ភ្នំពេញៈ ជា​និស្សិត​ឆ្នាំ​ទី​៣ សិក្សា​មុខវិជ្ជា​អក្សរសាស្ត្រ​ខ្មែរ កញ្ញា ឆែម ស្រី​គា បាន​បង្កើត​នូវ​ស្នាដៃ​ «ទេសចរណ៍​អំ​ណាន» ដែលជា​សកម្មភាព​មួយ​ក្នុងការ​នាំយក​សៀវភៅ​សិក្សា សៀវភៅ​សម្រាប់​កុមារ និង​សៀវភៅ​លើកទឹកចិត្ត ទៅ​តាំង​បង្ហាញ​នៅតាម​បណ្តា​ខេត្ត​នានា ដើម្បី​លើកកម្ពស់​ការអាន ដោយ​សាធារណ​ជន​អាច​អាន​សៀវភៅ​បាន​ដោយ​សេរី​។  

​ចាប់ផ្តើម​សកម្មភាព​ទេសចរណ៍​អំ​ណាន​​នៅក្នុង​អំឡុង​ខែកក្កដា ឆ្នាំ​២០២៤​នេះ កញ្ញា ឆែម ស្រី​គា បានឱ្យដឹងថា ទេសចរណ៍​អំ​ណាន គឺ​ផ្តោតទៅលើ​ការដាក់​តាំង​សៀវភៅ​ឱ្យ​សាធារណជន​អាន ដោយ​ឥតគិតថ្លៃ នៅតាម​ទីប្រជុំជន និង​ក្រុង​តាម​បណ្តា​ខេត្ត​នានា។ សកម្មភាព​នេះត្រូវបាន​​​ធ្វើឡើង​តាមរយៈ​ម៉ូតូ ដោយ​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន និង​មិន​រកប្រាក់​ចំណេញ​អ្វី​ឡើយ​។ 

កញ្ញា ឆែម ស្រី​គា ដែល​ជាអ្នក​ផ្ដួចផ្ដើម​ចលនា​ទេសចរណ៍អំណាន​​ បាន​បញ្ជាក់ប្រាប់​សារព័ត៌មាន​ភ្នំពេញប៉ុស្ដិ៍​ថា​៖ «​ការធ្វើ​ទេសចរណ៍​អំ​ណាន​គឺ​ខ្ញុំ​ធ្វើ​នៅក្នុង​ក្រុង ព្រោះ​ខ្ញុំ​មើលឃើញថា​នៅ​ទីសាធារណៈ យុវជន​ម្នាក់ៗ​ឈ្ងោក​ចុច​តែ​ទូរ​ស័ព្ទ និង​អ្នកមាន​ដៃគូ​មួយចំនួន ប្រព្រឹត្ត​នៅ​ប្រការ​អសីលធម៌​ជាដើម។ ​អ៊ីចឹង​នៅពេល​យើង​មាន​តាំង​សៀវភៅ​តាម​ទីសាធារណៈ វា​ល្អ​ម្យ៉ាង ព្រោះ​មាន​ក្មេងៗ យុវជន យុវនារី អាណាព្យាបាល​ជាច្រើន នាំ​កូន​កាន់​សៀវភៅអាន ដែល​ខ្ញុំ​គិត​ថា​វា​ពិតជា​ល្អ​មែនទែន​»​។ 

ខេត្តពោធិ៍សាត់ គឺ​ជា​គោលដៅ​ដំបូង​ក្នុងការ​ចាប់ផ្តើម​សកម្មភាព​ទេសចរណ៍​អំ​ណាន ការតាំង​សៀវភៅ​ជា​សាធារណៈ​របស់​និស្សិត​អក្សរសាស្ត្រ​ខ្មែរ​ខាងលើនេះ ដោយ​មាន​អ្នកចូលរួម អាន​សៀវភៅ​ជាច្រើន ហើយ​កញ្ញា​ក៏​បន្តទៅ​ខេត្ត​គោលដៅ​ទី​២​។ 

