ភ្នំពេញ៖ កម្ពុជា​កំពុង​ត្រៀម​ស្វាគមន៍​ព្រឹត្ដិការណ៍​បែប​ទេសចរណ៍ និង​វប្បធម៌​​ សម្រាប់​ការ​ជួបជុំ​ក្បួន​រថយន្ដ​ទំនើបៗ​ Gumball 3000 Rally ដ៏​ល្បីល្បាញ​ ដែល​នឹង​បង្ហាញ​ខ្លួន​លើក​ដំបូង​នៅ​អាស៊ីអាគ្នេយ៍​ចាប់ពី​ថ្ងៃទី ១៥ ដល់​ថ្ងៃទី ១៧ ខែ​កញ្ញានេះ។

ការ​ប្រមូល​ផ្តុំ​គ្នា​ចម្ងាយ ៣ពាន់ម៉ាយ (ជិត ៥ពាន់គីឡូម៉ែត្រ) នឹង​មាន​រថយន្ត​ប្រណិត​​ប្រមាណ ១៣០​ គ្រឿង និង​តារា​ល្បីៗ​ដែល​នឹង​​បើកបរ​ឆ្លងកាត់​ប្រទេស​ជាច្រើន ដោយ​ប្រទេស​កម្ពុជា​គឺជា​ចំណត​ដ៏​សំខាន់មួយ។

ព្រឹត្តិការណ៍​ដែល​រំពឹង​ទុក​យ៉ាងខ្ពស់​នេះ គឺជា​ខួប​លើក​ទី​២៥​ នៃ​ការ​ប្រមូល​ផ្តុំគ្នា ហើយ​គ្រោង​នឹង​ទាក់ទាញ​តារា​ល្បីៗ​ទូទាំង​ពិភពលោក អ្នក​ដែល​ចូលចិត្ត​រថយន្ត និង​ការចាប់​អារម្មណ៍​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​មក​ព្រះរាជាណាចក្រ​កម្ពុជា។

Gumball 3000 ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក​ Maximillion Cooper ក្នុង​ឆ្នាំ១៩៩៩​ មិន​ត្រឹមតែ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ក្បួន​​រថយន្ត​ប្រណិត និង​ទាក់ទាញ​វប្បធម៌​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏មាន​គំនិត​ផ្តួចផ្តើម​សប្បុរសធម៌​ផងដែរ។

ប្រទេស​កម្ពុជា ​គឺជា​ចំណត​ដ៏​ទាក់ទាញ​មួយ​​នៅ​លើ​ដំណើរ​ជិត​៥ពាន់​គីឡូម៉ែត្រ​នា​​ឆ្នាំនេះ ហើយ​នឹង​មាន​ព្រឹត្តិការណ៍​​សាធារណៈ​ជា​បន្តបន្ទាប់​នៅ​ក្នុង​រាជធានី​​ភ្នំពេញ និង​ខេត្ត​សៀមរាប ជាមួយ​ការ​បង្កើត​កំណត់​ត្រា​ហ្គីនណេស​ពិភពលោក​​ សម្រាប់​ការ​ប្រមូលផ្តុំ​រថយន្ត​ទំនើប​ដ៏​ធំ​បំផុត​នៅ​មុខ​ប្រាសាទ​អង្គរវត្ត។

កាលពី​ថ្ងៃទី​៩ ខែសីហា លោក​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន ម៉ាណែត បាន​អនុញ្ញាត​ឱ្យ​​​ស្ថាបនិក Gumball 3000 Maximillion Cooper ចូលជួប​​សម្តែង​ការ​គួរសម​និង​បាន​គូស​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ព្រឹត្តិការណ៍​មួយនេះ​ផងដែរ។

លោក Cooper បាន​សម្តែង​ការ​កោតសរសើរ​ចំពោះ​សម្រស់​ធម្មជាតិ និង​ទីតាំង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា។​

