​ភ្នំពេញ៖ អស់​ជាច្រើន​សតវត្ស​មកហើយ សិល្បៈ ​អាយ៉ង​ស្រមោល​ខ្មែរ ឬ​ល្ខោន​ស្បែក​ធំ និង​ស្បែ​ក​តូច គឺជា​ផ្នែក​សំខាន់​មួយ​នៃ​អត្តសញ្ញាណ​វប្បធម៌​របស់​កម្ពុជា​។​

ទម្រង់​នៃ​ការនិទាន​រឿង​បែប​ប្រពៃណី​នេះ ដោយ​ប្រើ​អាយ៉ង​ស្បែកទាញ​ចលនា​កាយវិកា​ បំភ្លឺ​ពី​ផ្ទៃ​ខាងក្រោយដោយ​ពន្លឺ​ភ្លើង​​បាន​ទាក់ទាញ​ទស្សនិកជន​ជាច្រើន​ជំនាន់​។​

ទោះបីជា​យ៉ាងណាក៏ដោយ ក្នុង​ប៉ុន្មាន​ទសវត្សរ៍​ថ្មីៗ​នេះ សិល្បៈ​ខ្មែរ រួមទាំង​អាយ៉ង​ស្រមោល បាន​តស៊ូ​ដើម្បី​រស់រានមានជីវិត ដោយសារតែ​ទំនើបភាវូបនីយកម្ម ការធ្លាក់ចុះ​នៃ​ការគាំទ្រ​ផ្នែក​វប្បធម៌ និង​ផលប៉ះពាល់​ដ៏​អាក្រក់​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​។​

ឥឡូវនេះ ការខិតខំ​ប្រឹងប្រែង​កំពុងដំណើរការ ដើម្បី​នាំយក​សិល្បៈ​ទាំងនេះ ឱ្យ​វិល​មករក​ការចាប់អារម្មណ៍ ​ចូល​ទស្សនា ​ទាំង​ភ្ញៀវទេសចរ និង​ប្រជាជន​កម្ពុជា​ដូចគ្នា​។​

លោក Paul Glew អ្នករៀបចំ​កម្មវិធី SpeakEasy ​ជា​អ្នកគាំទ្រ​សិល្បៈ​ដ៏​ធំ​តាំងពី​ចាប់ផ្តើម​នៅ​ឆ្នាំ ២០២០​ ដែល​ផ្តោត​សំខាន់​លើ​រឿង​កំប្លែង និង​ល្ខោននិយាយ​ភាសា​អង់គ្លេស ​បាន​និយាយថា លោក​ស្គាល់​សិល្បៈ​សុវណ្ណ​ភូមិ​ជាច្រើន​ឆ្នាំ​មកហើយ​។​

Photo: Phnom Penh Post

លោក​បាន​និយាយថា​៖ «យើង​បាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ពួកគេ​ឡើងវិញ​កាលពី​ឆ្នាំមុន ដោយសារ​យើង​មើលឃើញ​ពី​តម្រូវការ​ពិតប្រាកដ​ក្នុងការ​ផ្សព្វផ្សាយ​សិល្បៈ​ខ្មែរ​សម្រាប់​ភ្ញៀវទេសចរ និង​ប្រជាជន​កម្ពុជា​ដូចគ្នា»​។​

លោក​បន្ដថា​៖ «​យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា រឿងនេះ​នឹង​អាចឱ្យ​ជនបរទេស​បាន​មើលឃើញ​ពី​ល្ខោនខោល និង​ល្ខោន​ស្រមោល​ស្បែក​ពិតប្រាកដ​របស់​ខ្មែរ គឺជា​វិធី​ដ៏​ល្អ​មួយ​ក្នុង​ការបិទ​គម្លាត​នោះ ព្រោះ​វា​មិន​ពឹង​ផ្អែកលើ​ភាសា​ក្នុង​ការនិយាយ​រឿង​នោះទេ»​។​

​អាយ៉ង​ស្រមោល​ខ្មែរ មាន​ដើមកំណើត​នៅ​សម័យអង្គរ ហើយ​ត្រូវបាន​ចាត់ទុកជា​សិល្បៈ​ដ៏​ពិសិដ្ឋ​តាំងពី​យូរយារ​ណាស់​មកហើយ​។​
​ការសម្តែង​បង្ហាញ​អំពី​រឿង​រាមកេរ្តិ៍ លាយឡំ​របាំ តន្ត្រី និង​ការ​និទានរឿង​ឱ្យទៅជា​ទស្សនីយភាព​ដ៏​ទាក់ទាញ​។​

ទោះបី​ជាមាន​សារៈសំខាន់​ជា​ប្រវត្តិសាស្ត្រ​ក៏ដោយ ទម្រង់​សិល្បៈ​បាន​ប្រឈមមុខ​នឹង​បញ្ហា​ដោយសារ​ភាពចលាចល​ន​យោ​បាយ សង្គ្រាម និង​ការផ្លាស់ប្ដូរ​ចំណាប់អារម្មណ៍​ទស្សនិកជន​។​

ការតស៊ូ​ដើម្បី​ទ្រទ្រង់​ការសម្តែង​ទាំងនេះ​មិន​ត្រឹមតែ​ជាការ​បាត់បង់​សម្រាប់​សិល្បករ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សម្រាប់​វប្បធម៌​ខ្មែរ​ខ្លួនឯង​ដែរ​។​

