​ភ្នំពេញ៖ លោក​ស្រី ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ចែករំលែក​រឿងរ៉ាវ​ដ៏​ក្ដុក​ក្ដួល​ចិត្ដមួយ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ អំពី​ជំនួយ​សុវត្ថិភាព​ដែល​ផ្តល់​ដល់​ស្ត្រី​សម្រាលកូន​នៅ​តំបន់​ដាច់ស្រយាល​នៃ​ប្រទេស​កម្ពុជា​។​

ឧបទ្ទវ​ហេតុនេះ​បានកើត​ឡើង​នៅ​ព្រឹក​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០២៥ នៅពេលដែល​ស្ត្រី​ឈ្មោះ ហន ស្រ៊ន មកពី​ភូមិ​ដួនកៀម​ ស្រុក​ស្ទោង ខេត្តកំពង់ធំ ត្រូវបាន​គ្រូពេទ្យ​ឆ្មប​មកពី​មណ្ឌល​សុខភាព​កំពង់​ឃ្លាំង ជួយ​សម្រាលកូន​នៅលើ​ទូក​។​

ការ​សម្រាលកូន​របស់អ្នកស្រី ស្រ៊ន ស្ថិត​ក្នុងស្ថានភាព​លំបាក និង​មិនធម្មតា ប៉ុន្តែ​ដោយសារ​សកម្មភាព​រហ័ស និង​មាន​ប្រសិទ្ធភាព​របស់​បុគ្គលិក​សុខាភិបាល ទាំង​ម្តាយ និង​កូន​ត្រូវបានសង្គ្រោះ​​ដោយ​សុវត្ថិភាព​។​

ឥឡូវនេះ​ពួកគេ​កំពុង​ទទួលបាន​ការថែទាំ និង​ការត្រួតពិនិត្យ​បន្ថែមទៀត​នៅ​មណ្ឌល​សុខភាព ដោយមាន​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ផងដែរ ដើម្បី​ធានាបាន​នូវ​សុខុមាលភាព​របស់​ពួកគេ​។​

​លោក​ស្រី វណ្ណឌី​ន បាន​សរសេរ​ក្នុង​សារ​បង្ហោះ​របស់​លោកស្រី​​ថា៖ «​​ខ្ញុំ​សូម​សំដែង​នូវ​ការ​កោតសរសើរ​​ក្រៃលែង និង​ជូនពរ​អ្នកគ្រូ​-​លោកគ្រូ​ពេទ្យ​នៃ​មណ្ឌល​សុខភាព​កំពង់​ឃ្លាំង មាន​សុខ​ភាពល្អ ទទួលបាន​នូវ​បុណ្យ​កុស​ល្យ​ក្រាស់ក្រៃ បន្ត​រក្សា​តម្លៃ (​គ្រូពេទ្យ​ធ្វើ​​កិច្ចការ​ទេវតា​)»។

លោកស្រី​បាន​បន្ដថា នេះ មិនមែនជា​លើក​​ទីមួយ​​នោះទេ ដែល​ក្រុមគ្រូពេទ្យ​នៅតាម​មណ្ឌល​សុខភាព នៃ​បណ្តា​ខេត្ត​នានា​ទូទាំងប្រទេសជួយ​សង្គ្រោះ​បែបនេះ ​ជា​ទង្វើ​​ប្រកបដោយ​ទឹកចិត្ត​មនុស្សធម៌​ និង​គោរព​ក្រម​សីល​សម៌​​វិជ្ជាជីវ​:​ពេទ្យ​ត្រឹមត្រូវ។​

​នៅ​ទូទាំងប្រទេស ក្រុមគ្រូពេទ្យ​បាន​ប្រឈមមុខ​នឹង​ស្ថានភាព​លំបាក​នៅ​តំបន់​ជនបទ ដែលជា​រឿយៗ​ធ្វើ​សកម្មភាព​សង្គ្រោះ​ជីវិត​ជាមួយនឹង​ធនធាន​មាន​កម្រិត​។​

