មហោស្រព​គីហ្សូណា​ជប៉ុន-កម្ពុជា​២០២៥ ​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​មជ្ឈមណ្ឌល​សហ​ប្រតិបត្តិការ​កម្ពុជា-ជប៉ុន (CJCC) ពី​ថ្ងៃ​ទី១៣ ដល់ ១៦ ខែ​កុម្ភៈ​នេះ ក្រោម​ប្រធានបទ «សុខដុម​នៃ​ភាព​ចម្រុះ»។

មហោស្រព​នេះ​មាន​ព្រឹត្តិការណ៍​ជា​ច្រើន​រាប់​ចាប់​ពី​វប្បធម៌​របស់​បុរាណ​និង​សម័យ ​របស់​ជប៉ុន និង​កម្ពុជា រហូត​ដល់​ការ​ចែក​រំលែក​បទ​ពិសោធន៍ និង​ចំណេះ​ដឹង​នានា​ទាំង​ផ្នែក​វប្បធម៌ និង​ជំនាញ​នានា​នា​សម័យ​បច្ចេកវិទ្យា​នេះ។

ព្រឹត្តិការណ៍​នេះ​មាន​ទាំង​ការ​បង្ហាញ​ម្ហូប​ជប៉ុន ការ​តាំង​ពិព័រណ៍​សិល្បៈ​ សិក្ខា​សាលា​សរសេរ​អក្សរ​ដោយ​ដៃ​ ក្បាច់​គុន និង​ការ​សម្ដែង​តាម​បែប​ប្រពៃណី រួម​មាន​ទាំង​ល្ខោន​ខោល​វត្ត​ស្វាយ​អណ្ដែត​ផង​ដែរ។

ព្រឹត្តិការណ៍​ឆ្នាំ​នេះ​ជា​ការ​រៀបចំ​លើក​ទី​១៤ ហើយ​​ក្រោម​ប្រធានបទ «សុខដុម​នៃ​ភាព​ចម្រុះ» ដែល​បង្ហាញ​ពី​សុខដុម​រមនា​នៃ​វប្បធម៌​រវាង​ប្រទេស​ទាំង​ពីរ។

ព្រឹត្តិការណ៍​នេះ​ដើរ​តួនាទី​ជា​វេទិកា​សម្រាប់​ការ​ផ្លាស់​ប្ដូរ​វប្បធម៌ ជំរុញ​លើក​កម្ពស់​ការ​ស្វែង​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក និង​ពង្រឹង​មិត្តភាព​រវាង​ជប៉ុន និង កម្ពុជា។​

លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បាន​ថ្លែង​ថា៖ «កិច្ច​សហប្រតិបត្តិការ​ជប៉ុន​និង​កម្ពុជា ដែល​បាន​ឈាន​ដល់​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​កាល​ពី​ឆ្នាំ​២០២៣ មិន​ផ្ដោត​ទៅ​លើ​តែ​នយោបាយ និង សេដ្ឋកិច្ច​នោះ​ទេ ប៉ុន្តែ​ក៏​ផ្ដោត​ទៅ​លើ​ការ​ពង្រឹង​ផ្នែក​វប្បធម៌​នេះ​ផង​ដែរ»។

អ្នកស្រី ប៉ែន មុនីមករា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ថ្លែង​ថា មហោស្រព​នេះ​គឺ​ជា​សក្ខីភាព​នៃ​ចំណង​មិត្តភាព​ដ៏​ជ្រាល​ជ្រៅ និង​យូរ​អង្វែង​រវាង​កម្ពុជា​និង​ជប៉ុន ដោយ​ឈរ​លើ​មូលដ្ឋាន​គោរព និង ជឿ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក៕