ភ្នំពេញៈ អ្នកនិពន្ធ​ដ៏​មាន​ប្រជាប្រិយភាព សូ ភី​ណា នឹង​​ពន្យល់​និង​ចែករំលែក​បទពិសោធ​ក្នុងការ​សរសេរ​អត្ថបទ​រឿង​ខ្លី​ នា​ខែកុម្ភៈ ឆ្នាំ​២០២៥ ខាងមុខនេះ ដើម្បី​ចូលរួមចំណែក​ក្នុងការ​លើកកម្ពស់​វិស័យ​អក្សរសាស្ត្រ​ខ្មែរ នៅ​ក្នុង​សិក្ខាសាលា​ស្តីពី «​របៀប​សរសេរ​រឿង​ខ្លី​» រៀប​ចំ​ឡើង​នៅ​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា (IFC។

​អ្នកស្រី សូ ភី​ណា ដែល​​ជា​អ្នក​បោះពុម្ព​នៅ​គ្រឹះស្ថានបោះពុម្ពផ្សាយ​កម្ពុ​មេ​រា​ផង​នោះ​ បាន​ប្រាប់​សារព័ត៌ មាន​ភ្នំពេញ​ប៉ុស្តិ៍​​ថា សិក្ខាសាលា​ខាងលើនេះ នឹង​រៀបចំឡើង​នៅ​ថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ​២០២៥ វេលា​ម៉ោង ២ ដល់​ម៉ោង ៤ រសៀល នៅ​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា (IFC) ក្នុង​គោលបំណង​ជំរុញ​ឱ្យ​អ្នក​ដែល​ស្រឡាញ់​ខាង​ផ្នែក​តែង​និពន្ធ បាន​យល់​កាន់តែច្បាស់ពី​ការសរសេរ​សាច់រឿង ជា​ប្រភេទ​​អត្ថបទ​អក្សរសិល្ប៍​រឿង​ខ្លី​។ 

អ្នកស្រី​បញ្ជាក់ថា​៖ «​នៅក្នុង​សិក្ខាសាលា​នេះ យើង​ជ្រើសរើស​សិក្ខាកាម​ចំនួន​១៥​​នាក់ ដោយសារ​យើង​​ចង់​រក្សា​គុណភាព យើង​ធ្វើឡើង​ត្រឹមតែ​រយៈពេល​២​​ម៉ោង​ប៉ុណ្ណោះ ណាមួយ​នៅក្នុង​ចំណោម​អ្នកដែល​ចូលរួម​ហ្នឹង ខ្ញុំ​ជឿថា ប្រាកដ​ជាមាន​អ្នកនិពន្ធ​ដែល​ធ្លាប់​សរសេររួច​ខ្លះ​ហើយ និង​មាន​អ្នក​ចូលចិត្ត​អាន ក៏ដូចជា​អ្នក​ចង់​សរសេរ​ផងដែរ ដែល​មក​ចម្រុះ​គ្នា​»​។ 

​នៅក្នុង​សិក្ខាសាលា​នេះ នឹងមាន​រៀបចំ​នូវ​បទ​បង្ហាញ​ស្តីពី «អ្វី​ទៅជា​រឿង​ខ្លី​?» ការណែនាំ​ខ្លី​អំពី​មូលដ្ឋានគ្រឹះ​នៃ​រចនាសម្ព័ន្ធ​រឿង​ខ្លី ដោយ​ផ្តោតលើ​ធាតុ​សំខាន់ៗ​ដូចជា​គ្រោងឆ្អឹង​រឿង​ខ្លី ការវិវត្ត​ តួអង្គ និង​ការកំណត់​ទំនាស់ និង​ដំណោះស្រាយ បន្ថែម​ពីនេះ​ក៏មាន​នូវ​ការណែនាំ និង​ដកស្រង់​សម្រង់​សម្តី​មួយ​ចំនួន​ពី​​អ្នកនិពន្ធ​រឿង​ខ្លីទាំង​នៅក្នុង​ប្រទេស​កម្ពុជា និង​នៅ​ជុំវិញ​ពិភពលោក និង​ការអនុវត្ត​លំ​ហាត់​ទាក់ទងនឹង​រឿង​ខ្លី​ផងដែរ​។​

