​ភ្នំពេញ៖ នៅពេលដែលចំនួន​​ប្រជាជន​វ័យ​ចំណាស់កាន់តែ​កើនឡើង​ ប្រទេស​កម្ពុជា​ក៏​​ប្រឈមមុខ​នឹង​បញ្ហា​​ជាច្រើន​ទាក់ទង​នឹង​សុខុមាលភាព​សង្គម និង​សេដ្ឋកិច្ច​របស់​មនុ​ស្ស ចា​ស់​។​

យោងតាម​គេហទំព័រ Population Trends Asia Pacific បានឱ្យដឹងថា៖ «​ចំនួន​ប្រជាជន​សរុបរបស់​កម្ពុជា​​ដែលមាន​អាយុ​ចាប់ពី ៦០ ឆ្នាំ​ឡើង​ប្រហែល ១,៧​ លាន​នាក់ ឬ​ស្មើរ​នឹង ១០ភាគរយ​ នៃ​ចំនួន​ប្រជាជន​សរុប​របស់​ប្រទេស​ក្នុង​ឆ្នាំ២០២៣​»។​

ខណៈចំនួន​ប្រជាជន​កម្ពុជា​ត្រូវបាន​ព្យាករណ៍​ថា​នឹង​កើនឡើង​ដល់ ២១,៩​ លាន​នាក់​នៅ​ឆ្នាំ២០៥០​ ជាមួយ​នឹង​សមាមាត្រ​នៃ​បុគ្គល​ដែលមាន​អាយុ​ចាប់ពី ៦០​ ឆ្នាំ​​​កើនឡើងដល់២១ភាគរយ​ ឬជាង ៤​លាន​នាក់​ ដែល​ឆ្លុះបញ្ចាំង​ពី​និន្នាការ​ក្នុង​តំបន់​ទូលំទូលាយ​នៃ​ប្រជាជន​វ័យ​ចំណាស់​។

​ក្នុងចំណោម​អ្នក​​​ងាយ​រងគ្រោះ​បំផុត​គឺ​ស្ត្រី​វ័យ​ចំណាស់ ដែល​ភាគច្រើន​នៅតែ​បន្ត​ប្រឈម​​អសន្តិសុខ​ផ្នែក​ហិរញ្ញវត្ថុ ភាព​ឯកោ និង​ការទទួលបាន​ការថែទាំ​សុខភាព ក៏ដូចជា​​ការគាំទ្រ​សង្គម​មាន​កម្រិត​។​

សម្រាប់​ស្ត្រី​វ័យ​ចំណាស់​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា សន្តិសុខ​សេដ្ឋកិច្ច​នៅតែ​ពិបាក​យល់ យោងតាម​របាយការណ៍​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) Aging Well in Asia: Asian Development Policy Report ស្ត្រី​​​អាយុ​លើសពី ៦៥​ ឆ្នាំ​ត្រូវបាន​រង​ផលប៉ះពាល់​ដោយ​ភាព​ងាយ​រងគ្រោះ​ផ្នែក​សេដ្ឋកិច្ច ជាពិសេស​នៅ​តំបន់​ជនបទ​។​

​របាយការណ៍​នេះ​បាន​បន្តថា​៖ «៩៤ ភាគរយ​នៃប្រជាជន​​​​អាយុ​ចាប់ពី ៦៥ ឆ្នាំ​​​ក្នុងប្រទេស​កម្ពុជា​​ធ្វើការ​ក្នុង​វិស័យ​ក្រៅ​ប្រព័ន្ធ ដោយ​មិនមាន​ប្រាក់​សោធន​និវត្តន៍ ឬ​ការ​គាំពារ​សង្គម​ពេញលេញ​»​។​

​ស្ថិតិ​នេះ​ដែល​ត្រូវបាន​គូសបញ្ជាក់​នៅក្នុង​របាយ​ការណ៍​បង្ហាញ​ពី​ស្ថាន​ភាពមិនច្បាស់លាស់​រប​ស់​ស្ត្រី​វ័យ​ចំណាស់​ជាច្រើន​ដែល​ខ្វះ​ឯករាជ្យភាព​ផ្នែក​ហិរញ្ញវត្ថុ​។​

