​ភ្នំពេញ៖ នៅពេលដែល​ទីក្រុង​នានា​ក្នុងប្រទេស​កម្ពុជា​មានកា​រ​រីក​ធំឡើងៗ ហើយ​តម្លៃ​នៃ​ការរស់នៅមាន​​កើនឡើង ស្ត្រី​វ័យក្មេង​ដែល​បន្ត​ការសិក្សា​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​ជារឿយៗ​ប្រឈមមុខ​នឹង​បញ្ហាមួយ​ចំនួន​​ក្នុងការ​ធានាបាន​លំនៅឋាន​​សុវត្ថិភាព និង​តម្លៃ​សមរម្យ​។​

មនុស្ស​ជាច្រើន​មកពី​ទី​ជនបទនៃ​ខេត្ដនានា​ ដែល​ឱកាស​សិក្សា​សម្រាប់​ស្ត្រី​នៅមានកម្រិត ដោយសារ​កត្តាសេដ្ឋកិច្ច កង្វល់​សុវត្ថិភាព និង​ការរំពឹងទុក​ពី​សង្គម​។​

មូលនិធិ Harpswell ​ជា​អង្គ​ការមិន​រកប្រាក់​ចំណេញ​ដែល​បំពេញ​បេសកកម្ម​​ផ្តល់​សិទ្ធិអំណាច​ដល់​ស្ត្រី​តាមរយៈ​ការអប់រំ និង​ភាពជា​អ្នកដឹកនាំ បាន​និង​កំពុង​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ការផ្តល់​កន្លែង​ស្នាក់នៅ​ និង​ជួយ​ឧបត្ថម្ភ​​​និស្សិត​សាកលវិទ្យាល័យ​ជា​ស្ត្រី​តាំងពី​ឆ្នាំ ២០១០​ មក​។​

តាមរយៈ​មជ្ឈមណ្ឌល​ភាពជា​អ្នកដឹកនាំ​របស់​ស្ត្រី Harpswell ផ្តល់ជូន​ស្ត្រី​វ័យក្មេង​នូវ​បរិយាកាស​រស់នៅ​ប្រកបដោយ​សុវត្ថិភាព ការផ្ដល់​ការ​ប្រឹក្សា​ និង​ការបណ្តុះបណ្តាល​ភាពជា​អ្នកដឹកនាំ​ ​ជួយ​ពួកគេ​ជម្នះ​​បញ្ហា​ប្រឈម​ក្នុង​ជីវិត​នៅ​សាកលវិទ្យាល័យ​ និង​ពង្រឹង​​​វ័យ​ឯករាជ្យ​ភាព​ផងដែរ​។​

សម្រាប់​និស្សិត​ស្រី​ជាច្រើន​នាក់​មកពី​បណ្តា​ខេត្ត​នានា​ក្នុងប្រទេស​កម្ពុជា ការផ្លាស់​ទៅរាជធានី​​ភ្នំពេញ​បំណង​បន្ដ​ការ​សិក្សា​នៅ​​សាកលវិទ្យាល័យ​ រមែង​​បញ្ហា​ប្រឈម​ផ្នែក​ហិរញ្ញវត្ថុ និងកត្ដា​ផ្សេងៗ​​។

ថ្លៃ​ជួល អាហារ និង​ការធ្វើ​ដំណើរ​​អាចជាកត្ដា​ចម្បង​ ដែល​បង្ខំ​ឱ្យ​សិស្ស​មួយចំនួន​ទទួលយក​ការងារ​ក្រៅ​ម៉ោង​ដែល​រំខាន​ដល់​ការសិក្សា​របស់​ពួកគេ​។​

អ្នក​ផ្សេងទៀត​ពិបាក​ក្នុងការ​ស្វែងរក​លំនៅឋាន​ដែលមាន​សុវត្ថិភាព ជារឿយៗសុខ​ចិត្ដ​រស់នៅ​បញ្ចៀត​គ្នា​​ ឬ​ស្នាក់​នៅក្នុង​តំបន់​ដែលមិន​មាន​សុវត្ថិ​ភាព​​។​

ដោយ​ទទួលស្គាល់​បញ្ហា​នេះ Harpswell ដំណើរការ​មជ្ឈមណ្ឌល​ភាពជា​អ្នកដឹកនាំ​របស់​ស្ត្រី​ចំនួន​ពីរ​នៅក្នុងរាជធានី​​ភ្នំពេញ ដោយ​ផ្តល់នូវ​លំនៅឋាន​សុវត្ថិភាព​ដោយ​មិន​គិតថ្លៃ​ដល់​សិស្ស​។​

