ភ្នំពេញ៖ អ្នក​និយម​​សិល្បៈនៅ​រាជធានី​​ភ្នំពេញ​នឹង​ធ្វើជា​សាក្សីក្នុង​ការ​ទស្សនា​ស្នាដៃ​សិល្បៈ​ ដែល​ផ្ដោតលើ​​​ការច្នៃប្រឌិត និង​ការ​និទានរឿង​នៅក្នុង​ពិព័រណ៍ «សាង​ឡើង​វិញនូវរឿង​អតីត និង​បច្ចុប្បន្ន​»។

ព្រឹត្តិការណ៍​នេះ​មានការ​ចូលរួម​ពី​​សិល្បការិនី​ខ្មែរ​ដ៏​មាន​ទេពកោសល្យ​ចំនួន​បួនរូប នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី៩ ខែមករា ដល់​ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ នៅស្ទា​រដ្ឋបាល​សិល្បៈ​។​

​តាមរយៈ​ស្នាដៃ​សិល្បៈ​ផ្ទាល់ខ្លួន​ដ៏​ពិសេស និង​ស៊ីជម្រៅ​របស់​ពួកគេ សិល្បការិនី​​ទាំងនេះ​នាំមក​នូវ​រឿងរ៉ាវ​ជីវិត​នៃ​ភាព​ធន់ ការចងចាំ និង​ការផ្លាស់ប្តូរ​អំពី​​​ប្រទេស​កម្ពុជា​។​

ពិព័រណ៍​ដែល​រៀបចំ​ដោយស្ទា​រដ្ឋបាល​សិល្បៈ បង្ហាញ​ពី​ស្នាដៃ​របស់ កើ ស្រី​ពៅ​, ឡេង គឹម​សៀង​, សៅ ស្រី​ម៉ៅ និង ឃឹម ម៉ា​លីន ដែល​អ្នក​ទាំងអស់គ្នា​បាន​ស្វែងយល់​ពី​ប្រធានបទ​ប្រវត្តិសាស្ត្រ គ្រួសារ ការអភិវឌ្ឍន៍​ទីក្រុង និង​បញ្ហា​ប្រឈម​បរិស្ថាន​។​ 

បើតាម​អ្នករៀបចំ​កម្មវិធី​អ្នកនាង​ ជុំ ច័ន្ទ​វាសនា បាន​ឱ្យដឹងថា​៖ «​តាមរយៈ​ស្នាដៃ​គំនូរ ចម្លាក់ និង​បង្គំ សិល្បការិនី​ទាំង ៤ រូប លើកឡើង​ពី​រឿងរ៉ាវ​អតីត​របស់​គ្រួសារ ការចងចាំ ការអភិវឌ្ឍន៍​ទីក្រុង ពី​សារៈសំខាន់​នៃ​ធម្មជាតិ​ការផ្លាស់ប្តូរ​ទិដ្ឋភាព​របស់​សហគមន៍ និង​ផ្លូវចិត្ត​របស់​ប្រជា​សហគមន៍​ទាំង​នៅក្នុង​ទីក្រុង និង​ទីជនបទ ការផ្លាស់ប្តូរ​បរិស្ថាន និង​ការ​ប៉ារ​បំ​រួល​អាកាសធាតុ​»។​

កញ្ញា កើ ស្រី​ពៅ ជា​សិល្បការិនី​ម្នាក់​គត់​ដែល​មកពី​សហ​គន៍​ចាម្ប៍ ដែល​​បង្ហាញ​រូបគំនូរ​ពណ៌​អា​ត្រី​លិ​កា​លើ​ក្រណាត់​ចំនួន​៥​ផ្ទាំង​ដោ​យ​លើកឡើង​ពី​ប្រវត្តិ​គ្រួសារ​និទានពីម្តាយ​ ជា​ជនជាតិខ្មែរ​ឥស្លាម។