របាយការណ៍​នេះ​បាន​កត់សម្គាល់ថា៖ «​បុគ្គល​ធ្វើការ​​ក្រៅប្រព័ន្ធអាយុ​លើស​ ៦០​ឆ្នាំ​​​​ត្រូវ​ខាត​បង់ប្រាក់​ឈប់សម្រាក ការធានារ៉ាប់រង ឬ​ការការពារ​ផ្សេងទៀត​ ដូចជា​ថ្លៃព្យាបាល​​ជំងឺ និង​របួស ប្រាក់ឧបត្ថម្ភ​ពិការភាព ឬ​ប្រាក់​សោធន​និវត្តន៍។ ស្ត្រី​ជារឿយៗ​មិនមាន​ជម្រើស​អ្វី​ក្រៅពី​បន្ត​ធ្វើការ​ដរាបណា​សុខភាព​របស់​ពួកគេ​អំណោយ​ផង​»​​។ 

​នៅពេលដែល​រចនាសម្ព័ន្ធ​គ្រួសារ​បែប​ប្រពៃណី​បាន​រលត់ទៅវិញ ហើយ​មនុស្ស​ជំនាន់​ក្រោយ​ប្រឈមមុខ​នឹង​សម្ពាធ​ផ្នែក​ហិរញ្ញវត្ថុ​កាន់តែខ្លាំង ការពឹង​ផ្អែកលើ​ការចំណូល​​គ្រួសាររបស់​ស្ត្រី​វ័យ​ចំណាស់​ជាច្រើនក្លាយ​ជា​ជន​ងាយរង​គ្រោះ​ចៀស​មិន​ផុត​​​។​

លោក តូច ចាន់នី អ្នកនាំពាក្យ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​ឱ្យដឹង​ថា ក្រសួង​សហការ​ជាមួយ​នាយកដ្ឋាន​មនុស្ស​ចាស់ និង​អតីតយុទ្ធជន បន្ត​យកចិត្តទុកដាក់​លើ​ការលើកកម្ពស់​សុខុមាល​ភាព​របស់​បុគ្គល​ចាស់ជរា តាមរយៈ​គំនិត​ផ្តួចផ្តើម​ផ្សេងៗ​។​

លោក ចាន់នី បាន​ថ្លែង​ថា៖ «​​កម្មវិធី​ទាំងនេះ​រួមមាន​កម្មវិធី​អភិវឌ្ឍន៍​សហគមន៍ ការពង្រឹង​សមាគម​មនុស្ស​ចាស់​ឃុំ សង្កាត់ និង​ការចែករំលែក​បទពិសោធ​ន៍​រវាង​មនុស្ស​ចាស់ និង​ក្មេងជំនាន់ក្រោយ ដើម្បី​ត្រៀមខ្លួន​សម្រាប់​ភាព​ចាស់»​។​

លោក​បាន​បន្តថា កិច្ចខិតខំ​ប្រឹងប្រែង​ត្រូវបាន​ធ្វើឡើង​ដើម្បី​កៀរគរ​ដៃគូ​អភិវឌ្ឍន៍ និង​សប្បុរសជន​ដើម្បី​ជួយ​ដល់​ជន​ចាស់ជរា​ក្រីក្រ​ក្នុង​សហគមន៍​។​

ក្រសួង​គាំទ្រ​ការអនុវត្ត​គោលនយោបាយ​ជាតិ​មនុស្ស​ចាស់​ឆ្នាំ ២០១៧-២០៣០ និង​ផែនការ​សកម្មភាព ២០២១-២០២៥ ខណៈដែល​បន្តធ្វើ​ការកែ​សម្រួល​គោលការណ៍​ណែនាំ​សម្រាប់​ការបង្កើត និង​គ្រប់គ្រង​សមាគម​មនុស្ស​ចាស់​។​

គំនិត​ផ្តួចផ្តើមដទៃ​ទៀត ​ដូចជា ​សមាគម​មនុស្ស​ចាស់​អន្តរ​ជំនាន់ (IOPAs) មាន​បេសកកម្ម​ជួយ​មនុស្ស​ចាស់ ជាពិសេស​ស្ត្រី ឱ្យ​ទទួលបាន​​ស្ថិរភាព​សេដ្ឋកិច្ច និងគាំពារ​ពី​​សង្គម​។​

