ជាទីតាំងធ្លាប់ទទួលឥស្សរយសល្បីៗ និងបង្កប់ទៅដោយរឿងរ៉ាវប្រវត្តិសាស្ត្រដ៏គួរឱ្យចងចាំជាង ៩០ឆ្នាំ សណ្ឋាគារ Raffles Hotel Le Royal ថ្មីៗនេះបានក្លាយជាទីតាំងបង្ហាញបណ្ដុំស្នាដៃសិល្បករខ្មែរដ៏ល្បីឈ្មោះ នូ សារី។
ការតាំងពិព័រណ៍ស្នាដៃគំនូរនេះត្រូវបានរៀបចំឡើងស្របតាមការផ្សព្វផ្សាយមុខម្ហូបខ្មែរនៅសណ្ឋាគារ Raffles Hotel Le Royal រយៈពេល ៣ខែចាប់ពីខែមករានេះ។
មេចុងភៅ Martin Becquart បានឱ្យដឹងថា៖ «ភោជនីយដ្ឋាន ឡឺ រ៉ូយ៉ាល់ ផ្តល់ជូននូវបទពិសោធន៍ទទួលទានអាហារដ៏វិសេសវិសាលជាមួយនឹងរូបមន្តម្ហូបខ្មែរពីព្រះបរមរាជវាំង»។
អ្នកចូលចិត្តសិល្បៈ និងអាហារ បានចូលរួមទស្សនាស្នាដៃលោក នូ សារី នៅសណ្ឋាគារដែលតែងតែប្រារព្ធបេតិកភណ្ឌវប្បធម៌ ក្នុងអគារស្ថាបត្យកម្មសម័យអាណានិគមបុរាណដ៏ប្រណីត។
ក្នុងចំណោមកម្រងស្នាដៃរបស់លោក នូ សារី គំនូរដ៏ទាក់ទាញនៃទូកឈើឯកោអណ្តែតលើទឹករលកពណ៌ខៀវភ្លឺចិញ្ចាច តុបតែងដោយភាពលម្អិតរស់រវើក ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងយ៉ាងជ្រាលជ្រៅរបស់វិចិត្រករទៅនឹងធម្មជាតិ។
លោក សារី បានឱ្យដឹងថា៖ «ក្នុងពិព័រណ៍នេះ ខ្ញុំមានស្នាដៃចំនួន ១០ផ្ទាំង នៅបរិវេណកន្លែងទទួលភ្ញៀវចំនួន ៦ផ្ទាំង និងនៅក្នុងភោជនីយដ្ឋាន Restaurant Le Royal ចំនួន ៤ផ្ទាំង»។
ដោយប្រកាន់ខ្ជាប់នូវអត្តសញ្ញាណធម្មជាតិ និងវប្បធម៌របស់កម្ពុជា ផ្ទាំងគំនូររបស់លោក សារី ទាក់ទាញអ្នកទស្សនាឱ្យមានការឆ្លុះបញ្ចាំងឱ្យកាន់តែស៊ីជម្រៅ ដោយទាក់ទាញចំណាប់អារម្មណ៍ទៅលើអត្ថន័យជានិមិត្តរូបនៃប្រធានបទរបស់គាត់។
លោក សារី បានមានប្រសាសន៍ថា៖ «Together ផ្ដោតលើមនុស្ស និងធម្មជាតិ ដែលបង្ហាញពីអនុស្សាវរីយ៍តាំងពីកុមារភាពនៅវាលស្រែ គោក្របី ដើមឈើ លោកសង្ឃ ទូក និងទឹកជាដើម»។
លោកបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «គំនូរទាំងនេះផ្ដោតលើការពញ្ញាក់អារម្មណ៍ (impressionism) ដែលស្ដែងចេញជាសាច់រឿងផ្សេងៗអំពីធម្មជាតិ»។
កើតនៅខេត្តកណ្តាល ក្នុងឆ្នាំ ១៩៧១ លោក នូ សារី បានហែលឆ្លងជីវិតកុមារភាពដ៏លំបាក ដោយបន្តក្ដីសុបិនជាអ្នកសិល្បៈនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈក្នុងរាជធានីភ្នំពេញពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ ២០០០។
