ភ្នំពេញ៖ ​នៅ​ក្នុង​យុគ​សម័យ​ឌីជីថល ដែល​បណ្ដាញ​​សង្គម​ដើរ​តួយ៉ាង​សំខាន់​ក្នុង​ការ​ចែក​រំលែក​អ្វីៗ​គ្រប់​យ៉ាង​នូវ​បច្ចុប្បន្នភាព​ ប្រជាពលរដ្ឋ​កម្ពុជា​ខ្លះ​​ប្រើប្រាស់​បណ្ដាញ​សង្គម​ក្នុង​ការ​ស្វែង​រក​សមាជិក​គ្រួសារ​ដែល​បាត់បង់​ក្នុង​របប​ខ្មែរក្រហម​ជាង ៤០​ឆ្នាំ​មុន។

តាមរយៈ​ក្រុម​ហ្វេសប៊ុក «មនុស្ស​បាត់​ខ្លួន​ក្នុង​របប​ខ្មែរក្រហម» បុគ្គល​មក​ពី​ជុំវិញ​ពិភព​លោក​កំពុង​បង្ហោះ​​​ស្វែង​រក​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ពួកគេ ដោយ​សង្ឃឹម​ថា​នឹង​បាន​ជួបជុំ​ជាមួយ​សាច់ញាតិ​​វិញ​ បន្ទាប់ពី​ការ​បែក​គ្នា​រាប់​ទសវត្សរ៍។

ជាមួយ​នឹង​សមាជិក​ជាង ៩​ពាន់​នាក់ ក្រុម​នេះ​បាន​ក្លាយ​ជា​ពន្លឺ​នៃ​ក្តី​សង្ឃឹម​មួយ​ដែល​អនុញ្ញាត​ឱ្យ​អ្នក​នៅ​រស់​រានមាន​ជីវិត និង​កូនចៅ​របស់​ពួកគេ​ប្រមូល​ផ្តុំ​គ្នា​នូវ​បំណែក​នៃ​ប្រវត្តិសាស្ត្រ​ដែល​របប​ឃោរឃៅ​បាន​ធ្វើ​ឱ្យ​ព្រាត់ប្រាស់។

នៅខែ​មីនា ឆ្នាំ​២០២៤ អ្នកស្រី​ អ៊ុក វឺជីនី ដែល​រស់​នៅ​ក្នុង South Melbourne ប្រទេស​អូស្ត្រាលី​បាន​បង្ហោះ​ការ​អង្វរ​នៅ​លើ​ទំព័រ​របស់​ក្រុម។

ម្តាយ​របស់​អ្នកស្រី​​ឈ្មោះ សុជាតា ផាង បាន​ស្វែង​រក​មិត្ត​វិទ្យាល័យ​ឈ្មោះ បាក់លី សៀងហៃ ចាប់​តាំង​ពី​របប​នេះ​បាន​បំបែក​គ្រួសារ​និង​មិត្តភាព​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៧០។

អ្នកស្រី​ អ៊ុក វឺជីនី បាន​ពន្យល់​ថា៖ «ក្នុង​ឆ្នាំ​១៩៨៣ មិត្ត​ម្នាក់​នោះ​បាន​ផ្ញើរ​សំបុត្រ​​ទៅ​ម្តាយ​របស់​ខ្ញុំ​នៅ​ប្រទេស​បារាំង​ពី​ប្រទេស​អូស្ត្រាលី។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ គាត់​ទើប​តែ​បាន​រក​ឃើញ​សំបុត្រ​នោះ​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន»។

ការ​ស្វែង​រក​សាច់​ញាតិ​និង​មិត្ដភក្ដិ​នេះ​ជា​បុគ្គល​ម្នាក់​ដែល​បាន​ចាក​ចេញ​ពី​​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​បារាំង និង​អូស្ត្រាលី​ដែល​មិន​បាន​ទាក់ទង​គ្នា។

អ្នកស្រី​ វឺជីនី បាន​ភ្ជាប់​រូបភាព​ម្តាយ​របស់​អ្នកស្រី​ ដោយ​សង្ឃឹម​ថា​ មាន​អ្នក​​អាច​ស្គាល់​មិត្តភក្ដិ​របស់​ម្ដាយ​ខ្លួន​ហើយ​ជួយ​ឱ្យ​ពួកគេ​ទាក់ទង​គ្នា​ឡើងវិញ។

