បាត់ដំបងៈ ដោយមើលឃើញថាដំណាំទុរេន គឺជាដំណាំមួយដែលមានតម្រូវការទីផ្សារខ្ពស់ និងមានរសជាតិឆ្ញាញ់ លោក ស៊ឹម សុជាតិ សម្រេចចិត្តទៅសិក្សានិងដាំដុះដំណាំទុរេន រហូតកា្លយជាអ្នកជំនាញលើដំណាំផ្លែឈើមានតម្លៃខ្ពស់មួយនេះ និងចែករំលែកបច្ចេកទេសដាំដុះលើបណ្តាញសង្គម។
ប្រឡូកក្នុងវិស័យកសិកម្មនៅក្នុងឆ្នាំ២០១៣ ដោយយល់ឃើញថាប្រទេសកម្ពុជាពឹងផ្អែកលើវិស័យ កសិកម្មប្រមាណ៨៥ភាគរយ លោក ស៊ឹម សុជាតិ ចាប់ផ្តើមដាំដុះដំណាំដំបូង គឺដំណាំស្វាយ ប៉ុន្តែដាំដុះបានប្រមាណត្រឹមតែ ១ឆ្នាំ កសិករថ្មីថ្មោងរូបនេះក៏សញ្ជឹងគិតឃើញថា ដំណាំស្វាយនឹងធ្លាក់ថ្លៃនៅថ្ងៃអនាគត។ គឺពេលនោះហើយដែលលោកសម្រេចប្តូរពីការដាំដំណាំស្វាយទៅសិក្សារៀនសូត្រ ពីបច្ចេកទេសដាំដុះទុរេនពីបណ្តាប្រទេសជិតខាង។
លោក ស៊ឹម សុជាតិ ប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «ការដែលលោកជ្រើសរើសដំណាំទុរេននេះ ដោយសារ ប្រជាកសិករខ្មែរនៅពឹងផ្អែកទៅលើប្រទេសជិតខាងច្រើន ម្យ៉ាងទៀតដំណាំទុរេន ជាដំណាំយក្ស។ ដូច្នេះ ប្រសិនបើលោកចេះបច្ចេកទេសដាំ នោះលោកនឹងយកទៅចែកចាយដល់អ្នកដទៃ ហើយអ្នកដទៃ នឹងចែករំលែកចំណេះដឹងដល់អ្នកផ្សេងទៀត។ នាថ្ងៃខាងមុខ កម្ពុជាក៏នឹងក្លាយជាប្រទេសមួយដែលខ្លាំងលើការដាំដុះដំណាំនេះផងដែរ»។
លោក ស៊ឹម សុជាតិ បានទៅរៀនបច្ចេកទេសដាំទុរេននេះ ជាមួយគ្រូជាច្រើននៅតាមបណ្តាប្រទេសជិត ខាងកម្ពុជា លុះសិក្សាចប់សព្វគ្រប់ លោកក៏ចាប់ផ្តើមបេសកកម្មមួយ គឺដើរពន្យល់ និងណែនាំអ្នកដាំទុរេន តាមបណ្តាខេត្តនានានៅក្នុងឆ្នាំ២០១៥។
លោកបញ្ជាក់ថា៖ «ពេលនោះខ្ញុំអត់ទាន់ដាំទុរេនទេ ខ្ញុំដើរប្រាប់គេ ជិះឡានទៅតាមចម្ការ ដំណាំតាម ខេត្តផ្សេងៗ ពន្យល់កសិករដាំទុរេនថា ចម្ការបងនេះ ខែក្រោយវាប៉ះពាល់បែបនេះ វាខ្វះបែបនេះ ឆ្នាំក្រោយវានឹងកើតជំងឺនេះ អាចនិយាយថា កាលនោះយើងដើរទស្សន៍ទាយ ហើយអ្វីដែលខ្ញុំនិយាយ វាកើតឡើងមែន អ៊ីចឹងគេចាប់ផ្តើមស្គាល់បន្តិចម្តងៗ»។
លោកបន្តថា៖ «ខ្ញុំល្បីខ្លាំង គឺផ្ទុះរឿងដាំទុរេននៅអូរសោម ទុរេនគឺយើងមើលដឹង ខ្ញុំនិយាយពីរឿងសត្វ ល្អិតមួយទៅចុះ។ ខ្ញុំទៅដល់ ទុរេនកំពុងតែមានស្លឹកចាស់ ខ្ញុំថា២០ថ្ងៃទៀត ទុរេនហ្នឹងចេញត្រួយហើយ ហើយខែហ្នឹង ទុរេនគ្រោះថ្នាក់ទៅលើសត្វល្អិតប្រភេទអី មានជំងឺអី ពេលនោះយើងនិយាយទៅវាត្រូវ ក៏ចាប់ផ្តើមផ្ទុះតៗគ្នា។ សម័យនោះនៅអូរសោម គេអត់ដឹងថាមានទុរេនទេ ហើយផ្ទុះល្បីទូទាំងប្រទេស មានគេស្កាត់មកជួបតែម្តង បើនិយាយពីអារម្មណ៍វិញសប្បាយចិត្ត ខ្ញុំព្យាការណ៍ថា ១០ ឆ្នាំ បានគេស្គាល់ខ្ញុំ តែធ្វើបានតែ២ ទៅ៣ ឆ្នាំទេ គេស្គាល់ទៅ»។
