​ភ្នំពេញៈ វិចិត្រករ​ជើងចាស់ និង​ល្បីឈ្មោះ​លើ​ឆាក​អន្តរជាតិ លោក ព្រហ្ម វិចិត្រ បាន​ចំណាយ​ពេលវេលា និង​ថវិកា​ផ្ទាល់ខ្លួន​បើក​អង្គការ​មួយ​ឈ្មោះថា «​វិចិត្រករ​ខ្មែរ ដើម្បី​កុមារ​» ដើម្បី​បង្ហាត់បង្រៀន​កុមា​រលើ​ជំនាញ វិចិត្រកម្ម ដែល​គិត​មកដល់ពេលនេះ​មាន​ចំនួន​ប្រមាណ ៥០០ នាក់​។

លោក ព្រហ្ម វិចិត្រ ប្រាប់​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅក្នុង​អំឡុង​ឆ្នាំ​២០១១ វេលា​ដែល​លោក ជិត​ចូលនិវត្តន៍​ពី​ការងារ​នៅ​ក្រសួង​អប់រំ លោក​ក៏​ចាប់ផ្តើម​មានគំនិត​បង្កើត​អង្គការ​នេះ​ឡើង ដោយ​ចង់​ចែករំលែក​ចំណេះដឹង និង​ជំនាញ​របស់លោក​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​។ 

លោក វិចិត្រ​៖ «​ខ្ញុំ​ធ្វើការ​នៅ​ក្រសួងអប់រំជាតិ នៅ​នាយកដ្ឋាន​អភិវឌ្ឍ​កម្មវិធីសិក្សា ឯកទេស​ខ្ញុំ​មាន​២ អក្សរសាស្ត្រ​ខ្មែរ និង​វិចិត្រកម្ម ជំនាញ​នេះ​ខ្ញុំ​យកមកប្រើ​ទាំង​២។ ខ្ញុំ​ជា​អ្នកសរសេរ​កម្មវិធី​គំនូរ សិក្សា​សង្គម ពី​ថ្នាក់​ទី​១ ដល់ទី១២។ ដូច្នេះហើយ​នៅពេល​ជិត​ចូល​និ​វត្ស​ន៍ ខ្ញុំ​គិតថា ខ្ញុំ​គួរតែ​បើក​សាលា យក​ជំនាញ ដែល​ខ្ញុំ​មាន​នេះ មក​បង្រៀន​ក្មេងៗ ហើយ​ខ្ញុំ​ក៏​ចាប់​ផ្តើមធ្វើ​វា នៅលើ​ដីចម្ការ​របស់ខ្ញុំ​»​។ 

​មាន​ទីតាំង​ស្ថិត​ភូមិ​ក្រាំង​ពង្រ សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ អង្គការ​វិចិត្រករ​ខ្មែរ ដើម្បី​កុមារ ត្រូវបាន​លេចចេញ​ជា​រូបរាង​ឡើង​នៅលើ​ទីតាំង​ចម្ការ​ស្វាយ​នៅក្នុង​ឆ្នាំ ២០១២ និង​ទទួលបាន​លិខិត​ប្រកាស​ជា​ផ្លូវ​ពី​ក្រសួងមហាផ្ទៃ​នៅក្នុង ឆ្នាំ​២០១៣​។    

ចាប់ផ្តើម​ដំណើរការ​ដំបូង សិស្ស​ជាច្រើន​បានមក​សិក្សា​ផ្នែក​គូររូប​នៅ​អង្គការ​នេះ ដែល​សិស្ស​ទាំងនោះ មាន​ទាំង​នៅក្នុង​ភូមិ សិស្ស​មកពី​ភ្នំពេញ និង​សិស្ស​នៅក្នុង​ខេត្តកណ្តាល​ផងដែរ​។ 

