ធ្លាប់ជា​អ្នក​ចូលចិត្ត​ដើរ​រក​កណ្ដុរ​ប្រែង​​​ចាប់​យក​សាច់មក​ចម្អិន​​ទទួលទាន​ពីកុមារភាព​លោក មុយ ចំរើន​ សព្វ​ថ្ងៃ​បាន​ក្លាយជា​អ្នកចិញ្ចឹម​កណ្ដុរ​ប្រែងលក់ចែកចាយយ៉ាង​កាក់កប តាមរយៈកសិដ្ឋាន​ សុវណ្ណ រចនា។

សត្វ​កណ្តុរប្រែងជាសត្វ​​រស់នៅ​តាមបែប​ធម្មជាតិ ដែល​ប្រជាជនមួយ​ចំនួន​​នៅ​ស្រុកស្រែចម្ការ​មាន​ទម្លាប់​​​បរិភោគ។ អ្នក​ដើរ​រក​កណ្ដុរ​ប្រែង​ត្រូវ​ដើររក​ចាប់​និង​ជីក​រន្ធ​របស់វា​​នៅតាម​វាលស្រែ​ឬ​ព្រៃរបោះ។ កណ្ដុរ​ប្រែង​​មាន​មាឌធំៗ​រោម​វែង​ក្រាស់​ ហើយ​សាច់​វាត្រូវ​បាន​អ្នកនិយមទទួលទាន​សរសើរ​ថា​មាន​រសជាតិ​ឆ្ងាញ់​។

ប្រភេទ​កណ្តុរប្រែង​​​មិនសូវ​សម្បូរ​ដូច​កណ្តុរ​ស្រែ​នោះ​ទេ​ ប៉ុន្តែ​​​បច្ចុប្បន្ន​ដោយ​សារ​សត្វ​នេះ​អំណោយផល​ក្នុងការ​ចិញ្ចឹម ​​កសិដ្ឋាន​កណ្ដុរប្រែង​អាច​ផលិតបាន​ទិន្នផល​ខ្ពស់​ឆ្លើយ​តប​នឹង​តម្រូវការ​ទីផ្សារ​អ្នក​បរិភោគ​សាច់​សត្វ​មួយ​​នេះ។​

លោក ចំរើន​ ដែល​ជា​អ្នករស់នៅ​ ភូមិ​សួន​ស្លា ឃុំ​​ក្ដុល​តា​ហែ​ន ស្រុក​ប​វេ​ល ខេត្តបាត់ដំបង បាន​ចិញ្ចឹម​កណ្ដុរប្រែង​នេះ​ជាច្រើន​ឆ្នាំ​មកហើយ ដោយ​ចាប់ផ្ដើមពីចំណូលចិត្ត​ផ្ទាល់ខ្លួន គួបផ្សំ​នឹង​ការ​ស្រាវជ្រាវ​ដកស្រង់​ពិសោធន៍ជាច្រើនឆ្នាំ​​​ពីប្រទេស​ជិតខាង។

លោក​បាន​​​ប្រាប់​​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​មូលហេតុ​ដែល​ខ្ញុំ​ចិញ្ចឹម​កណ្ដុរប្រែង​នេះ ព្រោះ​កាលពី​នៅ​ក្មេង​ ខ្ញុំ​ចូលចិត្ត​ដើររក​កណ្ដុរប្រែង យកមក​ហូប​សាច់​របស់​វា។​ ណាមួយ​ខ្ញុំ​ក៏​ចូលចិត្ត​ផ្នែក កសិកម្ម​ទៀត​នោះ ពេល​ឃើញ​គេ​ចិញ្ចឹម ក៏មាន​ចំណាប់អារម្មណ៍​ចង់​ចិញ្ចឹម​តែ​ម្ដង​»​។​

កំឡុង​​ពេល​ធ្វើការចំណាកស្រុកពីឆ្នាំ ២០០៥ ដល់ ២០២១ លោក​បានចាប់អារម្មណ៍​ឃើញ​​កសិដ្ឋាន​កណ្ដុរ​​ប្រែងនៅប្រទេស​ថៃ​ និង​បាន​​​ឆ្លៀតពេលពីការងារ​​សាកល្បង​ចិញ្ចឹម​សត្វ​នេះតាមរយៈ​ការ​​រៀនសូត្រ​សង្កេតមើល​​​​ប្រជាជននៅទីនោះ​​ផ្ទាល់។