កញ្ញា Rya Ducusin-Lomboy ប្រធាន​ផ្នែក​ទំនាក់ទំនង​នៃអង្គការ Harpswell ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ​បាន​និយាយថា៖«​អន្តេវាសិកដ្ឋាន​របស់​យើងលើស​ពីទី​កន្លែង​ស្នាក់នៅ​​ វា​ជា​បរិយាកាស​ដែល​សិស្ស​អាច​រីកចម្រើន​ទាំង​ការសិក្សា និងបញ្ហា​​ផ្ទាល់ខ្លួន​»។​

យុវនារីទាំងបួននាក់នេះនឹងបន្តដំណើរការសិក្សានិងភាពជាអ្នកដឹកនាំនៅសាកលវិទ្យាល័យ Christian Brothers។ រូបថត សហការី

មជ្ឈមណ្ឌល​នីមួយៗ​មាន​​បណ្ណាល័យ កុំព្យូទ័រ អ៊ីនធឺណិត​ល្បឿន​លឿន និង​កន្លែង​សិក្សា ដែល​ធានាថា​សិស្ស​មាន​ធនធាន​ដែល​ពួកគេ​ត្រូវការ​សម្រាប់​ជោគជ័យ​ក្នុងការ​សិក្សា​។​

ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពីការ​ទទួល​​ខុសត្រូវ និង​ភាព​គ្រប់គ្រាន់សម្រាប់​​ខ្លួនឯង និស្សិត​នារី​ទាំង​នោះ​ផ្លាស់ប្តូរ​វេន​រៀបចំ​អាហារ​ដែលមាន​ជីវជាតិ​នៅក្នុង​សហគមន៍ ដោយ​រៀន​ជំនាញ​ជីវិត​សំខាន់ៗ ខណៈពេលដែល​បង្កើត​ប​ណ្តា​ញ​គាំទ្រ​យ៉ាង​ជិតស្និទ្ធ​។​

សម្រាប់​និស្សិត ​ដូចជា កញ្ញា​ នឿន សូ​នី ជា​អ្នករស់នៅ Harpswell បច្ចុប្បន្ន និង​ជា​និស្សិត​សាកលវិទ្យាល័យ​មកពី​ខេត្តកំពង់ធំ អន្តេវាសិកដ្ឋាន​បាន​ផ្លាស់​ប្តូរជីវិតរបស់​កញ្ញា​​។​

កញ្ញា សូ​នី បាន​និយាយថា​៖ «​ខ្ញុំ​មិនដែល​គិតថា ​ខ្ញុំ​នឹងមាន​ឱកាស​ទៅ​រៀន​នៅ​ភ្នំពេញ​ទេ​។ ​Harpswell មិន​ត្រឹមតែ​ផ្តល់ឱ្យ​ខ្ញុំ​នូវ​កន្លែង​រស់នៅ​ប្រកបដោយ​សុវត្ថិភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែមទាំង​ផ្តល់ឱ្យ​ខ្ញុំ​នូវ​ការប្រឹក្សា​ និង​ការណែនាំ​ដែល​ខ្ញុំ​មិន​ធ្លាប់មាន​ពីមុនមក»។​

​ជួយ​និស្សិត​បញ្ចប់​ការសិក្សា ផ្លាស់ប្តូរ​ទៅ​ឯករាជ្យ​ភាព

លើសពី​ជីវិត​នៅ​សកល​វិទ្យាល័យ និស្សិត​បញ្ចប់​ការសិក្សា​ជា​ស្ត្រី​តែងតែ​ប្រឈមមុខ​នឹង​បញ្ហា​ក្នុងការ​ធានាបាន​នូវ​ការងារ​មាន​ស្ថេរភាព និង​ទទួលបាន​តម្លៃ​ជួល​ខ្ពស់​ក្នុងរាធានី​​ភ្នំពេញ​។​

​មនុស្ស​ជាច្រើន​តស៊ូ​ដើម្បី​ស្វែងរក​ការងារ​ភ្លាមៗ​បន្ទាប់ពី​បញ្ចប់​ការសិក្សា ដោយ​ទុកឱ្យ​ពួកគេ​ស្ថិតក្នុង​ស្ថាន​ភាពមិនច្បាស់លាស់​ផ្នែក​ហិរញ្ញវត្ថុ​។​
​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ Harpswell បាន​បង្កើត Alison Pavia Alumnae House ក្នុង​ឆ្នាំ ២០១៦​ ដែល​ផ្តល់​លំនៅឋាន​បណ្តោះអាសន្ន​សម្រាប់​និស្សិត​ទើប​បញ្ចប់​ការសិក្សា​នៅពេល​ពួកគេ​​ចេញ​ធ្វើការ​​។​

