
តួឯកប្រុស Zong Hang សម្ដែងដោយលោក Wang Hong Yi (រូបថតខាងឆ្វេង) និងតួឯកស្រី Yi Sa សម្ដែងដោយកញ្ញា Meng Zi Yi បានថតនៅខេត្តសៀមរាបក្នុងរឿងភាគចិន «វត្ដត្រកូល ៣តំណរ»។ រូបថត ហ្វេសប៊ុក
សៀមរាប៖ ក្រុមអ្នកគាំទ្រតារាភាពយន្ដចិននៅកម្ពុជាបង្ហាញនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្ដមានតួប្រុសសង្ហា Wang Hong Yi និងកញ្ញាខ្ពស់ស្រឡូន Meng Zi Yi ក្នុងការសម្ដែងរឿង San Xian Mi Hui ឬ «វត្ដត្រកូល ៣តំណរ»។
ពួកគេបានផ្តល់កាដូដល់តារាឯកទាំងទ្វេរនូវក្រមាប្រពៃណី ជានិមិត្តរូបនៃមរតក និងបដិសណ្ឋារកិច្ចរបស់កម្ពុជា។
នេះបើតាមការបង្ហោះលើហ្វេសប៊ុក បានបង្ហាញថា៖ «កាយវិការដ៏ស្មោះស្ម័គ្រនេះរំលេចនូវមោទនភាពវប្បធម៌ដ៏ជ្រាលជ្រៅរបស់អ្នកគាំទ្រកម្ពុជាដែលមើលឃើញថា វិស័យភាពយន្ដនឹងនាំយកអត្ដសញ្ញាណខ្មែរទៅកាន់ពិភពលោក»។
ជាមួយសាច់រឿងដំណើរផ្សងព្រេងរបស់កំលោះសង្ហា និងកញ្ញាស្រស់ស្អាត ពួកគេបានមកសម្ដែងផ្ទាល់នៅខេត្ដសៀមរាប និងបានបង្ហាញនូវទិដ្ឋភាពប្រវត្ដិសាស្ដ្រក្នុងភាពយន្ដភាគ «វត្ដត្រកូល ៣តំណរ» (Three Lines of Reincarnation)។
ត្រូវបានជ្រើសរើសជាផ្លូវការសម្រាប់រឿងភាគឆ្នាំ ២០២៥ ភាពយន្ដភាគនេះចាប់ផ្ដើមថត កាលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ហើយវាបាននិងកំពុងតែថតនៅប្រទេសកម្ពុជា។
រឿងភាគ «វត្ដត្រកូល ៣តំណរ» តួឯកប្រុស Zong Hang (សម្តែងដោយលោក Wang Hong Yi) និងជាតួអង្គឯកស្រី Yi Sa (សម្តែងដោយកញ្ញា Meng Zi Yi)។
លោក Hong Yi កើតនៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ១៩៩៩ នៅទីក្រុង Hangzhou ខេត្ត Zhejiang គឺជាតារាសម្តែងជនជាតិចិន ដែលបានបង្ហាញខ្លួននៅឆ្នាំ ២០២១ ជាមួយនឹងរឿង «Moonlight»។

កញ្ញា Meng Zi Yi តួឯកស្រីក្នុងរឿង «វត្ដត្រកូល ៣តំណរ» បានបង្ហោះរូបឯកជនរបស់ខ្លួននៅលើ Instagram នៅភូមិកំពង់ភ្លុក។ រូបថត Instagram
លោកទទួលបានការទទួលស្គាល់សម្រាប់ការសម្ដែងនៅក្នុងរឿងភាគដ៏ពេញនិយម ដូចជា «Who Rules the World» «Lost You Forever» និង «Fairyland Romance»។
កម្ពស់ ១៨៣ សង់ទីម៉ែត្រ លោក Hong Yi បានដើរតួជាតួឯក និងជាតួឯកក្នុងរឿងភាគប្រវត្តិសាស្ត្រ និងរឿង «Fantasy»។