លោក​ ចំរើន បាន​រំឭកប្រាប់​ថា៖ ​«ពេលដែល​ខ្ញុំ​ធ្វើជា​ជាងសំណង់​នៅក្នុង​ប្រទេស​ថៃ ខ្ញុំ​ឃើញ​ប្រជាជន​ថៃ ចិញ្ចឹមកណ្ដុរប្រែង​នេះ ពេលនោះ​ខ្ញុំ​មាន​ចំណាប់អារម្មណ៍​ជា​ខ្លាំ​ង​ក៏​ចាប់ផ្ដើម​សាកល្បង ចិញ្ចឹម​នៅ​ប្រទេស​ថៃ ដោយ​ធ្វើ​សំណង់​បណ្ដើរ និង​ចិញ្ចឹម​កណ្ដុរ​បណ្ដើ​រ​»​។​

កសិដ្ឋានរបស់លោកមានកណ្ដុរប្រមាណជា៥០០ទៅ៧០០ក្បាល។ រូបថត សហការី

លោក​បាន​ត្រឡប់​ពី​ប្រទេស​ថៃ​​មក​ស្រុកកំណើត​វិញ ដោយ​នាំ​មកនូវ​​ជាមួយ​​​បទពិសោធន៍​​ដើម្បី​​​បន្ត​ចិញ្ចឹម​កណ្ដុរប្រែង​នៅប្រទេស​កំណើត។

លោក​ ចំរើន បាន​ឱ្យថា៖ «សម្រាប់​ប្រភេទ​ពូជ​កណ្ដុរ​វិញ យើង​ត្រូវយក​ពូជ​មកពី​​ប្រទេស​ថៃ ព្រោះ​ប្រទេស​យើង​មិនទាន់មាន​អ្នក​ចិញ្ចឹម​នៅឡើយ»​។​

​​លោក​បាន​​​រៀបចំ​ធ្វើជា​អាង ឬ​ខ្នោះ​អណ្តូង និង​រៀបចំ​ប្រព័ន្ធ​ទឹក ព្រមទាំង​មាន​រៀបចំ​គម្រប​បិទ ​និង​ចាក់សាប​ឲ្យ​បាន​ស្អាត​ដើម្បី​ឲ្យ​សត្វ​ចិញ្ចឹម​​មាន​សុខភាព​ល្អ​។​ នៅក្នុង​កសិដ្ឋាន​របស់​លោក ​សព្វ​ថ្ងៃ​មាន​កណ្ដុរ​ប្រមាណ​ជា​៥០​០​ទៅ​៧០០​ក្បាល​និង​មាន​អាង​ចិញ្ចឹម​ប្រហែលជា​១៥០​អាង​។​

កសិដ្ឋានរបស់លោក ចំរើន មានចិញ្ចឹមប្រហែលជា១៥០អាង។រូបថត សហការី

យោង​តាម​ម្ចាស់កសិដ្ឋានដែល​មានបទពិសោធន៍​ច្រើនឆ្នាំ​រូបនេះ ​សត្វ​កណ្ដុរប្រែងជាសត្វ​ធន់​នឹង​ជំងឺ និង​​​ ងាយស្រួល​​ចិញ្ចឹម​ដោយ​​គ្រាន់តែ​ដាក់​ចំណី​ឲ្យ​បាន​គ្រប់គ្រាន់​​ជា​ការ​ស្រេច។

លោក​ ចំរើន អះអាងថា ​មុខ​របរ​ចិញ្ចឹម​សត្វ​នេះ​​​មិន​ប៉ះពាល់​ដល់​ការងារ​ប្រកប​របរ​ប្រចាំថ្ងៃ​ផ្សេងទៀត​នោះទេ ព្រោះ​​លោក​មិន​ចាំបាច់​មើលថែទាំសត្វ​គ្រប់​ពេលវេលា​​​នោះ​ទេ។

​ម្ចាស់កសិដ្ឋាន​រូបនេះ​បាន​ឱ្យដឹង​ថា៖ «ចំពោះ​ការចិញ្ចឹម​កណ្ដុរប្រែង​នេះ​មិនមាន​ការលំបាក​អ្វី​ឡើយ គ្រាន់​តែ​ឲ្យ​ចំណី​ទៀងទាត់​ប៉ុណ្ណោះ​ ដោយ​យើង​ផ្ដល់​ឲ្យ​វា​ស៊ី​ចំណី​តែម្តង​នោះទេ​​គឺ​នៅពេល​ល្ងាច​ ដោយ ចំណី​របស់​ពួក​វា​​មានតែ ស្រូវ ដំឡូង ពោត សណ្ដែក ចំណី​ជ្រូក និង​ស្មៅ ហើយ​នៅពេល​ព្រឹក​យើង​អាច​ឲ្យ​ជា​ប្រភេទ​ស្មៅ​ខ្ចីៗ​ឲ្យ​វា​ស៊ី​»។

