
ពិធីចុះអនុស្សរណៈយោគយល់គ្នា នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ។ ក្រសួងវប្បធម៌
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រុមហ៊ុនកោះស្លាកែតស្ទូឌីយោ ឯ.ក នៅព្រឹកថ្ងៃទិ១៨ ខែកុម្ភៈនេះ បានចុះអនុស្សរណៈយោគយល់គ្នាក្នុងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងសិល្បៈ ដែលរួមមានការផលិតមាតិកា ការរៀបចំព្រឹត្តិការណ៍វប្បធម៌ និងលើកស្ទួយទំនៀមទម្លាប់ប្រពៃណីខ្មែរ។
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះប្រព្រឹត្តទៅក្រោមអធិបតេយ្យភាព លោក ជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងថ្នាក់ដឹកនាំក្រុមហ៊ុន កោះស្លាកែតស្ទូឌីយោ ឯ.ក នៅទីស្នាក់ការក្រុមហ៊ុនក្នុងភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
លោកជំទាវ ភឿង សកុណា បានថ្លែងនៅក្រោយពិធីចុះអនុស្សរណៈយោគយល់គ្នាថា រដ្ឋាភិបាលមានគោលនយោបាយកៀរគកម្លាំងគ្រប់បែបយ៉ាងដើម្បីគាំទ្រដល់វប្បធម៌និងទំនៀមទម្លាប់របស់ជាតិ ដោយរួមមានទាំងកិច្ចសហការជាមួយដៃគូឯកជនផងដែរ ដើម្បីបំពេញឲ្យគ្នាទៅវិញទៅមកក្នុងការផ្សព្វផ្សាយវប្បធម៌និងទំនៀមទម្លាប់របស់ខ្មែរ។ ការចាប់ជាដៃគូនេះក៏ដើម្បីបែងចែកព័ត៌មាននិងចំណេះដឹងផងដែរ។
លោកជំទាវបន្តថា៖ «កិច្ចសហការគ្នានេះក៏ជាកម្លាំងសេដ្ឋកិច្ចមួយរបស់ជាតិយើង ពីព្រោះកិច្ចសហការនៅទីនេះមានប្រជាជនរបស់យើងមកលេង ហើយក៏ជាការបង្កើតការងារដល់ប្រជាជនយើងមួយផ្នែកទាក់ទងនឹងវិស័យវប្បធម៌ សិល្បៈ និងទំនៀមទម្លាប់របស់ជាតិ»។
លោកជំទាវបន្តថា៖ «បើយើងអត់ស្គាល់ថាអ្វីជាប្រពៃណី ទំនៀមទម្លាប់ វប្បធម៌របស់ជាតិរបស់យើង គឺប្រៀបដូចយើងមានតែសំបកខ្លួន តែអត់មានព្រលឹង។ យើងដឹងហើយថា មនុស្សអត់ព្រលឹងវាយ៉ាងម៉េច។ ការដែលយើងខិតខំរៀនសូត្រស្គាល់អំពីអក្សរសាស្ត្រជាតិ អក្សរសិល្ប៍ ទំនៀមទម្លាប់ប្រពៃណី ជំនឿ យើងនឹងធ្វើឲ្យខ្លួនយើងមានព្រលឹង។ ពេលយើងមានព្រលឹងពេញ វាធ្វើឲ្យយើងមានតម្លៃ»។
លោក ពេជ្រ ចិត្រា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនកោះស្លាកែត ស្ទូឌីយោ ឯ.ក ថ្លែងអំណរគុណដល់លោកជំទាវ ភឿង សកុណា ដែលបានចូលរួមក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នានេះ។
លោករៀបរាប់ថា រហូតដល់ឆ្នាំ២០១៨ ទីតាំងក្រុមហ៊ុននេះ គ្រាន់តែជាទឹកដី ភក់ជ្រាំ ប្រមូលផ្តុំដោយក្មេងទំនើង ហើយលោកនឹងភរិយាក៏មានក្ដីស្រមៃចង់អភិវឌ្ឍទឹកដីនេះឱ្យទៅជាមជ្ឈមណ្ឌលវប្បធម៌ សិល្បៈមួយដែលដូនតាខ្មែរបន្សល់ទុកឱ្យ។
ចាប់ពីឆ្នាំ២០១៩ លោកនឹងក្រុមគ្រួសារបានចាប់ផ្តើមកសាងកន្លែងតូចមួយនេះឲ្យទៅជាកន្លែងកំសាន្តសម្រាប់តែក្រុមគ្រួសារ ហើយក៏បានពង្រីកបន្តិចម្ដងៗឲ្យទៅជាកន្លែងសម្រាប់ថតភាពយន្ត សម្រាប់ថត MV សម្រាប់ថតរឿងកំប្លែងរបស់ក្រុមការងារកោះស្លាកែត។
ក្រោយមកក៏បានរៀបចំរចនាសម្ព័ន្ធប្រែក្លាយតំបន់នេះ ឱ្យទៅជាមជ្ឈមណ្ឌលស្ទូឌីយោវប្បធម៌ធម្មជាតិដំបូងគេ និងមានតែមួយនៅកម្ពុជាដូចបំណងប្រាថ្នា។
លោកបន្តថា ក្រុមហ៊ុនកោះស្លាកែតស្ទូឌីយោ ឯ.ក បានផ្តល់ឱកាសការងារឲ្យអ្នកនិពន្ធ អ្នកដឹកនាំផលិត ក្រុមការងារផលិត អ្នកថត អ្នកកាត់ត គ្រូផ្នែកសិល្បៈ សិល្បៈករ សិល្បៈការី កម្មករ និងបុគ្គលិកពាក់ព័ន្ធនានាជាង ៦០កន្លែង។
ក្រុមហ៊ុនបានផលិតបទចម្រៀងថ្មី ២៤០បទ, វីដេអូអប់រំ ៦០០ឃ្លីប ទទួលបានពានរង្វាន់លេខមួយ Pleng Music Award 2023 និងកំពុងផលិតបទចម្រៀងជាច្រើនទៀត។
លោក ពេជ្រ ចិត្រា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកជំទាវបណ្ឌិត្យ និងភាគីពាក់ព័ន្ធ ដែលបានផ្តល់សេចក្តីទុកចិត្តជឿជាក់ ទៅលើជំនាញ វិជ្ជាជីវៈ និងបទពិសោធន៍ក្រុមការងារកោះ ស្លាកែតស្ទូឌីយោ ក្នុងការសហការផលិតមាតិកា ផ្សព្វផ្សាយវប្បធម៌ សិល្បៈ និងសង្ឃឹមថា កិច្ចសហប្រតិបត្តិការនេះនឹងផ្តល់នូវលទ្ធផលជាផ្លែផ្កាយ៉ាងល្អប្រសើរ៕