លោកបានបន្តការសិក្សាឯប្រទេសបារាំងនៅសាលា Saint-ةtienne School of Art and Design ដោយទទួលបានសញ្ញាប័ត្រក្រោយឧត្តមសិក្សាថ្នាក់ជាតិផ្នែកសិល្បៈប្លាស្ទិកក្នុងឆ្នាំ ២០០៦។
លោក សារី ជាវិចិត្រករពហុជំនាញដែលមានការងាររួមទាំងគំនូរ ចម្លាក់ ការឆ្លាក់ គំនូរ និងការថតរូប។ លោកបានឈ្នះមេដាយពីរដ្ឋាភិបាលបារាំង តាមរយៈសមាគមវិចិត្រករបារាំង ទាក់ទងរវាងមនុស្ស និងធម្មជាតិ ដែលលោកមានទាំងរូបថត គំនូរ រំលេចស្លឹកឈើ ស្មៅ ជាមួយផ្ទៃខាងក្រោយពណ៌ខ្មៅ។
សិល្បៈរបស់លោកតែងឆ្លុះបញ្ចាំងពីជីវិតប្រពៃណីរបស់ប្រទេសកម្ពុជា ដោយបង្ហាញពីទិដ្ឋភាពវាលស្រែ កសិករ និងព្រះសង្ឃ។
លោកបានពន្យល់ថា គំនូរទាក់អារម្មណ៍នេះ ជាការទាក់ទាញចំណាប់អារម្មណ៍អ្នកទស្សនា ឱ្យបន្ដគយគន់អំពីអត្ថន័យ រូបភាព ដោយលោកបានលើកឡើងអំពីគំនូរព្រះសង្ឃពីរអង្គ ដែលមិនអាចមើលយល់ដោយគ្រាន់តែក្រឡេកមួយភ្លែតនោះទេ។
លោកបានកត់សម្គាល់ថា៖ «មិនមានវិចិត្រករច្រើនទេ ដែលអាចរកគូល័រ ស្ទីលរបស់ខ្លួនឯង ដោយទម្រាំងតែក្លាយជាវិចិត្រករល្បីៗ ពួកគេចេះត្រួសត្រាយផ្លូវដើម្បីស្វែងរកផ្លូវចេញដោយខ្លួនឯង»។
ចំពោះគំនូរទិដ្ឋភាពជាក់ស្ដែង និងគំនូរបែបបង្កប់ន័យ បង្កប់រូបភាព លោក សារី បានឱ្យដឹងថា បាតគ្រឹះរបស់វាចេញពីរូបដូច ឬរូបជាក់ស្ដែង រួមទាំងពន្លឺ ភាពងងឹត ស្ដែងៗ ទាំងវត្ថុ មនុស្ស និងសត្វ។ ប៉ុន្ដែនៅពេលសិក្សាជាមួយវិចិត្រករនៅតំបន់អឺរ៉ុប ការគូរបែបបង្កប់អត្ថន័យមានភាពលំបាក។
សម្រាប់មនុស្សជាច្រើន ការតាំងពិព័រណ៍នេះលើសពីការតាំងបង្ហាញស្នាដៃសិល្បៈទស្សនីយភាព។ វាគឺជាការប្រារព្ធពិធីនៃរឿងរ៉ាវ និងទេសភាពដ៏សម្បូរបែប ដែលធ្វើឱ្យប្រទេសកម្ពុជាមានភាពប្លែកពីគេ។
មុខម្ហូបខ្មែរនៅភោជនីយដ្ឋាន ឡឺ រ៉ូយ៉ាល់ ឆ្លុះបញ្ចាំងពីភាពស៊ីសង្វាក់គ្នា និងឆ្លុះបញ្ចាំងពីការលាយបញ្ចូលគ្នានៃបេតិកភណ្ឌធ្វើម្ហូបខ្មែរ ជាមួយនឹងរសជាតិបែបសហសម័យ។
អាហារសម្រន់រួមមាន សាឡាត់បង្កងកាណាដា ដែលមីសួ ទឹកជ្រលក់ម្ទេសហឹរ និងត្រីសាម៉ុង។ នៅមានសម្លម្ជូរសាច់គោ ជាមួយសាច់គោបំពង ត្រីបំពងឆាជូរឯម សាច់ជ្រូកបីជាន់ខទំពាំងឬស្សី និងបង្អែមការ៉េមនំសាម៉ាវ៕