បាត់ដំបង៖ វិវឌ្ឍ​ខ្លួន​ចេញពី​គ្រួសារ​កសិករ​​ក្រីក្រ​ ​ អ្នក​​ស្រី ម៉ាន ហៃយ័ត គឺ​ជាស្រ្តី​ខ្មែរ​មូស្លីម ដែល​បានប្រើប្រាស់ចំណេះ​ជំនាញ​​កែច្នៃ​​​ត្រី​ទឹកសាប​ និង​កែ​​ប្រែ​​ជីវភាព​​​របស់ខ្លួន​​រហូត​ក្លាយជា​ប្រធានក្រុមសហគមន៍​​​​ផលិត​ម្សៅ​ត្រី​ល្អិតនៅ​​ភូមិ​សម្តេច ឃុំ​តាប៉ុន ស្រុក​សង្កែ ខេត្ត​បាត់ដំបង​​។

ស្ថាបនិក​សិប្បកម្មហៃយ័ត​ម្សៅត្រីល្អិតរូបនេះ បាន​ក្លាយជា​​គ្រួសារ​គំរូ​ក្នុង​ការ​ផលិត​ម្សៅត្រីល្អិត​ដែល​ជា​អាហារបំប៉នសុខភាព​កុមារ និង​ស្រ្តី​មានគភ៌ ​យ៉ាង​មាន​ប្រសិទ្ធភាព​ ក្រោយ​ពី​ខ្លួន​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ពី​គម្រោងរបស់អង្គការ​សង្គ្រោះ​កុមារកម្ពុជា (Save the Children Cambodia)។

អ្នកស្រី ហៃយ័ត បានប្រាប់សារព័ត៌មាន​ភ្នំពេញប៉ុស្តិ៍​ឱ្យដឹងថា៖ «សិប្បកម្មហៃយ័ត​ម្សៅត្រីល្អិត​ជាកន្លែង​កែច្នៃត្រី​ចង្វា​ជាម្សៅល្អិត​ដែលជាវត្ថុធាតុដើមក្នុង​ស្រុក​ មានវីតាមីន និង​ប្រូតេអ៊ីន​ខ្ពស់ ដើម្បី​ជួយ​ដល់កុមារ​ដែលទើបនឹងកើត​ ១០០០ថ្ងៃដំបូង​ឱ្យមានសុខភាពល្អ​ជៀសផុតពីជំងឺ​ក្រេះក្រិន។ វា​ជាអាហារ​បំប៉ន​សុខភាព​កុមារ និង​ស្រ្តី​មាន​គភ៌ ហើយ​​ងាយស្រួល​ប្រើប្រាស់​ និងទុកដាក់​សម្រាប់មាតាគ្រប់រូប»​។ 

ម្ចាស់សិប្បកម្ម​​វ័យ ៣៦ឆ្នាំរូបនេះ​បាន​កត់​សម្គាល់ឃើញ​ពីសក្ដានុពល​ក្នុងការ​កែច្នៃ​កូនត្រី​ចង្វា ដើម្បី​រក្សា​ជីវជាតិ និង​អាច​ទុក​បានយូរ ដោយ​អ្នក​ស្រី​បាន​​​​ឱ្យ​​​ដឹង​ថា៖ «មូលហេតុដែល​​យកកូនត្រីចង្វា​​យកមកធ្វើជាម្សៅ ធ្វើជានំ​ ធ្វើជាអីផ្សេងៗនេះ ដោយសារតែមើលឃើញ​ថា ត្រីល្អិតនេះ​គេមិនយកធ្វើអ្វីក្រៅពី​ធ្វើផ្អក ដែលទុកបានយ៉ាងយូរ​១ខែ​ ឬយូរជានេះបន្តិច ហើយត្រី​ល្អិត​ផ្សេង​ទៀត​អាច​យកទៅធ្វើជានុយសម្រាប់ត្រីធំៗ ឬ​ធ្វើជាជីដទៃទៀត»។

អ្នកស្រីហៃយ័ត លើកឡើង​ថា៖ «​កត្តាទាំងនេះហើយទើបធ្វើឱ្យខ្ញុំសម្រេចចិត្ត​យកកូនត្រី​ទាំងអស់​នេះកែច្នៃ​ជាផលិតផលសម្រេច​ និងជួយសម្រួលដល់សេដ្ឋកិច្ច​គ្រួសារ​​អ្នក​តាម​ជនបទ​ឲ្យ​មានប្រាក់ចំណូល​ផងដែរ»។

