ពាក់អាវយឺតកីឡាពណ៌ខៀវរំលេចរូបភពផែនដីពណ៌បៃតង និងទង់ជាតិកម្ពុជា បង់ក្លាដែស បក់រវិចៗពីក្រោយខ្នង អត្តពលិកជនជាតិបង់ក្លាដែស Saiful Islam ហៅ Shanto បានដើរចម្ងាយប្រមាណមិនតិចជាង ៣ពាន់គីឡូម៉ែត្រពីមាតុភូមិបង់ក្លាដែស ដល់ប្រទេសកម្ពុជាក្នុងខែមករានេះ។
បេសកកម្មរយៈពេល ១២ ឆ្នាំរបស់លោក ដែលគ្រោងនឹងឆ្លងកាត់ចំនួន ១៩៣ ប្រទេសជុំវិញពិភពលោកនេះ ក្នុងគោលបំណងបំផុសគំនិតមនុស្សឱ្យ «ថែរក្សាដើមឈើដើម្បីកាត់បន្ថយការឡើងកម្ដៅផែនដី និងលើកកម្ពស់ការអភិរក្សបរិស្ថាន»។ លោក Shanto ក៏សង្ឃឹមថា ការដើររាប់ពាន់គីឡូម៉ែត្រនេះ អាចជាយុទ្ធនាការទឹកចិត្តដល់របៀបរស់នៅដ៏សកម្ម ការប្រកាន់ខ្ជាប់វិន័យ និងសុខភាពល្អផងដែរ។
អត្តពលិកវ័យ ២៨ឆ្នាំរូបនេះ បាននិយាយប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «នេះមិនមែនគ្រាន់តែជាការខិតខំប្រឹងប្រែងផ្ទាល់ខ្លួនទេ វាជាបេសកកម្មមួយដើម្បីបំផុសការយល់ដឹងជាសកលអំពីការថែរក្សាព្រៃឈើ និងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ»។លោកសង្កត់ធ្ងន់ថា៖ «រាល់ជំហានដែលខ្ញុំធ្វើ គឺជានិមិត្តរូបនៃការអំពាវនាវឱ្យមានអនាគតដ៏បៃតង និងនិរន្តរភាពសម្រាប់មនុស្សជាតិទាំងអស់»។
Shanto ដែលជាអ្នកឡើងភ្នំជើងខ្លាំងមកពីស្រុក Cumilla នៃប្រទេសបង់ក្លាដែស បានចាប់ផ្តើមបេសកកម្ម «ដំណើរថ្មើរជើងជុំវិញពិភពលោក» (World Travel on Foot) នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៤ ដោយចាប់ផ្តើមពីទីក្រុងដាកា។
លោកបានរៀបរាប់ប្រាប់ភ្នំពេញប៉ុស្ដិ៍ទៀតថា៖ «ខ្ញុំបានបញ្ចប់ការធ្វើដំណើរឆ្លងកាត់បង់ក្លាដែស ឥណ្ឌា អ៊ូសបេគីស្ថាន តាហ្ស៊ីគីស្ថាន នេប៉ាល់ និងថៃរួចហើយ។ ខ្ញុំបានមកដល់ប្រទេសកម្ពុជានៅថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២៥ តាមច្រកទ្វារព្រំដែនអន្តោប្រវេសន៍ប៉ោយប៉ែត កម្ពុជា»។
ជានិស្សិតបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ Dania ជាមួយនឹងសញ្ញាបត្រភូមិសាស្ត្រ និងបរិស្ថាន រូប លោក Shanto សម្រេចចិត្តឃ្លាតពីផ្ទះសម្បែងជាងមួយទសវត្សរ៍ ដែលជាការលះបង់ដើម្បីយុទ្ធនាការបៃតង។
«ដំណើរថ្មើរជើងជុំវិញពិភពលោក» របស់លោកត្រូវបានគាំទ្រពីអាជ្ញាធរមូលដ្ឋាន និងបណ្ដាស្ថានទូតនានានៅក្នុងប្រទេសដែលលោកបានដើរឆ្លងកាត់។
យោងតាមលិខិតផ្លូវការមួយរបស់លោក Md. Saiful Islam អភិបាលក្រុង Debidwar Pourashava នៃស្រុក Cumilla ជាស្រុកកំណើតរបស់ Shanto អត្តពលិករូបនេះ បានចូលរួមក្នុងសកម្មភាពឡើងភ្នំ រត់ ដើរ និងម៉ារ៉ាតុងទាំងក្នុង និងក្រៅប្រទេសអស់រយៈពេល ៨ឆ្នាំហើយ។