អ្នកនាង វាសនា បាន​បន្ដថា​៖ «​ម្ដាយរបស់ ស្រីពៅ ​កើត និង​ធ្លាប់បាន​ឆ្លងកាត់​របប​ប្រល័យពូជសាសន៍​ប៉ុលពត ការចងចាំ ការឆ្លើយតប និង​ការឆ្លុះបញ្ចាំង​គំនិត​របស់ខ្លួន​ ជា​ក្មេង​កើត​ក្រោយ​សម័យ ខ្មែរក្រហម​នៅលើ​ផ្ទាំងគំនូរ​»។​

កញ្ញា ស្រី​ពៅ អាយុ ២៦ ឆ្នាំ មកពី​ខេត្តកំពង់ឆ្នាំង បាន​ចូលរួម​ក្នុង​សិក្ខាសាលា «​អបអរសាទរ​ទិវា​សិទ្ធិមនុស្ស​លើក​ទី ៧២» ជាមួយ​សិល្បករ​ជាច្រើនរូប​ក្នុងប្រទេស​កម្ពុជា នៅ​អង្គការ​ហ្វា​ពន្លឺ​សិល្បៈ ខេត្តបាត់ដំបង ដែល​រៀបចំ​ដោយ​អង្គការសហប្រជាជាតិ​សិទ្ធិមនុស្ស​នៅ​កម្ពុជា (​ឆ្នាំ២០២០)​។​​ស្រី​ពៅ ​បាន​ចូលរួម​ក្នុងការ​តាំង​ពិ​ព័រណ៍​​ជា​ក្រុម​ចំនួន​ពីរ​គឺ «​Voices​» និង «​Speak Out Sisters» នៅ Meta House (២០២៤​)។​

​ស្រីពៅ ​បានបញ្ចប់​ការ​គូរគំនូរ​អា​គ្រី​លី​ក​ចំនួន ៣០​ផ្ទាំង​​​ដោយ​ផ្អែកលើ​រឿង​ពិត​ពី​អ្នក​រស់រានមានជីវិត​ពី​អំពើ​ប្រល័យពូជសាសន៍​ដែល​រៀបចំ​ដោយ​ក្រុមនិស្សិត​មកពី NUS។​

ស្នាដៃ​ថ្មី​ចំនួន ​៣ របស់​ឡេង គឹម​សឿង បាន​បង្កើត​ចម្លាក់ និង​បង្គំ​ចម្លាក់​ធ្វើ​ពី​កម្ទេច​កញ្ចក់​ដែល គឹមសឿង ​ប្រមូល​រើស​ពី​ការដ្ឋាន​សំណង់​នានា​ក្នុង​ទីក្រុង​ភ្នំពេញ​។ 

កញ្ញា គឹម​សឿង យល់​ឃើញថា ​​ការអភិវឌ្ឍន៍ សំណង់​ស្ថាបត្យកម្ម​បច្ចុប្បន្ន​ភាគច្រើន​តែងតែ​ប្រើ​ដែក និង​កញ្ចក់​ជា​សម្ភារ​សំណង់​ចម្បង និង​ប្រើប្រាស់​អំពូល​ភ្លើង​តុបតែង​លម្អ​នាពេល​ក្រោយ​។ 

សិល្បការិនី​ព្យាយាម​អង្កេត​ពី​សំណង់​ស្ថាបត្យកម្ម​ចាស់ និង​សំណង់ស្ថាបត្យ​​កម្ម​ថ្មី​ដែល​បាន​សង់​ឡើងវិញ​នៅ​កន្លែង​ដដែល។អ្នកនាង វាសនា បាន​ឱ្យដឹងថា​៖ «សិល្បការិនី​​ព្យាយាម​កសាង​ជាថ្មី​ពីអ្វី​ដែល​បាន​បាក់បែក​ឱ្យមាន​ជី​វិ​តែ​សារជាថ្មី ដែល​​ភាពរឹងមាំ និង​ភាព​ផុយ​ស្រួ​យា​ដើរ​ទន្ទឹមគ្នា»​។​