​អ្នកស្រី​បានទទួល​បាន​ការ​​​ផ្ដួចផ្តើម​ និង​ការគាំទ្រពី​សំណាក់អង្គការ​សង្គ្រោះ​កុមារកម្ពុជា តាមរយៈ​ការ​បង្ហាត់បង្រៀន​បច្ចេកទេស​ ការកែច្នៃកូនត្រីរយៈពេល​ ២ ​ឆ្នាំ​​។ អង្គការ​នេះ​បានសង្កេតឃើញថា គ្រួសារ​របស់​​អ្នក​ស្រី ហៃយ័ត ជាគ្រួសារមួយដែល​ក្រីក្រ​ និងជាអ្នករស់នៅ​តំបន់បឹងទន្លេសាប ហើយ​ក៏​​បាន​ការណែនាំ ​បង្ហាត់បង្រៀន​បច្ចេកទេស​ ការកែច្នៃកូនត្រី ឱ្យដឹងពីអត្ថប្រយោជន៍​នៃ​ត្រីល្អិត ដែល​អាច​យក​ទៅ​បញ្ចុកកូន​តូច​ឱ្យមាន​សុខភាព​ល្អ ប្រាជ្ញា​ស្មារតី​ និងការលូតលាស់​បានល្អ​។

ក្នុង​ការបង្កើត​អាជីវកម្ម​ដំបូង​អ្នកស្រី​ ហៃយ័ត មានការបាក់ទឹកចិត្ត​ជាខ្លាំង ហើយ​​ស្ទើរតែលះបង់​ការរៀន​បច្ចេកទេស​នេះ ​​ដោយ​សារ​​យល់ឃើញថា​ខ្លួន​តាម​មិនទាន់​សិក្ខាកាម​ដទៃ។ ខណៈ​សិក្ខាកាម​ផ្សេងទៀត​អាច​​ស្វែងយល់អ្វីបន្ថែមពី​​ប្រព័ន្ធ​ផ្សព្វផ្សាយនានា​តាមរយៈ​ទូរសព្ទ ​​អ្នកស្រី ហៃយ័ត ​ជាអ្នក​មាន​ចេះ​ដឹង​តិច​តួច​មិនអាចប្រើ​បច្ចេកវិទ្យា​ស្មាតហ្វូន ហើយ​ក៏​មិនដឹងថាខ្លួន​គួរ​ស្រាវជ្រាវ​​អ្វីបន្ថែម​​នោះ​ទេ។

និស្សិតលើកបង្ហាញនំបន្លែម្សៅត្រីល្អិតក្នុងកម្មវិធីតាំងពិព័រណ៍ផលិតផលក្នុងស្រុកន្លងមក។ រូបភាពពី ម្សៅត្រីល្អិត-Hyfp

ប៉ុន្តែដោយមាន​ការ​ជ្រោមជ្រែង​ពី​អង្គការ​នានាដែល​បើក​សិក្ខាសាលា​នៅតំបន់រស់នៅ​ ​អ្នក​ស្រី​ក៏​បានចូលរួម​ស្ដាប់​នឹងរៀន​បន្ថែមពីការលើកទឹកចិត្ត​។ ក្រោយ​ហែលឆ្លង​ឧបសគ្គ​ជាច្រើន​ ការ​​កែច្នៃ​ត្រីល្អិត​បែប​លក្ខណៈ​គ្រួសារ​​នេះ​បាន​លេចរូបរាង​ដំបូង​ក្នុង​ឆ្នាំ ២០១៦។ 

អ្នកស្រី ហៃយ័ត បាន​រំឭក​ប្រាប់ថា៖ «ពី​ដំបូងៗ​​វា​ពិបាកនឹងរក​ទីផ្សារ និង​ពិបាកធ្វើការផ្សព្វផ្សាយ​ ណាមួយ​មិនមាន​អ្នក​ដឹងពី​គុណប្រយោជន៍​នៃ​ម្សៅត្រីល្អិតនេះ​ទៀតផង​»។

