ខេត្ដបន្ទាយមានជ័យ៖ ព្រះអាទិត្យ​ពណ៌​លឿងទុំរះ ​ជះ​ពន្លឺ​​លើជញ្ជ្រាំងស្រូវ​បន្សល់ពី​ការ​ច្រូតកាត់ប្រមូលផល​របស់​កសិករ​នៅ​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ។

ក្រៅពី​​មុខរបរ​ធ្វើ​​​ស្រែ​ចម្ការ ប្រជាពលរដ្ឋ​​មួយ​ចំនួន​ត្រូវ​ធ្វើ​ចំណាក​ស្រុក​ ទៅ​ប្រទេស​ជិត​ខាង​ដើម្បី​​ស្វែង​រក​ចំណូល​​ផ្គត់ផ្គង់ជីវភាពបន្ថែម។​ នេះ​ជាដើមចម​​សំខាន់មួយ​ធ្វើ​ឱ្យ​កុមារ​ជាច្រើន​បាត់​បង់​ឱកាស​ទទួល​បាន​ការ​អប់រំ​ដ៏​សំខាន់​​ក្នុង​ឆាក​ជីវិត​របស់​ពួកគេ​។

កុមារី​ លី​តា និង​លីកា ស្ថិត​ក្នុង​ចំណោម​កុមារ​ជាច្រើន​ទៀតដែល​មិនបាន​រៀន​ជាប់លាប់ ដោយសារ​​​ត្រូវ​ធ្វើ​ដំណើរ​តាម​ឪពុកម្ដាយ​​ឡើង​ចុះរវាង​ប្រទេស​​​កម្ពុជា និង​​ថៃ​​​។

បច្ចុប្បន្ន​នេះ កុមារីទាំងពីរ​បាន​ត្រឡប់​មក​កាន់​ថ្នាក់​រៀន​ជាទៀងទាត់​​វិញ​​​តាម​រយៈ​​គម្រោង​ដៃគូរួមគ្នា​ផ្តល់ឱកាស​អប់រំដល់កុមារបាត់បង់ឱកាស​នៅកម្ពុជា (CCOSC) ដំណាក់​កាល​ទីពីរ​។

កុមារី លី​តា រស់​នៅ​ជាមួយ​អ៊ំស្រី ខណៈ​ឪពុកម្ដាយ​ធ្វើការ​ចំណាក​ស្រុក។ កុមារី​រូបនេះ​ បាន​ឱ្យដឹងថា ខ្លួន​​​បានវិល​​​ចូលរៀនវិញ​​នៅ​ថ្នាក់ទីពីរ និង​ជាប់​​ចំណាត់ថ្នាក់​លេខ ៣ ប្រចាំថ្នាក់​ ក៏ដូចជា​ប្រចាំសាលារៀន។

ក្នុង​​សំនៀង​រណ្ដឺន លីតា បាន​និយាយថា​៖ «ពេល​បាន​មករៀន​ ខ្ញុំ​ពិតជាសប្បាយ​ចិត្ដ និង​ចង់​រៀន​ខ្លាំង»។​

កុមារី​ លីតា ជា​សិស្ស​ថ្នាក់ទី ២ ដែលទទួលបានចំណាត់ថ្នាក់លេខ ៣។ សហការី

អង្គការ​ទស្សនៈ​ពិភពលោក សហការ​ជាមួយ​ដៃគូ​អប់រំ​ជាង ៣០​ បាន​ដើរតួ​យ៉ាងសំខាន់​ក្នុង​ការជួយ​កុមារ​ ដូចជា លីតា និងលីកា​ យកឈ្នះ​លើ​ឧបសគ្គ​នៃ​ភាពក្រីក្រ ការធ្វើ​ចំណាកស្រុក និង​ឱកាស​សិក្សា​មានកំណត់​។​

លោក ម៉ាត់ សុមីត ប្រធានគម្រោង CCOSC របស់​អង្គការ​ទស្សនៈ​ពិភពលោក​ បាន​ឱ្យដឹង​ថា គម្រោង​នេះ​ទទួល​ការ​គាំទ្រផ្នែកហិរញ្ញវត្ថុពី Educate A Child (EAC) នៃមូលនិធិ Education Above All ​សម្របសម្រួលនៅ​កម្ពុជាដោយ អង្គការអេដ អេ អាក់ស្យុង (AeA)​​​ ផ្តោតលើ​ការផ្តល់​កុមារ​​​ខ្វះខាត​នូវ​លទ្ធភាព​ទទួលគុណភាពអប់រំនៅកម្រិត​បឋមសិក្សា។​

