ភ្នំពេញ៖ កម្ពុជាមានសត្វពស់ ៩៩ ប្រភេទ ដែលក្នុងនោះពស់ពិសមាន ១៦ ប្រភេទ និងពស់គ្មានពិសមាន ៨៣ ប្រភេទ។ នេះបើតាមក្រុមស្រាវជ្រាវ និងអភិរក្សដីគោក ដែលធ្វើការសិក្សា ស្រាវជ្រាវទៅលើសត្វល្មូននៅក្នុងប្រទេសកម្ពុជា។
លោក នាង ធី ប្រធានក្រុមស្រាវជ្រាវ និងអភិរក្សដីគោក បានប្រាប់សារព័ត៌មាន ភ្នំពេញប៉ុស្ដិ៍ ឱ្យដឹងថា ក្រុមអ្នកស្រាវជ្រាវនេះ គឺជាផ្នែកមួយរបស់អង្គការសម្ព័ន្ធសត្វព្រៃនិងធម្មជាតិ ដែលមានការសហការពីក្រសួង បរិស្ថាន។
លោកបានបន្តថា៖ «ក្រុមស្រាវជ្រាវនេះផងដែរ កំពុងធ្វើការសិក្សាស្រាវជ្រាវលើជីវចម្រុះនៅកម្ពុជា ដោយរកឃើញសត្វពស់រស់នៅតំបន់ដីគោកមានចំនួន ៩៩ ប្រភេទ ដោយពុំរាប់បញ្ចូលនូវសត្វពស់សមុទ្រ ហើយក្នុងនោះ សត្វពស់មានពិសមានចំនួន ១៦ ប្រភេទ និងសត្វពស់មិនមានពិសមានចំនួន ៨៣ ប្រភេទ»។
សត្វពស់មានពិសទាំង១៦ ប្រភេទមានដូចជា ពស់វែករនាម ពស់វែកក្របី ពស់វែកដំបូក ពស់ក្រាយបង្កង់ខ្មៅលឿង ពស់ក្រាយបង្កង់សខ្មៅ ពស់ពភ្លាក់ ពស់ស្រកាចាស់ ពស់ពភ្លាក់ភ្នំ ពស់ហនុមានកន្ទុយខៀវ ពស់ហនុមានភ្នែកក្រហម ពស់ហនុមានភ្នំក្រវាញ ពស់ហនុមានភ្នែកធំ ពស់ហនុមានបបូមាត់ស ពស់ផ្កាថ្មអុជខ្មៅ ពស់ផ្កាថ្មក្រហមកលឿង ពស់វែកកង្កែប ឬពស់ស្រកាជ្រុងក្រហមក។
លោក នាង ធី បានបញ្ជាក់ថា ក្នុងសត្វពស់ដែលមានពិសជាងគេ គឺពស់វែករនាម ជាពស់ដែលធំ វែង លឿន និងមានពិសខ្លាំងជាងគេលើពិភពលោក មានប្រវែងជា ៦ ម៉ែត្រ។ បន្ទាប់មកទៀតមានពស់វែកដំបូក ពស់វែកក្របី ពស់ក្រាយបង្កង់ខ្មៅលឿង ពស់ក្រាយបង្កង់សខ្មៅ ពស់ពភ្លាក់ និងពស់ស្រកាចាស់ ដែលជាពស់ដែលមានពិសខ្លាំងជាងគេក្នុងចំណោមពស់ទាំង១៦ប្រភេទនោះ។
ប្រធានក្រុមស្រាវជ្រាវ និងអភិរក្សដីគោក រូបនេះបានរៀបរាប់ពីការរស់នៅរបស់ពស់ទាំងនោះថា៖ «ចំណីរបស់វាគឺសត្វកណ្ដុរ ហើយវាក៏ស៊ីកង្កែបដែរ តែចំណីពិសេសរបស់វា វាស៊ីតែពស់គ្នាវានោះទេ គេហៅវាថា ពស់ស៊ីពស់»។
លោកបានស្រាយចម្ងាយពីពពួកសត្វពស់គ្មានពិស ដោយថ្លែងថា ពស់ទាងនោះរួមមានសត្វពស់អង្កាច់មាសកម្ពុជា ពស់ព្រៃ ពស់សង់សឿ ពស់ចចក ពស់ទឹក ពស់ខ្សែគោ ពស់ដី ពស់ថ្លាន់ ពស់ខៀវភ្នែកធំ ពស់ស៊ីខ្យងជាដើម។
អ្វីដែលពិសេសសម្រាប់ក្រុមអ្នកស្រាវជ្រាវ និងអភិរក្សដីគោក គឺការរកឃើញសត្វពស់ប្រភេទថ្មី ចំនួន២ប្រភេទគឺ ពស់អង្កាច់មាសកម្ពុជា និង ពស់ចចកហ្សូវិកតូរៀ។
លោក នាង ធី បានរៀបរាប់ថា៖ «សត្វពស់អង្កាច់មាសកម្ពុជា គេដាក់ឈ្មោះក្នុងវិទ្យាសាស្ត្រថា Oligodon kampucheaensis វាមានខ្លួនបង្កង់ ហើយមានពណ៌ក្រហមបែកផ្កាឈូកជាពស់គ្មានពិស។ ធ្មេញវារឹងខ្លាំងជាងពស់ផ្សេងៗ ហើយមុតដូចឡាម ហើយវាស៊ីសត្វល្អិត កង្កែប និងពងសត្វដូចជា ពងបង្កួយ តុកតែជាដើម ព្រោះសត្វនេះកម្រឡើងដើមឈើណាស់ វាជាពស់ដែលថ្មី ហើយមិនទាន់មានស្គាល់ឈ្មោះនៅទូទាំងពិភពលោក ជាសត្វកម្រមានតែក្នុងប្រទេសកម្ពុជាប៉ុណ្ណោះដែលបានរកឃើញនៅភ្នំសំកុសនៅឆ្នាំ ២០១២»។
