ភ្នំពេញៈ នៅក្នុងឆ្នាំ២០២៤ កន្លងទៅ ព្រឹត្តិការណ៍បុណ្យបង្ហើរខ្លែងឯកខ្មែរ និងខ្លែងសេរី នៅខេត្ត សៀមរាប បានទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អ្នកចូលរួមប្រកួត និងប្រជាពលរដ្ឋទូទៅ ដែលនេះបានសបញ្ជាក់ឱ្យឃើញថា ការបង្ហើរខ្លែងខ្មែរ មានប្រជាប្រិយភាពឡើងវិញក្នុងសង្គម។
ពាក្យថា «ខ្លែង» ត្រូវបានអ្នកស្រុកខ្មែរហៅតាមឈ្មោះសត្វបក្សីមួយប្រភេទស៊ីសាច់ ពស់ ត្រី កណ្តុរ ជាដើមជាអាហារ។ សម័យកាលដែលខ្មែរធ្វើខ្លែងសម្រាប់បង្ហោះ ដែលដាក់ឈ្មោះថា «ខ្លែង» ដូចនឹងឈ្មោះ សត្វខ្លែង នៅពុំទាន់មានឯកសារ និងភស្តុតាងបញ្ជាក់ច្បាស់លាស់នៅឡើយទេ ប៉ុន្តែគេអាចសន្និដ្ឋាន ដោយផ្នែកទៅលើរូបភាពប្រហាក់ប្រហែលគ្នារបស់ខ្លែង និងសត្វខ្លែង ។
លោក រឿង សារ៉េត ប្រធានសារមន្ទីរខ្លែង បានឱ្យដឹងថា បើយោងតាមសៀវភៅ ខ្លែងខ្មែរ របស់សាស្ត្រាចារ្យ ស៊ឹម សារ៉ាក់ និង ជៀង យ៉ារិន បញ្ជាក់ថា តាមរយៈកំណាយបុរាណវិទ្យាឆ្នាំ ១៩៩៩ នៅស្ថានីយបុរេប្រវត្តិសាស្ត្រអង្គបុរី ខេត្តតាកែវ ដែលជាអតីតរាជធានីសម័យហ្វូណន បានរកឃើញនូវវត្ថុបុរាណជាច្រើនដូចជាក្រឡ ចាន ឆ្នាំង គ្រឿងអលង្ការ ដែលគេអាចសន្និដ្ឋានថា ខ្មែរមានវប្បធម៌រីកចម្រើន ជាសង្គមរៀបរយមួយប្រហែល៤០០ឆ្នាំមុនគ.ស ហើយពិធីបង្ហោះខ្លែងនៅស្រុកខ្មែរ ក៏កើតមានឡើងក្នុងអំឡុងឆ្នាំ៤០០ មុន គ.សដែរ។
ចំណែក លោក ហ្ស៊ក សឺដែស អ្នកបុរាណវិទូ ដែលបានសិក្សាស្រាវជ្រាវជាច្រើនពីវប្បធម៌ និងប្រវត្តិសាស្ត្រខ្មែរ បានរកឃើញសិលាចារឹកមួយនៅឆ្នាំ ៩៧២ ដែលបញ្ជាក់ពី ការរៀបចំព្រះរាជពិធីបង្ហើរខ្លែង និងតង្វាយជាច្រើនមុខដូចជា មាសប្រាក់ សំរឹទ្ធិ ភ្លុក លង្ហិន ពាន គ្រឿងភ្លេង លំពែង និងខ្លែង៥ទៀតផង។
លោកហ្ស៊ក សឺដែស មិននឹកស្មានថា មានខ្លែង៥នៅក្នុងតង្វាយ ដែលសុទ្ធសឹងជាវត្ថុមានតម្លៃនោះសោះឡើយ។ ប្រការដែលគួរឱ្យសោកស្តាយនោះ គឺសិលាចារឹកពុំបានប្រាប់ឱ្យដឹងថា តើខ្លែងដែលមានចំណែកនៅក្នុងរណ្តាប់តង្វាយនោះ គេប្រើប្រាស់សម្រាប់ធ្វើអ្វីនោះឡើយ។
បើយោងតាមសៀវភៅ ខ្លែងខ្មែរ បញ្ជាក់ថា លោកកៀរ៉ូហ្សា ដីសង់ អង់តូនីញ៉ូ (Quiroga de San Antonio) ជនជាតិព័រទុយហ្គាល់ ធ្លាប់បានធ្វើដំណើរមកខ្មែរនៅឆ្នាំ ១៥៩០ បានសរសេរទុកថា «ខ្មែរមានការបង្ហោះខ្លែងដែលធ្វើពីដើមបបុសពាសក្រដាស ព្រមទាំងបន្លឺស្នូរសំឡេងយ៉ាងពីរោះពេលហោះឡើងលើអាកាស»។
