
លោកស្រី ចម និម្មល ពិនិត្យមើលផលិតផលរបស់ក្រុមហ៊ុនប៉េប៉េអឹម និងខនហ្វីរែល។ ក្រសួងពាណិជ្ជកម្ម
គុណភាពចំណីអាហារ មិនត្រឹមតែជាចំណែកសំខាន់ដែលផ្តល់ទំនុកចិត្តទៅដល់អ្នកទទួលទាន និងជួយលើកកម្ពស់ទីផ្សារនាំចេញម្ហូបអាហារទៅទីផ្សារអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសិល្បៈមួយនៃការធ្វើម្ហូបរបស់ខ្មែរ ព្រមទាំងអាចទាក់ទាញភ្ញៀវទេសចរបរទេសឱ្យមកទទួលយកបទពិសោធន៍នៃម្ហូបអាហារដោយផ្ទាល់នៅកម្ពុជាផងដែរ។ នេះបើតាមថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល នៅក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកែច្នៃនិងនវានុវត្តន៍ និងមន្ទីរពិសោធន៍ត្រួតពិនិត្យគុណភាព Labiocert នៅរោងចក្រខនហ្វីរែល របស់ក្រុមហ៊ុនប៉េប៉េអឹម(PPM) និងខនហ្វីរែល កាលពីថ្ងៃទី២៥ ខែកុម្ភៈ បានលើកឡើងថា ការបើកសម្ពោធនេះគឺជាការបោះជំហានទៅមុខរបស់ ក្រុមហ៊ុនប៉េប៉េអឹម និងខនហ្វីរែល ដែលសម្រេចបាននូវមជ្ឈមណ្ឌលកែច្នៃ និងអភិវឌ្ឍន៍ម្ហូបអាហារ ព្រមទាំងការរៀបចំឱ្យមានមន្ទីរពិសោធន៍ Labiocert នេះឡើង។ មន្ទីពិសោធន៍នេះ នឹងចូលរួមចំណែកជាច្រើនក្នុងការលើកកម្ពស់ការកែច្នៃ និងពង្រឹងគុណភាពម្ហូបអាហារ ក៏ដូចជាផលិតផលខ្មែរទាំងមូល។
លោកស្រីបន្តទៀតថា៖«ការបញ្ជាក់អំពីគុណភាពចំណីអាហារ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការផ្ដល់នូវសេចក្ដីទុកចិត្តដល់ប្រជាពលរដ្ឋដែលជាអ្នកទទួលទាន ជាពិសេសការអភិវឌ្ឍម្ហូបអាហារប្រកបដោយគុណភាពជាលក្ខខណ្ឌចាំបាច់មួយដើម្បីផ្ដល់ជូនអ្នកប្រើប្រាស់នូវជម្រើសផលិតផលម្ហូបអាហារថ្មីៗ មានគុណភាពខ្ពស់ និងរសជាតិឆ្ងាញ់សម្រាប់ទទួលទានប្រចាំថ្ងៃ និងអាចឈានទៅដល់ការនាំចេញទៅទីផ្សារអន្តរជាតិ ដើម្បីឱ្យពិភពលោកបានស្គាល់នូវសិល្បៈនៃការធ្វើម្ហូបរបស់ខ្មែរ និងទាក់ទាញភ្ញៀវទេសចរឱ្យទទួលយកបទពិសោធន៍ម្ហូបអាហារដោយផ្ទាល់នៅកម្ពុជាផងដែរ»។
លោកស្រីបានបន្ថែមថា ដើម្បីឱ្យវិស័យកែច្នៃ និងអភិវឌ្ឍម្ហូបអាហារ និងផលិតផលកម្ពុជា កាន់តែមានកេរ្តី៍ឈ្មោះ និងមានសក្តានុពលទាក់ទាញភ្ញៀវទេសចរបរទេសចូលមកកម្សាន្តនៅកម្ពុជាកាន់តែច្រើន ព្រមទាំងជំរុញការនាំចេញចំណីអាហារផលិតនៅកម្ពុជាទៅទីផ្សារអន្តរជាតិ គឺទាមទារឱ្យគ្រប់ផ្នែកពាក់ព័ន្ធទាំងរដ្ឋាភិបាល និងផ្នែកឯកជនចូលរួមទាំងអស់គ្នា។