ចេះដាំដុះទុរេនស្ទាត់យ៉ាងណាក៏ដោយ ក៏អ្នកជំនាញរូបនេះ នៅតែមិនទាន់ធ្វើការដំណាំទុរេនខ្លួនឯងនៅ ឡើយទេ ដោយលោកនៅតែបន្តបេសកម្មដើរពន្យល់ បង្រៀនកសិករដាំទុរេន តាមបណ្តាខេត្តផ្សេង លុះដល់ឆ្នាំ២០១៩ ទើបលោកចាប់ដាំដុះទុរេនដោយខ្លួនឯង នៅលើទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង ដែលជាទីកន្លែងល្បីខាងដំណាំទុរេនមានរសជាតិឆ្ញាញ់។
បើទោះបីជាទីតាំងសំឡូតល្បីថា ដីក្រហមមានជីវជាតិ ត្រូវជាមួយនឹងដំណាំទុរេនក៏ពិតមែន ប៉ុន្តែអ្នកជំនាញ ទុរេនខាងលើមិនធ្វើការដាំដុះលើដីក្រហមឡើយ ដោយលោកងាកមកដាំដុះលើដីស្រែ ឬដីឫស្សីវិញ។
លោក ស៊ឹម សុជាតិ បញ្ជាក់ពីមូលហេតុនេះដូច្នេះថា៖ «ទុរេនខ្ញុំដាំអត់ដែលដាំលើដីក្រហមទេ ព្រោះយើងក្លាយជាជើងខ្លាំង ហើយបើយើងទៅដាំនៅទីតាំងអំណោយផល មានទឹក មានដីមានជីវជាតិ ហ្នឹងគេមិនមែនហៅជើងខ្លាំងទេ ខ្ញុំដាំនៅលើដីស្រែ ដីឫស្សីព្រេចដីអត់មានទឹកទេ»។
ទាក់ទងនឹងការដាំលើដីស្រែនេះដែរ កសិករខាងលើ រៀបរាប់ពីបញ្ហាថា៖ «ជួបបញ្ហាគឺអត់ទឹក ពេលនោះខ្ញុំ បុកអណ្តូងទៀត តែអត់ចេញទឹក ខ្ញុំកាយស្រះក៏ប្រើអត់គ្រប់ តែខ្ញុំព្យាយាមដាំ ព្រោះយើងខ្វះតែទឹកទេ ហើយទុរេនឱ្យតែមានទឹក គឺដាំបាន ខ្ញុំខំច្នៃ ថែទឹក រកប្រភពទឹក បន្ថែមតិចម្តងៗ ឥឡូវដីចម្ការខ្ញុំ លែងខ្វះទឹកហើយ ទឹកដូចទន្លេអ៊ីចឹង ខ្ញុំដាំទុរេនប្រមាណ១ពាន់ដើម ខ្ញុំដឹងពីចរិតទុរេន ច្បាស់លាស់តែម្តង»។
ធ្លាប់ជាអ្នកចែករំលែកបទពិសោធន៍ បច្ចេកទេសដាំទុរេនចុះទៅដល់ទីតាំងចម្ការរបស់កសិករផ្សេង លោក ស៊ឹម សុជាតិ បានសម្លឹងឃើញពីផលវិជ្ជមានប្រព័ន្ធបណ្តាញសង្គម លោកក៏ចាប់ផ្តើមប្រើប្រាស់ទូរស័ព្ទដៃ មកធ្វើការផ្សាយផ្ទាល់ (Live) ក៏ដូចជាថតនូវវីដេអូជាច្រើន ដែលនិយាយពីការដាំដំណាំទុរេននេះ បង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកតាមរយៈឈ្មោះ ស៊ឹម សុជាតិ-SoemSochet ដែលមានអ្នកតាមដាន ប្រមាណជាង ២៦ ពាន់នាក់។
នៅលើបណ្តាញសង្គមនេះ កសិករខេត្តបាត់ដំបងខាងលើ តែងតែធ្វើវីដេអូពន្យល់ពីបច្ចេកទេសដាំដុះ របៀបមើលកូនទុរេន ការមើលថែដើម សញ្ញាគ្រោះថ្នាក់ ការព្យាបាលជំងឺ និងការធ្វើជីតាមបែបធម្មជាតិ។
លោក ស៊ឹម សុជាតិ និយាយទៀតថា ដំណាំទុរេនពិតជាមានទីផ្សារណាស់ នៅក្នុងរដូវប្រមូលផលទុរេន ម្តងៗ ឈ្មួញដែលមកពីប្រទេសជិតខាង មកទិញទុរេនពីកសិករខ្មែរយ៉ាងច្រើន។ ដោយមើលឃើញ បែបនេះហើយបានជាលោកខិតខំប្រឹងប្រែងផ្សព្វផ្សាយតាមបណ្តាញសង្គម ដើម្បីឱ្យអ្នកដាំទុរេន ទទួលបានផលកាន់តែប្រសើរ៕