ភ្នំពេញ៖ រាជធានីភ្នំពេញនឹងបង្កើតព្រឹត្ដិការណ៍មានភាពរស់រវើកជាមួយនឹងការប្រគំតន្ដ្រីរបស់តារា K-Pop ខណៈដែលក្រុម Super Junior ដ៏ល្បីទូទាំងពិភពលោកក៏នឹងចូលរួមការប្រគំតន្ត្រីសប្បុរសធម៌ចែករំលែកសង្គ្រោះជីវិតសកល។
ព្រឹត្តិការណ៍ដ៏ល្បីនេះត្រូវបានរៀបចំឡើងតាមរយៈកិច្ចសហការរវាងក្រសួងទេសចរណ៍របស់កម្ពុជា ណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្គ្រោះជីវិតសកល។ការប្រកាសនេះធ្វើឡើងនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំនៅក្រសួងទេសចរណ៍។
លោកម៉ម ប៊ុននាង ប្រធានគណៈកម្មការ និងលោក Kim Yong Hwan នាយកអង្គការមូលនិធិ បានជួបជាមួយលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍អំពីសំណើអន្ដរាគមន៍ដល់ការប្រគំតន្ត្រីនៅភ្នំពេញ។
យោងតាមក្រសួងបានឱ្យដឹងថា៖ «ការប្រគំតន្ត្រីសប្បុរសធម៌ចែករំលែកសង្គ្រោះជីវិតសកល ដែលគ្រោងនឹងប្រព្រឹត្តទៅនៅចន្លោះខែឧសភា-ខែតុលា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ដោយនឹងបន្តផ្សព្វផ្សាយទៅដល់ ៥ប្រទេសរួមមាន ប្រទេសកម្ពុជា កូរ៉េ ជប៉ុន ហ្វីលីពីន និងចិន»។
គោលបំណងចម្បងនៃការប្រគំតន្ត្រីនេះគឺដើម្បីរៃអង្គាសថវិកាសម្រាប់មន្ទីរពេទ្យ និងស្ថាប័នអប់រំក្នុងប្រទេសកម្ពុជា ធ្វើឱ្យវាក្លាយជាព្រឹត្តិការណ៍ដ៏មានអត្ថន័យដែលរួមបញ្ចូលគ្នានូវការកម្សាន្តជាមួយនឹងបុព្វហេតុដ៏សំខាន់មួយ។
លោកស្រី ហ៊ុន ដានី អ្នកនាំពាក្យក្រសួងទេសចរណ៍ បានឱ្យដឹងថា៖ «គម្រោងកម្មវិធីនេះ គឺជាព្រឹត្តិការណ៍ដ៏ពិសេសមួយដែលក្រសួងទេសចរណ៍ មានការគាំទ្រយ៉ាងពេញទំហឹង និងសហការសម្របសម្រួលគ្រប់បែបយ៉ាងដើម្បីឱ្យគម្រោងនេះលេចចេញជារូបរាងឡើងនៅក្នុងប្រទេសកម្ពុជារបស់យើង»។
លោកស្រីបានថ្លែងថា ដោយសារតែគោលដៅគឺមិនត្រឹមតែដើម្បីសប្បុរសធម៌ក្នុងវិស័យសុខាភិបាល និងអប់រំប៉ុណ្ណោះទេ តែវាព្រឹត្តិការណ៍ដែលអាចទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត ទាំងជាតិ និងអន្តរជាតិឱ្យមកកម្ពុជានៅក្នុងរដូវកាល Green Season ផងដែរ ដែលនេះគឺជាការរំពឹងទុករបស់លោករដ្ឋមន្ត្រី។
លោកស្រី ដានី បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ចំពោះការរៀបចំនឹងប្រព្រឹត្តប្រគំតន្ដ្រីនៅពេលវេលាណាឱ្យច្បាស់លាស់នោះ ក្រសួងទេសចរណ៍ និងភាគីកូរ៉េ កំពុងចាត់តាំងក្រុមការងារដើម្បីធ្វើការ និងសិក្សាឱ្យស៊ីជម្រៅបន្ថែមទៀត»។
ក្រុម Super Junior ដែលត្រូវបានគេស្គាល់ជា "Kings of Hallyu" បានទាក់ទាញទស្សនិកជនទូទាំងពិភពលោកជាមួយបទចម្រៀងរបស់ពួកគេ ដូចជា Sorry, Sorry និង Mr. Simple។
ការចូលរួមរបស់ពួកគេនៅក្នុងការប្រគំតន្ត្រីសប្បុរសធម៌នេះ បន្ថែមការទាក់ទាញរបស់តារា ដោយធានាដល់ការអូសទាញអ្នកគាំទ្រ K-Pop នៅទូទាំងអាស៊ី។
ក្នុងបុព្វហេតុទេសចរណ៍ លោកស្រី ដានី បានឱ្យដឹងថា ក្រសួងទេសចរណ៍តែងតែរីករាយសហការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រាប់ទាំងវិស័យឯកជន ដើម្បីរៀបចំក៏ដូចជាបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ សំដៅទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិឱ្យមកកម្ពុជាកាន់តែច្រើនឡើង ស្របតាមចក្ខុវិស័យនិងផែនការយុទ្ធសាស្ត្រដែលបានដាក់ចេញ៕