ភ្នំពេញ៖ នៅ​ខេត្តព្រះវិហារ ស្ថិតនៅលើ​​វាលស្មៅ​ដ៏​​​នៃសហគមន៍​ជាំ​ពេន​ វីរបុរស​ការពារ​ព្រៃ​ឈើ​​​បីនាក់​គឺ តា ​ឈុំ តា​លឹម និង​តា ងង អង្គុយ​ក្បែរ​ស្ថានីយ៍ការពារ​ព្រៃ​​បឹង​ឈូក ចែករំលែក​រឿងរ៉ាវ​អំពី​វីរ​ភាពដ៏​ក្លាហាន និង​ការប្តេជ្ញាចិត្ត​ក្នុងការ​ថែរក្សា​ទឹកដី​ដូនតា​របស់​ពួកគេ​។​

វីរបុរស​​ទាំងនេះ ដែល​បាន​លះបង់​​​ដើម្បី​ការពារ​ព្រៃឈើ ប្រភពទឹក និង​បេតិកភណ្ឌ​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគតិច​គួ​យ បាន​បង្កប់​នូវ​ស្មារតី​នៃ​ភាព​ធន់ និង​សេចក្តីស្រឡាញ់​ចំពោះ​ធម្មជាតិ​។​

​នៅពេលដែល​ការសន្ទនា​ចាប់ផ្តើម តា ​ឈុំ ដែលជា​អ្នកការពារ​ទឹកដី​ដ៏​ខ្ជាប់ខ្ជួន ឆ្លុះបញ្ចាំង​ពី​ទំនាក់ទំនង​ដ៏​ជ្រាលជ្រៅ​របស់លោក​​ទៅនឹង​ព្រៃឈើ​។​

​លោក ឈុំ ​និយាយថា​៖ «​ខ្ញុំ​ការពារ​ព្រៃឈើ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​» មុននឹង​រៀបរាប់​ពី​បញ្ហា​ប្រឈម​ដែលលោក​​បាន​ជួប​ពេល ​ផ្លាស់​ទៅ​តំបន់​សហគមន៍ ជាំពេន ​ក្នុង​ឆ្នាំ ២០១៨។​

ការ​បង្កើតចន្លុះ​​ប្រពៃណី​ជនជាតិ​កួយ និង​ការ​ប្រមូល​ជ័រ​ដោយ​និរន្តរភាព។ រូបថត សហការី​

លោក​បាន​រំឭកថា​៖ «​ការសម្រេចចិត្ត​ផ្លាស់ប្តូរ​ទីតាំង​ទីនេះ​គឺមាន​ការគំរាមកំហែង ការ​បរបាញ់​ខុសច្បាប់ និង​ការកាប់​ឈើរីករាលដាល​។ ដើម្បីប្រយុទ្ធប្រឆាំងនឹងបទល្មើសទាំងនោះ យើងបានសហការជាមួយរដ្ឋាភិបាលខេត្ត និង​មន្ទីរ​បរិស្ថាន​ខេត្ត។ សព្វថ្ងៃនេះ បទល្មើសទាំងនោះបានថមថយជាងមុន»។

តា ​លីម ជា​អ្នក​ការពារ​​ម្នាក់ទៀត សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការយល់ដឹង​អំពី​អត្តសញ្ញាណ និង​គោលបំណង​។ តា លីម ណែនាំ​ថា​៖ «​មុនពេលយើងសុំជំនួយពីទេវតា យើងត្រូវតែជួយខ្លួនឯងជាមុនសិន»​។​

តា លីម បាន​បញ្ជាក់ថា ការ​ដឹងថា ​អ្នកជា​នរណា និង​អ្វីដែល​អ្នក​ចង់បាន​គឺ​ចាំបាច់ ហើយ​ការអន្តរាគមន៍​របស់ទេវតា​​នឹង​ធ្វើតាម​។​

សម្ដី​របស់លោក​បា​នប​ន្លឺ​ឡើង​យ៉ាងខ្លាំង​នៅពេលដែល​លោក​បានបង្ហាញ​​ការប្ដេជ្ញាចិត្ត​ក្នុងការ​ថែរក្សា​វប្បធម៌ និង​បេតិកភណ្ឌ​របស់លោក​។​

សាក់យ័ន្តការពារសាក់លើដើមឈើសហគមន៍ជាំពេន​។ រូបថត សហការី

លោក​បញ្ជាក់ទៀតថា បើ​គ្មាន​ដី​ និង​ព្រៃ​ទេ កសិករ​ក៏​មិនដឹងថា​ ហេតុអ្វី​មក​ទី​នេះដែរ ដោយ​ពន្យល់ថា ធនធាន​ទាំងនេះ​ជា​ធនធាន​ចិញ្ចឹម​ពួកគាត់ ហើយ​មិនអាច​ទុក​ឱ្យ​​បាត់បង់​បានឡើយ​។​