ដើម្បី​ភាពងាយស្រួល ក្នុងការ​បង្រៀន លោក វិចិត្រ បាន​បែងចែក​សិស្ស​ជា​៣​ក្រុម​ដូចជា ក្រុម​កុមារ​តូចៗ កុមារ​ធំ​មធ្យម និង​មនុស្ស​ធំ បង្រៀន​ដោយ​គ្រូ​ចំនួន​៤​នាក់ ចែកជា​៣​ពេល គឺ​ពេលព្រឹក ថ្ងៃត្រង់ និង​ពេល​ល្ងាច ចាប់ពី​ថ្ងៃ​ពុធ ដល់​ថ្ងៃអាទិត្យ​។ 

Supplied

​ក្រៅពីនេះ លោក ក៏មាន​បង្រៀន​ថ្នាក់​កុំព្យូទ័រ និង​បើក​វគ្គ​ខ្លីៗ​សម្រាប់​និស្សិត​ថ្នាក់​មហាវិទ្យាល័យ ជំនាញ វិស្វករ និង Anatomy ជាដើម​។  

អតីតមន្ត្រី​អប់រំ​រូបនេះបញ្ជាក់ថា​៖ «​ពួកគាត់​អត់​ទាន់​ចេះ​គូររូប ហើយ​អ្នកខ្លះ​គូរ​អត់​លឿន អត់​មាន ឯកទេស ខ្ញុំ​ក៏​បើក​បង្រៀន​គាត់ ព្រោះ​ពេល​គាត់​ធ្វើការ ដូចជា​ពេល​ប្លង់​ចេញ​ហើយ ភ្ញៀវ​ឱ្យ​កែ​រូប ថែម​នេះ ថែម​នោះ គាត់​អត់​ចេះ ឧទាហរណ៍​មានផ្ទះ​ល្អ​ហើយ គេ​ចង់បាន​រោង​ឡាន​មួយទៀត អ៊ីចឹង​គាត់​អត់​ចេះ​កែ វា​ពិបាក។ ភ្ញៀវ​អត់​ចង់​ចាំទេ គឺ​ត្រូវ​គូរ​ភ្លាមៗ​ឱ្យគេ​មើល ទើប​ម្ចាស់ផ្ទះ​ចាប់អារម្មណ៍ ហើយ​ផ្នែក​ពេទ្យ ក៏​មក​រៀន​ដែរ ផ្នែក Anatomy ផ្នែក​កាត់​ជើង ធ្វើ​ជើង​ស​ម្ប​និម្មិត​អីហ្នឹង យើង​បង្រៀន​ទាំងអស់​»​។​

​បើទោះបីជា​បច្ចេកវិទ្យា​រីកចម្រើន ការរៀន​គំនូរ​អាច​សិក្សា​បាន​តាម​ប្រព័ន្ធ​បណ្តាញ​សង្គម និង​អាច គូសវាស​បាន​លើ​ឧបករណ៍​អេឡិចត្រូនិក​យ៉ាងណាក៏ដោយ តែ​អង្គការ «​វិចិត្រករ​ខ្មែរ ដើម្បី​កុមារ​» នៅតែ​បន្ត​​បង្រៀន​សិស្ស​ក្នុងការ​គូរគំនូរ​ដោយផ្ទាល់​ទាំង​នៅលើ​ក្រដាស និង​ក្រណាត់​។ 

ប​ច្ចុប្បន្ន​នេះ ទីប​ណ្តុះ​អ្នក​គូរគំនូរ​នេះ មាន​សិស្ស​កំពុង​សិក្សា​ប្រមាណ​ជាង ៣០​នាក់ ដោយ​ចែកជា ២ កម្រិត គឺ កុមារ​តូចៗ និង​មនុស្ស​ធំ ដោយ​បង្រៀន​ពី​របៀប​កាន់​ខ្មៅ​ដៃ គំនូរ​បន្ទាប់ ឬ​ហៅថា​មូលដ្ឋាន គ្រឹះ​នៃ​គំនូរ បន្ទាប់មក គំនូរ​ខ្មៅ​ដៃ​កម្រិត​១ កម្រិត​២ គំនូរ​ពណ៌​​ទឹក គំនូរ​ពណ៌​​ប្រេង រហូតដល់​គំនូរលើ​ក្រណាត់​។ បន្ថែម​ពី​ថ្នាក់​សិក្សា​ខាងលើ វិចិត្រកររូប​នេះ​ក៏​បង្រោន​​សិស្ស​លើ​ផ្នែក​ជាច្រើន​ទៀត​រួមមាន ការ​គូររូប​សៀវភៅ​រឿង​, ការធ្វើ Storyboard, ផលិត​គំនូរជីវចល 2D 3D និង 4D ជាដើម​។ 

