ស្ថិត​នៅ​ស្រុក​ព្រៃ​កប្បាស ខេត្តតាកែវ ជាទី​ដែល​ល្បី​ឈ្មោះ​​តម្បាញ​សូត្រ​ខ្មែរដ៏​មាន​​គុណភាព សំឡេង​វាយទណ្ឌ​បន្លឺឡើង​នៅ​រោងសិប្បកម្ម​មួយ​ ​ជាទី​ដែល​ស្ត្រី​តម្បាញ​នៅ​សហគមន៍នេះ​​​ផ្ចិតផ្ចង់ផលិតសូត្រ​ដោយដៃ​ម្ដង​មួយសរសៃៗ។​

អស់រយៈ​ពេល ៤​ ឆ្នាំ​ ​​ក្នុង​ការ​បង្កើត​សិប្បកម្ម ស៊ូ​កប្បាស (SouKabas Cambodia) អ្នកស្រី ឃុយ ចាន់ស៊ូ ដែល​ជា​កូន​សិប្បករ​តម្បាញនៅខេត្ត​តាកែវបានពុះពារ​លើកស្ទួយ​​​​សហគមន៍តម្បាញខ្មែរ​ ក្នុង​​បំណង គាំទ្រ​​វត្ថុធាតុ​ដើម​ក្នុងស្រុក ផ្តល់​ការងារដល់សិប្បករ និង​ថែរក្សា​ទំនៀម​ទម្លាប់ផលិត​​វាយនភ័ណ្ឌ​មរតក​ដូនតា នៅ​លើ​ទីផ្សារ​​ពោរពេញដោយការ​ប្រកួតប្រជែង​តម្លៃ​ផលិតផល។

នៅក្នុង​ឆ្នាំ​២០២១ អ្នកស្រី ចាន់​ស៊ូ បាន​បង្កើត​សិប្បកម្ម​ស៊ូ​កប្បាស​ឡើង ដោយ​បានប្ដូរ​ពីឈ្មោះ កី​តម្បាញ​​កម្ពុជា ដែលជាអាជីវកម្ម​បាន​បង្កើត​តាំងពី​ឆ្នាំ ២០១៧។

សព្វថ្ងៃនេះ​ការនិយម​ប្រើប្រាស់​សូត្រ​ខ្មែរ នៅ​មិនទាន់មាន​ភាពទូលំទូលាយ​នៅឡើយ ដោយសារ​ផលិតផល​ត្បាញដោយ​ដៃ​​មាន​តម្លៃ​ថ្លៃ និង​មាន​ការ​ពិបាក​ក្នុងការប្រកួត​ប្រជែង​​ជាមួយ​នឹង​ផលិតផលរោងច្រក​បរិមាណ​ច្រើន​​​នាំ​ចូល​ពី​ប្រទេសជិតខាង​។ ការពិបាក​ឈរជើង​លើទីផ្សារ បាន​ធ្វើ​ឱ្យ​សិប្បករ​តម្បាញ​សូត្រ​ខ្មែរបោះបង់​របរ​នេះ​ចោល​អ ហើយអ្នក​​ខ្លះទៀត​សម្រេចចិត្ត​ធ្វើ​ចំណាកស្រុក​ទៅរក​ការងារ​នៅ​ប្រទេស​ផ្សេង។

ស្ថាបនិក​​​​សិប្បកម្ម​ស៊ូ​កប្បាស អ្នកស្រី​ ចាន់​ស៊ូ បាន​រៀបរាប់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ដឹងថា​៖ «​ដោយ​ខ្ញុំ​សង្កេតឃើញថា​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ តម្បាញ​មានការ​ថយចុះ​ជា​លំដាប់​ហើយ​គុណភាពក៏​មិនល្អ​ដូច​ពីមុន​ដែរ ហើយ​ក្នុងនាម​ខ្ញុំ​ជា​កូន​អ្នក​តម្បាញ​ម្នាក់​ដែល​បាន​សិក្សា​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ ខ្ញុំ​ត្រូវ​មានគំនិត​អ្វីមួយ ដើម្បី​ជួយ​អ្នកភូមិ​ស្រុក​របស់ខ្ញុំ»។

អ្នកស្រីបាន​​ទម្លាក់​​ការងារផ្សេងទៀត​​មក​ផ្ដោត​លើ​​អាជីវកម្ម​ស៊ូកប្បាស់​តែមួយ​ ដើម្បី​បំពេញ​ចន្លោះ​ប្រហោង​ទាំង​ឡាយ ធ្វើយ៉ាងណា​ឱ្យ​សិប្បកម្ម​តម្បាញ​សហគមន៍​​​នេះ​​​ដំណើរការ​បាន​រលូន​។

