ភ្នំពេញ៖ មហោស្រព​ភាពយន្ត ខេមបូឌា ថោន (CTFF) គ្រោង​នឹង​ត្រឡប់​មកវិញ​សម្រាប់​ព្រឹត្ដិការណ៍លើកទី ១០ ជា​ការ​​ប្រារឰ​ខួប​​មួយ​ទសវត្សរ៍​នៃ​ការ​ដាក់​បញ្ចាំង​​ភាពយន្ត​កម្ពុជា។

ចាប់ពី​ថ្ងៃទី ១៣-១៥ ខែកញ្ញា ឆ្នាំ២០២៤ ទស្សនិកជន​នឹង​មាន​ឱកាសបាន​ទស្សនា​​ខ្សែ​ភាពយន្ត​ចំនួន ៣០រឿង ដែល​រួមមាន​ភាពយន្ត​ឯកសារ ភាពយន្ត​ខ្លី និង​លក្ខណៈ​ពិសេស ដែល​ស្វែងយល់​អំពី​វប្បធម៌ និង​បទពិសោធន៍​របស់​កម្ពុជា​នៅ​សាល​មហោស្រព​សិល្បៈ​ឡុងប៊ិច រដ្ឋ​កាលីហ្វរនីញ៉ា។

មហោស្រព​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​​ដោយ​លោក ប្រាជ្ញ លី និងអ្នកស្រី​ ខេលី សូ សមាជិក​សហគមន៍​ខ្មែរ-អាមេរិក​នៅ​ទីក្រុង​ឡុងប៊ិច ត្រូវ​បាន​បង្កើតឡើង​ដើម្បី​បញ្ចាំង​ភាពយន្ត​ខ្មែរ និង​អបអរសាទរ​បេតិកភណ្ឌ​វប្បធម៌​របស់​ពួកគេ​។ 

អ្នកស្រី ខេលីសូ ជា​ផលិតករ​ភាពយន្ត និង​ជា​ទាហាន​ជើងចាស់​របស់​សហរដ្ឋ​អាមេរិក សហការ​និពន្ធ ដឹកនាំ និង​សហការ​ផលិត​​ខ្សែភាពយន្តរឿង​ «In the Life of Music»។ 

លោក ប្រាជ្ញ លី ជា​សិល្បករ និង​ជា​សកម្មជន​ត្រូវបាន​គេ​ស្គាល់​តាមរយៈ​បទ​ភ្លេង​របស់លោក​ដែល​និយាយ​អំពី​អំពើ​ប្រល័យ​ពូជ​សាសន៍ និង​បញ្ហា​សង្គម​កម្ពុជា​។​

មហោស្រព​ភាពយន្ត ខេ​ម​បូ​ឌា ថោ​ន ត្រូវបាន​បើក​ដំណើរការ​ក្នុង​ឆ្នាំ២០២៤ បាន​ក្លាយជា​ព្រឹត្តិការណ៍​ដ៏​លេចធ្លោ​មួយ​នៅក្នុង​សហគមន៍​ខ្មែរ-អាមេរិក និង​ជា​វេទិកា​សម្រាប់​ការផ្សព្វផ្សាយ​ភាពយន្ត​កម្ពុជា​ទូទាំង​ពិភពលោក​។ 

ខេមបូឌា ថោ​ន នៃ​ទីក្រុង​ឡុង​ប៊ិច ជា​សហគមន៍ខ្មែរ​ដ៏​ធំ​ ទាក់ទាញ​អ្នកទស្សនា​ជាង ២​ម៉ឺន​នាក់​ឱ្យមក​ទស្សនា​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ជា​រៀងរាល់ឆ្នាំ​។ ដោយ​ទទួលស្គាល់​មជ្ឈមណ្ឌល​វប្បធម៌​នេះ CTFF បាន​រីកចម្រើន​យ៉ាងខ្លាំង​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លងមកនេះ​។​

ការវិវត្តន៍​នៃ​មហោស្រព​នេះ​ត្រូវបានកត់​​សម្គាល់​ដោយ​ការកើនឡើង​ទាំង​បរិមាណ និង​គុណភាព​នៃ​ខ្សែភាពយន្ត​ដែល​បានដាក់​បញ្ចាំង​​។​

លោក រិទ្ធី ប៉ាន់ អ្នកស្រី លឿង អ៊ុង និង​តារាភាពយន្ដ​ហូលីវូដ អេនជឺលីណា ជូលី ក្នុង​មហោស្រព​ CTFF។ រូប​សហការី

សហស្ថាបនិកអ្នកស្រី ខេលី សូ បាន​និយាយថា៖ «ដោយ​ផ្តោតចម្បង​លើ​ការជ្រើសរើស​ភាពយន្ត​ខ្មែរ​ល្អៗ​ មហោស្រព​នេះ​បាន​ពង្រីកខ្លួ​ន​ដើម្បី​ផ្សព្វផ្សាយ​ខ្លឹមសារ​ចម្រុះ​របស់​ផលិតិករ​​ភាពយន្ត​កម្ពុជា និង​រឿងរ៉ាវ​​ពី​សហគមន៍​អាស៊ីអាគ្នេយ៍​ដ៏​ធំ​នេះ»។