យោង​តាម​គណនី Telegram របស់​លោក​នាយករដ្ឋមន្ដ្រី បាន​ឲ្យ​ដឹងថា៖ «ក្នុង​ឱកាស​ប្រារព្ធ​ខួប​ ២៥​ឆ្នាំ​របស់​ខ្លួន ព្រឹត្តិការណ៍​ជួបជុំ​ក្បួន​រថយន្ត​អន្តរជាតិ “Gumball 3000 Rally” ដែល​អ្នកចូលរួម​សុទ្ធ​សឹង​ជា​បុគ្គល​ល្បីៗ មកពី​ជាង​ ៥០​ប្រទេស នឹង​ឆ្លងកាត់​ប្រទេស​កម្ពុជា ក្នុង​ខែកញ្ញា ឆ្នាំ​២០២៤ ខាងមុខ​។ ព្រឹត្តិការណ៍​នេះ​នឹង​រួមចំណែក​ក្នុងការ​ផ្សព្វផ្សាយ​នូវ​វប្បធម៌ ប្រពៃណី និង​សក្តានុពល​ទេសចរណ៍​របស់​កម្ពុជា​»។​

ការ​ប្រារឰ​ពិធី​ជួបជុំ​​សកល​ និងសកម្មភាព​​សប្បុរសធម៌​

ជា​ផ្នែក​មួយ​នៃ​ដំណើរ​អន្តរជាតិ​របស់​ខ្លួន ការ​ប្រមូលផ្តុំ​គ្នា​នឹង​ចាប់ផ្តើម​នៅ​ទីក្រុង សៃហ្គន ប្រទេស​វៀតណាម នៅ​ថ្ងៃទី ១៤ ខែ​កញ្ញា មុន​ពេល​ធ្វើដំណើរ​ឆ្លង​កាត់​ប្រទេស​កម្ពុជា និង​ប្រទេស​អាស៊ីអាគ្នេយ៍​ផ្សេងទៀត ហើយ​ចុង​ក្រោយ​នឹង​បញ្ចប់​នៅ​ប្រទេស​ សិង្ហបុរី​ក្នុង​អំឡុង​ពេល​ការ​ប្រកួត​ប្រណាំង​រថយន្ត Formula 1 Grand Prix។

ការ​ឈប់​សម្រាក​នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​មាន​អ្នកចូលរួម​ជាច្រើន​ រួមទាំង​តារា​ល្បីៗ​ទូទាំង​ពិភពលោក​ ដូចជា Patrice Evra, YouTubers Lazarbeam, Lachlan និង IShowSpeed ដែល​បើកបរ​រថយន្ត​ទំនើប​ដូចជា Rolls Royce Cullinan និង Lamborghini Huracan ជាដើម​។​

លោក គុជ បញ្ញាសា រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​បាន​ថ្លែង​ថា៖ «យើង​មាន​សេចក្តី​រំភើប​រីករាយ​ក្នុងការ​រៀបចំ​ការជួប​ជុំ​ដ៏​មាន​កិត្យានុភាព​នេះ ដែល​មិន​ត្រឹមតែ​ជា​ការ​បង្ហាញ​​​រថយន្ត​ទំនើប​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បង្ហាញ​ពី​វប្បធម៌ ប្រវត្តិសាស្ត្រ និង​ការខិតខំ​ប្រឹងប្រែង​សប្បុរសធម៌​របស់​ប្រទេស​កម្ពុជា​ផងដែរ»​។​

មូលនិធិ Gumball 3000 បាន​សន្យា​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ និង​សាងសង់​ទីលាន​បាល់ទាត់​អណ្តែត​ទឹក​នៅ​កំពង់​ឃ្លាំង ជា​ផ្នែក​នៃ​បេសកកម្ម​សប្បុរសធម៌រ​បស់​ខ្លួន មាន​បំណង​រៃអង្គាស​ប្រាក់​បាន​ចំនួន ២០​ម៉ឺន​ដុល្លារ​។​