អ្នកស្រី​បាន​ប្រើ​ចំណេះ​ជំនាញពីសាកលវិទ្យាល័យ​​ដើម្បី​​រក​ទីផ្សារ​ឱ្យ​​ផលិតផល​តម្បា​ញប្រពៃណីខ្មែរ ​ហើយ​​សង្ឃឹមថា តាមរយៈ​ការ​ផ្ដល់​ការងារ​នៅ​រោង​សិប្បកម្ម​​តម្បាញ​ អ្នកស្រីអាចទាក់ទាញ​អ្នកភូមិ​ពី​ការ​ងារ​រោងចក្រ និង​ការ​ធ្វើ​ចំណាកស្រុក​មក​រួមចំណែក​ផលិត​ផ្សព្វផ្សាយ​​សូត្រខ្មែរ​​​។

អ្នកស្រី​លើកឡើង​ថា៖ «អ៊ីចឹង​ហើយ​ទើប​ខ្ញុំ​ខិតខំ​រៀនសូត្រ​​និង​បានរៀបចំ​យុទ្ធសាស្ត្រ​ទីផ្សារ តើ​ត្រូវធ្វើ​ម៉េចដើម្បី​​ស្តារ​ទីផ្សារ​តម្បាញ​សូត្រ​ឡើងវិញ​។ ​ខ្ញុំ​បាន​ប្រមែប្រមូល​កៀរគរ​អ្នក​ស្រុកភូមិ​របស់ខ្ញុំ​មកវិញ ដើម្បី​តម្បាញ​សូត្រ​ឡើងវិញ​ដើម្បី​លើកកម្ពស់​ឲ្យ​ស្ត្រី​មេផ្ទះ មានការ​ងារ​ធ្វើ អាច​រកប្រាក់​ចំណូល​បាន កុំ​ឲ្យ​ពួកគាត់​ធ្វើការ​ចំណាកស្រុក​បន្តទៀត​»​។​

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទស្សនាសូត្រខ្មែរតាំងនៅសារមន្ទីរខ្លែងខ្មែរ នៅវិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីខែធ្នូ ឆ្នាំ២០២៤។

សព្វថ្ងៃនេះ​សិប្បកម្ម​ស៊ូ​កប្បាស​មាន​បុគ្គលិក​ចំនួន​១២​នាក់ ដែល​​មមាញឹក​នឹងការងា​រ​តម្បាញ​សូត្រ ដើម្បី​បំពេញ​តម្រូវ​ការ​នៅលើ​ទីផ្សារ​។ ដោយប្រកាន់ខ្ជាប់នូវទស្សនៈ «បង្កើត​គំនិត​ថ្មី អភិរក្ស មរតក​ដូនតា​​បុរាណ​មិន​ហួស​សម័យ សម័យ​មិន​បរទេស​» នោះ អ្នកស្រី ចាន់ស៊ូ មានលក់ច្រើនជម្រើស​​ទាំងផលិតផល​ប្រពៃណី និង​របស់​កែច្នៃ​ទាន់​សម័យ​កាល»។

ក្រៅពី​ហូល ផាមួង ស៊ូក្បាស​ក៏​មាន​​ផលិត​កាបូបសូត្រ​ម៉ូ​ដទាន់សម័យ​ ថង់បរិស្ថាន សូត្រ​ប្រើប្រាស់ប្រចាំថ្ងៃ បែបប្រពៃណី​ និង​ប្រភេទ​សម្រាប់​​ពិធី​សាសនា។ ក្នុង​ចំណោម​នោះ ហូលពិតាន​ សម្រាប់​ថ្វាយព្រះដែល​មាន​រចនាប័ទ្ម​ដំណើររឿងដើម​កំណើត​​​អាណាចក្រ​នគរភ្នំក៏​មានលក់​​​នៅសិប្បកម្ម​ស៊ូកប្បាស​ផង​ដែរ។

អ្នកស្រី ចាន់ស៊ូ បាន​បញ្ជាក់ពី​ហូលពិដាន​នេះថា៖ «ត្បាញ​សូត្រ​ម្ដង​មួយ​សរសៃៗ រាប់​ខែ​ទម្រាំ​ក្លាយជា​ផ្ទាំង​ដំណើររឿង​ដ៏​កម្រ​នេះ»។