ដោយសារ​បរិបទ​សង្គម​ផ្លាស់ប្តូរ គួបផ្សំ​នឹង​ពេលវេលា​សិក្សា​របស់​សិស្ស មាន​ភាព​រវល់​ផង អង្គការ​របស់ លោក វិចិត្រ បាន​ប្តូរ​មក​បង្រៀន​នៅ​រៀងរាល់​ថ្ងៃអាទិត្យ ចាប់ពី​ម៉ោង ៨​ព្រឹក ដល់​ម៉ោង ១២ ថ្ងៃត្រង់ និង​ថ្នាក់​បំប៉ន​ភាសា​ខ្មែរ​ដល់​សិស្ស និង​ផ្គត់​ផ្គង​អាហារ​ដល់​សិស្ស​ផងដែរ​។ 

Supplied

លោក​និយាយ​ថា​៖ «​ចាប់ពី​ក្រោយ​កូ​វីដ យើង​បង្រៀន​គាត់​តែ​ថ្ងៃអាទិត្យ​ទេ ដោយសារ​កម្មវិធីសិក្សាចង្អៀត​ណាស់ ក្មេង​មិនអាច​លៃ​ពេល​បាន ហើយ​យើង​នៅតែ​ផ្ដល់​​បាយ​ដដែល។ បាយ​នេះ​យើង​ផ្ដល់​តាំងពី​បើក​ដំបូង ព្រោះ​ក្មេង​មកពី​កន្លែង​ឆ្ងាយៗ។ យើង​ក៏​ផ្ដល់​បាយ​ទៅអ្នកធ្វើ​ម្ហូប។ គ្រួសារ​ខ្ញុំ​ផ្ទាល់ ពិសេស​កូនស្រីៗ​ខ្ញុំ​ទិញ​សំលៀកបំពាក់​មក ឱ្យទៅ​សិស្ស​ហើយ​បង្រៀន​ពី​ការ​ស្លៀកពាក់ ការថែទាំង​សុខភាព​របស់​វ័យ​ជំទង់ អានា​ម័​យ​ហ្នឹង​»​។ 

ធ្វើជា​គ្រូ​គូរគំនូរ​អស់​ពេល​ជាង​១៣​ឆ្នាំ ស្ថាបនិក​អង្គការ​ខាងលើ បាន​បង្ហាត់​សិស្ស​ប្រមាណ ៥០០ នាក់ ក្នុង​នោះ​មាន​សិស្ស​មួយចំនួន​ក្លាយជា​វិចិត្រករ​ល្បីឈ្មោះ ខ្លះ​ក្លាយជា​គ្រូ​នៅតាម​មហាវិទ្យាល័យ​សិល្បៈ និង​ខ្លះទៀត​កំពុង​បន្ត​ការសិក្សា​នៅ​សាលា​ភូមិ​វិចិត្រសិល្បៈ​។ 

លោក វិចិត្រ រៀបរាប់ថា​៖ «ខ្ញុំ​រីករាយ​មែនទែន ពេល​ឃើញ​សិស្ស​ទទួលបាន​ផ្លែផ្កា​អ៊ីចឹង ហើយ​បើ​និយាយ​ពី​គ្រួសារ​ខ្ញុំ រឿង​ផ្តល់​ចំណេះដឹង​នេះ គឺមាន​ក្តី​សុខ និង​រីករាយ​ទាំងអស់គ្នា​»​។ 