គោល​បំណង​សំខាន់​របស់​បេសកកម្ម​អង្គការ​ទស្សនៈ​ពិភពលោក ជំហានទីពីរនេះ​ ផ្ដោតលើ​កុមារ​បាត់បង់​ឱកាស​កាសិក្សា ប្រឈម​ហានិភ័យ​ក្នុង​ការ​បោះបង់​ការអប់រំ​ដ៏​សំខាន់​របស់​ពួកគេ។

លោក សុមីត បានបន្ដថា គម្រោងបានចូលរួមចំណែកក្នុងយុទ្ធសាស្រ្តអប់រំរបស់ក្រសួងអប់រំ ២០២៤-២០២៨ «ធានាឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូបទទួលបានការអប់រំប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន ពោរពេញដោយចំណេះដឹង បំណិន វិន័យ សីលធម៌ និងឥរិយាបថល្អ ព្រមទាំងសុខភាពល្អ កាយសម្បទារឹងមាំ និងការសិក្សាពេញមួយជីវិត»  ដែលឆ្ពោះទៅរកការសម្រេចនូវអាទិភាពទី១នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៤ (SDG-4) ឆ្នាំ២០៣០។

ជីវិតតស៊ូ​របស់ពលរដ្ឋ​រស់​នៅ​ទី​​ជនបទ​​​ដែល​ជួប​បញ្ហា​ខ្វះខាត

លោក​មេឃុំ​នៃស្រុក​ថ្ម​ពួក អាន ឡាញ់ បាន​ឱ្យដឹងថា​ ក្នុង​ចំណោម​ប្រជាពលរដ្ឋក្នុង​ឃុំ​នៃ​ស្រុក​ថ្មពួក​សរុប​​ចំនួន​ ២១៦៣ គ្រួសារ ឬ​ជិត ៩ពាន់​នាក់​ កុមារ​ធ្វើ​ចំណាក​ស្រុក​ជាមួយ​ឪពុកម្ដាយ​ចំនួន ៥៤ នាក់ ដែល​ក្នុង​នោះមាន​ក្មេងស្រី ២៩ នាក់​។

លោក ឡាញ់ បាន​ឱ្យដឹងថា អាជ្ញាធរ​ពិតជា​ត្រូវការ​ការ​ចូលរួម​របស់​អង្គការ​ទស្សនៈ​ពិភពលោក ជាពិសេស កម្មវិធី ​(CCOSC) ដែលមិន​ត្រឹម​តែជួយដល់​វិស័យ​អប់រំ​ និងសហគមន៍​មូលដ្ឋាន​ប៉ុណ្ណោះទេ ប៉ុន្ដែ​វា​ពិតជា​សម្រួល​ដល់​កិច្ចការ​អាជ្ញាធរ​​ថែម​ទៀត​។

អ្នកស្រី ឈាន ស្រីមុំ ជា​អ៊ំស្រីរបស់​កុមារី​ លី​តា បាន​និយាយថា លី​តា បានធ្វើ​ចំណាកស្រុក​ជាមួយ​ឪពុកម្តាយ​តាំងពី​អាយុ ៩ ខែ​មកម្ល៉េះ ហើយ​គ្មាន​ឱកាស​បាន​រៀន​ដូច​កុមារ​ដទៃ​​ទេ​។​

អ្នកស្រី បាន​ថ្លែងថា​៖ «​ដោយសារ​ម៉ែ​ឪ​អវិជ្ជា និង​ស្រណោះ​កូន​ចង់​រៀន ទាំង​ខ្ញុំ និង​ប្អូនៗ [ឪពុកម្ដាយ លីតា​] ស៊ូលំបាកដោយ​ត្រូវ​យក​កូន​មក​រៀន​ ដោយ​បារម្ភ​ខ្លាច​គាត់​មិន​ចេះ​អី»​។