កញ្ញា ​ស្រី​គា រៀបរាប់​ដូច្នេះ​ថា​៖ «​ខ្ញុំ​បាន​ឆ្លៀតពេល​មួយ​ល្ងាច ចាប់ផ្ដើម​ទេសចរណ៍​អំ​ណាន​ជា​លើក ដំបូង​នៅ​សួនច្បារ​កោះ​សំពៅ​មាស​ក្នុង​ក្រុង​ពោធិ៍សាត់។ មាន​មនុស្ស​ចាប់អារម្មណ៍​ច្រើន អ្នក​ចូល​អាន ជាង​១០០​នាក់ ខ្ញុំ​សប្បាយចិត្ត​ពេល​ឃើញបែបនេះ ហើយ​មាន​អ្នក​សុំ​ទិញ​សៀវភៅ​ដែរ តែ​ខ្ញុំ​អត់​លក់​ទេ គឺ​ជូន​គាត់​ជា​អនុស្សាវរីយ៍ ហើយ​បន្ទាប់មក ខ្ញុំ​បាន​ខេត្ត​ទី​២ គឺ​កែប ដែលមាន​អ្នកអាន​សៀវភៅ ជាង​៣០​នាក់​»​។​

​«ទេសចរណ៍​អំ​ណាន»​ ​នាពេលបច្ចុប្បន្ន​​បានធ្វើដំណើរ​​ប្រមាណ​១២​ខេត្ត និង​កំពុង​រៀបចំ​ទៅកាន់​ខេត្ត​បែកខាង ឦសានបន្ត​នាពេលខាងមុខ។

សកម្មភាពសិស្ស និស្សិត និងសាធារណៈជនចូលរួមអានសៀវភៅក្នុងយុទ្ធនាការសួនអំណាន មុខវត្តបុទ។ រូបភាព ឆែមស្រីគា

និស្សិត​អក្សរសាស្ត្រ​​ខ្មែរ​ឆ្នាំ​ទី​៣​រូបនេះ​បានឱ្យដឹង​ទៀតថា ការរៀបចំ​ទេសចរណ៍​អំ​ណាន ពុំមាន​ការលំបាក អ្វី​ឡើយ​អំឡុងពេល​ចុះទៅ​តាម​បណ្តា​ខេត្ត​នីមួយៗ តួយ៉ាង​កន្លែង​ស្នាក់នៅ ម្ហូបអាហារ បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទីនោះ ពុំមាន​ការយក​ប្រាក់​អ្វី​ឡើយ ដែល​ទង្វើ​ទាំងអស់នេះ កើតចេញពី​ការគាំទ្រ​សកម្មភាព​របស់​កញ្ញា​។ 

«ទេសចរណ៍​អំ​ណានបច្ចុប្បន្ន​យើងទៅបាន​១២ខេត្ត​ហើយ​រួមមាន ប៉ៃលិន ពោធិ៍សាត់ បន្ទាយមានជ័យ សៀមរាប តាកែវ កណ្ដាល ព្រៃវែង​ កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង កែប កំពត នៅចុងខែកុម្ភៈនេះ ខ្ញុំមានគម្រោងទៅ​ខាង​ឦសានប្រទេស រួមមាន ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី និងព្រះវិហារ និង​បើកការរ៉ៃអង្គាស​ថវិកា​សម្រាប់ធ្វើដំណើរ​ខ្លះផងដែរ»។ នេះជា​ការ​លើក​ឡើង​របស់​កញ្ញា ឆែម ស្រី​គា។

សៀវភៅ​ដែល​តាំង​បង្ហាញ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​អាន​មាន​សៀវភៅ​ជាច្រើន​ដូចជា សៀវភៅ​លើទឹក​ចិត្ត សៀវភៅ​ពាណិជ្ជកម្ម សាសនា ប្រលោមលោក រឿងនិទាន​សម្រាប់​កុមារ និង​មាន​សៀវភៅ​ជាច្រើន​ទៀត​ដែល​បានមកពី​ការបរិច្ចាគ​ពី​អ្នកនិពន្ធ សិស្ស​និស្សិត និង​ប្រជាពលរដ្ឋ​។ 

​ស្រីគា ​យល់ឃើញថា​ ​យុវជន​​ដែល​អាន​សៀវភៅ​បែប​លើទឹក​ចិត្ត​រួចហើយ គួរតែ​អាន​សៀវភៅ​បែប​ប្រវត្តិសាស្ដ្រ ព្រោះថា​យុវជន​បច្ចុប្បន្ននេះ​មានការ​ធ្លាក់ទឹក​ចិត្តច្រើន ប្រសិនបើ​ស្មារតី​ពួកគាត់​អត់​នឹង​ទេ ពួកគាត់​មិនអាច​រក​អ្វីដែល​ថ្មី​ទេ អ្វីដែល​ជួយ​ជំនួយស្មារតី​គាត់​ទាំង​ហ្នឹង​ទេ​»​។​