ចំណែក ពស់ចចកហ្សូវិកតូរៀ ប្រធានក្រុមស្រាវជ្រាវរូបនេះពន្យល់ថា៖ «វាជាអម្បូរសត្វពស់ចចកថ្មីមួយដែលបានរកឃើញនៅប្រទេសកម្ពុ វាជាសត្វមិនមានពិស ហើយរាងកាយពណ៌ត្នោតខ្ចី ក្បាលពណ៌ត្នោតងងឹត ជាមួយនិងពណ៌ត្នោតស្លេក ដុំពកពណ៌ត្នោតខ្មៅអុចៗ។ ជាប្រភេទសត្វចុងក្រោយគេបង្អស់ដែលត្រូវបានគេរកឃើញនៅតំបន់ភ្នំក្រវាញ ហើយត្រូវបានគេដាក់ឈ្មោះថា Lycodon zoosvictoriae សត្វពស់ចចកមានធ្មេញធំនៅថ្គាមទាំងពីរ»។
ក្រៅពីការរៀបរាប់ក្នុងចំណោមសត្វពស់ ៩៩ ប្រភេទ លោក នាង ធី ដែលមានបទពិសោធន៍សិក្សាស្រាវជ្រាវទៅលើសត្វពស់អស់រយៈពេលជាង១០ឆ្នាំ មកហើយនោះ ក៏បានបកស្រាយនូវចជំនឿនៅក្នុងសង្គមខ្មែរ ដោយមានពាក្យតំណាលតៗគ្នាអំពី «សត្វពស់ត្បាល់»។
តាមការនិយាយតៗគ្នា សត្វពស់ត្បាល់ ត្រូវបានប្រជាជនពិពណ៌នាថា វាជាសត្វមិនចឹកដូចពស់ដទៃ បំលាស់ទីដោយរមៀលខ្លួន និងអាចលោតបុកនៅពេលដែលវាជួបឧបសគ្គ។ លោក នាង ធី បានបញ្ជាក់យ៉ាងច្បាស់ពី សត្វពស់ត្បាល់នេះថា៖ «គឺជារឿងមិនពិត និងគ្មានពស់ប្រភេទនេះលើពិភពលោកឡើយ»។
លោកអះអាងដូចច្នេះថា៖ «ខ្ញុំតែងតែលឺគេនិយាយតគ្នាពីរឿងពស់ត្បាល់នេះ ពីមួយជំនាន់ទៅមួយជំនាន់ ដល់ពេលសួរនាំថាដែលឃើញពស់ត្បាល់ទេ ម្នាក់ៗសុទ្ធតែបដិសេដថាមិនដែលឃើញនោះទេ ហើយខ្ញុំបានស្រាវជ្រាវនាពេលកន្លងមកនេះ គឺមិនមានឯកសារ ឬសំណាកសត្វពស់ត្បាល់នោះទេ នៅលើសកលលោកយើងនេះ»។
ទោះជាអម្បូរមួយចំនួនមានពិស និងអាចបង្កគ្រោះថ្នាក់ក៏ដោយ ក៏សត្វពស់ត្រូវបានអ្នកជំនាញចាត់ទុកជាសត្វដែលមានប្រយោជន៍ក្នុងប្រព័ន្ធជីវចម្រុះ ដោយជួយរក្សាលំនឹងប្រព័ន្ធអេកូឡូហ្ស៊ីបានល្អ។ នេះបើតាមការបញ្ជាក់របស់ប្រធានក្រុមស្រាវជ្រាវនិងអភិរក្សដីគោក លោក នាង ធី។
សូមបញ្ជាក់ដែរថា កម្ពុជាត្រូវបានទទួលស្គាល់ថា ជាប្រទេសដែលសម្បូរដោយជីវៈចម្រុះ ដែលមកទល់ពេលនេះ មានចំនួន ៦១៤៩ ប្រភេទត្រូវបានកត់ត្រា។ ចំនួនជីវៈចម្រុះនេះអាចនឹងមានការកើនឡើងទៀត ដោយសារតែមានការរកឃើញជាបន្តបន្ទាប់នូវជីវចម្រុះថ្មីៗ។
ប្រទេសកម្ពុជាក៏បានបង្ហាញវត្តមានប្រភេទថនិកសត្វ ១៦២ប្រភេទ សត្វស្លាប ៦០១ប្រភេទ, ឧរង្គសត្វ ១៧៣ប្រភេទ, រុក្ខជាតិតូចធំចំនួន ៣,១១៣ប្រភេទ, ត្រី ១,៣៥៧ប្រភេទ, សត្វឆ្អឹងខ្នង ៦៧១ប្រភេទ, ថលជលិក ៧២ប្រភេទ ក្នុងនោះក៏មានផ្កាថ្មរឹង ២៤ប្រភេទ ផ្កាថ្មទន់ ១៤ប្រភេទ និង ស្មៅសមុទ្រ ១០ប្រភេទផងដែរ៕