​​​ដោយឡែក​អ្នកស្រី ទូច ​សុខជា ​ជា​ម្ដាយកុមារី លីកា ​ដែល​មានជីវភាពខ្វះខាត និង​រស់នៅក្រោមដំបូល​ផ្ទះ​របស់​ប្អូន​ សុខ​ចិត្ត​​ឈប់​ពី​ការងារ​​​ពលករ​ចំណាក​​ស្រុក​​មក​នៅ​ផ្ទះ​​ជាមួយ លីកា ​ជា​ក្មេងស្រី​ម្នាក់ទៀតរស់នៅក្នុងភូមិ​ជាមួយ​គ្នា​​ដែល​ទទួលបាន​អត្ថប្រយោជន៍​ពី​គម្រោង​នេះ​។​

​អ្នក​ម្ដាយ​ដែលបានឈប់​រៀន​ត្រឹម​ថ្នាក់​​ទី ៦ រូបនេះ​បាន​សារភាពថា​៖ «ខ្ញុំ​មាន​លទ្ធភាពត្រឹម​ជួយ​ជំរុញ​ឱ្យ​កូន​ខិតខំ​ប្រឹង​រៀន។ ខ្ញុំ​មិនបាន​ជួយ​បង្រៀន​គាត់​ទេ ដោយសារ​ខ្ញុំ​អត់​ចេះ​អីទេ​។ ខ្ញុំ​មិន​ចេះ​អីមួយ​អង្គ ទើប​ចង់​ឱ្យ​កូន​បាន​រៀន​»។

អ្នកស្រី ទូច ​សុខជា ជឿជាក់ថា ការ​សិក្សា​នឹង​អាច​ផ្លាស់​ប្ដូរ​ជីវិត​កូន​របស់គាត់បាន។ សហការី

អ្នកស្រីធ្លាប់​សាកសួរ​​ចិត្ដ​កូន​ថា៖ «​បើសិន​ជា​ម៉ែ​ចង់ទៅធ្វើ​ការ​នៅថៃ​វិញ នាង​ទៅ​ជាមួយ​ម៉ែ​អត់​? នាង​ឆ្លើយថា «ទេ! ខ្ញុំមិនបានទៅទេ! បើម៉ែ​ឯង​ចង់ទៅ ទៅ​តែឯងទៅ។ ខ្ញុំ​នៅតែ​រៀន​​»។

ដោយ​ផ្ដល់​តម្លៃ​ចំពោះការសិក្សា អ្នកស្រី សុខជា បាន​និយាយ​ទាំង​អួល​ដើមក​ថា​៖ «ខ្ញុំ​ជឿជាក់ថា ការ​សិក្សា​នឹង​អាច​ផ្លាស់​ប្ដូរ​ជីវិត​របស់​គាត់​បាន​។ ខ្ញុំមិនចង់​ឱ្យ​គាត់​ទៅធ្វើ​ការ​នៅ​ស្រុក​ឆ្ងាយ​។ ពេលគាត់​ប្រឡង​ចប់ គាត់ធ្វើ​អ្វី​ក៏​បាន​»។

​ក្តីសង្ឃឹម​ថ្មី​៖ ដំណើរ​លើវិថីអប់រំ​របស់កុមារី​​លី​តា និង​លីកា​

រឿងរ៉ាវ​​របស់កុមារី​ លី​តា គឺជា​សក្ខីភាពចំពោះ​​អំណាច​នៃ​ការអប់រំ​។ ​ដោយមាន​ការជួយជ្រោមជ្រែង​ពី​អង្គការ​ទស្សនៈ​ពិភពលោក លី​តា ពេលនេះ​មាន​អាយុ ១១​ឆ្នាំ បានទទួល​សម្ភារៈ​សិក្សា និង​​កង់​មួយ ដើម្បី​ធ្វើឱ្យ​ដំណើរ​ទៅ​សាលារៀន​កាន់តែ​ងាយស្រួល​។​