មេកណ្ដុរប្រែង១ក្បាលអាចមានកូនបានចំនួន ៥ទៅ៦ក្បាល។ រូបថត សហការី

ការ​​ប្រមូល​ផល​កណ្ដុរ​ប្រែង​អាច​ធ្វើបាន​​ចាប់ពី​អាយុ ចន្លោះ​២​ខែ​កន្លះ ទៅ​៣​ខែ នៅ​ពេលដែល​វា​មាន​ ទម្ងន់​ចន្លោះ​ពី ៤ ខាំ ទៅ ១​គីឡូក្រាម អាស្រ័យ​លើ​ការ​មើលថែ​និង​ការដាក់​ចំណី​។ ​

ចំពោះ​សាច់​កណ្ដុរប្រែង លោក ចំរើន ​​អាច​លក់បាន​មួយ​គីឡូក្រាម​តម្លៃពី​ ១០​ដុល្លារ ទៅ ២០​ដុល្លារ។ ក្នុង​មួយខែៗ លោក​​​អាច​លក់​កណ្ដុរ​បាន​ចន្លោះ​ពី​៥០​​ទៅ​១០០​ក្បាល​។​

ជាមួយ​​បទពិសោធន៍​ខ្ពស់ ជោគជ័យនៃ​កសិដ្ឋានរបស់លោក​បានទាក់ទាញ​ការ​​ចាប់អារម្មណ៍ពី​​ចិញ្ចឹម​កណ្ដុរប្រែង​នេះជា​បន្តបន្ទាប់​ តាម​រយៈ​ការ​ទិញ​ពូជពីលោក​យកទៅ​ចិញ្ចឹម​បន្ត។លោក​អាច​លក់​កូនកណ្ដុ​រ​​មួយគូ​ក្នុងតម្លៃ​២៥​ដុល្លារ​ និងការ​ទិញ​ជា​​ឈុត​មាន​មេ​ពីរ​ និង​ឈ្មោល​មួយ ក្នុង​​តម្លៃ​៣៥​ដុល្លារ​។ 

លោក ចំរើន ក៏មានលក់កណ្ដុរប្រែងអាំង ដែលអាចផ្ញើទៅតាមបណ្ដាខេត្តក្រុងផងដែរ។ រូបថត សហការី

លោក​​បាន​ឲ្យ​ដឹង​ទៀតថា៖ «រាល់​មេ​កណ្ដុរប្រែង​១​ក្បាល​អាចមាន​​កូន​បាន​ចំនួន ៥​ទៅ​៦​ក្បាល»​។​

ក្រៅពីការ​លក់ចែកចាយ​​កូនកណ្ដុរ​​លោក ចំរើន ​ក៏​​រីករាយ​ក្នុងការ​ចែករំលែក​បទ​ពិសោធន៍​នៅក្នុង​ការចិញ្ចឹម​កណ្ដុរ​ប្រែង​នេះ​ទៅកាន់​ប្រជាកសិករ​ទាំងឡាយ​ដែលមាន​បំណង​ចង់​ប្រកប​របរ​ដូចគ្នា។ ទន្ទឹម​នឹង​នោះ លោក​ក៏​ជួយ​​ស្វែងរក​ទីផ្សារ​ជូនកសិករ​ និង​ទទួល​​​ទិញ​កណ្ដុរប្រែង​​វិញ​ផងដែរ សម្រាប់​អ្នក​ដែល​បាន​ទិញ​កណ្ដុរ​ពី​លោក​យកទៅ​ចិញ្ចឹម។

បន្ថែមពីការ​លក់​ពូជ និង​សាច់កណ្ដុរ​ស្រស់​ លោក​ ចំរើន​ ក៏​មាន​លក់​កណ្ដុរ​ប្រែង​អាំង ដែល​អាច​ផ្ញើ​ទៅ​តាមបណ្ដា​ខេត្ត​ក្រុង​ផង​ដែរ។

ម្ចាស់​កកសិដ្ឋាន​ចិញ្ចឹម​កណ្ដុរ សុវណ្ណ រចនា ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​បាត់ដំបង​រូប​នេះ​បាននិយាយថា៖ «​សម្រាប់​គម្រោង​ទៅ​ថ្ងៃ​អនាគត ខ្ញុំ​នឹង​ពង្រីក​បន្ថែម​ជាក្យូស​សម្រាប់​ភ្ញៀវដែល​អញ្ជើញ​មក​ទទួលទាន​នៅ​កសិដ្ឋាន​ចិញ្ចឹម​ហើយ​​សិក្សាឬ​ក៏​មក​មើល​ផ្ទាល់»៕