ភ្នំពេញ៖ ថ្មីៗនេះ មានផ្ទុះការចាប់អារម្មណ៍ពេលដែលផលិតកម្មភាពយន្ដ​ចិន​មក​ថតរឿង​ភាគ​ទូរទស្សន៍​​ «វត្ដ​ត្រកូល ៣តំណរ​» «Three Lines of Reincarnation» ​​នៅក្នុង​ទីក្រុង​ប្រវត្តិសាស្ត្រ​នៃ​ខេត្តសៀមរាប។

ការ​ផលិតភាព​យន្ដ​នៅ​ប្រទេស​កម្ពុជា​បាន​​នាំមក​នូវ​ឱកាស​ពិសេស​មួយ​ក្នុងការ​ផ្សព្វផ្សាយ​បេតិកភណ្ឌ​វប្បធម៌​ដ៏​សម្បូរបែប​របស់​ព្រះរាជាណាចក្រ និង​សម្រស់​ធម្មជាតិ​ទៅកាន់​ទស្សនិកជន​ទូទាំង​ពិភពលោក​។​

ផលិតកម្ម​ដែល​បានជ្រើសរើស​ទីតាំង​ល្បីៗ ​ដូចជា អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ចាស់ ផាប់​ស្ទ្រី​ត និង​ទីតាំង​ជាច្រើន​ក្នុង​ទីក្រុង គឺជា​សញ្ញា​យ៉ាងច្បាស់​ថា​ប្រទេស​កម្ពុជា​កំពុង​ក្លាយជា​គោលដៅ​ដ៏​ពេញនិយម​សម្រាប់​ផលិតករ​បរទេស​។​

​ខ្សែភាពយន្ត​ភាគ​ទូរទស្សន៍​នេះ​បង្ហាញ​ពី​​តារា​ចិនល្បីៗ​​ដែលមាន​អ្នកគាំទ្រ​ជាង ៣០​ លាន​នាក់​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ចិន Weibo តំណាងឱ្យ​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​សម្រាប់​ឧស្សាហកម្ម​ភាពយន្ត និង​ទេសចរណ៍​កម្ពុជា​។​

​ដោយសារ​កម្ពុជា​បន្ត​ដាក់ខ្លួន​ជា​មជ្ឈមណ្ឌល​សម្រាប់​ផលិតកម្ម​អន្តរជាតិ ការថត​រឿង «វត្ដ​ត្រកូល ៣តំណរ​» ត្រូវបាន​​​មើលឃើញថា​ជា​ឱកាស​មាស​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ ជាពិសេស​មកពី​ប្រទេស​ចិន តៃវ៉ាន់ ហុងកុង និង​ម៉ាឡេស៊ី​។​

លោក ប៉ុក បូរក្ស​ ប្រធាន​នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ឱ្យដឹងថា​៖ «​ការ​ថតភាពយន្ដ​នៅ​ក្នុង​តំបន់​មួយ ឬ​ប្រទេស​មួយ​ជា​ការ​ចូលរួម​ចំណែក​ផ្សព្វផ្សាយ​ពីគោលដៅនោះ​ទៅដល់​អ្នកទស្សនា​។

នេះ​ជាការ​ផ្សព្វផ្សាយ​ដ៏សំខាន់​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​។ ទេសចរ​នៃ​ប្រទេស​មួយចំនួន​កំណត់​គោលដៅ​ទេសចរណ៍​តាម​រយៈ​ការ​ទស្សនា​ភាពយន្ដ​។

លោកទទួល​ស្គាល់ថា ការ​ផលិត​វីដេអូ ឬភាពយន្ដ​ដែល​បង្ហាញ​ពី​សង្គម​អសន្ដិសុខ ឬ​មិន​ល្អដោយ​ប្រការ​ណាមួយ ច្បាស់​ណាស់ថា ព័ត៌មាន​ទាំងនេះ​នឹង​ជះឥទ្ធិពល​ទៅ​ដល់​អ្នក​ទស្សនា​។

លោក បូរក្ស បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​ចង់​ទាញ​ចំណាប់​អារម្មណ៍​ថា ឈុត​ឆាក​នៅក្នុង​ភាពយន្ដ​គឺជា​សិល្បៈ ដែល​មិន​មែន​ជា​ប្រភេទ​ឯកសារ ឬ​ឆ្លុះបញ្ចាំងពីតថភាព​ពិត​ក្នុង​សង្គម​នោះទេ។ នៅក្នុង​ភាពយន្ដ វាមានទាំង​ឈុត​វិជ្ជមាន និង​អវិជ្ជមាន ដោយ​មិន​ផ្ដោតលើ​តែភាពវិជ្ជមាន ឬអវិជ្ជមាន​សុទ្ធ​នោះទេ​»។