អ្នកស្រី ស្រីមុំ បាន​អះអាងថា៖ «​ដោយសារ​តែ​ទឹកចិត្ត​ស្រឡាញ់​ការសិក្សា​ គាត់​ (លីតា) ចំណាយ​ពេល​បំប៉ន​រយៈ​ពេល​ខ្លី​តែ​ជាង​មួយខែ​ គាត់អាច​រៀន​ទាន់​មិត្ដ​រួមថ្នាក់ និង​មាន​ចំណាត់​ថ្នាក់​ល្អ​ថែមទៀត​»។

ក្រោយពី​ការ​​ទទួល​បាន​សម្ភារៈ​សិក្សា​មួយចំនួន ដូចជា ប៊ិក សៀវភៅ និងកង់​សម្រាប់​ជា​ប្រយោជន៍​ដល់​ការ​សិក្សា​របស់​កុមារី លីតា អ្នកស្រី ស្រីមុំ បាន​ឱ្យដឹងថា អ្នកស្រី​បាន​ចូលរួម​សិក្ខាសាលា​ពីរ​ដង​ក្នុង​នាម​ជា​អាណាព្យាបាល​របស់​ លីតា ក្រោម​ការ​រៀបចំ​របស់​អង្គការ​ទស្សនៈ​ពិភពលោក​។

អ្នក​ផ្ដល់​សេវាការអប់រំ​រួមចំណែកយ៉ាងសកម្ម​​ដើម្បី​ជោគជ័យ​នៃ​គម្រោង CCOSC។ សហការី

តួនាទី​របស់​អាជ្ញាធរ​មូលដ្ឋាន និង​អ្នក​អប់រំ​

​ភាពជោគជ័យ​នៃ​គម្រោង CCOSC អាច​សម្រេច​ទៅបាន​ដោយ​​មិន​ត្រឹមតែ​អង្គការ​ទស្សនៈ​ពិភពលោក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏មាន​ការចូលរួម​យ៉ាង​សកម្ម​ពី​អាជ្ញាធរ​មូលដ្ឋាន និង​អ្នកផ្ដល់សេវាការ​អប់រំ​ផងដែរ​។​

លោក ផុត រាត្រី នាយក​សាលាបឋមសិក្សា​ក្នុង​ភូមិ​នៃ​ស្រុក​ថ្ម​ពួក ​បាន​សង្កត់ធ្ងន់​ពី​សារៈសំខាន់​នៃ​ការចូលរួម​របស់​សហ​គម​ន៍​ចំពោះ​​គម្រោង​។​

លោកនាយកសាលាបាន​ថ្លែងថា​៖ «​គម្រោង ​(CCOSC) ពិតជា​ល្អ ដែល​មិនត្រឹម​ជួយ​ដល់​សិស្ស​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​វាបាន​ដាស់​ស្មារតី​គ្រូ​ឱ្យ​ពង្រឹង​ការ​យកចិត្ដ​ទុកដាក់​ចំពោះ​សិស្សដែល​ប្រឈម​ការ​​បាត់​បង់​ឱកាស​សិក្សា និង​សិស្ស​ដែល​បាន​បោះបង់​ការ​សិក្សា ត្រឡប់​មក​សាលា​រៀន​វិញ​»។

លោក​បាន​ឱ្យដឹងថា សិស្សានុសិស្ស​ដែលប្រឈមហានិភ័យការបោះបង់ឱកាស​សិក្សា​ ​បានបន្ដ​​រៀន​ជាប់​លាប់​​មាន​ចំនួន​ ៤៤​នាក់​ ខណៈ​កុមារ​ ៦ នាក់​ដែលបាន​បោះបង់ការសិក្សាទៅហើយ​នោះ ដោយសារតែ​ការ​ធ្វើ​ចំណាកស្រុក​ជាមួយ​ឪពុកម្ដាយ​ បាន​ត្រឡប់​មក​ថ្នាក់​រៀន​វិញ​។

លោកក៏ជា​គ្រូ​បង្រៀន​កុមារី លីតា ផ្ទាល់ បាន​ឱ្យដឹងថា គម្រោង ​(CCOSC) ដែល​ចាប់​ផ្ដើម​អនុវត្ដ​ពី​ឆ្នាំ​២០២៣ បាន​ផ្ដល់​ជំនួយ​ដល់​កុមារ​នូវ​កាតាប សៀវភៅ ជាពិសេស កង់​ដែលរហូតដល់​ពេល​នេះមាន​ចំនួន ៣១ កង់​។