កញ្ញា Rya បាន​ពន្យល់ថា៖ «Alumnae House ​ផ្តល់ឱ្យ​ស្ត្រី​វ័យក្មេង​នូវ​រយៈពេល​អន្តរកាល​ដើម្បី​ទទួលបាន​ឯករាជ្យភាព​ផ្នែក​ហិរញ្ញវត្ថុ​​។​ ​ដោយ​ការរស់នៅ​​មិនបារម្ភ​ពីថ្លៃ​ជួល​​រយៈពេល​ពីមួយ​ទៅ​ពីរ​ឆ្នាំ នោះ​ពួកគេ​អាច​សន្សំ​ប្រាក់ បង្កើត​អាជីព​ ហើយ​ទីបំផុត​ចាកចេញ​ដោយ​ខ្លួនឯង​»​។​

និស្សិតនារី និងក្រុមការងារមានមោទនភាពក្នុងការចែករំលែកនូវវប្បធម៌ផ្ទាល់ខ្លួន ទំនាក់ទំនងបែបប្រពៃណី និងបេតិកភណ្ឌតែមួយគត់របស់កម្ពុជា។ រូបថត សហការី

Alumnae House ផ្ទុក​និស្សិត​បញ្ចប់​ការសិក្សា​ពី ៨ ទៅ ១២ នាក់​ក្នុងពេល​តែមួយ ដោយ​ជួយ​ពួកគេ​ពុះពារ​ឆ្លង​កាត់​ការ​លំបាក​រយៈ​ពេល​មួយ​ឆ្នាំ​ដំបូង​។​​អតីតនិស្សិត​នារី​ជាច្រើន​បាន​ផ្លាស់ប្តូរ​ដោយ​ជោគជ័យ​ក្នុង​អាជីព​ដែលមាន​ស្ថិរភាព និង​បាន​រើ​ទៅ​​ជួល​ផ្ទះល្វែង​ផ្ទាល់​ខ្លួន​​នៅក្នុង​ទីក្រុង​ភ្នំពេញ​។​

កញ្ញា Rya បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា៖ ​​«ការគាំទ្រ​នេះ​មាន​សារៈសំខាន់​សម្រាប់​ស្ត្រី​វ័យក្មេង​ជាច្រើន​។ ការ​មាន​កន្លែង​ស្នាក់​នៅពេល​កំពុង​ស្វែងរក​ការងារ​កាត់បន្ថយ​ភាព​តានតឹង និង​ផ្តល់ឱ្យ​ពួកគេ​នូវ​ទំនុកចិត្ត​ក្នុងការ​ស្វែងរក​ឱកាស​ដែល​ពួកគេ​មិនធ្វើ​ឱ្យ​ពួកគេ​គិត​ខុស»។​

​ការកើនឡើង​តម្រូវការ​សម្រាប់​លំនៅឋាន​និស្សិត

ដោយសារ​ចំនួន​ស្ត្រី​វ័យក្មេង​បន្ត​ការសិក្សា​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​នៅ​កម្ពុជា​បន្ត​កើនឡើង តម្រូវការ​ផ្ទះ​សិស្ស​ដែលមាន​សុវត្ថិភាព និង​តម្លៃ​សមរម្យ​ក៏កើន​​ដូចគ្នា​ដែរ​។​

កញ្ញា​​បាន​បន្តថា ឆ្នាំនេះ​ពួកគេ​ទទួលបាន​ពាក្យសុំ​ចំនួន ៣២៥ ពី​វិទ្យាល័យ​ចំនួន ១២៩ នៅ​ទូទាំង ២២ ខេត្ត​។ ចំនួន​អ្នកដាក់ពាក្យសុំ​កើនឡើង​បង្ហាញ​ពី​តម្រូវការ​បន្ទាន់​សម្រាប់​លំនៅឋាន​សិស្ស​ដែលមាន​សុវត្ថិភាព និង​តម្លៃ​សមរម្យ​ជាង​មុន​។​

បច្ចុប្បន្ននេះ Harpswell អាច​ផ្ទុក​សិស្ស​បាន ៧៥ នាក់​នៅ​ទូទាំង​អន្តេវាសិកដ្ឋាន​ពីរ​របស់ខ្លួន ដោយ​ទទួលយក​សិស្ស​ថ្មី​ពី ១៥ ទៅ ២០ នាក់​ជា​រៀងរាល់ឆ្នាំ​។​

​ទោះជា​យ៉ាងណាក៏ដោយ នេះ​មានន័យថា បេក្ខជន​តែ ៦ ភាគរយ​ប៉ុណ្ណោះ​ដែល​ធានាបាន​កន្លែង​មួយ ​និង​​ទុកឱ្យ​ស្ត្រី​វ័យក្មេង​ជាច្រើន​មិនមាន​ជម្រើស​ដែល​អាច​សម្រេចបាន​។​​សម្រាប់​សិស្សានុសិស្ស ការទទួលបាន​កន្លែង​នៅ Harpswell គឺជា​ឱកាស​ផ្លាស់​ប្តូរជីវិត​។​