​ស្ត្រី​វ័យ​៣៣​ឆ្នាំ​​រូបនេះ​បាន​បន្ថែមទៀតថា៖ «​កន្សែង​សូត្រ​ដែល​ខ្ញុំ​តម្បាញ​រាល់ថ្ងៃ​មាន​២​ប្រភេទ គឺ​កន្សែង សូត្រ​លាត និង​កន្សែង​សូត្រ គោម​(​ហូល​) តែ​ក្រៅពី​កន្សែង​សូត្រ​ខ្ញុំ​ក៏មាន​ផលិត​ជា​កន្សែង អំបោះ ក្រណាត់ ផាហ៊ុម ហើយក៏​មាន​ច្នៃ​ក្រមា​ខ្មែរ​ដេរ​ធ្វើជា​ប្រដាប់​ចង​សក់​សម្រាប់ យុវវ័យ​ដែល កំពុង​ពេញ និយម​ផងដែរ​»​។ 

ស្ត្រីសហគមន៍កំពុងត្បាញសូត្រដោយប្រើកីតម្បាញប្រពៃណី។ រូបថត សហការី

ចំពោះ​តម្លៃវិញ ផាមួង​សូត្រ​ត្បាញ​ដៃ បញ្ចុះតម្លៃ​សល់​តែ ១៩០​ដុល្លារ​ ក្នុង ១ ​ក្បិន​​ កាបូប​ហូល​សូត្រ​សុទ្ធ​ត្បាញ​ដៃ​​ និង​ស្បែក​​​​ស្នាដៃ​កូន​ខ្មែរតម្លៃ ៩៥ ដុល្លារ។ ​អ្នកស្រី​ក៏​មាន​លក់​នូវ​កន្សែងសូត្រ​ផ្កា​រំដួល ជា​បុប្ផា​​អត្តសញ្ញាណ​តំណាង​កម្ពុជាផង​ដែរ។​

កន្សែង​សូត្រ​ខ្នាតតូច​មាន​ទំហំ​ទទឹង​ ៥ ​តឹក និង​បណ្តោយ​១,៨ ម៉ែត្រ​ ​មានតម្លៃ​៣៥​ដុល្លារ និង ខ្នាត​ធំ​ដែល​មាន​ទទឹង​ ១,២​ម៉ែត្រ តម្លៃ​៤៥​ដុល្លារ។

កន្សែង​សូត្រនេះ​​ទទួល​បាន​ការ​គាំទ្រ​ពី​ភ្ងៀ​វ​ជាតិ​និង​អន្តរជាតិ។​​ ​អ្នកស្រី​បញ្ជាក់​ថា តម្លៃ​សូត្រ​ខ្ពស់​នេះ​ក៏​ដោយសារ​តែ​ដំណាក់កាល​​ដ៏ស្មុគស្មាញ​ក្នុងចង្វាក់ផលិតផល​បែបប្រពៃណី។ 

ការ​បោក​សម្អាត​សូត្រ​ខុស​ពី​​ការ​សម្អាត​ក្រណាត់​ធម្មតា។ វា​ត្រូវ​ការ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ហើយ​អ្នកស្រី ចាន់ស៊ូ ​មិនណែនាំ​ឱ្យ​​យកទៅ​បោកគក់​​​ទឹក​ធម្មតា​បានទេ ដោយសារ​សាច់​អំបោះ​សូត្រ​អាច​ខូច ទ្រង់ ទ្រាយ ពេល​ត្រូវ​ទឹក​សើម​។​

ភាពស្រស់ស្អាតរបស់កន្សែងសូត្រនិងសូត្រខ្មែរ។ រូបថត សហការី

សិប្បករ​រូបនេះ​អះអាងថា ​សូត្រ​ខ្មែរ​មាន​លក្ខណៈពិសេស​ខុសប្លែក​ពី​ប្រទេសជិតខាង​ដោយការផលិត​ចាប់ផ្ដើមពីការ​ចិញ្ចឹម​ដង្កូវនាង​ដោយ​ផ្ទាល់​ ទំរាំ​ស្ងោរ​រវៃ​​ជា​អំបោះ​មក​ត្បាញ​ចេញ​ជា​សូត្រ។ ​ពីមួយ​ដំណាក់កាល​ទៅមួយ​ដំណាក់កាល​​ត្រូវ​ការ​ផ្ចិតផ្ចង់ បទពិសោធន៍ ចំណេះដឹង និងជំនាញ​ច្បាស់លាស់​។

