ភ្នំពេញ៖ កាល​ពី​ខែ​សីហា ឆ្នាំ​១៩៧០ វីដេអូ​ដែល​បង្ហាញ​ពី​យុវតី​ គីម ស៊ីថាណារី ជា​សិស្ស​​អាយុ ១៩​ឆ្នាំ បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​ប្រជាពលរដ្ឋ​ខ្មែរ។

វីដេអូ​ដែល​ថត​សម្រាប់​កម្មវិធី This Week របស់​ទូរទស្សន៍ Thames ដោយ​លោក Llew Gardner ​ទទួល​បាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​នៅលើ​បណ្ដាញ​សង្គម​ដោយ​បង្ហាញ​ពី​ភាព​ក្លាហាន​របស់​អតីត​យុវតី ស៊ីថាណារី​​ ​អំឡុង​ពេល​កម្ពុជា​ស្ថិត​ក្នុង​ភាព​ចលាចល។

ខ្សែ​វីដេអូ​បង្ហាញថា ស៊ីថា​ណា​រី និង​មិត្ត​រួម​ថ្នាក់​​ហ្វឹក​ហាត់កុម្ម៉ង់ដូ​ ជា​ការ​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ការ​ត្រៀមខ្លួន​ការពារ​ប្រទេស​របស់​ពួកគេ​។​

ដោយ​និយាយ​ភាសា​អង់គ្លេស​យ៉ាង​ស្ទាត់​ជំនាញ ស៊ីថា​ណា​រី បាន​ប្រកាស​ពី​ការ​ត្រៀម​ខ្លួន​​ក្នុង​ការ​ប្រឈមមុខ​នឹង​ពួក​វៀតកុង ដែល​ជា​សក្ខីភាព​មួយ​ចំពោះ​ការ​តាំង​ចិត្ត​មិន​ងាករេ​របស់​យុវតី​ខ្មែរ។

អ្នកស្រី ស៊ីថា​ណា​រី បាន​ប្រាប់​ភ្នំពេញប៉ុស្ដិ៍ថា​៖ «ពេល​ឃើញ​វីដេអូ​នេះ ខ្ញុំ​រំភើប​ ពីព្រោះ​កូន​ខ្មែរ​បាន​គាំទ្រ​លើ​សកម្មភាព​ស្នេហាជាតិ​របស់​ខ្ញុំ​។ ខ្ញុំ​ក៏​សប្បាយ​ចិត្ដ​ចំពោះ​កូន​សិស្ស​ខ្លះ​ទៀត ដែល​អាយុ​ប្រហាក់​ប្រហែល​ខ្ញុំ​បាន​ហ្វឹកហាត់​កុម៉ង់ដូ​សម្រាប់​សិស្ស​មធ្យម​សិក្សា»។

អតីត​យុវតី​ក្លាហាន​រូប​នេះ​បាន​បន្ដថា៖ «ខ្ញុំចង់​បញ្ជាក់​ថា អ្វី​ដែល​សំខាន់​បំផុត​ គឺ​ជាតិ​របស់​យើង ជនជាតិ​ខ្មែរ​យើង​ ធ្វើយ៉ាងណាដើម្បីកុំឲ្យមានគេប៉ុនប៉ង​​​លប់​យើងចេញ​ពី​ផែនទី​ពិភពលោក​»។ 

អតីត​សិស្ស​វិទ្យាល័យ​បឹង​ត្របែក​រូប​នេះ បាន​ឱ្យដឹងថា អត្ថន័យ​ភាគច្រើន​ត្រូវបាន​កាត់​ចេញ​នោះ គឺជា​ការ​លើកឡើង​អំពី​អំពើ​ឈ្លាន​ពាន​របស់​វៀតណាម​មក​លើ​ប្រទេស​កម្ពុជា​តាំង​ពី​រាប់​រយ រាប់​ពាន់​ឆ្នាំ ខណៈ​កម្ពុជា​ចង់​បានតែ​សន្ដិភាព​។ 