ស្នាដៃថ្មីៗរបស់លោក រួមមាន «Lost You Forever Season 2» (2024) ដែលលោកបានដើរតួសំខាន់ជា Chishui Fenglong និង «The Legend of Heroes» (2024) បានសម្តែងជាតួ Yang Kang។
មានកម្ពស់ ១៧០សង់ទីម៉ែត្រ កញ្ញា Meng Zi Yi កើតថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ១៩៩៥ នៅ Changchun ខេត្ត Jilin។ កញ្ញាបានសម្ដែងរឿងជាច្រើនរួមទាំងភាគទូរទស្សន៍ និងភាពយន្ដខ្នាតធំ។
ជាមួយនឹងឈុតឆាកសំខាន់ៗដែលថតនៅទីតាំងខេត្ដសៀមរាប រឿងនេះបង្ហាញពីប្រាសាទបុរាណ និងព្រៃដ៏ខៀវស្រងាត់ ដែលទាក់ទាញអ្នកទស្សនានៅក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់ ប៉ុន្តែគួរឱ្យចាប់អារម្មណ៍។
លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា៖ «រឿងនេះមានឈុតឆាកខ្លះថតនៅខេត្ដសៀមរាប ចាប់ពីថ្ងៃទី៦ ខែកុម្ភៈរហូតដល់ពាក់កណ្ដាលខែកុម្ភៈ»។

កញ្ញា Meng Zi Yi នៅភូមិកំពង់ភ្លុក និងមុខប្រាសាទអង្គរវត្ដ។ រូបថត Instagram
រឿងនេះចាប់ផ្ដើមពីឪពុកបានបញ្ជូន Zong Hang ទៅបរទេសដើម្បីសម្រាកដោយសម្រាកនៅសណ្ឋាគារ Angkor Grand។
នៅពីក្រោយឆាក៖ ទំនាក់ទំនងរវាងចិន និងកម្ពុជា
តាមរយៈការបង្ហាញនូវចំណុចសំខាន់ៗនៅក្នុងរឿងភាគចិននេះ ផលិតកម្មបានណែនាំទស្សនិកជនឱ្យស្គាល់បេតិកភណ្ឌដ៏មហិមារបស់ប្រទេសកម្ពុជា ចាប់ពីប្រាសាទអង្គរវត្តដ៏ពិសិដ្ឋ រហូតដល់សម្រស់ដ៏ស្ងប់ស្ងាត់នៃបឹងទន្លេសាប។
លោក បូរក្ស បានថ្លែងថា៖ «ការថតភាពយន្ដនៅក្នុងតំបន់មួយ ឬប្រទេសមួយជាការចូលរួមចំណែកផ្សព្វផ្សាយពីគោលដៅនោះទៅដល់អ្នកទស្សនា។ ជាក់ស្ដែង ភាពយន្ដនេះដែលត្រូវបានដាក់បញ្ចាំងលើកម្មវិធីឌីជីថលរបស់ចិន ប្រជាជនចិនប្រាកដជាបានឃើញនូវទីតាំងនៅកម្ពុជានេះ»។
នេះជាការផ្សព្វផ្សាយដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរចិន។ ទេសចរនៃប្រទេសមួយចំនួនកំណត់គោលដៅទេសចរណ៍តាមរយៈការទស្សនាភាពយន្ដ។
លោកទទួលស្គាល់ថា ការផលិតវីដេអូ ឬភាពយន្ដដែលបង្ហាញពីសង្គមអសន្ដិសុខ ឬមិនល្អដោយប្រការណាមួយ ច្បាស់ណាស់ថា ព័ត៌មានទាំងនេះនឹងជះឥទ្ធិពលទៅដល់អ្នកទស្សនា។
លោក បូរក្ស បានបញ្ជាក់ថា៖ «ខ្ញុំចង់ទាញចំណាប់អារម្មណ៍ថា ឈុតឆាកនៅក្នុងភាពយន្ដគឺជាសិល្បៈ ដែលមិនមែនជាប្រភេទឯកសារ ឬឆ្លុះបញ្ចាំងពីតថភាពពិតក្នុងសង្គមនោះទេ។ នៅក្នុងភាពយន្ដ វាមានទាំងឈុតវិជ្ជមាន និងអវិជ្ជមាន ដោយមិនផ្ដោតលើតែភាពវិជ្ជមាន ឬអវិជ្ជមានសុទ្ធនោះទេ»។