លីកា ជូត​សម្អាត​កង់ ជាមធ្យោបាយធ្វើដំណើរទៅសាលារៀន ក្រោមជំនួយ​ពីគម្រោង CCOSC របស់​អង្គការ​ទស្សនៈពិភពលោក​។ សហការី​

សាលា​បឋមសិក្សា​នេះ​មាន​ចំនួន​ ៧ថ្នាក់ សិស្សានុសិស្ស​ទាំង​កម្រិត​បឋម និងមតេយ្យ ១១២​​នាក់ និង​គ្រូ​ចំនួន ៤នាក់រួម​ទាំង​នាយកសាលា ដែល​ពួកគេ​បង្រៀន​គួបពីរ​​ថ្នាក់​ក្នុង​ពេល​តែមួយ​។

អ្នកគ្រូ​ រស់ ស៊ីណាត បង្រៀន​ថ្នាក់ទីបី និង​ថ្នាក់បួនគួប​គ្នា​ បាន​ឱ្យដឹងថា អ្នកគ្រូ​ទើប​ជួប​កុមារី លីកា នៅ​ថ្នាក់ទីបី​ប៉ុន្មានខែ​ប៉ុណ្ណោះ។

ប៉ុន្ដែ​ការ​សិក្សា​របស់ លីកា ​មាន​​ផ្លែផ្កា​ល្អ ខណៈ​សិស្ស​ដែល​ធ្លាប់​បោះបង់​ការ​សិក្សាដទៃទៀតទាមទារ​ការ​យកចិត្ដទុកដាក់​ពិសេស​ និងការ​​​បន្ថែម​​ម៉ោង​​​​បំប៉ន​ ​ដើម្បី​ឱ្យ​ពួកគេ​រៀន​ទាន់​ និងមិន​ខ្លាច​សាលារៀន​។

ក្នុង​ឯកសណ្ឋាន​សំពត់បត់​ពណ៌ទឹក​ប៊ិក និង​អាវ​ពណ៌​ផ្ទៃមេឃ អ្នកគ្រូ បាន​ពន្យល់ថា​៖ ​«​យើង​ឧស្សាហ៍​យកចិត្ដ​ទុកដាក់​ចំពោះ​គាត់ លើក​ទឹកចិត្ដ​គាត់ ដាក់​កិច្ចការ​ឱ្យ​គាត់​ធ្វើ​នៅ​ផ្ទះ​ ហើយ​តាមដាន​ការ​សិក្សា​គាត់ និងឆែក​កិច្ចការ​គាត់​ ជាពិសេស​ផ្ដល់​ឱកាស​ឱ្យ​គាត់​បានឆ្លើយ​សំណួរ ឬ​មេរៀន​ផ្សេងៗ​»។

កុមារ​ប្រឈម​ និង​បានបោះបង់​ការ​សិក្សានៅក្នុង​ស្រុក​ថ្មពួក​

អ្នកស្រី ទុំ ចាន់លីណា ជា​អនុប្រធាន​ការិយាល័យ​នៃរដ្ឋបាល​ស្រុក​ថ្ម​ពួក​ ខេត្ដ​បន្ទាយ​មានជ័យ បាន​ឱ្យដឹងថា គម្រោង​ CCOSC របស់​អង្គការ​ទស្សនៈ​ពិភពលោក​ក្នុងស្រុក​ថ្មពួក បាន​ជួយ​ដល់​កុមារ​ប្រឈម​ការ​បោះបង់​ការ​សិក្សា​ និង​បាន​ប្រមូល​មក​វិញ មានចំនួន ២៧៤​នាក់ ដោយ​មាន​ស្រី​ ១៥០​នាក់​។

អ្នកស្រី​បាន​និយាយថា​៖ «​ការ​បោះបង់​ការ​សិក្សា​របស់​សិស្ស​មាន​កត្ដា​ជាច្រើន​ ​​កើត​ឡើងពី​ស្ថានភាព​សេដ្ឋកិច្ច​គ្រួសារ ដែល​ប្រជាពលរដ្ឋ​ត្រូវ​ធ្វើ​ចំណាក​ស្រុក​ រួម​ទាំង​អាជីវកម្ម​មិន​ជោគជ័យ និង​ត្រូវ​ជំពាក់​ប្រាក់​ធនាគារ»​។