អ្នកស្រី បាន​បង្ហាញ​ការ​ភ្ញាក់ផ្អើល​នៅ​ពេល​បាន​ឃើញ​វីដេអូ​នៃ​បទសម្ភាស​អំឡុង​ឆ្នាំ​១៩៧០​ កាលពី​ពីរ​បី​ឆ្នាំ​មុន​នេះ​ថា វីដេអូ​ព័ត៌មាន​របស់​អង់គ្លេស​នោះ​ត្រូវបាន​ផ្សព្វផ្សាយ​នៅ​ក្រៅប្រទេស ហើយ​ពេល​បាន​ឃើញ​លើក​ដំបូង​ក្រោយ​បទសម្ភាស​រយៈពេល​ ៥២ ឆ្នាំ​។

បច្ចុប្បន្ន​អ្នកស្រី​​មាន​អាយុ ៧៤ ឆ្នាំ​ និង​​រស់​នៅ​ក្នុង​សហរដ្ឋអាមេរិក។

អ្វីដែល​ចងចាំ​បំផុត​ គឺជា​ឱកាស​ដែល​អ្នកស្រី​​អាច​បញ្ចេញ​មតិ​របស់​ខ្លួន។ ក្នុង​ចំណោម​សិស្ស ៧-៨​នាក់​ ពួកគេ​សុទ្ធតែ​បាន​បញ្ចេញ​មតិ​គ្រប់ៗ​គ្នា​ក្នុង​វីដេអូ​សម្ភាស​នោះ តែ​គេ​ជ្រើស​យក​តែ​អ្នកស្រី​​ម្នាក់​ឯង ហើយ​អត្ថន័យ​ជាច្រើន​ត្រូវ​បាន​កាត់។ 

អ្នកស្រី​បាន​និយាយថា​៖ «​ខ្ញុំ​អត់​សូវ​សប្បាយ​ចិត្ដ ដែល​គេ​បាន​ដក​សម្ដី​របស់​ខ្ញុំ​ចេញ​ភាគច្រើន​។ នេះ​ជា​អ្វីដែល​ខ្ញុំ​ចងចាំ​បំផុត​។នៅក្នុង​វីដេអូ​នោះ ខ្ញុំ​និយាយ​ច្រើន​ជាង​នេះ​ទៀត តែ​ត្រូវ​បាន​ដក​អស់​ភាគច្រើន​ ដើម្បី​សម្រួច​គោលដៅថា ខ្ញុំ​គឺជា​ទាហាន​របស់​លន់ នល់»។ 

អ្នកស្រី ស៊ីថា​ណា​រី កើត​នៅ​បាត់ដំបង ហើយ​ក្រោយមក​មក​រស់នៅ​ទីក្រុង​ភ្នំពេញ ទទួលបាន​ជំនាញ​ភាសា​អង់គ្លេស​អំឡុងពេល​ស្នាក់នៅ​សហរដ្ឋអាមេរិក​រយៈពេល​បួន​ឆ្នាំ​ជាមួយ​ពូ ជាមន្ដ្រី​​ទូត​​តាំងពី​អាយុ​ប្រាំបួន​ឆ្នាំ​។​

នៅដើម​ឆ្នាំ​១៩៧២ អ្នកស្រី ស៊ីថា​ណា​រី បាន​សម្រេច​ចិត្ដ​ចាក​ចេញ​ពី​មាតុភូមិ​ទៅ​សហរដ្ឋ​អាមេរិក​ ដែល​អ្នកស្រី​បាន​អះអាងថា​ ក្នុង​គោល​បំណង​ដែល​នាំ​ឱ្យ​អ្នកស្រី​ទៅ​សហរដ្ឋ​អាមេរិក។ 

អ្នកស្រី បាន​ឱ្យដឹងថា ទីមួយ នៅ​កម្ពុជា​មិន​មាន​សាកលវិទ្យាល័យ​បង្រៀន​ជា​ភាសា​អង់គ្លេស ក្រៅពី​បារាំង ដោយសារ​អ្នកស្រី​មិនសូវ​ពូកែ​ភាសា​បារាំង ហើយ​មួយ​វិញទៀត វា​ពាក់ព័ន្ធ​នឹង​បញ្ហា​សន្ដិសុខ​ផ្ទាល់ខ្លួន ពី​ព្រោះយោងតាម​សាច់ញាតិ​ជាអ្នកធ្វើការ​ផ្នែក​ស៊ើប​អង្កេត​បាន​ឱ្យដឹងថា វៀតណាម​ខាង​ជើង​មិន​សប្បាយ​ចំពោះបទសម្ភាស​របស់​អ្នកស្រី​ឡើយ​។ 