អ្នកនិពន្ធ សូ ភី​ណា បញ្ជាក់​បន្ថែមថា បទ​បង្ហាញ​ខាងលើនេះ​នឹង​ធ្វើឱ្យ​សិក្ខាកាម​ទាំងអស់​បានដឹងថា តើ​អ្នកនិពន្ធ​រឿង​ខ្លី​រូប​ណា មាន​លក្ខណៈពិសេស​អ្វីខ្លះ​, រឿង​ខ្លី​ដែល​គាត់​អាន​មាន​លក្ខណៈសម្បត្តិ​អ្វីខ្លះ​, និង​ស្ថិតនៅក្នុង​បែបបទ​ណា​, ដែល​ចំណុច​ទាំងនេះ នឹង​នាំឱ្យ​ពួកគាត់ បាន​យល់​អំពី​លំនាំ​នៃ​ការសរសេរ រឿង​ខ្លី និង​ឈានដល់​ការចាប់ផ្តើម​ធ្វើការ​សរសេ​រ ដែល​ជាការ​បំផុសគំនិត​សម្រាប់​ការបង្កើត​សាច់រឿង​។ 

អ្នកនិពន្ធ សូ ភីណា និងអ្នកគាំទ្រ ក្នុងកម្មវិធី តាំងពិព័រណ៍សៀវភៅ។សហការី

នៅក្នុង​សិក្ខាសាលា «​របៀប​សរសេរ​រឿង​ខ្លី​» ​​នេះ​ក៏មាន​ប​ញ្ជូ​ល​នូវ​ប្រធានបទ​មួយទៀត​ផងដែរ គឺ​ទំនាក់ទំនង​បែប​វិជ្ជមាន ដែលជា​កា​រប​ញ្ជូ​ល​នូវ​គំនិត​របស់​អ្នកនិពន្ធ​ទៅក្នុង​ស្នាដៃធ្វើយ៉ាងណា​មិនឱ្យ ប៉ះពាល់​ដល់​សង្គម ស្របពេលដែល ​ទិវាបុណ្យនៃ​ក្តី​​ស្រឡាញ់ ១៤ កុម្ភៈ ជិតចូលមកដល់ផងដែរ​។ 

អ្នកនិពន្ធ សូ ​ភី​ណា​ បាន​សម្គាល់ថា​៖ «​មួយរយៈ​នេះ ខ្ញុំ​ឃើញ​មាន​អក្សរសិល្ប៍ ដែល​វា​ឆ្លុះបញ្ចាំង​អំពី អំពើ​ហិង្សា​ផ្លូវភេទ​ទៅលើស្ត្រី​ច្រើន ដែល​មិន​បង្ហាញ​ការអនុញាត​ពី​តួ​ស្រី​មុន តួ​ប្រុស​ទៅ​ចាប់ឱប​គេ​ហើយ បាន​តួ​ស្រី​ហ្នឹង​រុញច្រានវិញ»។

តាមរយៈ​សាច់រឿង​តែងនិពន្ធ​បែប​នេះ អ្នកស្រី​បាន​គូសបញ្ជាក់ថា៖ «អ៊ីចឹង​វា​បង្ហាញ​ពី​វប្បធម៌​ចាប់រំលោភ ឬ​ចាប់បង្ខំ គ្មាន​ការអនុញាត ខ្ញុំ​ចង់​ផ្តោតទៅលើ​អត្ថន័យ​ហ្នឹង ដើម្បីឱ្យ​អ្នកចូលរួម (សិក្ខាកាម​) មាន​អារម្មណ៍​អំពី​មនោសញ្ចេតនា គាត់​ត្រូវ​ដឹងថា ទំនាក់ទំនង​បែប​វិជ្ជមាន​គេ​សរសេរ​បែប​ម៉េច​ មិនមែន​ត្រូវតែ​ចាប់​គេ​បាន​មុន ថើប​គេ​មុន​ទេ ការសរសេរ​បែបនេះ វា​អត់​ល្អ វា​ប៉ះពាល់​ដល់​សង្គម វា​ដូចជា​​លើកទឹកចិត្ត ឱ្យមាន​ការចាប់​បង្ខំ ចាប់​រំលោភ​​គេ​»​។ 