នៅក្នុង​ការផ្លាស់ប្តូរ​មួយ កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ (UNDP) បាន​ចាប់​ដៃគូ​ជាមួយ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា (MoSYV) និង HelpAge Cambodia ដើម្បី​សាកល្បងកម្មវិធី​​គំរូ​ថ្មី​មួយ​ក្នុង​គោលបំណង​លើក​កម្ពស់​​មនុស្ស​ចាស់​នៅ​កម្ពុជា​។​

យោងតាម​អង្គការ HelpAge Cambodia បានឱ្យដឹងថា៖ «​​គំនិត​ផ្តួចផ្តើម​នេះ សមាគម​មនុស្ស​ចាស់​អន្តរ​ជំនាន់ (IOPAs) រួមបញ្ចូល​សមាគម​មនុស្ស​ចាស់​ (OPAs) ជាមួយ​ស្ថាប័ន​សាសនា ជាពិសេស​វត្ត​អារាម សហការ​គ្នា​ផ្ដល់​សិទ្ធិ​អំណាច​ និងផ្ដល់​​ការគាំទ្រ​ពី​​មនុស្ស​ជំនាន់​ក្រោយ​»។​

កម្មវិធី​សាកល្បង ដែល​បច្ចុប្បន្នកំពុង​ត្រូវបាន​អនុវត្ត​នៅក្នុង​ខេត្ត​ផ្សេងៗ បានបង្ហាញ​លទ្ធផល​ដ៏​ជោគជ័យ ជាពិសេស​នៅតាម​តំបន់​ជនបទ ដែល​មនុស្ស​ចាស់​ជាច្រើន​ប្រឈមមុខ​នឹង​ភាព​ងាយ​រងគ្រោះ​ដោយសារ​ភាព​ឯកោ ភាពក្រីក្រ និង​ការថយចុះ​នៃ​ប្រព័ន្ធ​គាំទ្រ​គ្រួសារ​ប្រពៃណី​។​

ការផ្តល់អំណាច​ដល់​ស្ដ្រី​ចំណាស់​​តាមរយៈ​ឯករាជ្យភាព​ផ្នែក​ហិរញ្ញវត្ថុ​

​រឿង​ជោគជ័យ​មួយ​គឺលោកយាយ សាយ គា អាយុ ៧០​ឆ្នាំ សមាជិក​សមាគម​មនុស្ស​ចាស់​អន្ដរជំនាន់​ភូមិ​ល្វា បាន​ចែករំលែក​ពី​របៀប​ដែល​ជីវិត​របស់​លោក​យាយ​​បាន​ផ្លាស់ប្តូរ​បន្ទាប់ពី​បាន​ចូលរួម​ជាមួយ OPA​។​

លោក​យាយ​បាន​ឱ្យ​ដឹង​ក្នុង​វីឌេអូ​បទសម្ភាសរបស់ UNDP Cambodia ដោយ​បាន​និយាយថា៖ «​អ្វីៗ​បាន​ផ្លាស់ប្តូរ​នៅពេលដែល​ខ្ញុំ​ក្លាយជា​សមាជិក​នៃ​សមាគម​មនុស្ស​ចាស់​នៅក្នុង​សហគមន៍»​។​

​តាមរយៈ OPA លោក​យាយ​ គា​ ទទួលបាន​មូលនិធិ​កម្ចី​បង្វិល ដែល​អ្នកស្រី​​ប្រើ​ប្រាស់​ក្នុងការ​​ដាំដុះ​បន្លែ​​​ដើម្បី​លក់ដូរ​ចិញ្ចឹម​ជីវិត​​​។​

ជំនួយ​ហិរញ្ញវត្ថុ​ដែល​លោកយាយ​​ទទួលបាន​បាន​ជួយ​ដូនចាស់ និងប្ដី​ចំណាស់​​ឱ្យ​រីកចម្រើន​អាជីវកម្ម​ បង្កើត​ប្រាក់ចំណូល និង​ធានាថា ពួកគេ​​មាន​ប្រាក់​សន្សំ​សម្រាប់​ទាំង​ការសង្គ្រោះ​បន្ទាន់​ផ្នែក​សុខភាព និង​ធ្វើ​បុណ្យ​ធ្វើ​ទាន​តាម​ជំនឿ​​សាសនា​។​

សិក្ខាសាលាក្រៅអគារនៅថ្ងៃទី៣ ខែមករា UNDP និងរដ្ឋាភិបាលអូស្ត្រាលីបានគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សុខុមាលភាពមនុស្សចាស់។ រូបថត UNDP Cambodia