ការបង្ហោះនៅលើបណ្ដាញសង្គមរបស់កញ្ញា Meng Zi Yi ទទួលបានការចុចរូបបេះដូង ៤ម៉ឺន (40k)។ រូបថត Instagram
ប្រសិនបើមានឈុតឆាកសម្លាប់មនុស្ស ឬធ្វើអត្ដឃាត ដំណោះស្រាយនៅក្នុងសាច់រឿងប្រាកដជាត្រូវបកស្រាយថា តើមានកិច្ចអន្ដរាគមពីប៉ូលិស ឬមន្ដ្រីជំនាញឬទេ។
ជាការផ្សព្វផ្សាយសក្ដានុពលទេសចរណ៍ លោក បូរក្ស បានលើកឡើងថា រាជរដ្ឋាភិបាលយកចិត្ដទុកដាក់ខ្ពស់ក្នុងការជំរុញ និងលើកកម្ពស់ការទាក់ទាញផលិតករអន្ដរជាតិមកប្រើប្រាស់កម្ពុជាជាគោលដៅថតភាពយន្ដ។
លោកបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «យើងព្យាយាមសម្របសម្រួលនីតិវិធីផ្ទៃក្នុងដើម្បីពន្លឿន សម្រួលដោយធ្វើយ៉ាងណាផលិតករអន្ដរជាតិមានភាពងាយស្រួល ហើយយើងខិតខំពង្រឹងធនធានមនុស្សក្នុងការបម្រើដល់ការជំរុញផលិតករបរទេសផងដែរ»។
ក្រៅពីការផ្សព្វផ្សាយសក្ដានុពលទេសចរណ៍ ការផលិតភាពយន្ដអន្ដរជាតិក៏បានជួយបង្កើតការងារ និងចំណូលដល់ប្រជាជនក្នុងស្រុកតាមរយៈការងាររបស់អ្នកបច្ចេកទេសផ្សេងៗ។
ការផ្សព្វផ្សាយវប្បធម៌ខ្មែរក្នុងភាពយន្ដភាគចិន
រឿងនេះបង្ហាញពីទំនាក់ទំនងវប្បធម៌ និងភូមិសាស្ត្រជិតស្និទ្ធរវាងកម្ពុជា និងចិន ដែលធ្វើឱ្យប្រទេសកម្ពុជាហាក់ដូចជាគោលដៅជិតខាង ដែលងាយស្រួលទៅទស្សនា។
កំលោះ Hang ធ្វើដំណើរតាមយន្ដហោះរយៈពេល ពីរម៉ោងកន្លះពីទីក្រុងគុនមីង ទៅកាន់ខេត្តសៀមរាប ជាជើងហោះហើរជិតជាងក្នុងស្រុករបស់លោក។
នៅក្នុងសាច់រឿង លោកបាននិយាយថា៖ «ប្រសិនបើមិនបានឃើញការបរិច្ចេទនៅលើផ្លាកសញ្ញាទេ ខ្ញុំប្រហែលជាគិតថា ខ្ញុំកំពុងតែធ្វើដំណើរត្រឡប់ទៅប្រទេសចិនវិញក្នុងទសវត្សរ៍ឆ្នាំ១៩៨០»។
រៀមច្បងរបស់លោកម្នាក់ បានប្រាប់ថា៖ «កម្ពុជាមានភ្ញៀវទេសចរចិនច្រើនឥឡូវនេះ។ វិស័យទេសចរណ៍បាននាំមកនូវឱកាសថ្មីៗ»។
នេះឆ្លុះបញ្ចាំងពីវត្តមានកាន់តែច្រើនឡើងនៃវប្បធម៌ និងការវិនិយោគរបស់ចិននៅក្នុងខេត្តសៀមរាប ដែលធ្វើឱ្យវាក្លាយជាគោលដៅស្វាគមន៍សម្រាប់ភ្ញៀវទេសចរចិន។
តាមរយៈភាពយន្តដ៏រស់រវើក និងទិដ្ឋភាពដ៏គួរឱ្យទាក់ទាញ រឿង «វត្ដត្រកូល ៣តំណរ» ដើរតួជាការកម្សាន្តផង និងផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍របស់កម្ពុជាផងដែរ៕