ព្រឹត្តិការណ៍​នៅ​ភ្នំពេញ និង​សៀមរាប​

នៅ​ថ្ងៃទី​១៥ ខែកញ្ញា ក្បួន​រថយន្ដ​ប្រណិតៗ​ចម្រុះពណ៌​នឹង​មក​ដល់​រាជធានី​ភ្នំពេញ​ជា​ផ្លូវការ​។ រថយន្ត​ទំនើបៗ​នឹង​ដង្ហែ​តាម​ដងផ្លូវ​ដោយ​ចត​នៅ​ជិត​វិមាន​ឯករាជ្យ ដែល​មហាជន​រាប់ពាន់​នាក់​ត្រូវបាន​គេ​រំពឹងថា​នឹង​ប្រមូល​ផ្តុំ​ទស្សនា​ភាព​អស្ចារ្យ​នេះ។ ការប្រគុំ​តន្ត្រី​សាធារណៈ​នៅ​សួនច្បារ​វត្ត​បទុម​ត្រូវបាន​រៀបចំ​ឡើង​មុន​ពេល​បិទ​បញ្ចប់​កម្មវិធី​នៅ​ភ្នំពេញ។

នៅថ្ងៃ​ទីពីរ ថ្ងៃ​ទី១៦ កញ្ញា ក្បួន​រថយន្ត​នឹង​ចាកចេញ​ពី​រាជធានី​ភ្នំពេញ​ទាំង​ព្រឹក​ព្រលឹម ជាមួយ​នឹង​ផ្លូវដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​កោះពេជ្រ និង​ឆ្ពោះទៅ​ខេត្តសៀមរាប​តាម​ផ្លូវ​ជាតិលេខ​ ៦A។

ក្បួន​រថយន្ត​ក្នុង​ស្រុក​នឹង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​នៅ​តំបន់​ព្រៃប្រស់​សម្រាប់​អាហារ​ថ្ងៃត្រង់​ជា​ក្រុម​ធំ​ ដោយ​ផ្តល់​ឱកាស​ឱ្យ​អ្នក​គាំទ្រ​បាន​ឃើញ​ទិដ្ឋភាព​ដ៏​អស្ចារ្យ​មួយ​ទៀត។

យោង​តាម​កាល​វិភាគ​បាន​បង្ហាញ​ថា៖  «បន្ទាប់មក​អ្នកចូលរួម​នឹង​ប្រមូលផ្តុំ​នៅ​សួន​ឯករាជ្យ​ក្នុង​ខេត្តសៀមរាប ដែល​ថ្ងៃ​នឹង​បញ្ចប់​ជាមួយ​នឹង Gumball Gala Dinner នៅ​ប្រាសាទ​បាយ័ន​ប្រវត្តិសាស្ត្រ»​។

នៅ​ថ្ងៃទី១៧ ខែកញ្ញា មាន​កម្មវិធី​ពិសេស​ធំ​​នៅ​ប្រាសាទ​អង្គរវត្ត។ រថយន្ត​ទំនើប​ជាង ១៣០ គ្រឿង​នឹង​ប្រមូល​ផ្តុំ​គ្នា​នៅ​ប្រាសាទ​ជា​ផ្លូវការ​ដើម្បី​បំបែក​កំណត់ត្រា​ហ្គីនណេស​ពិភពលោក​សម្រាប់​ការ​ប្រមូល​ផ្តុំ​រថយន្ត​ប្រណិត​ធំ​បំផុត​នៅ​មុខ​ស្ថាបត្យកម្ម​សំណង់​បុរាណ។

លោក បញ្ញាសា​ បាន​បន្ថែមថា៖ «​ព្រឹត្តិការណ៍​នេះ​នឹង​បង្ហាញ​ពី​បេតិកភណ្ឌ​វប្បធម៌​ដ៏​សម្បូរបែប​របស់​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ និង​ផ្តល់​​វិស័យ​ទេសចរណ៍​ដ៏​សំខាន់»៕