សម្រាប់ភ្ញៀវទេសចរបរទេស ដែនដីកោះរ៉ុងដែលមានខ្សាច់ស និងទឹកសមុទ្រខៀវស្រងាត់ គឺជាទិសដៅវិស្សមកាលលម្ហែកាយដ៏ស្រស់ស្អាត ដូចដែលគេស្គាល់ថាជា ឋានសួគ៌ក្រោមមេឃនៅកម្ពុជា។
ប៉ុន្តែសម្រាប់ជនជាតិអាមេរិក ឆាដ រីឆាដសុន ទីនេះមិនត្រឹមតែជាគោលដៅទេសចរណ៍ប៉ុណ្ណោះទេ លោកបានចាត់ទុកកោះរ៉ុងជាផ្ទះ ដោយសម្រេចចិត្តលក់អស់ទ្រព្យសម្បតិ្តរបស់លោកនៅសហរដ្ឋអាមេរិកដើម្បីមករស់នៅទឹកដីដែលលោកបានចាត់ទុកថាជាកន្លែងដ៏ស្រស់ស្អាតបំផុត និងមានក្តីសុខបំផុតសម្រាប់លោក។
លោក រីឆាត បានមកដល់ប្រទេសកម្ពុជាជាលើកដំបូងនៅឆ្នាំ ១៩៩៩ ក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនា។ ក្រោយបញ្ចប់បេសកកម្មការងារនេះក្នុងរយៈពេល២ឆ្នាំ លោកនៅតែមានចិត្តអាឡោះអាល័យជាប់ចិត្តស្រឡាញ់ទឹកដីខ្មែរ ហើយចង់រស់នៅទីនេះជាអចិន្ត្រៃយ៍តែម្ដង។
ដើម្បីអាចបន្តការរស់នៅលើទឹកដីខ្មែរបានក្នុងអំឡុងពេលនោះ លោក រីឆាត បានចាប់យកមុខរបរលក់ផលិតផលរបស់អាមេរិកតាមប្រព័ន្ធអនឡានដោយមានមូលដ្ឋាននៅកម្ពុជា។
មុខរបរពីប្រតិបត្តិការណ៍ពីចម្ងាយនេះគឺជាប្រភពចំនូលដ៏សំខាន់ដែលអាចឱ្យលោកមានលទ្ធភាពរស់នៅកម្ពុជាផង និងអាចប្រកបមុខរបរអនឡាញដើម្បីចិញ្ចឹមជីវិតផង។
លោក រីឆាត បានរំឭកពីអាជីវកម្មកាលណោះថា៖«ខ្ញុំត្រូវការចំណាយពេលវេលាមួយថ្ងៃ ១ ម៉ោង ទៅ ២ម៉ោង ទៅធ្វើការនៅហាងដែលមានផ្តល់សេវាកម្មអ៊ីនធើណែតដើម្បីផុសលក់ផលិតផលអាមេរិកនៅលើប្រពន្ធ័អនឡាន ព្រោះជំនាន់នោះការប្រើប្រាស់អ៊ីនធើណិតមិនសូវមានភាពទូលំទូលាយនោះទេ»។
បន្ទាប់ពីចំណាយពេលជាច្រើនឆ្នាំរស់នៅកម្ពុជា និងបានធ្វើដំណើរទៅតំបន់ និង ខេត្តនានា លោកបានចាប់អារម្មណ៍ថា ប្រជាជនប្រទេសនេះមានអត្តចរិកល្អ ជាពិសេសនារីខ្មែរ។
លោក រីឆាត ក៏បានចាប់អារម្មណ៍ស្វែងរកនារីខ្មែរដើម្បីរៀបការកសាងគ្រួសារនៅលើទឹកដីមួយនេះ ដោយសម្គាល់ឃើញថា នារីខ្មែរគឺមានអត្តចរិតល្អ។
លោកបាននិយាយដោយផ្ទុះសំណើចថា៖ «ខ្ញុំបានដើរស្វែងរកប្រពន្ធគ្រប់ខេត្តក្រុងទាំងអស់នៃប្រទេសកម្ពុជា ជាចុងក្រោយល្បីថានៅខេត្តកំពង់ចាមមានស្រីស្អាតច្រើន ដូច្នេះខ្ញុំក៏បានធ្វើដំណើរទៅខេត្តកំពង់ចាម ហើយពិតដូចជាគេថាមែន»។
លោក រីឆាដ បានរៀបការជាមួយភរិយាជានារីមកពីខេត្តកំពង់ចាម នៅឆ្នាំ ២០១៤។ ផ្តើមពីការប្រើជីវិតក្រោយអាពាហ៍ពិពាហ៍រស់នៅលើទឹកដីកំណើតរបស់ភរិយា គូស្វាមីថ្មីថ្មោងនេះក៏មានចិត្តចង់បានផ្ទះមួយនៅតំបន់មាត់សមុទ្រ។
