហ្គេម​រត់​មិន​ចេះចប់ ដែល​អ្នក​លេង​រត់​ចេញ​ពី​ការ​តាម​ចាប់​របស់​ស្វា​បិសាច បន្ទាប់ពី​លួច​យក​រូប​ព្រះ​ពី​ប្រាសាទ​បាន។

បទពិសោធន៍​ដ៏​អស្ចារ្យ​នៃ​ការ​រត់​កាត់​ព្រៃ​ក្រាស់ និង​ច្រករបៀង​បុរាណ​នៅ​អង្គរ អនុញ្ញាតឱ្យ​ទេសចរ​ស្រមៃ​​​ថា​ខ្លួនកំពុង​តែ​ស្ថិត​ក្នុង​ហ្គេម​នេះ។

និន្នាការ​នេះ​បាន​ទទួល​ការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​នៅ​លើ​វេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដូចជា TikTok, Facebook និង YouTube ដែល​វីដេអូ​ទេសចរ​ចុះ​ពី​លើ​ផ្លូវ​ថ្ម​តូចចង្អៀត និង​រត់​​ឆ្លងកាត់​ផ្លូវ​ថែវ​នៃ​ប្រាសាទ​​អម​ដោយ​បទ​ភ្លេង Temple Run កំពុង​ពេញនិយម។

លោក ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​បង្ហាញ​ជា​សាធារណៈ​នូវ​ការគាំទ្រ​ចំពោះ​និន្នាការ​នេះ ដោយ​ចាត់ទុក​វា​ជា​មធ្យោបាយ​ច្នៃប្រឌិត​មួយ​ក្នុងការ​លើកកម្ពស់​វិស័យ​ទេសចរណ៍។

លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​​កាល​ពី​ដើម​ខែ​សីហា​នេះ​ថា៖ «ប៉ុន្មាន​ថ្ងៃនេះ ខ្ញុំ​ឃើញ​ទេសចរ គាត់​ថតរឿង Temple Run អាហ្នឹងថត​ចុះ។ គាត់​ថត​ជា​លក្ខណៈ​ឯកជន​ទៅ​ផ្សព្វផ្សាយ​ឱ្យ​យើង​ អត់​លំបាកទេ។ ភ្ញៀវ​បរទេស​ គាត់​មក គាត់ថត ដាក់​ TikTok គាត់​មិន​យក​ទៅ​ធ្វើ​អាជីវកម្ម​ក្នុង​ទូរទស្សន៍​បាន​លុយ ដោយ​គ្រាន់​តែ​ដាក់​ក្នុង​ផេក​គាត់​ដើម្បី​ផ្សព្វផ្សាយ។ ឱ្យ​គាត់​ថត​ចុះ អត់​មាន​អីទេ»។ 

ទោះជា​យ៉ាង​ណា​ក៏​ដោយ ការ​សាទរ​ជុំវិញ​និន្នាការ​នេះ​​មិនសុទ្ធ​តែ​រលូន​ដោយ​គ្មាន​អ្នក​រិះគន់​នោះទេ​។ អ្នក​អភិរក្ស​វប្បធម៌ និង​អ្នកប្រាជ្ញ​មួយ​ចំនួន​មាន​ការ​ព្រួយបារម្ភ​អំពី​ហានិភ័យ​ដែល​អាច​កើតមាន​ដោយសារ​សកម្មភាព​ទាំងនេះ​។​

ប្រាសាទ​បុរាណ​ដែលមាន​អាយុ​ជិត​មួយ​ពាន់​ឆ្នាំ​នៅ​តំបន់​អង្គរ​មាន​លក្ខណៈ​ល្អ​ប្រណិត ហើយ​អ្នក​រិះគន់​បាន​អះអាង​ថា ការ​ប្រញាប់​ប្រញាល់​ចាប់​យក​ខ្លឹមសារ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​អាច​នាំឱ្យ​ខូចខាត​ដល់​ទម្រង់​ប្រាសាទ និង​កាត់​បន្ថយ​សារៈសំខាន់​ខាង​វិញ្ញាណ និង​វប្បធម៌​របស់​ពួកគេ។

