ខេត្ដមណ្ឌលគិរី៖ ស្ថិតនៅភូមិភាគ​ឦសាននៃប្រទេស​កម្ពុជា ខេត្ដមណ្ឌលគិរី មានភាពទាក់ទាញ​ចំពោះ​សម្រស់ធម្មជាតិ​ដ៏ស្រស់ត្រកាល ដែនជម្រក​សត្វព្រៃ និង​វប្បធម៌​ជនជាតិ​ដើម​ភាគតិច​។ 

ភាព​ស្រស់ត្រកាលនោះ រួមមាន​ជួរ​ភ្នំ​ស្មៅ​រលក​រលីង ទឹកធ្លាក់​ ព្រៃក្រាស់​នៃ​ដែនការពារ និង​ជីវចម្រុះ​ជាច្រើនទៀត។ 

យ៉ាងណាមិញ ដែនដី​ខេត្ដ​ដ៏ធំមួយនេះ នៅមាន​ទីតាំង​សក្ដានុពល​ទេសចរណ៍​ធម្មជាតិជាង​១០០​កន្លែង​ទៀត​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ទៅ​កម្សាន្ដ។ 

លោក ងិន សុវិមាន អភិបាលរង​ខេត្ដ​មណ្ឌលគិរី បាន​​ឱ្យដឹងថា​៖ «​ក្រៅពី​អាកាសធាតុ​ត្រជាក់​ជាទីពេញ​និយម​សម្រាប់​ភ្ញៀវ​ទេសចរ មណ្ឌលគិរី មានសក្ដានុពល​​ទេសចរណ៍ ១០៦​កន្លែង​ ក៏ដូចជា​​វប្បធម៌​ជនជាតិ​ដើម​ភាគ​តិច​»។

ច្បាស់​ណាស់ មណ្ឌលគិរី មានភាពល្បីល្បាញនូវ​ទឹកធ្លាក់ជាច្រើន រួមមាន ទឹកជ្រោះប៊ូស្រាដ៏ពេញនិយម ទឹកធ្លាក់​សែន​មនោរម្យ រម្យនា ឡេងអន និងឡេងឃិនជាដើម ដែល​អាចទាក់ទាញ​អ្នកស្រឡាញ់​ធម្មជាតិ​មកពីគ្រប់ទិសទី។

ភ្នំដោះក្រមុំ ទីឋានពិសិដ្ឋសម្រាប់អ្នកមានជំនឿ និងទេសចរគយគន់ទេសភាពក្រុងសែនមនោរម្យ។ រូបភាព ភ្នំពេញប៉ុស្ដិ៍

ទឹកដីភាគ​ឦសាននេះនៅមាន​តំបន់​អេកូទេសចរណ៍ ដែនជម្រក​សត្វព្រៃ​ រួមទាំង​ដែនជម្រកសត្វ​ព្រៃ​ភ្នំព្រិច និង​ស្រែពក​ ដែល​ផ្ដល់​ជម្រក​ដល់​សុខសាន្ដ​ដល់​សត្វ​ព្រៃ និង​ទេសចរ​បែប​ធម្មជាតិ​ផង​ដែរ។ 

លោក សុវិមាន បាន​ថ្លែងថា៖ «​​ចំណោម​សក្ដានុពល​ជាង១០០​នេះ លោក​បាន​បញ្ជាក់ថា មានតែ​រមណីយដ្ឋាន​ទឹក​ជ្រោះ​ប៊ូស្រា​មួយ​ប៉ុណ្ណោះ​កំពុង​ត្រូវបាន​អភិវឌ្ឍ​ ហើយ​ប្រតិបត្ដិករ​ទេសចរណ៍ទាំង​អស់​ដំណើរ​ការ​ដោយ​ម្ចាស់​ជាជនជាតិ​ខ្មែរ​»។ 

មណ្ឌលគិរី មាន​ផ្ទៃដី ​១៤ ២៨៨ គីឡូម៉ែត្រការ៉េ​ បែងចែក​ជា​ក្រុង ១ មាន ​៤ ស្រុក  ៤​ សង្កាត់ ១៧ ឃុំ និង ៩២ ភូមិ ដែល​មាន​ប្រជាពលរដ្ឋ​សរុប​ជាង ១០​ម៉ឺន​នាក់​។ 

ខេត្ដ​មណ្ឌលគិរី មាន​ដែនជម្រក​សត្វព្រៃ​ចំនួន ៥ កន្លែង ដែល​មាន​សក្ដានុពល​អភិវឌ្ឍ​វិស័យ​អេកូ​ទេសចរណ៍ ធនធាន​រ៉ែមាស និង​រ៉ែ​បុកស៊ីតជាដើម។ 

ស្ថាប័ន​ពាក់ព័ន្ធ​មាន​គម្រោង​បង្កើត​មជ្ឈមណ្ឌល​ជនជាតិដើម​ភាគតិច​ ​​ចងក្រង​នូវ​ប្រពៃណី​ ទំនៀម​ទម្លាប់​ជនជាតិដើម​ភាគតិច ដែលមាន​ ៨ រួមមាន ពូនង គួយ ចារ៉ាយ ថ្មូន រដែ​ជាដើម។ 