លោកព្រឹទ្ធាចារ្យ មៀច ប៉ុណ្ណ បានរៀបរាប់ក្នុងសៀវភៅ ប្រពៃណី និងទំនៀមទម្លាប់ខ្មែរថា ការបង្ហើរខ្លែង គឺជាព្រះរាជពិធីមួយសម្រាប់គោរពបូជាដល់ព្រះចូឡាមណីចេតិយ ដែលប្រតិស្ឋាននៅវិមានត្រៃត្រឹង្ស។
ព្រះរាជពិធីនេះត្រូវបានគេប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៥កើត ខែមិគសិរ។ គេបានរៀបចំធ្វើរោងពិធីនៅគ្រប់ទិសទាំងបួន និងរោងធំមួយនៅចំកណ្តាល។
ព្រះសង្ឃជាព្រះរាជាគណៈក្នុងព្រះនគរ ត្រូវបាននិមន្តមកចម្រើនព្រះបរិត្តនៅគ្រប់រោងទាំងប្រាំ ដែលមានអុជគោមបំភ្លឺនៅតាមរោងនីមួយៗ ព្រមទាំងមានយកខ្លែងប្រាំទៅដាក់តាំងនៅទីនោះផងដែរ។ ពិធីនោះបានធ្វើឡើងក្នុងរជ្ជកាលព្រះបាទ ស្រីសុរិយោពណ៌ ដែលគង់នៅព្រះបរមរាជវាំងឧដុង្គមានជ័យ។
លោក រឿង សារ៉េត ប្រធានសារមន្ទីរខ្លែង បានឱ្យដឹងថា ក្នុងរាជព្រះបាទសម្តេចអង្គឌួង ព្រះរាជកិច្ចប្រារព្ធពិធីបង្ហើរខ្លែងក៏ត្រូវបានចាប់ផ្តើមធ្វើម្តងទៀត និងប្រារព្ធជារៀងរាល់ឆ្នាំ តាមលំនាំប្រពៃណីព្រះពុទ្ធសាសនា។ ប៉ុន្តែរជ្ជកាលក្រោយៗមកទៀត ចាប់ពីឆ្នាំ ១៨៥៩ គេពុំឃើញមានការប្រារព្ធពិធីបង្ហើរខ្លែងនេះទៀតឡើយ។
ចំណេរកាលតមក កម្ពុជាបានឆ្លងកាត់នូវសង្គ្រាមរ៉ាំរ៉ៃជាច្រើនជំនាន់។ ដូចនេះហើយ ការបង្ហើរខ្លែង ក៏ពុំសូវមានការនិយមលេងផងដែរ។ លុះសង្គ្រាមបញ្ចប់ទៅ កម្ពុជាបានខិតខំធ្វើឲ្យខ្លែងខ្មែររស់ឡើងវិញ។
«នៅក្នុងឆ្នាំ១៩៩៣ មានជនជាតិបរទេសជាច្រើន បានមកសិក្សាស្រាវជ្រាវអំពីប្រពៃណី វប្បធម៌របស់ខ្មែរ ដោយផ្តោតទី១ លើកខ្លែងឯក ពេលនោះយើងបានគិតគូរប្រមែប្រមូលចាស់ៗ ព្រឹទ្ធាចារ្យដែលមានចំណេះ ជំនាញផ្នែកនេះ ដែលគាត់មកធ្វើបតបទបង្ហាញ ហើយខ្លែងខ្លះ យើងប្រមូលទុកក្នុងឃ្លាំង សម្រាប់តាំងពិព័រណ៍ម្តងម្កាល»។ នេះជាការលើកឡើងរបស់លោក រឿង សារ៉េត។
នៅឆ្នាំ ១៩៩៤ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំឱ្យមានមហោស្រពខ្លែង លើកទី១ ដែល ចាប់តាំងពីពេលនោះមក ខ្លែងឯក ក៏បានចាប់លេចរូបរាងឡើងជាថ្មីម្តងទៀត ហើយមហោស្រពបង្ហោះខ្លែង ក៏បានរៀបចំឡើងរហូតមកដល់បច្ចុប្បន្ន។
ខ្លែងឯក បានចូលរួមក្នុងមហោស្រពខ្លែងអន្តរជាតិតាមបណ្តាប្រទេសនានាដូចជា ប្រទេសកូរ៉េ ជប៉ុន បារាំង ម៉ាឡេស៊ី ឥណ្ឌូនេស៊ី អង់គ្លេស ជាដើម។ មិនតែប៉ុណ្ណោះ កម្ពុជាក៏មានសារមន្ទីរខ្លែងខ្មែរ ដែលត្រូវបានបង្កើតនៅឆ្នាំ២០០៣ ដើម្បីតម្កល់ទុកខ្លែងខ្មែរ ដែលដាក់តាំងបង្ហាញជូនសាធារជនចូលទស្សនាសិក្សាស្វែងយល់ផងដែរ៕