​សូ​នី អាយុ ២៨ ឆ្នាំ មកពី​ខេត្តសៀមរាប បាន​ចែករំលែក​ថា​៖ «​ពេល​ខ្ញុំ​បានដឹងថា ​ខ្ញុំ​ត្រូវបាន​គេ​ទទួល ខ្ញុំ​មាន​អារម្មណ៍​ធូរស្រាល​ណាស់​។ ​ខ្ញុំ​បានដឹងថា ​ខ្ញុំ​នឹងមាន​កន្លែង​ស្នាក់នៅ​ប្រកបដោយ​សុវត្ថិភាព និង​សហគមន៍​ដែល​គាំទ្រ​ខ្ញុំ​»។​

​ជំរុញ​ភាពជា​អ្នកដឹកនាំ និង​ការត្រៀមខ្លួន​ក្នុង​អាជីព​

​បេសកកម្ម​របស់ Harpswell ហួស​ពី​លំនៅឋាន​។ អង្គការ​ផ្តល់នូវ​កម្ម​វិធី​ភាពជា​អ្នកដឹកនាំ​ដ៏​ទូលំទូលាយ​មួយ ដោយ​ឱ្យ​សិស្ស​នូវ​ជំនាញ​ដែល​ពួកគេ​ត្រូវការ ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុងការ​សិក្សា វិជ្ជាជីវៈ និង​ជា​អ្នកដឹកនាំ​នៅក្នុង​សហគមន៍​របស់​ពួកគេ​។

កញ្ញា Rya បាន​ប្រាប់ភ្នំពេញ​ប៉ុស្ដិ៍​ថា៖ «​យើង​ផ្តល់​វគ្គ​សិក្សា​ដែល​ជួយ​សិស្ស​ឱ្យ​ត្រៀម​ធ្វើ​​ការងារ រួមទាំង​ការបណ្តុះបណ្តាល​ជំនាញ​​ រៀបចំ​ប្រវត្ដិរូប​ដាក់​លើ​ LinkedIn និង​ការប្រាស្រ័យ​ទាក់ទង​ប្រកបដោយ​វិជ្ជាជីវៈ​»។​

ធាតុ​ផ្សំ​សំខាន់​នៃ​កម្មវិធី​គឺ «​ការពិភាក្សាប្រកប​ដោយ​ការ​ពិចារណា»​ ដែល​សិស្សអាច​ជជែក​ពិភាក្សា​លើ​បញ្ហា​ក្នុង​តំបន់ និង​សកលលោក បង្កើន​ការគិត​ និង​ជំនាញ​និយាយ​ជា​សាធារណៈ​របស់​ពួកគេ​។​

កញ្ញា​​បាន​សង្កត់ធ្ងន់ថា​៖ «​គោលដៅ​របស់​យើង​គឺ​ផ្តល់​សិទ្ធិអំណាច​ដល់​ស្ត្រី​វ័យក្មេង​ដើម្បី​ក្លាយជា​អ្នកដឹកនាំ​។ ​យើង​មិន​គ្រាន់តែ​ចង់ឱ្យ​ពួកគេ​បញ្ចប់​ការសិក្សា​នោះទេ​​ យើង​ចង់ឱ្យ​ពួកគេ​ធ្វើឱ្យមាន​ការផ្លាស់ប្តូរ​ក្នុង​សហគមន៍​របស់​ពួកគេ ​និង​ក្រៅពីនេះ​»។​

សម្រាប់កញ្ញា សូនី ការបណ្តុះបណ្តាល​ភាពជា​អ្នកដឹកនាំ​បាន​ផ្លាស់ប្តូរ​ទស្សនៈ​របស់​កញ្ញា​​រួចហើយ​អំពី​អ្វីដែលធ្លាប់​ធ្វើ​កន្លងមក​​។​

កញ្ញា​​បាន​និយាយថា​៖ «​ខ្ញុំ​ធ្លាប់​អៀនខ្មាស និង​ខ្លាច​មិន​ហ៊ាន​និយាយ​។ ឥឡូវនេះ ខ្ញុំ​មាន​ទំនុកចិត្ត​កាន់តែច្រើន​ក្នុងការ​ពិភាក្សា​អំពី​បញ្ហា​ធំៗ ហើយ​ខ្ញុំ​ចង់​ជួយ​ស្ត្រី​វ័យក្មេង​ផ្សេងទៀត​ដូច​ខ្ញុំ»៕