អ្នកស្រី​បាន​បន្ថែមថា​៖ «កត្ដា​សំខាន់​បំផុត គឺ​កើត​ចេញ​ពី​បុគ្គល​ខ្លួន​ឯង​ ដោយ​គាត់​រៀនមិន​ចេះ គាត់​ចង់​បោះបង់​តែម្ដង ខណៈ​វាអាច​កើតឡើង​ពីកត្ដាសង្គម​ គ្រូបង្រៀន​ ដែលមិន​បាន​ប្រើ​បច្ចេកទេស​ក្នុង​ការ​បង្រៀន និង​កត្ដា​សុខភាពរបស់​កុមារ​ផ្ទាល់​​»។

ការ​ដោះស្រាយ​បញ្ហា​ប្រឈម​

​លោក សុមីត​ បាន​ឱ្យដឹងថា មុនពេលនាំយកគម្រោង​ (CCOSC) បញ្ហាប្រឈមសំខាន់ៗមួយចំនួនដែលធ្វើឱ្យ​មានការរាំងស្ទះដល់ការអប់រំរបស់កុមារនៅបឋមសិក្សាជាពិសេសនៅទីជនបទ គឺ​ការអានរបស់សិស្ស​ថ្នាក់ទី៣ និង​កង្វះ​លទ្ធភាព​ទទួលបាន​ការ​អប់រំ​ដោយសារ​ភាពក្រីក្រ ​ការមិនយកចិត្តទុកដាក់ និង​ការធ្វើ​ចំណាកស្រុក​។

​លោក​បាន​គូសបញ្ជាក់ថា កិច្ច​អន្តរាគមន៍​របស់​គម្រោង ​រួមមាន ការបង្កើត​ថ្នាក់រៀន ការផ្តល់​សម្ភារៈ​សិក្សា ការកសាង​សមត្ថភាព​គ្រូបង្រៀនជាង ៥ពាន់​នាក់ និង​ការផ្តល់​អាហារូបករណ៍​ដល់​កុមារ​ដែល​ប្រឈម​ការ​បោះបង់​ការ​សិក្សា​ ដូចជា កត្ដា​ក្រីក្រ អំពើហិង្សាទាំង​​ក្នុង​គ្រួសារ និង​នៅសាលា ក៏ដូចជា​​បញ្ហា​មួយ​ចំនួន​ទៀត​។

​​​លោកបាន​និយាយថា៖ «​យើង​​​​សាងសង់​​សាលារៀន​ចំនួន ៨ខ្នង ស្មើ​ ៣៤​បន្ទប់​ និង​បង្គន់​អនាម័យ​ចំនួន ២ខ្នង មាន១០បន្ទប់កំពុងដំណើរការសាងសង ហើយនឹងត្រូវបញ្ចប់នៅត្រីមាសទី១ឆ្នាំ២០២៥»។

វេទិការៀនសូត្រផ្នែកអប់រំបឋមសិក្សាថ្នាក់ខេត្តចំនួន២០ ត្រូវបានប្រារឰ​នៅក្នុងខេត្តទាំង១០​ ដើម្បី​រៀនសូត្រពីគ្នាទៅវិញទៅមក និងរកដំណោះស្រាយផ្សេងៗចំពោះបញ្ហាប្រឈមរបស់កុមារបាត់បង់ឱកាស និង​កុមារងាយរងគ្រោះ។

អាណាព្យាបាល​ និងអ្នកពាក់ព័ន្ធផ្សេងៗមានការកើនឡើងរហូត​ដល់​ជិត១ម៉ឺននាក់បានចូលរួមប្រជុំជាមួយលោកគ្រូអ្នកគ្រូ ដើម្បីជជែកពីលទ្ធផលនៃការសិក្សារបស់កូនៗ ហើយ​សហគមន៍ ​អជ្ញាធរបានចូលរួមបដិភាគរហូតដល់២០ភាគរយ​ដើម្បីសាងសង់អគារសិក្សា។