លោក Simon Warrack អ្នក​អភិរក្ស​ដែល​មាន​បទពិសោធន៍​ជាង​បី​ទសវត្សរ៍​ធ្វើការ​លើ​ការអភិរក្ស​ប្រាសាទនៅ​តំបន់​អង្គរ​បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​របស់​គេ ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ South China Morning Post។

លោក​ត្រូវ​បាន​គេ​ដកស្រង់​សម្ដី​ថា «អ្នកនឹង​មិន​រត់​កាត់​ផ្លូវ​ពេត្រុស​ក្នុង​ទីក្រុង​រ៉ូម ឬ​ព្រះវិហារ​បស្ចិមប្រទេស​ណា​មួយ​ទេ ហេតុអ្វី​បានជា​គេ​ទទួល​យក​ក្នុង​ប្រទេស​កម្ពុជា?

លោក Warrack បាន​សង្កត់​ធ្ងន់​ថា ខណៈពេល​ការ​ខូចខាត​ខាង​រាងកាយ​ដែល​បណ្តាល​មក​ពី​សកម្មភាព​បែប​នេះ​គឺជា​ការ​ព្រួយបារម្ភ​ពិតប្រាកដ ការ​មិន​យកចិត្ត​ទុកដាក់​ចំពោះ​សារៈសំខាន់​ខាង​វិញ្ញាណ និង​វប្បធម៌​របស់​ប្រាសាទ​គឺមាន​បញ្ហា​ដូចគ្នា។

ដោយ​ដឹកនាំ​គម្រោង​អភិរក្ស​ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​រដ្ឋាភិបាល​អាល្លឺម៉ង់​នៅ​ប្រាសាទ​អង្គរវត្ត​អស់​រយៈពេល ៣០ ឆ្នាំ លោក Hans Leisen បាន​បង្ហាញ​អារម្មណ៍​ចំពោះ​វីដេអូ​នោះ។

លោក Leisen ត្រូវ​បាន​ដក​ស្រង់​សម្ដី​ដោយ South China Morning Post ដោយ​បាន​និយាយ​ថា៖ «វា​មិន​សម​ហេតុ​សមផល។ ប្រសិនបើ​អ្នករត់​កាត់​ប្រាសាទ អ្នក​មិនអាច​មើល​ឃើញ​ភាពស្រស់ស្អាត​នៃ​ចម្លាក់​នោះទេ​។ ហើយ​ប្រសិនបើ​អ្នក​ជំពប់​ដួល អ្នក​អាច​នឹងច្រត​ជញ្ជាំង​ដើម្បី​ទប់ខ្លួន​អ្នក ដោយ​ធ្វើឱ្យ​ចម្លាក់​ផុយស្រួយ​ប្រឈម​នឹង​ហានិភ័យ»។

ការជជែក​វែកញែក​នេះ​បង្ហាញ​ពី​បញ្ហា​ប្រឈម​នៃ​តំបន់​ប្រវត្តិសាស្ត្រ​ទូទាំង​ពិភព ដោយ​ត្រូវ​មាន​ការ​ថ្លឹង​ថ្លែង​ពី​អត្ថប្រយោជន៍​នៃ​ការ​ជំរុញ​វិស័យ​ទេសចរណ៍ ជាមួយ​នឹង​តម្រូវ​ការ​សម្រាប់​ការអភិរក្ស​ប្រកប​ដោយ​និរន្តរភាព។

ជាមួយ​បទពិសោធន៍​ដើរ​លេង​នៅ​រមណីយដ្ឋាន​ប្រវត្ដិសាស្ដ្រ​ជា​ច្រើន​ជុំវិញ​ពិភពលោក​ រួម​ទាំង​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ លោក ធុយ ចាន់ធួន សាស្ដ្រាចារ្យ​​បុរាណ​វិទ្យា​នៅ​រាជ​បណ្ឌិត្យសភា​ បាន​ឱ្យ​ដឹងថា ទីកន្លែង​រត់​ស្រួល​ជាង​គេ​គឺ​នៅ​មហា​កំផែង​ចិន នៅ​ស្រុក​ខ្មែរ គឺ​នៅ​តាម​ថែវ​នៃ​ប្រាសាទ ហើយ​នៅ​ឥណ្ឌូនេស៊ី គឺ​នៅ​ Borobudur Temple។ 