សម្រាប់​មនុស្ស​ជាច្រើន ដូចជា លី ម៉ារី ដែល​ឥឡូវនេះ​រស់​នៅ​ក្នុង​ទីក្រុង Fremantle ភាគ​ខាង​លិច​ប្រទេស​អូស្ត្រាលី ការ​ស្វែង​រក​សាច់​ញាតិ​ដែល​បាន​បាត់បង់​ក្នុង​របប​ខ្មែរក្រហម​នាំ​មក​នូវ​ក្តី​សង្ឃឹម និង​ទុក្ខព្រួយ។

នៅ​ក្នុង​ការ​បង្ហោះ​ខែសីហា​ឆ្នាំ២០២៤ អ្នកស្រី ប៉ារី បាន​សរសេរ​ថា៖ «ម្តាយ​របស់​ខ្ញុំ​បាន​បាត់បង់​ពួកគេ​នៅក្នុង​ប្រទេស​កម្ពុជា ...»។

អ្នកស្រី​​ក៏​បាន​ងាក​មក​ក្រុម​ហ្វេសប៊ុក​នេះ​ជា​មធ្យោបាយ​ចុង​ក្រោយ ដោយ​បាន​ធ្វើ​ការ​បង្ហោះ​សារ​ជាច្រើន​រាប់​មិន​អស់​ដើម្បី​ស្វែង​រក​​អ្នក​ដែល​អាច​ស្គាល់​គ្រួសារ​ ប៉ុន្តែ​ការ​ស្វែង​រក​នេះ​​មិន​ទទួល​បាន​ផ្លែផ្កា​ឡើយ។

អ្នកស្រី​បាន​សរសេរ​បន្ដ​ថា៖ «សូម​កុំ​ផ្ដោត​លើ​​ឈ្មោះ​ពីព្រោះ​​អក្ខរាវិរុទ្ធ​ភាសា​អង់គ្លេស​មាន​ការ​ខុស​ឆ្គង​ តែ​ជា​ភិនភាគ​លើ​រូបភាព»។

លោក ឆាំង យុ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា (DC-Cam) បាន​តាម​ដាន​យ៉ាង​ដិត​ដល់​នូវ​រឿងរ៉ាវ​របស់​ពលរដ្ឋ​ដែល​ចងក្រង​ជាក្រុម​នេះ។

លោក​បាន​សរសើរ​ការ​ប្រើ​ប្រាស់​ ប្លេតហ្វម ​នេះ​​ដោយ​និយាយ​ថា៖ «នេះ​ជា​ទង្វើ​ដ៏​ថ្លៃថ្នូរ។ ខ្ញុំ​ដឹង​គុណ​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​ពួកគេ និង​មាន​កិត្តិយស​ដែល​បាន​ជួយ​ពួកគេ​ក្នុង​អ្វី​ដែល​អាច​ធ្វើ​ទៅ​បាន»។

មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដែល​ផ្ទុក​ទិន្នន័យ​ប្រវត្តិសាស្ត្រ​ជាង​មួយ​លាន​​ពី​សម័យ​ខ្មែរ​ក្រហម​នៅ​តែ​បន្ត​គាំទ្រ​កិច្ច​ខិតខំ​ប្រឹងប្រែង​បែបនេះ ដោយ​ផ្តល់​ធនធាន​ដែល​អាច​ជួយ​អ្នក​នៅ​រស់រាន​មាន​ជីវិត​ស្វែង​រក​សាច់ញាតិ​ដែល​បាត់​ខ្លួន។

ដោយ​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការ​កត់ត្រា​អំពើ​ឃោរឃៅ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា៖ «យើង​បន្ត​ចងក្រង​ឯកសារ​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​របប​ខ្មែរក្រហម»។