សកម្មភាពសិស្ស និស្សិត និងសាធារណៈជនចូលរួមអានសៀវភៅក្នុងយុទ្ធនាការទេសចរណ៍អំណាន។ រូបភាព ឆែមស្រីគា

ទាក់ទង​ដំណើរការ​នៃ​ទេសចរណ៍​អំ​ណាន​វិញ យុវតី​វ័យ​២៣​​ឆ្នាំ​រូបនេះ អះអាងថា កញ្ញា​គ្រោង​នឹង​រៀបចំ​ទេសចរណ៍​អំ​ណាន​ទៅកាន់​ខេត្ត​ក្រុង​ទូទាំងប្រទេស ដោយ​នឹង​ធ្វើឡើង​ទៅតាម​ពេលវេលា និង​លទ្ធភាព​ដែល​កញ្ញា​មាន​។

ស្រី​គា គឺ​ជាកូនពៅក្នុងចំណោម​បងប្អូន​៥នាក់ ​និង​ជាកូន​អ្នកខេត្តប៉ៃលិន​ដែលស្រលាញ់​ការអាន​សៀវភៅ​​​ម្នាក់។​​ 

អំឡុង​ពេលកញ្ញា​កំពុង​សិក្សា​ថ្នាក់​វិទ្យាល័យ​នៅ​ខេត្ត​ប៉ៃលិនកញ្ញាក៏បាន​​ផ្ដូចផ្ដើម​បង្កើត​ «សួន​អំ​ណាន»ក្នុង​​ឆ្នាំ​២០២០ហើយ​កញ្ញាបានជ្រើសរើស​ខេត្ត​នេះ​ជា​គោលដៅ​ដំបូងប៉ុន្តែ​សកម្មភាព​សួន​អំ​ណានហាក់​ពុំ​សូវមាន​អ្នក​ចាប់អារម្មណ៍​ច្រើន​ឡើយលុះដល់​ឆ្នាំ២០២២គ្រា​ដែល​កញ្ញា​បន្ត​ការសិក្សា​នៅរាជធានី​ភ្នំពេញ កញ្ញា​បាន​យកគំនិតសួន​អំណាន​នេះមក​ធ្វើ​នៅក្នុង​ក្រុង​ដ៏​ពេញនិយម​នេះដោយ​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​។

ទោះបី​ការ​ចាប់ផ្តើម​ធ្វើ​សួន​អំណាន​ជា​លើកដំបូងមាន​អ្នកគាំទ្រ​​ចូលរួម​អាន​សៀវភៅ​ច្រើន​ក៏ពិតមែន ប៉ុន្តែ​សកម្មភាព​សួន​អំ​ណាន​នេះក៏​ត្រូវបាន​អាជ្ញាធ​ររារាំងនិង​ហាមឃាត់​ផងដែរក្រោម​ហេតុផលខូច​សណ្តាប់ធ្នាប់​សារ​ធារ​ណៈតែ​ទោះយ៉ាងណាកញ្ញា​នៅតែ​បន្តសកម្មភាព​សួន​អំ​ណានរហូត​ដំណើរការ​មកទល់នឹង​ពេលបច្ចុប្បន្ន​។