​កញ្ញា​ គឹម​សឿង អាយុ ២៧​ឆ្នាំ​ ​​បានបញ្ចប់​ការសិក្សា​ផ្នែក​រចនាផ្ទៃ​ក្នុង​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិ​ល្បៈ​នៅ​ភ្នំពេញ​ និង​បាន​ចូលរៀន​ថ្នាក់​សិល្បៈ​សហ​សម័យ នៅ​ត​ម្រោ​ង​សិល្បៈ​ស​-​ស​។ ជាធម្មតា​ គឹម​សឿង ​ធ្វើការ​ជាមួយ Collage និង​ចម្លាក់ ហើយ​ជារឿយៗ​ផ្ដោត​លើ​ត​ថ​ភាពនៃ​សង្គម វប្បធម៌ និង​ចិត្តសាស្ត្រ​ក្នុង​ទីក្រុង​។​

សាង​ឡើងវិញ គឺជា​បណ្ដំ​​ស្នាដៃ​ចម្លាក់​ថ្មី​សាង​ឡើង​ដោ​យលួស ស៊ីម៉ង់​ស បន្ថែម​នូវ​ការផ្ដិត​រូបភាព​ជាច្រើន​នៅ​ដែល​សិល្បការិនី សៅ ស្រី​ម៉ៅ ​​បាន​នៅតាម​តំបន់​ភាគ​ខាងជើង និង​ខាងត្បូង​ប្រទេស​កម្ពុជា។ រូបភាព​ខ្លះ​ត្រូវបាន​គូរ​បន្ថែម​ដោយ​ដៃ​លើ​ចម្លាក់​រូបថត​ទាំងនេះ មាន​ទម្រង់ និងខ្នា​ត់​ផ្សេងៗ​គ្នា​ចំនួន​១៦​ផ្ទាំង​។ 

យោង​តាម​អ្នករៀបចំ​បាន​ឱ្យដឹងថា​៖ «រូបភាព​ដ៏​អន្លង់​អ​ន្លោ​ច​ងនេះ​ឆ្លុះបញ្ចាំង​ពី​ការផ្លាស់ប្តូរ និង​ការបាត់បង់​បរិស្ថាន​យ៉ាង​ជ្រាលជ្រៅ​ដែល​ជួបប្រទះ​ដោយ​សហគមន៍​​ដែល​រស់នៅ​តាម​ដងទន្លេ​ ភ្នំ និង​តំបន់ឆ្នេរ ដោយ​ប្រឈម​នឹង​ផលប៉ះពាល់​នៃ​កា​រ​រិច​រិល​​ដែល​បណ្តាលមកពី​មនុស្ស​»។

សៅ ស្រី​ម៉ៅ អាយុ ៣៨​ឆ្នាំ ​​បង្កើត​ស្នាដៃ​សិល្បៈ​ដោយ​ប្រើប្រាស់​សម្ភារ​ចម្រុះ​រួម​មាន គំនូរ​ រូបថត គំនូស​ឌីជីថល ចម្លាក់ និង​ការសម្តែង​។ 

ស្នាដៃ​របស់ ​ស្រី​ម៉ៅ ​ភាគច្រើន ក៏​ធ្វើការ​ស្វែងយល់​អំពី​ការសម្តែង​អារម្មណ៍ និង​ការចងចាំ​ផ្ទាល់ខ្លួន ក៏ដូចជា​ការផ្លាស់ប្តូរ​ទិដ្ឋភាព​របស់​សហគមន៍ និង​ផ្លូវចិត្ត​របស់​ប្រជា​សហគមន៍​ទាំង​នៅក្នុង​ទីក្រុង និង​ទីជនបទ​ន​ប្រទេស​កម្ពុជា​។ ​

សិល្បការិនី ឃឹម ម៉ា​លី​ន​ បាន​ចូលរួមនិវាស​ដ្ឋា​ន​សិល្បៈ​​នៅ​ប្រទេស​ជប៉ុន​ក្នុង​តំបន់​ហុក​កៃ​ដូ នៅ​ឆ្នាំ​២០១៧ នៅ​ពេល​ធ្វើដំណើរ​ពី​តំបន់​ត្រូពិច​ទៅ​ត្រជាក់ បរិយាកាស​បាន​ផ្លាស់ប្តូរ ដោយ​ស្រូបយក​អាកាសធាតុ​ថ្មី​ដែល​ផ្លាស់ប្តូរ​ទៅតាម​ទីកន្លែង និង​ពេលវេលា​។ 

