
នាដការបាំព្រះរាជទ្រព្យ អ្នកនាង ឈឹម ចាន់ស្រីណុច (ជីវី) នៅប្រទេសបារាំង និងរូបថតអនុស្សាវរិយជាមួយម្ដាយ។ រូបថត សហការី
ភ្នំពេញ៖ នាដការបាំព្រះរាជទ្រព្យ អ្នកនាង ឈឹម ចាន់ស្រីណុច (ជីវី) ដែលចេញទៅបំពេញបេសកកម្មនាំយកទម្រង់របាំកេរតំណែលដូនតាខ្មែរទៅសម្ដែងនៅប្រទេសបារាំងសាជាថ្មី ក្រោយខកខានជាច្រើនឆ្នាំ បានជួបទុក្ខយ៉ាងក្រៀមក្រំដោយសារអ្នកម្ដាយជាទីស្រឡាញ់បានទទួលមរណភាព។
ហ្វេសប៊ុក វប្បធម៌ បានសរសេរអមដោយរូបថតជាច្រើនសន្លឹកថា៖ «កូនសូមអុជធូបសុំខមាទោស និងជូនដំណើរអ្នកម្តាយជាទីស្រឡាញ់នៃជីវិតកូនពីចម្ងាយ ចម្ងាយពីស្រុកបារាំង មកមាតុភូមិយើងឆ្ងាយណាស់ម៉ែ។

នាដការបាំព្រះរាជទ្រព្យ អ្នកនាង ឈឹម ចាន់ស្រីណុច ធ្វើពិធីបុណ្យបស្សុកូល ឧទ្ទិសមហាបុណ្យកុសលដល់ ដួងវិញ្ញាណក្ខន្ធឧអ្នកម្តាយពីប្រទេសបារាំង។ រូបថត សហការី
តែចិត្តក្តីស្រឡាញ់ និងការបែកគ្នារវាងកូនស្រីម្នាក់នេះចំពោះអ្នកម្តាយ កាន់តែឆ្ងាយអើយសែនឆ្ងាយ យើងបែកគ្នាជារៀងរហូតហើយ អ្នកម្តាយជាទីស្រឡាញ់នៃកូន»។
លោក សាក វិច្ឆិកា អគ្គកុងស៊ុលកិត្តិយល ប្រចាំទីក្រុងម៉េស ប្រទេសបារាំង បានទទួល និងជួយរៀបចំពិធីបុណ្យបស្សុកូលឧទ្ទិសមហាបុណ្យកុសលដល់ ដួងវិញ្ញាណក្ខន្ធឧអ្នកម្តាយ អ្នកស្រី ឈឹម ចាន់ស្រីណុច។

សម្ដេចរាជបុត្រីអនុជនរោត្តមអរុណរស្មី ឧត្តមប្រឹក្សាព្រះមហាក្សត្រ ចូលរួមដឹកនាំក្រុមរបាំព្រះរាជទ្រព្យដោយផ្ទាល់។ រូបថត សហការី
យោងតាមទំព័ហ្វេសប៊ុក វប្បធម៌ បានឱ្យដឹងថា៖ «សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ប្រោសប្រទានព្រះរាជទ្រព្យនិងសាកសួរសុខទុក្ខ នាដកា ឈឹម ចាន់ស្រីណុច (ជីវី) ដែលបាត់បង់អ្នកម្តាយជាទីស្រឡាញ់ អំឡុងពេលបំពេញបេសកកម្មសម្តែងនៅប្រទេសបារាំង»។
ទំព័រហ្វេសប៊ុកដែលឧទ្ទិសដល់សិល្បៈនេះ បានបន្ដថា៖ «មិត្តរួមអាជីព និងនាដការទាំងអស់ ទាំងនៅបារាំង(រួមបេសកកម្ម)និងនៅក្នុងប្រទេស សូមកោតសសើរ និងសូមចូលរួមរំលែកទុក្ខដ៏មហាក្រៀមក្រំនេះផងចុះ។ ដើម្បីជាតិ មាតុភូមិ ដើម្បីភាពរុងរឿងនៃសិល្បៈវប្បធម៌ខ្មែរ បងហ៊ានលះបង់មិនចោលតួរនាទី នៅតែបន្តបេសកម្មនេះរហូតដល់បញ្ចប់»។

ក្រុមរបាំព្រះរាជទ្រព្យ ជាមួយព្រះវត្តមានសម្ដេចរាជបុត្រីអនុជនរោត្តមអរុណរស្មី ឧត្តមប្រឹក្សាព្រះមហាក្សត្រ និងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ រូបថត សហការី
យោងតាមទេពហត្ថា បានឱ្យដឹងថា ក្រុមរបាំពិតជាមានមោទនភាពណាស់ ដែលបានបង្ហាញរបាំព្រះរាជទ្រព្យ នៅលើកឆាកអន្តរជាតិ ដោយមានព្រះវត្តមានសម្ដេចរាជបុត្រីអនុជនរោត្តមអរុណរស្មី ឧត្តមប្រឹក្សាព្រះមហាក្សត្រ និងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ក្រុមរបាំព្រះរាជទ្រព្យ សម្តែងនៅរោងមហោស្រព Auditorium De Bordeaux ទីក្រុង Bordeaux ប្រទេសបារាំង ស្នូរទះដៃកងរំពងរបស់អ្នកចូលរួមទស្សនា១១០០នាក់ លក់សំបុត្រអស់ត្រឹមតែ២ថ្ងៃតែប៉ុណ្ណោះ៕