យោងតាម លោកស្រីរដ្ឋមន្ត្រី ចំណុចសំខាន់ៗដែលកម្ពុជាត្រូវរួមគ្នាធ្វើមានដូចជា ការលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអ្នកផលិត អ្នកកែច្នៃ និងអាជីវករ ឱ្យចាប់យកឱកាសដើម្បីរួមគ្នាអភិវឌ្ឍវិស័យម្ហូបអាហាររបស់កម្ពុជាឱ្យបានកាន់តែប្រសើរ និងមានភាពទាក់ទាញកាន់តែខ្លាំង, ការលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តកិច្ចសហការជាមួយដៃគូពាក់ព័ន្ធទាំងក្នុងនិងក្រៅប្រទេស និងសាកលវិទ្យាល័យ និងគ្រឹះស្ថានស្រាវជ្រាវនានាក្នុងការសិក្សាស្រាវជ្រាវវិធីសាស្រ្តថ្មីៗស្តីពីការលើកកម្ពស់គុណភាព និងការបង្កើនការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ, និងការលើកទឹកចិត្តឱ្យក្រុមហ៊ុនយកចិត្តទុកដាក់ខ្ពស់ក្នុងការចុះបញ្ជីការពារកម្មសិទ្ធិបញ្ញា ទាំងម៉ាក គំនូរឧស្សាហកម្ម ប្រកាសនីយបត្រតក្កកម្ម ឬសិទ្ធិអ្នកនិពន្ធ ដើម្បីការពារនូវកិច្ចខិតខំប្រឹងប្រែងនិងរបកគំហើញថ្មីៗដែលក្រុមហ៊ុនបានរកឃើញ។
បន្ថែមពីលើនេះ លោកស្រី ចម និម្មល ក៏លើកទឹកចិត្តឱ្យមានកិច្ចសហការកាន់តែជិតស្និទ្ធជាមួយក្រុមការងារជំរុញការនាំចេញរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីទទួលបានព័ត៌មាន និងលក្ខខណ្ឌតម្រូវរបស់ប្រទេសនាំចូល, ឱកាសក្នុងការចាប់ដៃគូពាណិជ្ជកម្ម និងការបង្កើនការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ, លើកទឹកចិត្តឱ្យក្រុមហ៊ុនចូលរួមឱ្យបានសកម្មនៅរាល់ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ម វេទិកាធុរកិច្ច និងបេសកកម្មពាណិជ្ជកម្មនានា ដែលក្រសួងពាណិជ្ជកម្មរៀបចំ ដើម្បីផ្សព្វផ្សាយបន្ថែមអំពីកិត្តិនាមផលិតផលកម្ពុជា និងស្វែងរកកាលានុវត្តភាពធុរកិច្ចនិងវិនិយោគថ្មីៗ បន្ថែមទៀត។
ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ លោក ខៀវ ធី បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា គុណភាព អនាម័យ និងរសជាតិចំណីអាហារ គឺជាផ្នែកដ៏សំខាន់ដែលផ្តល់ជំនឿចិត្តទៅដល់ភ្ញៀវទេសចរបរទេសក្នុងការធ្វើដំណើរមកកម្សាន្តនៅកម្ពុជា និងការស្នាក់នៅរយៈពេលកាន់តែយូរ។
ការពង្រឹង និងលើកកម្ពស់គុណភាពចំណីអាហារ ក៏ជួយឱ្យគុណភាព និងសុខភាពរបស់ប្រជាជនកាន់តែល្អប្រសើរ ព្រមទាំងជួយកាត់បន្ថយការចំណាយផ្នែកសុខាភិបាលបានមួយចំណែកផងដែរ។
លោកបានបន្ថែមថា៖«សម្រាប់វិស័យទេសចរណ៍ នៅពេលចំណីអាហារនៅកម្ពុជាត្រូវបានគេទទួលស្គាល់ និងផ្សព្វផ្សាយថាមានគុណភាពល្អ និងការត្រួតពិនិត្យច្បាស់លាស់ វាជាព័ត៌មានល្អសម្រាប់ទាក់ទាញឱ្យភ្ញៀវទេសចរបរទេសចូលមកកម្សាន្តកាន់តែច្រើន»។
លោកលើកឡើងទៀតថា បច្ចុប្បន្នភ្ញៀវបរទេសក៏ពេញចិត្តចំពោះគុណភាព និងរសជាតិម្ហូបអាហារកម្ពុជាផងដែរ៕