ភ្នំពេញ៖ នៅក្នុងទសវត្សរ៍ឆ្នាំ១៩៧០ បទសម្ភាសមួយដ៏មានមោទនភាព និងមិនអាចបំភ្លេចបាន ដូចនិស្សិតគឹម ស៊ីថាណារី អាយុ ១៩ ឆ្នាំ ដែលមានការប្ដេជ្ញាចិត្ដ និងការតាំងចិត្តខ្ពស់ក្នុងសម័យដ៏ច្របូកច្របល់បានទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សជាច្រើន។
កិច្ចសម្ភាសដ៏គួរឱ្យកត់សម្គាល់នេះបានធ្វើឡើងនៅខែសីហា ឆ្នាំ១៩៧០ អំឡុងចលាចលក្នុងប្រទេស ត្រឹមតែប៉ុន្មានខែបន្ទាប់ពីរដ្ឋប្រហាររបស់ឧត្តមសេនីយ៍ លន់ នល់ បានទម្លាក់សម្ដេចនរោត្តមសីហនុ ហើយចំពេលមានការគំរាមកំហែងកាន់តែខ្លាំងឡើងនៃកងកម្លាំងវៀតណាមខាងជើង និងវៀតកុង។
យោងតាម Andy Brouwer អ្នកស្រាវជ្រាវឯករាជ្យដែលបានជួប ស៊ីថាណារី នៅថ្ងៃពុធ ទី៧ ខែសីហានេះក្នុងទីក្រុងភ្នំពេញបានសរសេរថា៖ «បទសម្ភាសដែលធ្វើឡើងដោយលោក Llew Gardner សម្រាប់កម្មវិធី This Week របស់ទូរទស្សន៍ Thames បង្ហាញពីការត្រៀមខ្លួនរបស់យុវតី ស៊ីថាណារី ក្នុងឆន្ទៈការពារប្រទេសរបស់នាង»។
នៅមុខកាមេរ៉ានៃបទសម្ភាស អំឡុងពេលហ្វឹកហាត់មួយ យុវតី ស៊ីថាណារី និងមិត្តរួមថ្នាក់ត្រូវបានមើលឃើញកាន់កាំភ្លើង និងហាត់សមយុទ្ធតាមរយៈនាយទាហានកុំម៉ង់ដូ។
នៅពេលសួរអំពីឆន្ទៈក្នុងការប្រយុទ្ធរបស់យុវតី ស៊ីថាណារី ដោយមានការយល់ច្បាស់ជាភាសាអង់គ្លេស បាននិយាយយ៉ាងក្លាហានថា កញ្ញាបានត្រៀមខ្លួនដើម្បីសម្លាប់វៀតកុង បើចាំបាច់។
ភាពក្លៀវក្លារបស់ក្មេងជំទង់ដែលពោរពេញដោយភាពប៉ិនប្រសប់ និងច្បាស់លាស់នេះបានធ្វើឱ្យមានមហាជនកោតសរសើរ ហើយបានចោទជាសំណួរអំពីជោគវាសនារបស់នាងក្នុងអំឡុងឆ្នាំបន្តបន្ទាប់នៃជម្លោះ និងសម័យខ្មែរក្រហមដ៏បំផ្លិចបំផ្លាញ។
អ្នកស្រី ស៊ីថាណារី កើតនៅបាត់ដំបង ហើយក្រោយមកមករស់នៅទីក្រុងភ្នំពេញ ទទួលបានជំនាញភាសាអង់គ្លេសអំឡុងពេលស្នាក់នៅសហរដ្ឋអាមេរិករយៈពេលបួនឆ្នាំជាមួយពូ ជាមន្ដ្រីទូតតាំងពីអាយុប្រាំបួនឆ្នាំ។
លោក Andy បានសរសេរនៅក្នុងហ្វេសប៊ុកថា៖ «កិច្ចសម្ភាសដ៏សំខាន់នេះត្រូវបានអ្នកស្រី ស៊ីថាណារី ប្រទះឃើញនៅលើបណ្ដាញសង្គម YouTube ដែលបង្ហាញពីឆាកជីវិតរបស់អ្នកស្រីកន្លងផុតទៅជាច្រើនទសវត្សរ៍!»។
លោកបាននិយាយថា៖ «វីដេអូនេះបានធ្វើឱ្យមនុស្សជាច្រើនងឿងឆ្ងល់ថា តើគាត់បានរួចផុតជីវិតដោយរបៀបណាអំឡុងសង្គ្រាមស៊ីវិលទសវត្សរ៍ឆ្នាំ១៩៧០»។
ចម្លើយគឺ អ្នកស្រី ស៊ីថាណារី មិនត្រឹមតែបានរួចជីវិតទេ ប៉ុន្តែបានរស់នៅប្រកបដោយភាពរីករាយថែមទៀត។
លោក Andy បានសរសេរថា ឥឡូវនេះអ្នកស្រីមានអាយុ ៧៤ ឆ្នាំ និងរស់នៅក្នុងសហរដ្ឋអាមេរិក។
លោក Andy បានឱ្យដឹងថា៖ «បន្ទាប់ពីគាត់ចាកចេញពីប្រទេសកម្ពុជាដោយបង្ខំនៅដើមឆ្នាំ ១៩៧២ ដោយសារតែការគំរាមកំហែងពីវៀតណាមខាងជើង អ្នកស្រី ស៊ីថាណារី បានតាំងទីលំនៅនៅវ៉ាស៊ីនតោនឌីស៊ី»។
អ្នកស្រីបានជួបជុំជាមួយបងស្រីវិញ ហើយបានបន្តការសិក្សា ទីបំផុតបានរៀបការជាមួយសង្សារនៅវិទ្យាល័យ និងមានកូនពីរនាក់។
ប៉ុន្មានឆ្នាំមកនេះ អ្នកស្រី ស៊ីថាណារី ប្រកបមុខរបរជាច្រើនតាំងពីធ្វើការនៅក្នុងហាងលក់រាយ និងបដិសណ្ឋារកិច្ច រហូតដល់ធ្វើជាអ្នកបកប្រែ។
គួរកត់សម្គាល់ថា អ្នកស្រីបានគ្រប់គ្រង និងដំណើរការភោជនីយដ្ឋានខ្មែរ និងថៃ-ខ្មែរ ក៏ដូចជាហាងលក់ផ្កា ដែលបង្ហាញពីស្មារតីសហគ្រិនភាពរបស់អ្នកស្រី។
យោងតាមលោក Andy បានឱ្យដឹងថា៖ «ថ្ងៃនេះគាត់បានបង្ហាញភាពច្នៃប្រឌិតទៅក្នុងការរចនាគ្រឿងអលង្ការ ជាសិប្បកម្មដែលគាត់ចែករំលែកជាមួយពិភពលោកតាមរយៈហាងអនឡាញរបស់គាត់»។
នៅឆ្នាំ ២០០៣ អ្នកស្រី ស៊ីថាណារី បានត្រឡប់មកកម្ពុជាវិញជាលើកដំបូង ចាប់តាំងពីការចាកចេញរបស់អ្នកស្រី ជាដំណើរដែលរំជើបរំជួលនូវការចងចាំ និងអារម្មណ៍ជាច្រើន។
លោក Andy បាននិយាយថា ដោយឆ្លុះបញ្ចាំងពីអតីតកាល អ្នកស្រី ស៊ីថាណារី បានបង្ហាញពីអារម្មណ៍រីករាយផង និងទឹកភ្នែកផងអំពីបទសម្ភាសន៍ឆ្នាំ១៩៧០៕