ភាព​ចម្រុះ​នេះ​បានធ្វើឱ្យ​កម្មវិធី​នៃ​មហោស្រព​កាន់តែ​សម្បូរបែប និង​ទាក់ទាញ​ទស្សនិកជន​កាន់តែច្រើន​ ដោយ​ខ្សែភាពយន្ត​ជាច្រើន​ទទួលបាន​ការអបអរ​សាទរ និង​ការទទួលស្គាល់​ជា​អន្តរជាតិ​។​

ភាព​វិសេស​ន​​មហោស្រព​នេះបាន​កៀរគរ​សមាជិក​សហគមន៍​ក្នុងស្រុក អ្នក​ផលិត​ភាពយន្ត​អន្តរជាតិ និង​អ្នកជំនាញ​ក្នុង​ឧស្សាហកម្មជា​ច្រើន​។ បរិយាកាស​រួមបញ្ចូល​នេះ​លើកកម្ពស់​ការសន្ទនា បង្កើត​បណ្តាញ និង​កិច្ចសហការ ដែល​អនុញ្ញាតឱ្យ​អ្នកចូលរួម​ស្វែង​យល់​​ស៊ីជម្រៅ​ជាមួយសាច់​រឿង​ភាពយន្ត និង​អ្នក​ផលិតភាព​យន្ត​។​

តាមរយៈ​ការដាក់បញ្ចាំង​​ភាពយន្ត​ខ្មែរ មហោស្រព​នេះ​បាន​បង្ហាញ​ពី​​​មោទនភាព និង​អត្តសញ្ញាណ​វប្បធម៌​ខ្មែរ​ដល់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ បង្កើត​ឱកាស​សម្រាប់​ការផ្លាស់ប្តូរ​វប្បធម៌ និង​កិច្ចសន្ទនា​។ 

នេះ​មាន​អត្ថន័យ​ជាពិសេស​សម្រាប់​ក្មេងជំនាន់ក្រោយ​ដែល​ស្វែង​យល់ដឹង​ពី​ឫសគល់​របស់​ពួកគេ​។ មហោស្រព​នេះ​ក៏​ជះ​ឥទ្ធិ​ពល​ជា​វិជ្ជមាន​ដល់​អាជីវកម្ម​ក្នុងស្រុក​ដោយ​ការទាក់ទាញ​ទស្សនិកជន​ចម្រុះ ជំរុញ​វិស័យ​ចរាចរណ៍​ និង​ពាណិជ្ជកម្ម​ក្នុង​តំបន់​។​
នៅ​ឆ្នាំនេះ «មូលនិធិ RuMBa នៃក្រុង​​ឡុង​ប៊ិច» បាន​បើក​ឱកាស​ដល់​មហោស្រព​ CTFF ​​បញ្ចាំង​ភាពយន្ដ​ដោយ​ឥតគិតថ្លៃ​សម្រាប់​សិស្សានុសិស្ស និង​មនុស្ស​ចាស់​ទាំងអស់​។​

អ្នកស្រី ខេលី សូ​ បាន​និយាយថា៖ «​​យើង​មាន​មោទនភាព​ក្នុងការ​គាំទ្រ​ភាពយន្ត និង​អ្នក​ផលិតភាព​យន្ត ខណៈពេលដែល​ធានាថា ទស្សនិកជន​ទទួលបាន​បទពិសោធន៍​ដ៏​ល្អ​ពីស្នាដៃ​​អស្ចារ្យ​ទាំងនេះ»។​

មហោស្រព​នេះ​ផ្តល់​អាទិភាព​ដល់​ភាពយន្ត​ដែល​ឆ្លុះបញ្ចាំង​ពីបទ​ពិសោធន៍​របស់​ក​ម្ពុ​ជា ជាមួយ​ប្រធានបទមួយ​ចំនួន ​ដូចជា អត្តសញ្ញាណ បេតិកភណ្ឌ ប្រវត្តិសាស្ត្រ និង​បញ្ហា​សហ​សម័យ​។​

រឿង «អាវសាន​ដ៏រីករាយ» ឬ Happy Ending ដឹកនាំ​ដោយ Elodie Yung គឺជា​ភាពយន្ត​រយៈពេល ១៧​ នាទី​ដែល​និយាយ​អំពី​ស្ត្រី​ខ្មែរ​ម្នាក់​ដែល​ធ្វើការ​នៅក្នុង​ហាង​ម៉ាស្សា​ខុសច្បាប់​មួយ​នៅ​សហរដ្ឋអាមេរិក​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​របស់​នាង​។​

រឿង «បណ្ដាសារ​នាង​រាត្រី​» ឬ Night Curse of Reatrei ដឹកនាំ​រឿង​ដោយ ល័ក្ខ លីដា និង​ផលិត​ដោយ ឡេង សុខ​លីន គឺជា​រឿង​បែប​រន្ធត់​ មាន​រយៈ​ពេល​ ៩៤​ នាទី ​សម្តែង​ដោយ ប៉ាង តា​ខុន ស៊ីន យូ​ប៊ី​ន ព្រះ​នាង ជេន​ណា នរោត្តម និង​សំ ថា​រ័ត្ន​។​