លោកអភិបាលបានលើកឡើងថា៖ «គាត់បានបញ្ចប់ការប្រកួតប្រជែងការដើររបស់បង់ក្លាដែសទៅឥណ្ឌា ក្នុងឆ្នាំ ២០២២ ដោយដើរចម្ងាយសរុប ១៥០០ គីឡូម៉ែត្រ។ មុននេះផងដែរ គាត់ក៏បានធ្វើដំណើរទៅកាន់ស្រុកចំនួន ៦៤ នៃប្រទេសបង់ក្លាដែសដោយថ្មើរជើងក្នុងចម្ងាយសរុបប្រមាណ ៣ពាន់គីឡូម៉ែត្រ ដោយប្រើរយៈពេល ៧៥ ថ្ងៃ ផងដែរ»។
លោកអភិបាលបានសរសេរថា៖ «យើងកោតសរសើរចំពោះភាពក្លាហាន ការតាំងចិត្ត និងការប្តេជ្ញាចិត្តរបស់ Shanto ចំពោះសកម្មភាពកីឡា និងឆន្ទៈរបស់ក្រុមយុវជន ហើយយើងនឹងស្នើសុំឱ្យអ្នកពាក់ព័ន្ធទាំងអស់ផ្តល់ជំនួយចាំបាច់ ទាក់ទងនឹងការគាំទ្រទិដ្ឋាការ និងកិច្ចសហប្រតិបត្តិការពីនាយកដ្ឋានប៉ូលិសនៃប្រទេសផ្សេងៗគ្នា និងបញ្ហាពាក់ព័ន្ធចាំបាច់ផ្សេងទៀតក្នុងអំឡុងពេលដំណើររបស់គាត់»។
យោងតាមលោក Md. Mazharul Islam អនុប្រធានក្រុមប្រឹក្សាទេសចរណ៍បង់ក្លាដែស លោក Shanto បានធ្វើឱ្យមនុស្សជាច្រើនទន្ទឹងរង់ចាំ «ដំណើរថ្មើរជើងជុំវិញពិភពលោក» ដែលនឹងប្រើពេលជាង១ទសវត្សរ៍។
លោកលើកឡើងថា៖ «ក្នុងនាមជាអ្នកជំនាញដើរចម្ងាយឆ្ងាយ គាត់គឺជាអ្នកធ្វើដំណើរវ័យក្មេងដែលចាត់ទុកការដើរ រត់ និងឡើងភ្នំជាចំណូលចិត្តប្រចាំថ្ងៃ។ លោកបានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចការរបស់អង្គការ ដែលកំពុងដំណើរការដ៏លេចធ្លោបំផុតនៅក្នុងប្រទេសបង់ក្លាដែស និងមើលការខុសត្រូវលើក្រុមរត់ប្រណាំង 'Debidwar Runners' ដែលមានសមាជិក ៣ពាន់នាក់»។
«ការថែរក្សាព្រៃឈើដើម្បីភពផែនដី» គឺជាគោលការណ៍លើកទឹកចិត្តនៃការធ្វើដំណើរថ្មើរជើងជុំវិញពិភពលោករបស់ Shanto ដែលកំពុងស្ថិតនៅខេត្តសៀមរាបនៅចុងខែមករានេះ ក្រោយពីស្នាក់នៅរាជធានីភ្នំពេញ ដើម្បីដំណើរការឯកសារមួយចំនួន។
នៅពេលសួរនាំអំពីបទពិសោធរបស់លោកនៅកម្ពុជា ដែលជាប្រទេសទីប្រាំពីរនៃបេសកកម្មថ្មើរជើងឆ្លងកាត់ ១៩៣ ប្រទេសនេះ Shanto បានប្រាប់ភ្នំពេញប៉ុស្ដិ៍ ថា៖ «បទពិសោធន៍របស់ខ្ញុំជាមួយប្រទេសនេះ និងប្រជាជនប្រទេសនេះពិតជាអស្ចារ្យណាស់។ ដោយសារខ្ញុំភាគច្រើនដើរតាមផ្លូវភូមិ ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះភាពសាមញ្ញ និងភាពកក់ក្តៅរបស់អ្នកភូមិ»។
អត្តពលិករូបនេះបានរៀបរាប់ទៀតថា៖ «នៅពេលយប់ ខ្ញុំជាធម្មតាស្នាក់នៅវិហារអ៊ិស្លាមក្នុងភូមិ ប៉ុស្តិ៍ប៉ូលិស និងវត្តអារាម។ ប្រជាជននៅទីនោះបានផ្តល់អាហារដល់ខ្ញុំ និងបង្ហាញការរាក់ទាក់មិនគួរឱ្យជឿ ដែលខ្ញុំមិនអាចបំភ្លេចបាន។ ខ្ញុំសូមអរគុណដោយស្មោះអស់ពីចិត្តចំពោះប្រជាជនកម្ពុជាសន្តានចិត្តដ៏សប្បុរសរបស់ពួកគាត់ណាស់»។