ការងារ​របស់​លោក យុ និង​រឿង​ដែល​បាន​បង្ហោះ​ក្នុង​ក្រុម​ហ្វេស​ប៊ុក បង្ហាញ​ពី​គម្លាត​សំខាន់ៗ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​គ្រួសារ​ខ្មែរ​ដែល​បណ្តាល​មក​ពី​របប​នេះ។

លោកបាន​ពន្យល់​ថា៖ «មាន​ករណី​ចំនួន​បី​ដែល​មនុស្ស​ត្រូវ​បាន​បំបែក។ សង្គ្រាម​រវាង​ឆ្នាំ ១៩៧០ និង ១៩៧៥ បាន​បែងចែក​ប្រទេស​កម្ពុជា​រវាង «តំបន់​រំដោះ» ដែល​គ្រប់គ្រង​ដោយ​ខ្មែរ​ក្រហម និង​តំបន់​ដែល​គ្រប់​គ្រង​ដោយ​សាធារណរដ្ឋ​ខ្មែរ​ដឹក​នាំ​ដោយ​ឧត្តម​សេនីយ៍ លន់ នល់»។

សង្គ្រាម​នេះ​មិន​ត្រឹមតែ​បំបែក​ភាព​ស្មោះត្រង់​ផ្នែក​នយោបាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​បង្ក​ជម្លោះ​រវាង​សមាជិក​គ្រួសារ​ដោយ​មាន​ការ​ប្រយុទ្ធ​គ្នា​ខ្លះៗ​ពី​ភាគី​ម្ខាង​ទៀត។

រលកទីពីរ​នៃ​ការ​បែកបាក់​បាន​កើត​ឡើង​ជាមួយ​នឹង​ជ័យ​ជម្នះ​របស់​ខ្មែរក្រហម​នៅ​ខែ​មេសា ឆ្នាំ​១៩៧៥។ របប​នេះ​បាន​អនុវត្ត​គោលនយោបាយ​ដែល​នាំ​ឱ្យ​​ការ​រុះរើ​ចង្កោម​គ្រួសារ។

លោក យុ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា៖ «ក្រុម​ការងារ​តូចៗ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជំនួស​អង្គភាព​សង្គម​ពីមុន។ អាពាហ៍ពិពាហ៍​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​អង្គការ កុមារ​ត្រូវ​បាន​គេ​ដាក់​នៅ​ក្នុង​បន្ទប់​កុមារ ហើយ​បាន​បង្រៀន​ថា ​ឪពុកម្ដាយ​របស់​ពួកគេ​ជា​អង្គការ»។

ការ​បែកបាក់​គ្រួសារ​ដោយ​ចេតនា​នៅ​ក្រោម​របប​នេះ រួម​ជាមួយ​នឹង​ការ​ផ្លាស់​ទីលំនៅ​ដោយ​បង្ខំ និង​ជំរុំ​ការងារ ធ្វើឱ្យ​មាន​ការ​លំបាក​សម្រាប់​អ្នក​រស់រាន​មាន​ជីវិត​ក្នុង​ការ​តាមដាន​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួកគេ សូម្បីតែ​​បន្ទាប់​ពី​ការ​ដួល​រលំ​នៃ​របប​នេះ​ភ្លាមៗ​ក៏ដោយ​។​

រលក​ទីបី និង​ចុងក្រោយ​នៃ​ការ​ព្រាត់ប្រាស់​គ្រួសារ​​បាន​កើត​ឡើង​បន្ទាប់​ពី​ខ្មែរក្រហម​ត្រូវ​បាន​ផ្ដួល​រំលំ​នៅ​ឆ្នាំ ១៩៧៩​។ ប្រជាជន​កម្ពុជា​រាប់ពាន់​នាក់ ជា​ជាង​ត្រឡប់​ទៅ​ផ្ទះ​វិញ បាន​ភៀសខ្លួន​ទៅ​ភាគ​ខាងលិច ស្វែងរកសិទ្ធិ​ជ្រក​កោន​តាម​ព្រំដែន​ថៃ ឬ​នៅ​ប្រទេស​ទីបី។

រូបថតនិងសំបុត្ររបស់ម្តាយរបស់​អ្នកស្រី​ អ៊ុក វឺជីនី បង្ហោះ​តាមរយៈ​ក្រុម​ហ្វេសប៊ុក «មនុស្ស​បាត់​ខ្លួន​ក្នុង​របប​ខ្មែរក្រហម»។