ប្រសិនបើ​មាន​ឈុតឆាកសម្លាប់​មនុស្ស ឬធ្វើ​អត្ដឃាត​ ដំណោះស្រាយ​នៅក្នុង​សាច់​រឿង​ប្រាកដជា​ត្រូវ​បក​ស្រាយ​ថា តើ​មានកិច្ច​អន្ដរាគម​ពី​ប៉ូលិស ឬ​មន្ដ្រី​ជំនាញ​ឬទេ​។

ជាការ​ផ្សព្វផ្សាយ​សក្ដានុពល​ទេសចរណ៍ លោក បូរក្ស បាន​លើកឡើងថា រាជរដ្ឋាភិបាល​យកចិត្ដ​ទុក​ដាក់​ខ្ពស់​ក្នុងការ​ជំរុញ​ និង​លើកកម្ពស់​ការទាក់ទាញ​ផលិតករអន្ដរជាតិ​មក​ប្រើ​ប្រាស់​កម្ពុជា​ជា​គោលដៅ​ថតភាពយន្ដ​។

លោក​បាន​ប្រាប់​ភ្នំពេញប៉ុស្ដិ៍ថា​៖ «​យើង​ព្យាយាម​សម្របសម្រួល​នីតិវិធី​ផ្ទៃ​ក្នុង​ដើម្បី​ពន្លឿន សម្រួល​ដោយ​ធ្វើ​យ៉ាង​ណា​ផលិតករ​អន្ដរជាតិ​មាន​ភាព​ងាយស្រួល​ ហើយ​យើង​ខិតខំ​ពង្រឹង​ធនធាន​មនុស្ស​ក្នុងការ​បម្រើ​ដល់​ការ​ជំរុញ​ផលិតករ​បរទេស​ផង​ដែរ​»។

រឿង​​នេះ​បង្ហាញ​ពី​ទំនាក់ទំនង​វប្បធម៌ និង​ភូមិសាស្ត្រ​ជិតស្និទ្ធ​រវាង​កម្ពុជា និង​ចិន ដែល​ធ្វើឱ្យ​​ប្រទេស​កម្ពុ​ជាហាក់ដូចជា​​គោលដៅ​ជិតខាង ដែល​ងាយស្រួល​ទៅ​ទស្សនា​។​

កំលោះ Hang ធ្វើ​ដំណើរ​តាម​យន្ដហោះ​រយៈ​ពេល​ ពីរ​ម៉ោង​កន្លះ​ពី​ទីក្រុង​គុន​មីង ទៅកាន់​ខេត្តសៀមរាប ជា​ជើងហោះហើរ​ជិត​ជាង​ក្នុង​ស្រុករបស់​លោក​។

នៅក្នុង​សាច់​រឿង លោក​បាន​និយាយថា​៖ «​​​ប្រសិនបើមិន​បាន​ឃើញ​ការ​បរិច្ចេទ​​នៅលើ​ផ្លាកសញ្ញា​ទេ ខ្ញុំ​​ប្រហែលជា​គិតថា​ ខ្ញុំ​កំពុង​តែ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​ក្នុង​ទសវត្សរ៍​ឆ្នាំ១៩៨០​»​​។

រៀមច្បងរបស់លោក​ម្នាក់ បាន​ប្រាប់ថា​៖​ «​កម្ពុ​ជាមាន​ភ្ញៀវទេសចរ​ចិន​ច្រើន​​ឥឡូវនេះ​។ វិស័យ​ទេសចរណ៍​បាន​នាំមក​នូវ​ឱកាស​ថ្មីៗ​»។​

នេះ​ឆ្លុះបញ្ចាំង​ពី​វត្តមាន​កាន់តែ​ច្រើនឡើង​នៃ​វប្បធម៌ និង​ការវិនិយោគ​របស់​ចិន​នៅក្នុង​ខេត្តសៀមរាប ដែល​ធ្វើឱ្យ​វា​ក្លាយជា​គោលដៅ​ស្វាគមន៍​សម្រាប់​ភ្ញៀវទេសចរ​ចិន៕