​លោកយាយ​ គា បាន​និយាយ​ទាំង​ញញឹម​ថា​៖ «​ខ្ញុំ​មិន​បារម្ភ​ពេល​ខ្ចីលុយ​ពី​សមាគម​ទេ ព្រោះ​ខ្ញុំ​អាច​សង​គេ​វិញ​បាន​យ៉ាង​ងាយ​ក្រោយ​រយៈពេល​ប្រាំ​មួយខែ​»​។​

​​យោងតាម HelpAge Cambodia លោកយាយ សុខ ខេង ស្ត្រី​មេម៉ាយ​អាយុ ៧៤​ ឆ្នាំ ដែល​បាន​បាត់បង់​ផ្ទះ និង​ដី ដើម្បី​បង់ថ្លៃ​ព្យាបាល​ប្តី​​ ការគាំទ្រ​ពី​អង្គការ OPA គឺជា​ខ្សែជីវិតថ្មី​។​

​រស់នៅ​ក្រោមផ្ទះ​អ្នកជិតខាង និង​រស់រានមានជីវិត​ដោយ​ប្រាក់ឧបត្ថម្ភ OPA តិចតួច លោកយាយ​ ខេង​ អាចបំពេញ​តម្រូវការ​ជា​មូលដ្ឋាន​ រួមទាំង​អាហារ ទីជម្រក និង​ការថែទាំ​សុខភាព​។​

លោកយាយ​បាន​ឱ្យដឹងថា​៖ «​​សមាជិក OPA មកជួប​ខ្ញុំ​ជា​រៀងរាល់ថ្ងៃ ហើយ​សួរ​អំពី​សុខភាព​របស់ខ្ញុំ​។ ឥឡូវនេះ​ជាមួយនឹង OPA ខ្ញុំ​មាន​លុយ​ខ្លះ​ដើម្បី​ទិញ​អាហារ កន្លែង​រស់នៅ និង​ស្ថានភាព​សុខភាព​កាន់តែ​ប្រសើរឡើង​»​។​

ជំងឺមិនឆ្លង​៖ វិបត្តិ​សុខភាព​ស្ងាត់​

​ខណៈពេលដែល​បញ្ហា​ប្រឈម​ផ្នែក​សេដ្ឋកិច្ច​នៅតែ​បន្ត​កើតមាន សុខភាព​របស់​ប្រជាជន​កម្ពុជា​ដែលមាន​វ័យ​​ចំណាស់ ជាពិសេស​ស្ត្រី នៅតែ​ជា​កង្វល់​ធំ​មួយទៀត​។​

​ជំងឺមិនឆ្លង (NCDs) មាន​ចំនួន ៦៤​ភាគរយ​នៃ​ការស្លាប់​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា ដែលមាន​ជំងឺ​សរសៃឈាម​បេះដូង មហារីក ជំងឺ​ផ្លូវដង្ហើម​រ៉ាំរ៉ៃ និង​ជំងឺ​ទឹកនោមផ្អែម គឺជា​មូលហេតុ​ចម្បង។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​ការិយាល័យ​ប្រចាំ​តំបន់​របស់​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច និង UNDP ក្នុង​ឆ្នាំ២០១៩​​។​

​របាយការណ៍​បាន​ឱ្យដឹង​ថា៖ «​ជំងឺមិនឆ្លង​ប៉ះពាល់​ដល់​បុគ្គល​នៅ​គ្រប់​ក្រុម​អាយុ​ទាំងអស់ ប៉ុន្តែ​អ្នក​ដែលមាន​អាយុ​ពី ៣០ ទៅ ៧០ ឆ្នាំ​ប្រឈម​នឹង​ហានិភ័យ ២៣ភាគរយ​ នៃ​ការស្លាប់​»។​

កត្តា​ហានិភ័យ​សំខាន់ៗ ​រួមមាន​ការប្រើប្រាស់​ថ្នាំជក់ ​​គ្រឿង​ស្រវឹង​ដែល​បង្ក​គ្រោះថ្នាក់ របប​អាហារ​មិនល្អ អសកម្ម​រាងកាយ និង​បញ្ហា​មេតាបូលីស ដូចជា​សម្ពាធ​ឈាម​ខ្ពស់ និង​កូ​លេ​ស្តេ​រ៉ុល​ជាដើម​។​