អ្នករៀបចំ​ពិព័រណ៍ អ្នកនាង វាសនា បាន​បន្ដថា​៖ «​ស្នាដៃ​សិល្បៈ​១១​ផ្ទាំង​នេះ​គឺជា​ផ្នែក​មួយ​នៃ​ស្នាដៃ​ (ពណ៌​កាលពី​ម្សិលមិញ)​ ដែល​មិន​ត្រឹមតែ​ផ្ដោតលើ​​ទេ​សភាព​ប៉ុណ្ណោះ​ទេ ​សិល្បករ​បន្ថែម​នូវ​រសជាតិ​អាហារ​ជប៉ុន ធ្វើ​សមាធិ​រៀងរាល់​ពេល​ពី​ទទួលទាន​អាហារ​នៅលើ​ឥដ្ឋ​ (​ធម្មជាតិ​ថ្មី​ផ្តល់នូវ​រសជាតិ​ថ្មី​មួយ​​បែប​ទៀត​)»​។ 

​អ្នកនាង ម៉ា​លីន អាយុ ៤២​ឆ្នាំ ​​បានទទួល​បរិញ្ញាបត្រ BA Fine Art Diplôme National Arts Plastique ពី École Supérieure des Beaux-arts de Caen ប្រ​ទេស​បារាំង (២០១០) និង​​ជាសិស្ស​​បញ្ចប់​ការសិក្សា​ហ្វារពន្លឺ​សិល្បៈ​ (១៩៩៥-២០០៣)​។ ​

​នៅក្នុង​ពិព័រណ៍ «​សាង​ឡើងវិញ​នូវ​រឿង​អតីត និង​បច្ចុប្បន្ន» សិល្បការិនី​ទាំង ៤​រូប​តាំង​បង្ហាញ​ស្នាដៃ​ជាច្រើន​ស្ដីពី​រឿងរ៉ាវ​ប្រវត្តិ​គ្រួសា​រនាស​ម័​យ័​ខ្មែរក្រហម ការចងចាំ ការអភិវឌ្ឍន៍​សំណង់​តាម​ទីក្រុង ស្វែងយល់​ស៊ីជម្រៅ​អំពី​ទេស​ភាព​​ធម្មជាតិ សហគមន៍​មូលដ្ឋាន​តាម​ជនបទ ការផ្លាស់ប្តូរ​បរិស្ថាន បម្រែ​បម្រួល​អាកាសធាតុ​​ និង​ឆ្លុះបញ្ចាំង​ពី​បញ្ហា​ប្រឈម​នានា​ដែល​កើតមាន​នា​ឡើង​នាពេល​បច្ចុប្បន្ន​។​

ពិព័រណ៍​នេះ​ចាប់ផ្ដើម​ពី​​ថ្ងៃទី​០៩ ខែមករា ដល់​ ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០២៥ នៅ​ស្នា​រដ្ឋបាល​សិល្បៈ ផ្ទះ​លេខ​១៦ ផ្លូវ​បេតុង​វត្ត​និរោធ (​បុរី សម្បត្តិ​មាន​ហេង​៣) ភូមិ​តា​ដៅ​កណ្តាល សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ៕ 

ពិព័រណ៍ «សាង​ឡើង​វិញនូវរឿង​អតីត និង​បច្ចុប្បន្ន​»  មានការ​ចូលរួម​ពី​​សិល្បការិនី​ខ្មែរ​ដ៏​មាន​ទេពកោសល្យ​ចំនួន​បួនរូប នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី៩ ខែមករា ដល់​ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ នៅស្ទា​រដ្ឋបាល​សិល្បៈ​។ រូបថត សហការី