Photo: Phnom Penh Post

បើ​គ្មាន​ការជួយជ្រោមជ្រែង​យ៉ាងសកម្ម​ទេ មនុស្ស​ជំនាន់​ក្រោយ​ប្រហែលជា​មិនអាច​ជួបប្រទះ​ភាពស្រស់ស្អាត​នៃ​បេតិកភណ្ឌ​របស់​ពួកគេ​បានទេ​។​

លោក ម៉ាន់ កុសល ដែលជា​ស្ថាបនិក និង​ជា​ប្រធាន​សមាគម​សិល្បៈ​សុវណ្ណ​ភូមិ បានឱ្យដឹងថា​៖ «​ជាធម្មតា​អ​ម្បុ​រ​មនុ​ស្សគឺ​គោរព​អ្វីដែល​នៅ​សេសសល់ គោរព​អ្វីដែល​ធ្វើឱ្យ​មនុស្ស​មាន​សន្តិភាព ដូច្នេះ​សិល្បៈ​ស្បែក​តូច វា​ជា​គ្រឹះ​មួយ​ដែល​ជួយ​ឱ្យ​មនុស្ស​មាន​សន្តិភាព ព្រោះ​ប្រភេទ​សិល្បៈ​ទាំងអស់​គឺ​មិន​ដែលមាន​សិល្បៈ​ណា​ដែល​នាំឱ្យមាន​សង្គ្រាម ប៉ុន្តែ​យើង​មាន​មោទនភាព​ខ្ពស់​ក្នុង​ការដែល​យើង​កើត​មកជា​ខ្មែរ ហើយ​ការ​បន្សល់ទុក​ពី​ដូនតា​យើង​គឺជា​ល្ខោនស្បែក​តូច​»​។ 

​លោក​បន្ដថា​៖ «​អ៊ីចឹង​សារៈសំខាន់​សម្រាប់​ពួកយើងខ្ញុំ​គឺជា​កេរដំណែល​របស់​ដូនតា ហើយ​យើង​ត្រូវតែ​ធ្វើការ​ផ្សព្វផ្សាយ​ដំណែល​ដូនតា​របស់​សាច់ឈាម​យើង​នេះ​ទៅ​ក្មេងជំនាន់ក្រោយ​ទៀត ព្រោះ​វា​មិន​នាំឱ្យ​យើង​កើតសង្គ្រាម​ទេ គឺ​វា​នាំឱ្យ​យើង​មាន​សន្តិភាព​»​។​

ថ្វីត្បិតតែ​មាន​ឧបសគ្គ​ទាំងនេះ​ក៏ដោយ ក៏​ការតស៊ូ​ដើម្បី​សិល្បៈ​ខ្មែរ​នៅតែ​បន្ត​។ ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះទៅមុខ​គឺ​ការសហការ​ថ្មី​រវាង ​សិល្បៈ​សុវណ្ណ​ភូមិ និង SpeakEasy Theatre ក្នុង​ទីក្រុង​ភ្នំពេញ ដែល​ឥឡូវនេះ​រៀបចំ​ការសំដែង​អាយ៉ង​ស្រមោល​ប្រចាំ​សប្តាហ៍​នៅ The Box Office ។​

Photo: Phnom Penh Post

លោក Glew បាន​និយាយថា​៖ «​ការធ្វើ​អាយ៉ង​ស្រមោល​គឺជា​វិធី​ដ៏​ល្អ​មួយ​ក្នុងការ​កាត់បន្ថយ​គម្លាត​វប្បធម៌​។ ​វា​មិន​ពឹង​ផ្អែកលើ​ភាសា​ទេ វា​ជាការ​និទានរឿង​ក្នុង​ទម្រង់​ដ៏​បរិសុទ្ធ​បំផុត ដោយ​ប្រើ​ចលនា តន្ត្រី និង​សិល្បៈ​ដែល​មើលឃើញ​។ យើង​ចង់​ឲ្យ​ប្រជាជន​កម្ពុជា និង​ជនបរទេស​ទទួលបាន​បទពិសោធន៍​»​។​

ការសម្តែង​ទាំងនេះ​មាន​រយៈពេល ៥០ នាទី​ម្តង ក្នុង​គោលបំណង​បង្ហាញ​ឡើងវិញ​នូវសិល្បៈ​​ខ្មែរ និង​សិល្បៈ​ប្រពៃណី​ផ្សេងទៀត​ដល់​ទស្សនិកជន​ជំនាន់​ថ្មី ធានាថា ​ប្រពៃណី​មិន​រសាយ​ទៅជា​ប្រវត្តិសាស្ត្រ​ឡើយ​។​

ប្រាក់ចំណូល​ដែល​បានមកពី​ការលក់​សំបុត្រ គឺ​ប្រគល់ជូន​ដល់ សុ​វណ្ណា​ភូមិ សិល្បៈ និង​និស្សិត​ដោយផ្ទាល់ ដោយ​ផ្តល់ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ដែល​ត្រូវការ​ច្រើន​ដល់​សិល្បករ ដែល​បាន​ឧទ្ទិស​ដល់​សិប្ប​កម្មនេះ​។​

សម្រាប់​អ្នក​ដែល​ចង់ឃើញ​ការ​រស់​ឡើងវិញ​ដ៏​អស្ចារ្យ​នេះ និង​គាំទ្រ​សិល្បៈ​ខ្មែរ ការបើក​សម្ពោធ​ចាប់ផ្តើម​ថ្ងៃ​សុក្រ​នេះ ហើយ​ដំណើរការ​រៀងរាល់ថ្ងៃ​សុក្រ​ សំបុត្រ​អាច​រក​ទិញ​បាន​តាម​អ៊ីនធឺណិត​នៅ www.theboxofficephnompenh.com/events៕​