ដោយ​មិន​ចង់​ភ្ជាប់​ខ្លួន​ជាមួយ​រឿង​នយោបាយ អ្នកស្រី ស៊ីថា​ណា​រី បានបញ្ជាក់ថា​៖ «តាមពិត ខ្ញុំអត់បានដឹងថា វីដេអូ​សម្ភាស​នោះ​ត្រូវបាន​ផ្សព្វផ្សាយ​យ៉ាងដូចម្ដេច ឬ​គេ​កាត់​តយ៉ាង​មេច​តាំងពីដើម​មក​។ ឪពុក​ម្ដាយ​ខ្ញុំ​សម្រេច​ឱ្យ​ខ្ញុំ​ទៅ​អាមេរិក​ដោយសារ​បង​ស្រី​ធំរបស់​ខ្ញុំ​នៅ​អាមេរិក​ ដែល​បាន​អាហារូបករណ៍​ទៅ​រៀន​នៅទីនោះតាំងពីឆ្នាំ​១៩៦០​»។ 

ថ្វីដ្បិតតែ​មិន​បានហែល​ឆ្លង​របប​ប៉ុលពត​យ៉ាង​ណាក៏ដោយ ក៏​អតីត​នារី​ក្លាហានរូប​នេះ បាន​បន្ដថា សាច់​ញាតិ​របស់​អ្នកស្រី​មាន​ច្រើន​ណាស់ ដែល​រង​ទុក្ខ​ក្នុង​របប​ខ្មែរ​ក្រហម​ ហើយ​អ្នកស្រី​ក៏​បាន​ចែករំលែក​បទពិសោធ​តស៊ូ​ក្នុងការ​សិក្សា​នៅ​ក្រៅប្រទេស​។

អ្នកស្រី ស៊ីថា​ណា​រី ដែល​បាន​មក​លេង​មាតុភូមិ​កំណើត​រយៈ​ពេល​ជាង​៣​សប្ដាហ៍មុន បាន​ឱ្យដឹងថា​ ជនភៀសខ្លួន​ជួប​ការលំបាក​ម្យ៉ាង​ដោយ​រត់​ចេញ​ពី​របបប៉ុល​ពត។ ប៉ុន្ដែ​ពួកគេ​ត្រូវបាន​ទទួល​ស្វាគមន៍​យ៉ាង​ពិសេស​ពីរដ្ឋាភិបាល​អាមេរិក​ទាំង​ថវិកា​ ស្បៀង លំនៅឋាន និង​សេវាកម្ម​ផ្សេងៗ​ដោយ​ឥតគិតថ្លៃ​។ 

អ្នកស្រី​បាន​បញ្ជាក់ថា​៖ «គេ​សួរថា តើ​ហេតុអ្វីអ្នក​ទៅ​អាមេរិក​ពី​ដើម​​មានជីវភាព​ក្រ​ជាង​អ្នក​ភៀស​ខ្លួន​។ អ្នក​ទៅ​ខ្លួន​ឯង ត្រូវ​រស់​ដោយ​ខ្លួន​ឯង ដែលមិន​ទទួល​បាន​ការ​គាំពារ​ពី​រដ្ឋាភិបាល​អាមេរិក​ហ្វ្រី​ៗ​នោះទេ​»។ 

ដោយ​ការ​ទិដ្ឋការ​ជាសិស្ស និស្សិត​កម្ពុជា​ដែល​ទៅ​សិក្សា​ដោយ​ខ្លួន​ឯង​មិន​ត្រូវបាន​អនុញ្ញាតពី​រដ្ឋ​អាមេរិក​ឱ្យនិស្សិត​​ធ្វើ​ការ​ដើម្បី​ផ្គត់ផ្គង់​ការសិក្សា​នោះទេ​។ 