អ្នកស្រី​បន្ត​ថា៖«ការធ្វើទីផ្សារ ​ខ្ញុំមិនពូកែធ្វើទីផ្សារ​ផលិតផលថ្មី អីចឹង​ហើយ​អត់មានអ្នកស្គាល់​​ ពេលខ្លះ​ខ្ញុំ​ទៅប្រូម៉ូត ទៅផ្សព្វផ្សាយប្រាប់គេ​ ១០០នាក់ ទាំងអស់គ្នា​មិនស្គាល់ថា​ ម្សៅត្រីល្អិតជាអ្វី​ ហើយ​គេយក​វា​ធ្វើ​អី ហើយ​ឆ្ងល់​ថា​វាមានអត្ថប្រយោជន៍អីខ្លះ។​ ​ខ្ញុំលក់តែមួយកន្លែង ហើយ​មាន​មនុស្ស​ ២០០​ទៅ​៣០០​នាក់ តែលក់​មិន​ដាច់​សូម្បី​មួយ​កំប៉ុង ដែល​ធ្វើ​ឲ្យ​ខ្ញុំ​​បាក់ទឹកចិត្ត​ជាខ្លាំង​»។

នៅ​ពេល​វិបត្តិ​កូវីដ១៩ បាន​មក​ដល់នៅ​ឆ្នាំ​ ២០១៩ ការ​ប្រឹងប្រែង​របស់​អ្នកស្រី​ស្ទើរ​តែ​រលាយ​ទាំង​ស្រុង ប៉ុន្តែ អ្នកស្រី​​មិនបាន​បោះបង់ឡើយ។ គួបផ្សំ​​នឹង​ការ​ស្រឡាញ់ជឿជាក់​ផលិតផល​ដែល​ខ្លួន​ខិត​ខំ​បង្កើត​ និង​ចេតនា​ចង់​ចូលរួម​​ជួយសម្រួល​ជីវភាព​ប្រជានេសាទ​ក្នុង​តំបន់ផង​នោះ ​​អ្នក​ស្រី ហៃយ័ត ​បាន​​ជម្នះឧបសគ្គ​រហូត​​មកដល់​​ក្នុង​ឆ្នាំ​ ២០២៣ ពេលដែល​សិប្បកម្មហៃយ័ត​ម្សៅត្រីល្អិត​​ទទួល​បាន​ការ​គាំទ្រ​បន្ត​​ពី​គម្រោង CAPFish CAPTURE របស់​អង្គការ UNIDO លើ​បរិក្ខា​ផ្សេងៗ រួម​មាន​គ្រឿង​អេឡិចត្រូនិក ម៉ាស៊ីន​​សម្ងួត និង​​បច្ចេកទេស​​ក្នុង​ការ​​កត់​ត្រានានា​។

ម្សៅត្រីល្អិត​នេះ​ត្រូវបាន​ផលិតចេញពី​កូន​ត្រីល្អិតៗរួមមាន​ ត្រីបណ្ដូលអំពៅ ត្រីចង្វា​ភ្លៀង ត្រី​ចង្វា​​ត្រីកំភ្លាញ ត្រីកន្ទុយមាន់ ត្រីខ្នងវែង ឬត្រីអាចមកុក និង​កូនត្រីក្រឹម​។

កំប៉ុងម្សៅត្រីល្អិត ដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍វារីវប្បកម្មកម្ពុជាលើកទីមួយ នៅផ្សាររាត្រីSunshine Familyបឹងកក់ថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ រូបភាព យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ម្សៅ​ត្រី​នេះ ​សម្បូរ​ដោយ​ជាតិ​ប្រូតេអ៊ីន ជាតិ​កាល់ស្យូម និង​វីតាមីន​ផ្សេងៗ​ទៀត ដែល​មាន​ប្រសិទ្ធភាព​ល្អ​បំផុត​ សម្រាប់​បំប៉ន​សុខភាព​កុមារ​ចាប់​តាំង​កកើត​រហូត​ដល់​​មាន​វ័យ​ ២៤ ​ខែ និង​សុខភាព​​​​ស្រ្តី​ពេល​មាន​គភ៌​ ​ដោយ​ជំនួយ​​​ឱ្យ​មាតាមាន​សុខភាព​​មាំមួន​ល្អ​​និង​​​សាច់​ឈាម​​ស្រស់​ថ្លា​។​​ 