ក្នុងឆ្នាំដដែលនោះ លោកបានសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការលក់ទ្រព្យសម្បត្តិរបស់គាត់ទាំងអស់នៅសហរដ្ឋអាមេរិក ហើយវិនិយោគលើការទិញដីនៅលើកោះរ៉ុង។
លោក រីឆាដ បានរៀបរាប់ថា៖ «ដោយមើលឃើញពីសម្រស់ល្អឯកនៅលើទឹកដីកោះរ៉ុង ក្រោយពីរៀបការរួច ខ្ញុំក៏បានសម្រេចចិត្តលក់ទ្រព្យសម្បត្តិ ដែលខ្ញុំមាននៅសហរដ្ធអាមេរិកទាំងអស់ ដើម្បីយកលុយទៅទិញដីនៅទីនោះ»។ជនជាតិអាមេរិករូបនេះក៏បានបញ្ជាក់ថា ការទិញដីនេះស្ថិតក្រោមច្បាប់ទម្លាប់ត្រឹមត្រូវចេញពីភូមិសង្កាត់។
កំឡុងឆ្នាំ ២០១៤ បន្ទាប់ពីការទិញដីភ្លាមៗលោកមិនទាន់អាចសាងសង់ផ្ទះរស់នៅលើកោះនោះបានទេ ដោយសារតែកង្វះខាតទឹកប្រើប្រាស់ និងហេដ្ឋារចនាសម្ព័ន្ធមិនទាន់ត្រូវបានអភិវឌ្ឍ។
ដោយមើលឃើញពីសក្តានុពលនៃភាពទាក់ទាញភ្ញៀវទេសចរក្នុងអំឡុងពេលនោះ លោកក៏បានកៀរគរអ្នកវិនិយោគផ្សេងទៀតមកពីប្រទេសអាឡឺម៉ង និងអង់គ្លេសដើម្បីវិនិយោគលើដីដែលលោកមានស្រាប់ ដោយអ្នកវិនិយោគទាំងអស់នោះបានមកសាងសង់ជាហាង និងក្លិបហាត់ប្រាណជាដើម។
ក្រៅពីវិនិយោគដីឱ្យជនបរទេសដើម្បីបើកមុខរបរនៅទីនោះ លោក រីឆាត ក៏បានសាងសង់ផ្ទះដើម្បីរស់នៅជាមួយនឹងគ្រួសារ ក៏ដូចជាជួលឱ្យភ្ញៀវទេសចរមកស្នាក់នៅផងដែរ។
សព្វថ្ងៃលោក រីឆាត មានវ័យ ៤៥ឆ្នាំ។ លោក និងភរិយា ព្រមទាំងកូនចំនួន៣នាក់ពេញចិត្តនឹងជីវិតរស់នៅទឹកដីកោះរ៉ុង។ បច្ចុប្បន្ននៅលើកោះនេះក៏មានសាលារៀនល្អៗជិតផ្ទះ ដែលអំណោយផលដល់កូនៗរបស់លោកទទួលបានការអប់រំ។
ហេតុផលចំបងធំៗដែលលោកសម្រេចចិត្តនាំយកទាំងគ្រួសារទៅរស់នៅលើទឹកដីកោះរ៉ុង ត្រូវបានលោក រីឆាត លើកឡើងថា៖ «ទឹកដីកោះរ៉ុងគឺស្អាតលេខ១ ដែលគ្មានកន្លែងណាស្អាតដូច ហេតុផលទី២ គឺមានការដឹកនាំល្អនៅលើកោះដែលធ្វើឱ្យខ្ញុំ និងគ្រួសាររស់នៅជាមួយនឹងភាពកក់ក្តៅ រីឯហេតុផលទី៣ គឺខ្ញុំចង់ឱ្យកូនៗស្គាល់ពីបទពិសោធន៍ជីវិត ព្រោះថាប្រជាជនខ្មែរយើងគឺពូកែររកស៊ី និងមានអត្តចរិកល្អ ដូច្នេះកូនៗអាចរៀន និងយកគំរូតាមប្រជាជននៅលើកោះបាន»។
សម្រាប់ថ្ងៃអនាគត ប្រសិនបើស្ថានភាពតម្រូវសម្រាប់កូនៗ លោក រីឆាត មានគម្រោងរស់នៅ២ទីតាំងនៅក្នុងប្រទេសកម្ពុជា គឺទឹកដីកំពង់ចាមដែលជាស្រុកកំណើតរបស់ភរិយាលោក និងទឹកដីកោះរ៉ុងនេះតែម្តង។
ខណៈពេលដែលទទួលស្គាល់បញ្ហាប្រឈម លោក រីឆាត នៅជឿជាក់ថា កោះរ៉ុងបានផ្តល់នូវបរិយាកាសរស់នៅដ៏ល្អប្រសើរ និងសម្បូរបែបសម្រាប់ក្រុមគ្រួសាររបស់លោក៕