យុវតី ឆែម ស្រីគា ក្នុងបណ្ណាល័យសាខាទី៧ របស់យុទ្ធនាការសួនអំណាន។ រូបភាព ឆែម ស្រីគា

កញ្ញាឆែមស្រី​គា​បាន​រំឭក​ប្រាប់​ថា៖ «​ធ្វើ​លើក​ទី​១អាជ្ញាធរ​ហាមឃាត់។ ខ្ញុំ​អត់​បាន​និយាយ​អី​ច្រើន​ទេគឺ​ធ្វើតាម​គាត់ គាត់​ដេញ​យើង​ឱ្យ​ទៅសុំ​ការអនុញ្ញាតពេលនោះ​ភ័យ​ដែរតែ​លើក​ទី​២ខ្ញុំ​ឡាយ​វីដេអូ​និយាយ​ពី​ដើមចមថា​ ខ្ញុំ​ធ្វើ​ដោយស្ម​គ្រ​ចិត្តធ្វើ​ដោយ​ក្តី​ស្រឡាញ់ចង់​ចែករំលែក​ការអាននិង​ឱ្យ​សិស្ស​និស្សិត​ដែល​អត់លុយ​អាច​អានសៀវភៅ​បាន។ ក្រោយមក​ខ្ញុំ​ផ្អាក​សកម្មភាព​រយៈពេល​១​ខែហើយ​ក្រោយៗ​មក​ខ្ញុំ​ធ្វើ​វា​ឡើងវិញគឺ​អត់​មាន​បញ្ហា​ទេព្រោះ​មានការ​គាំទ្រ​ច្រើន​»​។

​មិន​ត្រឹមតែ​ទទួលបាន​ការគាំទ្រ​ពី​សាធារណ​ជន សិស្សនិស្សិត ​ប៉ុណ្ណោះ​ទេ សកម្មភាព​របស់​យុវតី​ខ្មែរ​រូប​នេះក៏​ទទួល​ការ​សាទរ​ពី​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌និង​វិចិត្រសិល្បៈ​ផងដែរ ដោយ​លោកស្រីលើកទឹកចិត្ត​ឱ្យ​បន្តសកម្មភាព​អំ​ណាន​នេះ​បន្ថែមទៀត​។​

ផ្តើមចេញពី​ការគាំទ្រ​ច្រើន​រាជធានី​ភ្នំពេញ ពេលនេះយុវតី ឆែម ស្រី​គា បាន​ពង្រីក​នូវ​សួន​អំ​ណានឬ​បណ្តា​ល័យ​ចល័ត​នេះ​ទៅតាម​បណ្តា​ខេត្ត​ចំនួន​៦ដែលមាន៧ទីតាំង​រួមមានសៀមរាប​២ទីតាំង កំពង់ចាម១ទីតាំង បាត់ដំបង១ទីតាំង កណ្តាល១ទីតាំង ស្វាយរៀង១ទីតាំង និងនៅ​ពោ​ធ៍​សាត់១ទីតាំង។ 

ក្នុងនោះ​មាន​សមាជិក​ចំនួន​១០​នាក់ដែលជា​បណ្ណារក្ស​ស្ម​គ្រ​ចិត្តដោយ​មិន​ទទួល​បាន​ប្រាក់​កម្រៃ​អ្វី​​ទាំង​អស់​។​

សម្រាប់​ថវិកា​ទ្រទ្រង់​សួន​អំ​ណាន ស្រី​គា បញ្ជាក់ថា​៖ «​ថវិកា​ចំណាយ​លើ​សួន​អំ​ណានភាគច្រើនជា​ថវិកា​ផ្ទាល់ខ្លួន​ខ្ញុំ ទាល់តែ​ខ្វះខាត​បាន​ខ្ញុំ​រៃអង្គាស​ពី​សប្បុរស​ជន​ដើម្បី​បំពេញ​​ចំនួន​ខ្វះខាត ដូចជា​បើ​ខ្វះ​៥០​ដុល្លារទៅ​១០០​ដុល្លារគឺ​រៃអង្គាស​តែ​ចំនួន​កំណត់​ប៉ុណ្ណឹង​ទេ​»​។

ឆែម ស្រី​គា ចាត់ទុក​ការ​អាន​សៀវភៅ ថា​មាន​សារៈសំខាន់​ណាស់ព្រោះ​ការអាន​សៀវភៅ​អាចជួយ​ឱ្យ​មនុស្ស​អភិវឌ្ឍ​ចំណេះដឹង ចេះ​គិតគូ​ពិចារណានិង​អាច​ដកស្រង់ភាព​វិជ្ជមាន​នៅក្នុង​សៀវភៅមក​អនុវត្ត​ក្នុង​ជីវិត​ផ្ទាល់ខ្លួន។ 

មិនតែប៉ុណ្ណោះប្រទេសជាតិ​អាច​រីកចម្រើន​ទៅបានទាល់​តែមាន​ធនធានមនុស្ស​ល្អៗដែល​កើតចេញពី​ការអាន​សៀវភៅ​នេះឯង​៕