អ្នកស្រី​ថា «សម្រាប់​មនុស្ស​ចាស់ដែល​មានជំងឺ​ឈឺសន្លាក់ដៃជើង​ ​​វា​ជួយ​ធ្វើ​​មាន​សុខភាព​មាំមួន​ល្អ​​និង​មាន​សាច់​ឈាម​ស្រស់​ថ្លា​»​។ក្នុងមួយថ្ងៃ​សិប្បកម្មអ្នកស្រី​បាន​​ប្រមូលទិញត្រីល្អិត​ពីប្រជានេសាទ​ចន្លោះពី ៥០ទៅ​១០០​គីឡូ​ក្រាមពីប្រជានេសាទ។

អ្នក​ស្រី​បានរៀបរាប់​ពី​របៀប​ធ្វើ​ម្សៅ​ត្រី​ថា៖ «​គ្រាន់​តែ​ជ្រើសរើស​យក​ត្រី​ល្អិត​​ដូចជា​ត្រី​ចង្វា ឬ​ជា​ត្រី​​​បណ្តូលអំពៅ ​ជា​ដើម​នោះ​មកហាលក្នុង​ផ្ទះសម្ងួត​សុវត្ថិភាព រួច​​​​លីង​​​​ឱ្យឆ្អិន​ល្អ និង​កិន​ចេញជាម្សៅ​ ហើយវេចខ្ចប់​ច្រក​កំប៉ុង ឬ​ថង់​ប្រើពេល​ត្រឹមតែ​ ២ថ្ងៃ​ប៉ុណ្ណោះ​»។​

អ្នកស្រី ម៉ាន ហៃយ័ត ម្ចាស់សិប្បកម្មទទួលប័ណ្ណសរសើក្រោយបញ្ចប់វគ្គសិក្សារបស់អង្គការ។រូបភាពពី ម្សៅត្រីល្អិត-Hyfp

របៀបនៃការប្រើប្រាស់ម្សៅត្រីល្អិត​​មានការងាយស្រួល ដោយ​គ្រាន់​តែ​យក​ម្សៅនេះ​​លាយជាមួយ​បបរ​ស ឬ​បបរគ្រប់គ្រឿង ឬ​អាចយកទៅ​លាយធ្វើជាម្ហូប ដូចជា​ចៀនជាមួយពងទា ចៀនជាមួយស្លឹកម្រុំ ចៀន​ស្អំ ​សម្លរកកូរ ប្រហើរ​ ញ៉ាំស្វាយ និង​សាឡាដ​បាន។ម្សៅ​​ត្រី​ល្អិត​មាន​ ២​រសជាតិគឺ​​៖ ម្សៅត្រីល្អិត​រសជាតិ​ដើម និង​រសជាតិល្ង​ក្នុង​តម្លៃ​លក់​រាយ ១ កំប៉ុង ១៤០០០រៀល។

ក្រៅ​ពី​ម្សៅត្រីល្អិតសិប្បកម្ម​អ្នកស្រី​​ក៏មានផលិត និង​លក់​សាច់ផាត់​ត្រីរ៉ស់ និង​នំបន្លែ​ម្សៅត្រីល្អិត​ ដែលមាន៣​រសជាតិរួមមាន រសជាតិដើម រសជាតិ​ម្រេច និងរសជាតិតុងយ៉ាំ។

សព្វថ្ងៃ​អ្នកស្រី ហៃយ័ត និង​ស្វាមី ​​គឺ​ជា​​ប្រធាន​ក្រុម​នៃ​សហគមន៍​គ្រួសារ​ផលិត​ម្សៅ​ត្រី​ល្អិត ដែល​សមាជិក​​សុទ្ធសឹងជា​ស្ត្រី​។ ​​អ្នក​ស្រី​ក៏​មាន​បណ្តាញ​ក្រុម​គ្រួសារ​នៅ​ខេត្ត​ចំនួន ​៤ គឺ​ខេត្តបាត់​ដំបង បន្ទាយមានជ័យ សៀមរាប ខេត្ត​ពោធិ៍សាត់ និងភ្នំពេញ​ សម្រាប់​ដំណើរការ​ចែកចាយ​លក់​ម្សៅ​ត្រី​ល្អិត​នេះ​ដែរ។

នាថ្ងៃអនាគត ​ម្ចាស់សិប្បកម្ម ហៃយ័តម្សៅត្រីល្អិត​ មានគម្រោង​​នាំ​ចេញ​ផលិតផលទាំងបីមុខ​នេះ​ទៅក្រៅប្រទេសរួមមាន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងប្រទេសចិន​ ផង​ដែរ៕