លោក​បាន​និយាយថា​៖ «​វា​មិន​មាន​បញ្ហា​អ្វី​នោះទេ ដោយ​អ្នក​រត់​ពាក្យ​ស្បែក​ជើង​ជ័រ​ទន់​ ដែល​មិន​ប៉ះពាល់​ខ្លាំង​លើ​ថ្ម​ប្រាសាទ​។ ប៉ុន្ដែ​អ្វី​ដែល​ខ្ញុំ​បារម្ភ​គឺ​ខ្លាច​ភ្ញៀវ​ជំពប់​ជើង​ដួល​ទៅ​វិញ​ទេ​ ពីព្រោះ​ថ្ម​ប្រាសាទ​មិនរាប​ស្មើ​ល្អ​ប៉ុន្មាន​នោះទេ​»។

លោក​បាន​ថ្លែងថា ការ​រត់​ Temple Run ជា​ការ​បង្ហាញ​ពីការ​ចូលចិត្ដ និង​ជា​ទិដ្ឋភាព​មួយ​ដ៏​ល្អ​របស់​ប្រាសាទ​ខ្មែរ​។ 

លោកបាន​បញ្ជាក់ថា នៅ​រមណីយដ្ឋាន​ប្រវត្ដិសាស្ដ្រ​នានា​មាន​បរិវេណ​តូច តែ​មាន​ភ្ញៀវ​ទេសចរ​ច្រើន ដែល​មិ​ន​អំណោយ​ផល​ដល់​ការ​រត់​នោះទេ​។ ប៉ុន្ដែ​នៅ​ខ្មែរ មាន​បរិវេណ​ធំ និង​ភ្ញៀវ​ទេសចរ​។ ដូច្នេះ ពួកគេ​អាច​រត់​បាន​។ 

លោកបាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ថា​៖ «​ចំពោះ​ខ្ញុំ​ វា​ពិត​ជា​ល្អ ដែល​បើ​ក​សិទ្ធិ​សេរីភាព​ឱ្យ​ភ្ញៀវ​ទេសចរ​សប្បាយ​ចិត្ដ និង​ពេញ​ចិត្ដ ហើយ​វា​ជា​ផ្នែក​មួយ​នៃការ​ធ្វើ​ពាណិជ្ជកម្ម​ ដែល​ឱ្យ​គេ​ឃើញ​បេតិកភណ្ឌ​ជាតិ​យើង​ផង​»។ 

ថ្មីៗ​នេះ​ អាជ្ញាធរ​អប្សរា បាន​​សម្រប​សម្រួល​ ដោយ​បាន​អនុញ្ញាត​​​ឱ្យ​មាន​ការ​ថតរូប​បែប​ផ្សព្វផ្សាយ​ និង​អនុស្សាវិរយ​ ជំរុញ​កំណើន​វិស័យ​ទេសចរណ៍។ 

លោក ឡុង កុសល អ្នក​នាំពាក្យ​អាជ្ញាធរ​អប្សរា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ថា​៖ «​ចំពោះ​ការ​ធ្វើ​សកកម្ម​បែប Temple Run នេះ ក៏​ស្ថិត​ក្នុង​គោល​បំណង​ [ជំរុញ​កំណើន​វិស័យ​ទេសចរណ៍] ដែរ​។ 