ជា​ថ្នាល​បណ្តុះ​ធនធានមនុស្ស​អស់​ពេល​ជាង​១​ទសវត្សរ៍​មក​ហើយ​ ប៉ុន្តែ​អង្គការ «​វិចិត្រករ​ខ្មែរ ដើម្បី​កុមារ​» ក៏​កំពុង​ជួប​ការលំបាក​មួយចំនួន​ដូចជា សម្ភារៈប្រើប្រាស់ អាហារ​សម្រាប់​សិស្ស និង​ការចំណាយផ្សេងៗ​ទៀត​។ 

Supplied

លោក វិចិត្រ​៖ «​បច្ចុប្បន្ន យើង​ជួប​បញ្ហា​ហិរញ្ញវត្ថុ សម្ភារៈ​សិ​ស្សា​ថ្លៃ​ណាស់ ខ្មៅ​ដៃ​អី​ក៏​ថ្លៃ យើង​ត្រូវការ​ខ្មៅ​ដៃ ១​ប៉ាវ ឬ​២​ប៉ាវ​ឱ្យ​សិស្ស ហើយ​ចំណីអាហារ​សម្រាប់​កុមារ​ហូបចុក​ក៏​ដូចគ្នា ជាពិសេស​អង្ករ គឺ​អង្ករ​ថ្លៃ​ណាស់។ ប៉ុន្តែ​ខ្ញុំ​អត់​ហ៊ាន​សុំ​គេ ទោះយ៉ាងណា​ទ្រាំ​ខ្លួនឯង សុខចិត្ត​លក់​រូប​ខ្លួនឯង បាន​ច្រើន​បាន​តិច​អី យើង​សំងំ យើង​ធ្វើ​វា​ទៅ​សមត្ថភាព តែ​ឥឡូវ​គំនូរ​ពិបាក​ទៀត លក់​អត់​សូវ​បាន​»​។ 

គ្រូ​គំនូរ​ខាងលើ ចាត់ទុក​សិល្បៈ​គំនូរ មាន​សារៈសំខាន់​ណាស់ ដោយសារ​គំនូរ​កើតចេញពី​គំនិត មានការ​គិត ទើប​ចេញ​ជាការ​គូសវាស ដូច្នេះ​អ្នក​ដែលមាន​ជំនាញ​គូរគំនូរ តែងមាន​ការគិត​វែងឆ្ងាយ​។ 

វិចិត្រករ​ជើងចាស់ ព្រហ្ម វិចិត្រ បាន​ចូល​សិក្សា​ផ្នែក​គំនូរ​ដំបូង​នេះ ក្នុង​វ័យ ១៧ ឆ្នាំ នា​សម័យ​សាធារណរដ្ឋ​ខ្មែរ (១៩៧០-១៩៧៥)​។ លុះ​ក្រោយពី​សម័យ​កម្ពុជាប្រជាធិបតេយ្យ (១៩៧៥​-១៩៧៩) រលត់​ផុត​ទៅ លោក​ក៏បាន​រំឭក​ការសិក្សា​វិចិត្រកម្ម​នេះ​មកវិញ ដោយ​ហាត់​គូរ​តាម​សៀវភៅ ដែលមាន​ទាំង​សៀវក្នុងប្រទេស និង​ក្រៅប្រទេស​។

លោកធ្លាប់បាន​យក​ស្នាដៃ​របស់លោក​ទៅ​តាំង​ពិ​ព័រ​ណ៍​អន្តរជាតិ​ក្នុងចំណោម​ ៩៨​ប្រទេស នៅ​សហរដ្ឋអាមេរិក ចំនួន​២​លើក គឺ​ឆ្នាំ​២០១៦ និង ២០១៧ ដោយ​ទទួល​​បាន​ឈ្មោះ​ជា​វិចិត្រករ​អន្តរជាតិ​។ វិចិត្រករ​មាន​បទពិសោធ​រយៈពេល​ជាង​៤០​ឆ្នាំ​ខាងលើនេះ មាន​ជំនាញ​ដូចជា គូរគំនូរ ចម្លាក់ ធ្វើ​ខ្មុក ធ្វើ​ទីង​មោង និង​ការច្នៃប្រឌិត​សិល្បៈ​ជាច្រើន​ទៀត​៕