ក្នុង​ពេល​សិក្សា​ផ្នែក​ប្រវត្ដិសាស្ដ្រ​អន្ដរជាតិ​​ និស្សិត​ក្នុង​វ័យ​២១​ឆ្នាំរូបនេះ ត្រូវ​លួច​ធ្វើការ​នៅ​ហាង​សម្លៀកបំពាក់​ប្រណិត​ដើម្បី​បំពេញ​ថ្លៃ​សិក្សា និង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ ខណៈ​ការ​ចាយ​វាយ​ប្រាក់​ឪពុក​ម្ដាយ​ពី​ខ្មែរ​មួយ​ខែ ២០០ ដុល្លារ​ វា​មិន​គ្រប់​គ្រាន់​សម្រាប់​ថ្លៃ​បង់​ការ​ស្នាក់​នៅ​ឡើយ​។ 

អ្នកស្រី​និយាយថា អ្នកស្រីមិន​ធ្លាប់​ចាប់​អារម្មណ៍​រឿង​នយោបាយ​ផង ស្រាប់តែ​ត្រូវ​សិក្សា​ពី​នយោបាយ​អន្ដរជាតិ​តាំងពី​ប្រវត្ដិសាស្ដ្រ​រ៉ូម៉ាំង​។ ដូច្នេះ អ្នកស្រីត្រូវចំណាយ​ពេល​ស្វ័យ​សិក្សា​ដល់​ម៉ោង ២-៣​ទៀប​ភ្លឺ​ បន្ទាប់​ពី​ធ្វើ​ការ​ចិញ្ចឹម​ជីវិត​។ 

អ្នកស្រីបាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ថា​៖ «​ពួក​ខ្ញុំ​ជា​និស្សិត​ប្រហែល ២០​នាក់ ត្រូវ​ចំណាយ​គ្រប់​យ៉ាង​ទាំង​អស់​។ យើង​ទិញ​ពងមាន់​ ក​មាន់​ ស្ងោរ​ញាំ​ចែក​គ្នា​ចឹង​ទៅ​»។

មិន​មែន​តែ​និស្សិត​ពី​កម្ពុជា​នោះទេ និស្សិត​មក​ពី​បណ្ដា​ប្រទេស​ទៀត រួមទាំង​ និស្សិត​បារាំង ​​និង​អង់គ្លេស​ ត្រូវ​លួច​ធ្វើការ​ ភ្នែក​នៅកញ្ចឹងក​។

នៅ​ឆ្នាំ ២០០៣ អ្នកស្រី ស៊ីថា​ណា​រី បាន​ត្រឡប់មក​កម្ពុជា​វិញ​ជា​លើកដំបូង ចាប់តាំងពី​ការចាកចេញ​របស់​អ្នកស្រី​ ​ជា​ដំណើរ​ដែល​រំជើបរំជួល​នូវ​ការចងចាំ និង​អារម្មណ៍​ជាច្រើន​។​

អ្នកស្រី​បាន​និយាយថា​៖ «​ខ្ញុំ​សប្បាយ ពីព្រោះ​ទីមួយ​ ចម្បាំង​វាបាន​បញ្ចប់​យូរ​ហើយ ហើយ​ទីពីរ ខ្ញុំ​មើល​ឃើញ​ស្រុក​ចេះ​តែ​ចម្រុង​ចម្រើន​ ទោះ​មិន​បាន​លឿន​ខ្លាំង​។ យើង​មិន​អាច​រំពឹង​លើសពី​នេះ​ច្រើន​ទេ ដោយសារ​ថ្នាក់​ដឹក​នាំ​ខិតខំ​ធ្វើ​ឱ្យ​រីក​ចម្រើន​ប៉ុណ្ណឹង វា​ពិត​ជា​ប្រសើរ​។ ខ្ញុំមិន​អាច​ស្ដី​បន្ទោស​ទេ ខ្ញុំ​មានតែ​ការ​សរសើរ​ដែល​គេអ្នក​ដឹកនាំ​ធ្វើ​ឱ្យ​ចម្រុង​ចម្រើន»៕