ខេត្ដសៀមរាប៖ នៅថ្ងៃទី១១ ខែមករា ស្អែកនេះ លោក ឆូយ ប៊ុនសុខហេង ជាសិល្បករសហសម័យ ជាអ្នកថតរូប នឹងបញ្ចប់ដំណើរ «យាត្រា» របស់លោកលើចម្ងាយផ្លូវ ៥២៨ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួនប្រាំពីរពាក់កណ្ដាលបឹងទន្លេសាប។
បន្ទាប់ពីរយៈពេល ១៥ ថ្ងៃនៃដំណើរ «យាត្រា» នឹងបញ្ចប់ជាមួយការរៀបចំពិធីអបអរទទួលពីសំណាក់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យកុមារអង្គរក្នុងខេត្តសៀមរាប។
លោកបានឱ្យដឹងថា៖ «ក្នុងដំណើរយាត្រាថ្មើរជើងពាក់កណ្ដាលជុំវិញបឹងទន្លេសាបរយៈពេល ១៥ថ្ងៃ ដែលមានចម្ងាយជាង ៥០០គីឡូម៉ែត្រនេះ យើងសង្ឃឹមថា នឹងទទួលបានថវិកាមូលនិធិចន្លោះពី ៣ពាន់ទៅ ៥ពាន់ដុល្លារ»។
យ៉ាងណាមិញ លោក ប៊ុនសុខហេង មិនរំពឹងថា ថវិកាដែលទទួលបានពីសប្បុរសជននឹងគ្រប់គោលដៅដែលបានកំណត់នោះទេ ដោយសារនេះជាដំណើរយាត្រាថ្មើរជើងលើកដំបូង។
បច្ចុប្បន្ននេះ ក្រុមថ្មើរជើងដែលចាប់ផ្ដើមដំណើរជាមួយសមាជិក ៤នាក់ និងធ្លាក់មកសល់ ៣នាក់ដោយសារបញ្ហាផ្ទាល់ខ្លួន បានដល់ស្រុកពួក ខេត្ដសៀមរាប និងរង់ចាំការរៀបចំដំណើរថ្ងៃចុងក្រោយ ដោយមានការចូលរួមអបអរពីខាងមន្ទីរពេទ្យកុមារអង្គរ ដែលជាអ្នកទទួលមូលនិធិ។
លោក ប៊ុនសុខហេង បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «រាល់ជំហានដែលខ្ញុំដើរ រាល់គីឡូម៉ែត្រដែលខ្ញុំដើរ គឺសម្រាប់កូនដើរចេញពីមន្ទីរពេទ្យ មានសុខភាពល្អ និងសប្បាយរីករាយ។ ខ្ញុំជឿថា រាល់ការបរិច្ចាគរបស់លោកអ្នក គឺពិតជាជួយដល់ការព្យាបាល នឹងអាចជួយឱ្យកុមារជាសះស្បើយ និងអាចក្រោកដើរចេញពីគ្រែពេទ្យ ទៅលេង ដើរទៅរៀនសូត្រវិញដូចកុមារដទៃទៀតដែរ»។
ការយាត្រាថ្មើរជើងជាមួយរទេះ និងកង់ផ្ទុកសម្ភារប្រើប្រាស់ចាំបាច់ ដែលតុបតែងទង់ជាតិកម្ពុជា ការប្តេជ្ញាចិត្តរបស់លោក ប៊ុនសុខហេង បង្ហាញឱ្យឃើញនៅពេលលោកដើរច្រើនម៉ោងជារៀងរាល់ថ្ងៃ ជាមួយសកម្មភាពមនុស្សធម៌ ជួយដល់មន្ទីរពេទ្យដែលត្រូវការជំនួយ។
ការតាំងចិត្តរបស់លោកចេញពីបទពិសោធន៍ផ្ទាល់ខ្លួនដែលស្ទើរតែបាត់បង់ប្អូនស្រីបង្កើត។ លោក និងក្រុមគ្រួសារមានការដឹងគុណចំពោះមន្ទីរពេទ្យកុមារអង្គរដែលបានជួយសង្គ្រោះប្អូនស្រីរបស់លោក ពីជំងឺធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ ឱ្យរស់រានមានជីវិត និងមានសុខភាពល្អឡើងវិញ។