រឿង «Satook» ជា​ភាពយន្ត​ឯកសារ​រយៈពេល ៣០ នាទី​ដឹកនាំ​ដោយ ប្រាជ្ញ លី ស្វែងយល់​ពី​ការផ្លាស់ប្តូរ​ប្រពៃណី​សាសនា​នៅក្នុង​សហគមន៍​ខ្មែរ​អាមេរិកាំង​។​

នៅ​មាន​រឿង ​«Elvis of Cambodia» និយាយពី​អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត និងរឿង «Work Life» ដឹកនាំដោយ​​កូនខ្មែរ​អាមេរិក ខេវិន អ៊ុង។​

អ្នកស្រី ខេលី បានលើកឡើង​ថា៖ «តាមរយៈ​ការបង្ហាញ​ខ្សែភាពយន្ត​គុណភាព​ខ្ពស់និង​ការចូល​រួមជាមួយ​ទស្សនិកជន​ទូទាំង​ពិភពលោក មហោស្រព​នេះ​ជួយ​បង្កើត​ប្រទេស​កម្ពុជា​ជា​តួអង្គ​សំខាន់​មួយ​នៅក្នុង​វិស័យ​ភាពយន្ត​អន្តរជាតិ»​​។​

អ្នកស្រីបន្ដថា​៖ «​ចំពោះអ្នកគ្រប់គ្នាដែលចូលរួមក្នុងមហោស្រពឆ្នាំនេះ អ្នករៀបចំសូមស្វាគមន៍យ៉ាងស្មោះស្ម័គ្រ។ មហោស្រព​នេះ​គឺ​ជា​ការ​ប្រារឰ​​ពិធី​នៃ​ភាព​ច្នៃ​ប្រឌិត វប្បធម៌ និង​សហគមន៍»។

គួរ​បញ្ជាក់ថា កាលពី​ឆ្នាំ​២០១៨ អេ​ន​ជេ​លី​ណា ជូ​លី បានធ្វើ​ដំណើរ​ទស្សនកិច្ច​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​ទៅកាន់​មហោស្រព​ភាពយន្ត ខេ​ម​បូ​ឌា ថោ​ន នៅ​ទីក្រុង​ឡុង​ប៊ិច ដែល​តារាហូលីវូដ​រូប​នេះ​​បាន​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​នេះ​។ 

ជូលី ដែលមាន​ទំនាក់ទំនង​យូរអង្វែង​ជាមួយ​ប្រទេស​កម្ពុជា ដោយសារ​ទំនាក់ទំនង​ជាមួយ​កូនប្រុស និងការ​ផលិត​ភាពយន្ដ​ «មុន​ដំបូង ពួកគេ​សម្លាប់​ប៉ា​របស់​ខ្ញុំ​» បាន​ចូលរួម​ក្នុង​មហោស្រព​នេះ ដើម្បី​គាំទ្រ​ការផ្សព្វផ្សាយភាពយន្ដ​​ខ្មែរ និង​ខ្មែរ​-​អាមេរិក​។ 

ជូលី បាន​ក្លាយជា​ឯកអគ្គរដ្ឋទូត​សកម្ម​សម្រាប់​មហោស្រព​ដែល​មាន​គោល​បំណង​ផ្សព្វផ្សាយ​​កាន់តែ​​ខ្លាំងពី​ស្នាដៃ​ផលិតករ​ភាពយន្ត និងភាពយន្ដ​របស់​កម្ពុជា​។

ជូលី​ បាន​ថ្លែង​សុន្ទរកថា​ខ្លី​មួយ ដោយ​ស្លៀកសម្លៀក​បំពាក់​ប្រពៃណី​ខ្មែរ​ដែល​ច្នៃ​ដោយ​កូន​​ខ្មែរ​នៅ​ទីក្រុង​ឡុង​ប៊ិច​។ ការ​បង្ហាញ​ខ្លួន​​របស់​តារា​ហូលីវូដ​រូប​នេះ ពិត​ជា​រឿង​មិន​នឹកស្មាន​ដល់​សម្រាប់​ទស្សនិកជន​ទូទៅ ព្រោះ​មានតែ​អ្នករៀបចំ​ពិធីមហោស្រព​ប៉ុណ្ណោះ​ដែល​ដឹងពី​ការ​ចូលរួម​នេះ។

ការចូលរួម​របស់ ជូលី​ ជាមួយ​មហោស្រព​ជាច្រើន​ឆ្នាំ​មកនេះ រួមទាំង​ការ​បញ្ចាំង​ភាពយន្ត និង​កិច្ចខិតខំ​ប្រឹងប្រែង​តស៊ូ​មតិ​របស់​នាង ត្រូ​វបាន​សហគម​ន៍កោ​ត​សរសើរ​យ៉ាង​ខ្លាំង៕