លោក​បាន​បញ្ជាក់ថា​៖ «​ប៉ុន្ដែ​យើង​សុំ​សំណូមពរ​ដល់​បង​ប្អូន​យើង​មាន​ការ​ប្រុង​ប្រយ័ត្ន​ដែរ​ ពីព្រោះ​ទី​កន្លែង​មួយ​ចំនួន​​ក៏​ខ្ពស់ ហើយ​កន្លែង​ខ្លះ​មាន​អាយុ​កាល​យូរ​ ដែល​ផ្ទៃ​រាបក៏​មិន​មាន​សណ្ឋាន​ល្អ​​ និង​អាច​បង្ក​គ្រោះ​ថ្នាក់​។ សូម​គោរព​តាម​ក្រម​ប្រតិបត្ដិ​អង្គរ នៅពេល​ចូល​ទៅ​ទស្សនា​រមណីយដ្ឋាន​អង្គរ​»។

លោក ស៊ំ ម៉ាប់ រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ឱ្យ​ដឹងថា ការ​ថត​បែប​ឯកជន និងផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍ ត្រូវបាន​បើក​ទូលាយ​ រួមទាំងការ​ថត​វីដេអូ​បែប «Temple Run» ដែល​បង្ហាញ​ពី​ក្ដី​ស្រឡាញ់​បេតិកភណ្ឌ​ និង​ចូលរួម​ផ្សព្វផ្សាយ​ផង​ដែរ​។

លោក​បាន​ថ្លែងថា​៖ «​ដោយ​ឡែក ការ​រិះគន់​ស្ថាបនា និង​ការ​ព្រួយ​បារម្ភ​​​ពីផល​ប៉ះពាល់​មួយ​ចំនួន​របស់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្ដរជាតិ​រមណីយដ្ឋាន​អង្គរ​ក៏​បាន​បង្ហាញ​ពី​ក្ដី​ស្រឡាញ់​ដូច​គ្នា​»។ 

ចំពោះ​ការ​ថត​បែប​ហ្គេម «Temple Run» លោក ម៉ាប់ បាន​ឱ្យដឹងថា ជា​ជំហ​របស់​ក្រសួង​ ក៏​មិន​យល់​ទាស់​អ្វី​នោះទេ ហើយ​យោង​តាម​ការ​ត្រួត​ពិនិត្យ វា​ក៏​មិន​ប៉ះពាល់​ដល់​ប្រាសាទ​អ្វី​ដែរ​។ 

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ថា​៖ «​ជា​ធម្មតា អ្នក​ថត​នោះ ក៏​ថត​នៅ​ទីក​ន្លែង​ណា​ដែល​អាច​រត់​បាន ហើយ​ការ​​រត់​ទៀត​សោត ក៏​មិន​មែនជាការ​រត់​នាំ​ឱ្យ​មាន​រំញ័រ​ ដែល​ធ្វើ​ឱ្យ​បាក់ ឬ​បែក​នោះទេ។ នៅ​តាម​ប្រាសាទ​នីមួយៗ ក៏​មាន​ភ្នាក់​ងារ​ទេសចរណ៍​ជួយ​ពិនិត្យ​ដែរ​ បើ​រត់​មិន​បាន ក៏​ភ្នាក់ងារ​បាន​ស្នើ​សុំ​ភ្ញៀវ​ជ្រើសរើស​ទីតាំង​ផ្សេង​»។ 

ទី​កន្លែង​អសុវត្ថិភាព​សុទ្ធតែ​មាន​ស្លាក​សញ្ញា​ហាម​ឃាត់ ហើយអ្នក​ថត និង​ភ្ញៀវ​ទេសចរ​ក៏​មិន​ទៅ​ប៉ះពាល់​ទី​នោះ​ដែរ។ ​

ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​មក​កម្ពុជា​បាន​បង្ហាញ​ពី​កំណើន​គួរ​ឱ្យ​កត់​សម្គាល់​ក្នុង​រយៈពេល​​ចុង​ក្រោយ​នេះ។

បើ​យោង​តាម​របាយការណ៍​ស្ថិតិ​ទេសចរណ៍​ប្រចាំ​ខែ​មិថុនា បាន​បង្ហាញថា ក្នុង​ឆមាស​ទី១ ឆ្នាំ​២០២៤ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ៣,១៦៦,៤៩៧នាក់ កើនឡើង ២២,៧ភាគរយ​ ធៀប​នឹង​ឆ្នាំ​មុន៕