លោក ប៊ុនសុខហេង ដែលជើងរបស់លោករងរបួសរលាក ដាច់រលាត់ ហើម លើដំណើរដ៏វែងឆ្ងាយនេះ មិនភ្លេចពីស្នាមញញឹម និងទឹកចិត្ដរបស់ប្រជាជនខ្មែរទាំងការផ្ដល់មូលនិធិ និងការជួយយកអាសារូបលោក និងក្រុមការងារ ទោះពីជាប្រជាពលរដ្ឋមិនស្គាល់ពួកគេយ៉ាងណាក៏ដោយ។
បទពិសោធរយៈពេល ១៤ថ្ងៃនេះ លោក ប៊ុនសុខហេង បានរំឭកថា កង់ និងរទេះដឹកជញ្ជូនរងការខូចខាត រួមទាំងមនុស្សជួបបញ្ហាសុខភាព និងរបួងពីការដើរថ្មើរជើង។
លោកបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ខ្ញុំសូមអរគុណដល់មហាគ្រួសារខ្មែរ ដែលផ្ដល់ការបរិច្ចាគទាំងនៅលើអនឡាញតាមរយៈ QR Code របស់មន្ទីរពេទ្យកុមារអង្គរ និងថវិកាផ្ទាល់ក្នុងកូនជ្រូកដែលយើងបានដាក់តាមផ្លូវ»។
លោកបានបន្ដថា៖ «ពួកគាត់អនុញ្ញាតឱ្យយើងស្នាក់នៅផ្ទះគាត់ ហូបចុកជាមួយគាត់ដោយឥតគិតថ្លៃ រួមទាំងការផ្ដល់ទឹក ស្បៀង ជាពិសេសកង្វល់ខ្វល់ខ្វាយពីពួកយើង បារម្ភពីពួកយើង និងលើកទឹកចិត្ដពួកយើងបន្ដដំណើរទៅមុខទៀត»។
ប្រជាពលរដ្ឋ ដែលលោក ប៊ុនសុខហេង បានជួប ក៏បានជួយបរិច្ចាគទៅកាន់មន្ទីរពេទ្យផ្ទាល់តាមរយៈ QR Code ក៏ដូចជាដាក់ថវិកាក្នុងកូនជ្រូករបស់ក្រុមការងារផងដែរ។
ចំពោះដំណើរបញ្ចប់នៅថ្ងៃទី១១ ខែមករាស្អែកនេះ ក្នុងឱកាសដែលក្រុមថ្មើរជើងសម្បុរសធម៌នឹងបញ្ចប់ដំណើរទៅកាន់មន្ទីរពេទ្យកុមារអង្គរ លោក ប៊ុនសុខហេង បានស្នើឱ្យប្រជាពលរដ្ឋ និងអ្នកគាំទ្រដល់សកម្មភាពសម្បុរសធម៌ចូលរួមដើរជាមួយលោក។
ពួកគេនឹងជួបជុំគ្នានៅម៉ោង ៥:៣០ទាបភ្លឺ និងចេញដំណើរម៉ោង ៦ព្រឹកពីផ្សារភូមិភាគ (ផ្លូវបាឡុង) ឆ្លងកាត់មុខអង្គរវត្ដ ដោយមានការថតរូបអនុស្សារិយ និងដើរកាត់ផ្សារឌឺហ្គោ រួចឆ្ពោះទៅកាន់មន្ទីរពេទ្យកុមារអង្គរ។
លោក ប៊ុនសុខហេង បានលើកឡើងពីមហិច្ឆតាបង្កើតយុទ្ធនាការទ្រង់ទ្រាយធំ និងរយៈពេលវែលដើម្បីកៀរគរថវិកាជួយដល់មន្ទីរពេទ្យដែលត្រូវការជំនួយទាំងអស់។
លោកបានឱ្យដឹងថា ប្រសិនបើមានការគាំទ្រពីរាជរដ្ឋាភិបាល ក្រសួងណាមួយដែលគាំទ្រលើសកម្មភាព ក្រុមរបស់លោកនឹងធ្វើយុទ្ធនាការទ្រង់ទ្រាយធំបំផុតរហូតដល់រយៈពេល ៦០០ថ្ងៃ ឬពីរឆ្នាំទូទាំងប្រទេសកម្ពុជា។
លោកបានអះអាងថា៖ «ការដើរនេះជាសកម្មភាពលើកទីមួយ ហើយបើមានការគាំទ្រ យើងនឹងធ្វើបន្ដដោយបង្កើតយុទ្ធនាការដើរជុំវិញប្រទេសកម្ពុជាតាមរយៈការជួយជ្រោមជ្រែងស្ថាប័ន ក្រុមហ៊ុន និងមានការគាំទ្រពីរាជរដ្ឋាភិបាល ដើម្បីកៀរគរមូលនិធិដល់មន្ទីរពេទ្យដែលត្រូវការជំនួយ»៕