មនុស្ស​ជាច្រើន​បាន​ធ្វើ​មាតុភូមិ​និវត្តន៍​មក​កម្ពុជា​តែ​ក្នុង​ទសវត្សរ៍​ឆ្នាំ១៩៩០ ខណៈ​ពេល​ដែល​អ្នក​ផ្សេង​ទៀត​បាន​តាំង​ទីលំនៅ​នៅក្រៅ​ប្រទេស​ជា​អចិន្ត្រៃយ៍។ ការ​ធ្វើ​ចំណាក​ស្រុក​ដ៏​ធំ​នេះ​នាំ​ឱ្យ​មាន​ការ​ភៀស​ខ្លួន​ ដោយ​មាន​ប្រជាជន​កម្ពុជា​រហូត​ដល់​មួយ​លាន​នាក់​ដែល​កំពុង​រស់នៅ​ជុំវិញ​ពិភព​លោក។​

លោក យុ បាន​ថ្លែង​ថា៖ «ប្រវត្តិសាស្ត្រ​នៃ​អំពើ​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា​និង​ពិភព​លោក ព្រោះ​វា​ផ្តល់​នូវ​ការ​យល់​ដឹង និង​ការ​ណែនាំ​សំខាន់ៗ​ស្តីពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ដ៏​ឃោរឃៅ​នា​ពេល​បច្ចុប្បន្ន​និង​អនាគត»។

ប៉ុន្តែ​ការ​ចងក្រង​ឯកសារ​រយៈពេល​ងងឹត​នេះ​មិនមែន​គ្រាន់​តែ​ការពារ​ការ​ប្រល័យ​ពូជសាសន៍​នា​ពេល​អនាគត​នោះ​ទេ។ លោក ឆាង យុ បាន​និយាយ​ថា ការ​សិក្សា​ប្រវត្តិសាស្ត្រ​នៃ​របប​ខ្មែរ​ក្រហម​ផ្តល់​ឱកាស​ដើម្បី​ឆ្លុះ​បញ្ចាំង​លើ​សំណួរ​រិះគន់​អំពី​មនុស្សជាតិ រដ្ឋាភិបាល​និង​គោល​គំនិត​ជា​មូលដ្ឋាន​នៃ​សិទ្ធិមនុស្ស។

លោក​បន្ដ​ថា ការ​ឆ្លុះ​បញ្ចាំង​ទាំង​នេះ​មាន​សារៈសំខាន់​មិន​ត្រឹមតែ​សម្រាប់​ការ​ព្យាបាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​ការ​យល់​ដឹង​ពី​អ្វី​ដែល​អនុញ្ញាត​ឱ្យមាន​អំពើ​ឃោរឃៅ​បែបនេះ​កើតឡើង​ដំបូង។

សម្រាប់​សមាជិក​រាប់ពាន់​នាក់​នៅក្នុង​ក្រុម​ហ្វេស​ប៊ុក ការ​ស្វែង​រក​មនុស្ស​ជាទី​ស្រឡាញ់​ដែល​បែក​បាក់​គ្នា​ ដូចជា ករណី​ម្ដាយ​អ្នកស្រី វឺជីនី និង​អ្នកស្រី ម៉ារី ដែល​បន្ត​បង្ហោះ​រូបភាព និង​ចែករំលែក​អនុស្សាវរីយ៍​ដោយ​សង្ឃឹមថា ​ថ្ងៃ​ណា​មួយ ពួកគេ​នឹង​ជួបជុំ​គ្នា​វិញ​​។​

ដូចដែល​លោក យុ បាន​និយាយ​យ៉ាងខ្លី​ថា៖ «​ឯកសារ​ផ្តល់នូវ​ធាតុ​ផ្សំ​សម្រាប់​សង្គម​ក្រោយ​ជម្លោះ ដើម្បី​ព្យាបាល ផ្លាស់ប្តូរ និង​បន្ត​ពី​ប្រវត្តិសាស្ត្រ​ដ៏​រន្ធត់​របស់​ពួកគេ»៕ ​