លោក​បាន​បន្ដថា​៖ «​នេះ​ជា​កន្លែង​ដែល​ដូនតា​របស់ខ្ញុំ​រស់នៅ ធ្វើស្រែ​ចម្ការ និង​នេសាទ​។ ទីតាំង​នេះ​មិន​សំខាន់​ថា​យើង​ជា​នរណា​។ ខ្ញុំ​មិនអាច​ឲ្យ​អ្នក​ណាយ​កវា​ចេញពី​ខ្ញុំ​បានទេ​»​។​

ជា​ផ្នែក​មួយ​នៃ​ការប្តេជ្ញាចិត្ត​របស់​ពួកគេ​ក្នុងការ​អភិរក្ស​បរិស្ថាន ជនជាតិ​គួ​យ​បានរៀបចំ​ការតាំង​ពិព័រណ៍​​ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​សារៈសំខាន់​នៃ​ការការពារ​បេតិកភណ្ឌ​វប្បធម៌​របស់​ពួកគេ និង​ព្រៃឈើ​។​

​ការតាំងពិព័រណ៍​នេះ​មាន​ចំណងជើង​ថា «អែលតី» ជាភាសា​ជនជាតិ​ភាគតិច​កួយ​ មានន័យថា «យកដៃ»​ ជា​និមិត្តរូប​នៃ​ស្មារតី​នៃ​ការសហការ និង​ការជួយ​គ្នា​ទៅវិញទៅមក។​

ស្ដ្រី​ជនជាតិ​ភាគតិចកួយ​។ រូបថត សហការី

លោក Miguel Jeronimo ជា​អ្នកថតរូប​ជនជាតិ​ព័រទុយហ្គាល់​នៅ​រាជធានី​ភ្នំពេញ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ថា​៖ «​ខ្ញុំ​ទើបតែ​បើក​ពិព័រណ៍​​ថ្មី​កាលពី​ថ្ងៃ​សៅរ៍​មុន​ក្នុង F3 (Friends Future Factory, for Phnom Fem Fest) ដើម្បី​ជួយ​ស្ត្រី​មកពី​សហគមន៍​ជនជាតិដើម​ភាគតិច​កួយ ដែល​ខ្ញុំ​សហការ​ជាមួយ​ខេត្តព្រះវិហារ និង​ខេត្តកំពង់ធំ ការលក់ស្នាដៃ​​ទាំងអស់​សម្រាប់​ការ​រៃអង្គាស​ថវិកា​ដើម្បី​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ពួកគេ​ក្នុងការ​ថែរក្សា​ព្រៃឈើ និង​វប្បធម៌​ដូនតា​របស់​ពួកគេ»​។​

​តាមរយៈ​សិល្បៈ ផលិតផល​ប្រពៃណី និង​រឿងរ៉ាវ ការតាំងពិព័រណ៍​ស្វែងរក​ការអប់រំ​សាធារណៈជន​អំពី​ទំនាក់ទំនង​យ៉ាង​ស៊ីជម្រៅ​របស់​ជនជាតិ កួយ​ ចំពោះ​ទឹកដី និង​ការខិតខំ​ប្រឹងប្រែង​ជា​បន្តបន្ទាប់​របស់​ពួកគេ​​​។​

អ្នកស្រី​ នូ ហ៊ាង ព្រឹទ្ធាចារ្យ​មកពី​សហគមន៍​កួយ​​និយាយថា​៖ «​ការតាំងពិព័រណ៍​នេះ​ពិត​ជាមាន​សារៈសំខាន់​ក្នុងការ​បង្ហាញ​សហគមន៍​ដើម្បីឱ្យ​​អ្នក​នៅក្រៅ​អាច​ស្វែងយល់​បន្ថែម​អំពី​ជនជាតិ​កួយ​​។​ ​យើង​ចង់​រក្សា​វប្បធម៌ ភាសា ប្រពៃណី​របស់​យើង ហើយ​ជាពិសេស​ការពារ​ព្រៃឈើ​របស់​យើង​»​។​

ស្ដ្រី​ជនជាតិ​ភាគតិចកួយ​។ រូបថត សហការី

កញ្ញា​ ផូស សមាជិក​ស្ត្រី​វ័យក្មេង​នៃ​សហគមន៍​កួយ​បាន​បន្ថែមថា៖ «​​ការតាំងពិព័រណ៍​នេះ​ជួយ​ផ្សព្វផ្សាយ​ឈ្មោះ​កួយ​ឱ្យ​កាន់តែ​ទូលំទូលាយ​។ ស្ត្រី​ជនជាតិ​កួយ​មាន​តួនាទី​សំខាន់​ក្នុងការ​ការពារ​ព្រៃឈើ និង​ចូលរួម​ក្នុង​ការងារ​សហគមន៍»។​

ប្រឈមមុខ​នឹង​ការគំរាមកំហែង​កាន់តែខ្លាំង​ឡើង​ចំពោះ​ដី​របស់​ពួកគេ សហគមន៍​កួយ​នៅតែ​បន្ត​ឈរជើង​យ៉ាងរឹងមាំ រួបរួមគ្នា​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ការពារ​ព្រៃឈើ​ដែល​ទ្រទ្រង់​ពួកគេ​៕