​លោក​បាន​លើកឡើងថា ភ្ញៀវ​ទេសចរ​ដ៏​ច្រើន​លើស​លប់​ជាពលរដ្ឋ​ខ្មែរ​ក្នុង​ស្រុក ជាមួយ​អត្រា​ជាង ៤០​ម៉ឺន​នាក់​ក្នុង​ឆ្នាំ​២០២៤ ខណៈ​ទេសចរ​បរទេស​មានតែ​ជាង ៦​ពាន់​នាក់​ប៉ុណ្ណោះ​។ 

ទឹកជ្រោះប៊ូស្រា ជាទីធ្លាក់ធំបំផុត និងពេញនិយមបំផុតនៅក្នុងខេត្ដមណ្ឌលគិរី។ រូបថត ភ្នំពេញប៉ុស្ដិ៍

យ៉ាងណាមិញ លោកបា​ន​អះអាងថា ស្ថានភាព​ទេសចរណ៍​ក្នុង​ខេត្ដ​មណ្ឌល​គិរី​មាន​ការ​កើនឡើង​លើស​ឆ្នាំ​២០១៩ មុនកូវីដ​-១៩ ឬ​ជាង ៧០​ភាគរយ​។ 

លោក សុវិមាន បានថ្លែង​ប្រាប់​ប្រធាន​ក្លិប​អ្នក​កាសែត​កម្ពុជា (CCJ) ដែល​ដឹកនាំ​ក្រុម​អ្នកសារព័ត៌មាន​ជាង ២០​ស្ថាប័ន​ទៅ​ផ្សព្វផ្សាយ​សក្ដានុពល​នានា​របស់​ខេត្ដ​មណ្ឌលគិរីថា​៖ «​បច្ចុប្បន្ន​នេះ មាន​ ១៥​គម្រោង ដែល​ក្រុមហ៊ុន​ក្នុង​ស្រុក​មាន​ចំណាប់​អារម្មណ៍​ធ្វើ​ការ​វិនិយោគ​លើ​គម្រោង​អេកូទេសចរណ៍ ដែលមាន​ទំហំ​ផ្ទៃដីក្រោម ១០​ហិកតា​នីមួយៗក្នុង​ដែន​ជម្រក​»។

កត្ដាដែល​នាំ​ឱ្យ​មាន​កំណើន​ភ្ញៀវ​ទេសចរលើស​មុន​វិបត្ដិ​ជំងឺ​រាតត្បាត​សកល លោក​អភិបាល​ខេត្ដ​រង​ បាន​ឱ្យ​ដឹងថា ការ​បំពាក់​ភ្លើង​បំភ្លឺ ការ​រៀបចំ​ទំនប់​ទឹក​លើ និង​ក្រោម ការ​អភិវឌ្ឍ​សួនច្បារ ក៏ដូចជាការ​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​មួយចំនួន​ទៀត ជាពិសេស ភ្នំណាមលៀរ​ ទំហំ ២៤​ហិកតា។ 

ជាមួយ​មហិច្ឆតា​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បន្ថែម​ទៀត ខេត្ដមណ្ឌលគិរី​បន្ដ​បើក​ទូលាយ​ដល់​ការ​វិនិយោគ​វិស័យ​ទេសចរណ៍​ ជាពិសេស ការលើក​ទឹកចិត្ដ​វិនិយោគ​អេកូទេសចរណ៍​ក្រោម​ផ្ទៃដី ១០​ហិកតា​។ 

លោក​បាន​បង្ហាញថា តំបន់​អេកូទេសចរណ៍​បែប​សហគមន៍​អណ្ដូង​ក្រឡឹង ជាកិច្ចសហការ​រវាង​ក្រសួង​បរិស្ថាន និង​អង្គការ​ដៃគូ បាន​បង្កើត​សក្ដានុពល​សម្រាប់​ភ្ញៀវ​ទេសចរ​បាន​ទស្សនា​សត្វ​ស្វា ខណៈ​ជំរំដំរី​ប្រមាណ ៨ក្បាល ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្ដរជាតិ​។ 

លោក សុវិមាន បាន​បន្ដថា៖ «បច្ចុប្បន្ន មណ្ឌលគិរី មាន​សេវាកម្ម​ស្នាក់​ជាង ២ពាន់​បន្ទប់ ហើយ​លោក​ទទួល​ស្គាល់​ថា នៅពេលមាន​បុណ្យ​ទាន​ធំៗ ខេត្ដភាគ​ឦសាន​មួយ​នេះ​ផ្ដល់​សេវាកម្ម​មិន​គ្រប់​គ្រាន់​ដែរ តែ​មិន​មាន​ចំនួន​ច្រើន​ដូច​កាល​មុន​ៗ​នោះទេ»។ 

លោក​មើលឃើញថា ជនជាតិ​ចិន​បាន​មក​ស្នាក់​នៅ​តាម​រីសត​នានា​ក្នុង​ខេត្ដ​មណ្ឌលគិរី តែ​លោក​មិន​ទាន់​បាន​ដឹងថា ពួកគេ​គ្រាន់តែមកស្នាក់​នៅ ឬ​ក៏​មក​វិនិយោគ​លើ​វិស័យ​អ្វី​មួយ​ក្នុង​ខេត្ដ​នេះ។ 

ជាមួយ​ការតភ្ជាប់ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ​អាកាស ពេលនេះ​មាន​ក្រុមហ៊ុន​បរទេស​ចំនួន​ពីរ​កំពុង​ចូល​ចែចូវ​ក្នុង​ការ​អភិវឌ្ឍ​ព្រលាន​យន្ដហោះ​ក្នុង​ខេត្ដ​មណ្ឌលគិរី​។