សិស្សានុសិស្ស​តម្រង់ជួរគោរពទង់ជាតិ នៅ​សាលា​រៀន​ក្នុង​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ។ សហការី

ចក្ខុវិស័យ​សម្រាប់​អនាគត​

​​​គម្រោង CCOSC ផ្ដល់​អត្ថប្រយោជន៍​លើសពីការកៀរគរកុមារ​ ដែល​​បានបោះ​បង់​ការ​សិក្សាត្រឡប់មក​ថ្នាក់រៀនវិញប៉ុណ្ណោះទេ ប៉ុន្ដែគម្រោងក៏បានផ្ដោតលើ​​កុមារ​កំពុង​សិក្សា​ដែល​ប្រឈម​ការ​បោះបង់​ការ​សិក្សា ក៏ដូចជា​សហគមន៍​របស់​ពួកគេផងដែរ។

អាជ្ញាធរ​មូលដ្ឋាន គ្រូបង្រៀន និង​មាតាបិតា​កំពុងធ្វើការ​រួមគ្នា​ដើម្បី​ធានាថា ការអប់រំ​ក្លាយជា​មូលដ្ឋានគ្រឹះ​នៃ​អនាគត​ប្រជាជន​រស់នៅ​​ភូមិ​ជនបទ​ទាំងនេះ​។

មេភូមិ​ ឆាម ឈឿ បាន​ទទួលស្គាល់ថា​៖ «​គម្រោង​របស់​អង្គការ​ទស្សនៈ​ពិភពលោក​បាន​លើកកម្ពស់​ការអប់រំ និង​ផ្នែក​ពាក់ព័ន្ធ ព្រមទាំង​ពង្រឹង​បណ្តាញ​សហគមន៍ ដែល​បានផ្តល់​ការគាំទ្រ​ដ៏​មានតម្លៃ​ដល់​ប្រជាជន»។

ខណៈ​ដែល​​គម្រោង CCOSC បញ្ចប់​នៅ​ឆ្នាំ២០២៥ ​​លោក​​បាន​សង្កត់ធ្ងន់ថា ការគាំទ្រ​របស់​គម្រោង​​នេះ​នៅតែមាន​សារៈសំខាន់ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។

លោក សុមីត បាន​និយាយថា ថ្វីដ្បិតតែ​វឌ្ឍនភាព​កំពុងប្រសើរឡើង​ក្រោយ​វិបត្ដិ​​កូវីដ​-១៩ ​​ដែល​ធ្វើ​ឱ្យ​កុមារ​ខាតបង់ពេលវេលាសិក្សា (ជាពិសេសកុមារក្រីក្រ និងងាយរងគ្រោះ)យ៉ាង​ណាក៏ដោយ ក៏​ឥទ្ធិពល​របស់វា​នៅតែបន្ដ​កើតមាន​ជាច្រើន​ឆ្នាំ​ទៅមុខ​ទៀត។

លោកបានបន្ដថា បញ្ហា​ប្រឈម ដូចជា កង្វះខាតថ្នាក់រៀននៅខេត្តដាច់ស្រយាល បង្ហាញ​ពីតម្រូវការ​គម្រោង CCOSC គួរ​ត្រូវបាន​អនុវត្ដបន្ដ​ដើម្បី​គាំទ្រ​ដល់កុមារ​ដែល​ជួបការលំបាក​ផ្សេងៗ ក៏ដូចជា​ចូលរួម​ចំណែក​ជាមួយ​ក្រសួងអប់រំ​ក្នុងការ​ស្ដា និង​ពន្លឿន​លទ្ធផល​នៃការ​សិក្សា​របស់​កុមារ​ដែល​ត្រឡប់មក​កាន់​ថ្នាក់​រៀន​វិញ​។

លោក សុមីត បាន​ឱ្យដឹងថា​៖ «​យើងមិនទាន់ច្បាស់ថា គម្រោងនឹងបន្តដំណាក់កាលទី៣ទៀតនៅឡើយទេ។​ យើងមើលឃើញថា ទំហំនៃការអន្តរាគមន៍នៅមានកម្រិតតិចតួចនៅឡើយបើធៀបទៅនឹងទំហំគោលដៅអប់រំថ្នាក់ជាតិរបស់ក្រសួងអប់រំ»៕