ដូច្នេះហើយ​ទើប​ អ្នកស្រី ចាន់ស៊ូ មាន​ការ​បារម្ភ​ចំពោះ​តម្លៃផលិតផល ដោយ​សារ​តែ​ការ​ហូរ​ចូល​នៃ​ផលិតផល​ធូរ​ថ្លៃ ដែល​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​សូត្រ​ខ្មែរ​។​

អ្នកស្រី​លើក​ឡើង​​ថា៖ ​«​ក្នុងនាម​ខ្ញុំ​ជា​កូន​សិប្បករ​តម្បាញ​ស្រុក​ព្រៃកប្បាស មាន​ស្មារតី​ស្នេហា​អភិរក្ស​​និង​អភិវឌ្ឍ​ក្នុង​ទម្រង់​មរតក​ដើម​របស់​ដូនតា​សិប្បករ​តម្បាញ​ក្នុង​តំបន់ ខ្ញុំ​មិន​យល់ស្រប​ការយក​ហូល​ខ្មែរ​ទៅ​កូ​ពី​លក់​ថោកៗ និង​បំភ័ន្ត​​​មរតក​ដើម ដែល​នាំឱ្យ​ក្មេងជំនាន់ក្រោយ​យល់​ច្រ​លំ​នោះ​ទេ​»​។

អ្នកស្រី​ ចាន់ស៊ូ បាន​លើកឡើង​ទៀត​ថា៖ «​ខ្ញុំ​ឈឺចាប់​ណាស់ ពេល​គេ​ចំលង​ហូល​ខ្មែរ​លក់​ដោយ​សេរី វា​ពិត​ជា​ប៉ះពាល់​ទីផ្សារ​ហូល​ត្បាញ​ដៃ​ខ្មែរ​ណាស់ អ្វីដែល​សំខាន់​គឺ​សេដ្ឋកិច្ច​សិប្បករ​តម្បាញ​ផ្ទាល់ ម្នាក់ៗ​ប្រឹង​ត្បាញ​ដោយ​បេះដូង​គ្រាំគ្រា ឃើញ​គេ​ចម្លង​លក់​ពេញ​ផ្សា​រហើយ​ខ្មែរ​ប្រើ​ពេញ​ទឹកដី វា​ហាក់​​ដូចជា​ជា​ន់​ក្បាល​អ្នក​ត្បាញ​ហូលអ៊ី​​ចឹ​ង​»។

ក្រៅពីអំណាវនាវ​​សូម​អាជ្ញាធរ​ពាក់ព័ន្ធ​​​​ជួយ​បង្កើន​តម្លៃ​ហូល​ក្នុងស្រុក​ ​និង​រឹត​បន្តឹង​ទីផ្សារ​លក់​​ផលិតផលសូត្រ​ចម្លង​​ដែល​​​កំពុងសម្លាប់​​​ទីផ្សារ​ហូល​ខ្មែរ​​​បន្តិចម្ដងៗ អ្នកស្រី​ផ្ទាល់​ក៏​បាន​ចូលរួម​អស់ពីលទ្ធភាព​ក្នុងការ​ថែរក្សា​មរតកសូត្រ​ខ្មែរ ក៏ដូចជាសកម្ម​នឹង​ការ​ចូលរួម​ពិព័រណ៍​ផលិតផល​ក្នុងស្រុក ពិព័រណ៍​ហូល វាយនភ័ណ្ឌ​ខ្មែរ ​ផង​ដែរ។

សិប្បករ​ជាកូនអ្នកតម្បាញ​នៅស្រុកព្រៃកប្បាស​រូបនេះ​ ប្ដេជ្ញានឹង​​ជួយ​អភិរក្ស​តម្បាញ​ខ្មែរ​​​ឲ្យ​មាន​ឈ្មោះ​បោះ​សម្លេង​កាន់តែខ្លាំង  ពិសេស​បង្កើត​វត្ថុធាតុដើម​ដោយ​ខ្លួនឯង ដូចជា​អំបោះ​កប្បាស​​និង​ល័ក្ដ​ខ្មែរ និង​ចងក្រង​សៀវភៅ​តម្បាញ​ស្រុក​ខ្មែរ​​មួយ​ដែល​និយាយ​ពី​តម្បាញ​តាំងពី​បុរាណកាល​រហូ​ត​មក​ដល់​​​ប​ច្ចុ​ប្បន្ន​៕​