ពេលវេលាស្នាក់នៅរបស់លោកនៅកម្ពុជាពោរពេញដោយការចងចាំល្អៗ តែលោក Shanto ក៏ជួបការលំបាកតិចតួចដែរដូចជាការស្វែងរកអាហារ និងទឹកនៅតាមផ្លូវ ជាពិសេសនៅតំបន់ដាច់ស្រយាលពុំមានផ្ទះប្រជាជន។ Shato ក៏ជួបប្រទះបញ្ហាទំនាក់ទំនងម្តងម្កាលដែរ ដោយសារបញ្ហាភាសា។លោកបានបន្តថា៖ «លើសពីនេះទៀត រថយន្តធ្វើដំណើរក្នុងល្បឿនលឿនលើដងផ្លូវ ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ពេលដើរនៅពេលខ្លះ»។
ទោះជាយ៉ាងនេះក្តី លោកនៅតែកោតសរសើរទឹកចិត្តស្រឡាញ់រាប់អាន និងបដិសណ្ឋារកិច្ចដ៏កក់ក្ដៅពីអ្នកភូមិជនបទ ដែលជាកម្លាំងចិត្តដ៏មិនងាចបំភ្លេចបាន និងជួយឱ្យរូបលោកជម្នះឧបសគ្គតាមផ្លូវនានា។
ក្នុងបេសកកម្មដើរជុំវិញពិភពលោក មកដល់ប្រទេសគោលដៅទី៧ នេះ លោក Shanto មានក្ដីរំភើបដក់ជាប់ក្នុងចិត្តក្រោយពីបានស្វែងយល់នូវប្រវត្តិសាស្ត្រ និងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបជាពិសេស ប្រាសាទអង្គរវត្ត ដែលជាបូជនីយដ្ឋានសាសនាដ៏ធំបំផុតក្នុងពិភពលោក។
អត្តពលិករូបនេះបាននិយាយថា៖ «ប្រាសាទអង្គរវត្តបានជះឥទ្ធិពលយ៉ាងខ្លាំងដល់រូបខ្ញុំ។ ភាពអស្ចារ្យ និងសារៈសំខាន់ជាប្រវត្តិសាស្ត្រនៃប្រាសាទទាំងនេះ ពិតជាគួរឲ្យកត់សម្គាល់ស្ញប់ស្ញែងណាស់។ ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា ប្រាសាទដ៏អស្ចារ្យ និងក្តីស្រលាញ់ដ៏ស្មោះស្ម័គ្ររបស់អ្នកស្រុកនឹងនៅជាមួយខ្ញុំជារៀងរហូត»។
បន្ថែមពីលើនេះ លោកសង្ឃឹមថា ភ្ញៀវទេសចរមកពីប្រទេសបង់ក្លាដែស នឹងមកទស្សនាកម្ពុជា ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏អស្ចារ្យនេះ។ ដូចគ្នាដែរ ប្រជាជនកម្ពុជានឹងស្វែងយល់អំពីប្រវត្តិសាស្ត្របង់ក្លាដែស តាមរយៈការធ្វើទេសចរណ៍ទៅកាន់ប្រទេសរបស់លោកផងដែរ។
លោក Shanto បាននិយាយថា៖ «ការផ្លាស់ប្តូរទេសចរណ៍រវាងបង់ក្លាដែស និងកម្ពុជានឹងកើនឡើង ហើយទំនាក់ទំនងដ៏រឹងមាំនឹងត្រូវបានកសាងឡើងរវាងប្រទេសទាំងពីរ។ នេះជារបៀបដែលប្រទេសទាំងពីរនឹងរីកចម្រើនជាមួយគ្នា»។
បន្ទាប់ពីកម្ពុជា គម្រោងរបស់លោកនឹងបន្តឆ្លងកាត់តំបន់អាស៊ីអាគ្នេយ៍ ដោយបន្តដើរទៅប្រទេសឡាវ វៀតណាម ម៉ាឡេស៊ី សិង្ហបុរី និងឥណ្ឌូនេស៊ី។ គោលដៅមហិច្ឆតារបស់គាត់គឺធ្វើដំណើរឆ្លងកាត់ប្រទេសទាំង ១៩៣ ក្នុងរយៈពេល ១២ ឆ្នាំ ពោលគឺបញ្ចប់នៅកំឡុងឆ្នាំ ២០៣៦។
អត្តពលិកដើរសឹកស្បែកជើងរាប់សិបគូ ដើម្បីផ្សព្វផ្សាយពីបរិស្ថានភពផែនដីរូបនេះ បានសម្ដែងចំណាប់អារម្មណ៍ថា៖ «តាមរយៈការបញ្ចប់ការដើររបស់ខ្ញុំនៅជាង១ទសវត្សរ៍ខាងមុខនេះ ខ្ញុំមានគោលបំណងជំរុញមនុស្សឱ្យមានរបៀបរស់នៅប្រកបដោយសុខភាពល្អ និងវិន័យ។ លើសពីនេះ ខ្ញុំចង់លើកកម្ពស់ការយល់ដឹងអំពីការការពារបរិស្ថាន និងសារៈសំខាន់នៃការរក្សាទុកដើមឈើ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឡើងកម្ដៅផែនដី។ គោលដៅរបស់ខ្ញុំគឺដើម្បីទុកឱ្យមានផលវិជ្ជមានទាំងលើភពផែនដី និងការរស់រានមានជីវិតរបស់មនុស្ស»៕