ប្រកប​អាជីព​ជា​អ្នកនិពន្ធ​ជាង​១២​ឆ្នាំ និង​ចូលចិត្ត​សរសេរ​រឿង​ខ្លី អ្នកនិពន្ធ​ពូកែ​វោហា​រូបនេះ​យល់​ឃើញ ថា បច្ចុប្បន្ន ការសរសេរ​រឿង​ខ្លី​ក្នុងប្រទេស​កម្ពុជា នៅមានកម្រិត​តិចតួច​នៅឡើយ ដោយ​មាន​ស្ថាប័ន និង​គ្រឹះស្ថាន​ប្រមាណ​ ៤ ទៅ ៥​ ប៉ុណ្ណោះ ដែល​បន្ត​ស្នាដៃ​បោះពុម្ព​កម្រង​រឿង​ខ្លី ដូចជា កម្ពុជ​មេ​រា និង​មន្ត​ទឹកខ្មៅ​ជាដើម​។ 

អ្នកស្រី សូ ភីណា ចូលរួមកម្មវិធីមហោស្រព អក្សរសិល្ប៍ខ្មែរលើកទី៥។ សហការី

​ទោះជា​យ៉ាងណា អ្នកនិពន្ធ​​ សូ ភី​ណា យល់ថា សិក្ខាសាលា​ស្តីពី «​របៀប​សរសេរ​រឿង​ខ្លី​»​​ នេះ​នឹង​ក្លាយ ជា​ផ្នែក​មួយ​ក្នុងការ​ជំរុញ​ និង​លើកកម្ពស់​វិស័យ​តែង​និពន្ធ​នៅក្នុង​ប្រទេស​កម្ពុជា ដ្បិត​សិក្ខាសាលា​នេះ នឹង​ជួយ​ឱ្យ​ពួកគាត់​អាច​សរសេ​ពី​រឿង​ខ្លី​បាន និង​អាច​ពង្រីក​ចំណេះដឹង​ពួកគាត់​ឈានទៅ​សរសេរ​អត្ថបទ​វែង​បន្ថែមទៀត​។ 

អ្នកស្រី សូ ភីណា បានលើកឡើង​ថា៖ ​«​ខ្ញុំ​ជឿថា ពួក​គាត់​យល់​ពី​របៀប​សរសេរ ពួកគាត់​នឹងមាន​ទំនុកចិត្ត​ក្នុងការ​សរសេរ មែនទែន​ការសរសេរ រឿង​ខ្លី និង​រឿង​វែង​មិនសូវ​ខុសគ្នា​ប៉ុន្មាន​ទេ របៀប​សរសេរ និង​ទ្រឹស្តី​ស្រដៀងៗ​គ្នា ពួកគាត់​សរសេរ​រឿង​ខ្លី អាច​ឈ្វេ​ង​យល់​ដោយ​ខ្លួនឯង អាច​សរសេរ​រឿង​វែង​បាន»​។ 

អ្នកនិពន្ធរូបនេះ​បន្ត​ថា៖ «ដូច្នេះ​នៅពេលដែល​គាត់​សរសេរ​ច្រើន លទ្ធភាព​ក្នុងការ​បោះពុម្ព​កាន់តែច្រើន មានការ​គាំទ្រ​ច្រើន មាន​អ្នកអាន អ៊ីចឹង​ វា​ចូលរួម​នៅក្នុង​សម្រួច​អក្សរសិល្ប៍​ខ្មែរ​ឱ្យមាន​ភាពរស់រវើក​ជាងមុន។ កាលណា​វា​មាន​អ៊ីចឹង នាំឱ្យមាន​ចរន្ត​សេដ្ឋកិច្ច និង​ការគិតគូរ​ស៊ីជម្រៅ ហើយ​​វា​ក៏​​អាស្រ័យ​លើ​អក្សរសិល្ប៍​របស់​អ្នកនិពន្ធ​ហ្នឹង​ផង​ដែរ​»​៕