នៅក្នុង​ប្រទេស​កម្ពុជា ម្តាយ​ដែលមាន​ផ្ទៃពោះ​មួយចំនួន ជាពិសេស​នៅ​តំបន់​ដាច់ស្រយាល បាន​សម្រាលកូន​នៅ​ខាងក្រៅ​មន្ទីរពេទ្យ ដោយសារ​លទ្ធភាព​ទទួល​បាន​សេវា​ថែទាំ​សុខភាព​មាន​កម្រិត និង​បញ្ហា​ប្រឈម​ក្នុងការ​ធ្វើដំណើរ​។​

ជា​ឧទាហរណ៍ ក្នុង​ខែឧសភា ឆ្នាំ​២០២៣ ស្ត្រី​អាយុ ២២​ឆ្នាំ មកពី​ស្រុក​ចាំ​យាម ខេត្តកោះកុង បាន​សម្រាលកូន​ពាក់កណ្តាល​ទៅ​មន្ទីរពេទ្យ​ដោយ​មិន​នឹកស្មាន​ដល់ ពេល​កំពុងធ្វើដំណើរ​តាម​ទូក​។​

ដូចគ្នា​ដែរ កាលពី​ខែកុម្ភៈ ឆ្នាំ​២០២៥ មន្ត្រី​សុខាភិបាល​ខេត្តក្រចេះ បាន​ជួយ​ស្ត្រី​ដែល​ឆ្លងទន្លេ និង​សម្រាលកូន​នៅលើ​ទូក​តូច​មួយ​។​

​បញ្ហា​ប្រឈម និង​វឌ្ឍនភាព​នៃ​មរណភាព​មាតា​នៅ​កម្ពុជា​

ទោះបីជា​មានការ​ខិតខំ​ប្រឹងប្រែង​ជា​វីរភាព​របស់ពេទ្យ​​ឆ្មប និង​បុគ្គលិក​ថែទាំ​សុខភាព​ក៏ដោយ ក៏​ប្រទេស​កម្ពុជា​នៅតែ​ប្រឈមមុខ​នឹង​បញ្ហាសំខាន់ៗ​ក្នុងការ​លើកកម្ពស់​សុ​ខ​ភាព​មាតា​។​

យោងតាម​ការស្ទង់មតិ​ប្រជាសាស្ត្រ និង​សុខភាព​កម្ពុជា (CDHS) ២០២១-២០២២ ចេញផ្សាយ​ក្នុង​ខែមករា ឆ្នាំ ២០២៤​ សមាមាត្រ​មរណភាព​មាតា (MMR) នៅតែ​ខ្ពស់​ដដែល គឺ​ការស្លាប់​ចំនួន ១៥៤​ នាក់​ក្នុងកំណើត​ ១០​ម៉ឺន​នាក់​​។​

តួលេខ​នេះ​បង្ហាញ​ពី​វឌ្ឍនភាព​មាន​កម្រិត​បើ​ប្រៀបធៀប​ទៅនឹង​ការស្លាប់​ចំនួន ១៧០​ នាក់​ក្នុង ១០​ម៉ឺននាក់​ក្នុង​ឆ្នាំ ២០១៤​ ដែល​លើសពី​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ (SDG) ក្នុងការ​កាត់បន្ថយ សមាមាត្រ​មរណភាព​មាតា មក​នៅក្រោម ៧០ ក្នុង ១០​ម៉ឺន​នាក់​ នៅ​ឆ្នាំ ២០៣០​។​

ទោះយ៉ាងណា​ក៏ដោយ មាន​ដំណឹង​ល្អ​នៅក្នុង​ផ្នែក​ផ្សេងទៀត​នៃ​សុខភាព​កុមារ​។​ ​អត្រា​មរណៈ​របស់​ទារក និង​អត្រា​មរណៈ​ក្រោម​អាយុ ៥​ឆ្នាំ មានការ​ថយចុះ​គួរឱ្យកត់សម្គាល់ ដែល​លើសពី​គោលដៅ​អភិវឌ្ឍន៍​សហ​​វត្សរ៍​របស់​កម្ពុជា​។​

​តាមពិត អត្រា​មរណៈ​របស់​ទារក និង​កុមារ​អាយុ​ក្រោម ៥​ឆ្នាំ បាន​ធ្លាក់ចុះ​ពាក់កណ្តាល​ចាប់តាំងពី​ឆ្នាំ ២០១៤​។​

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ឈាង រ៉ា បាន​អបអរសាទរ​ចំពោះ​សមិទ្ធផល​នេះ ដោយ​កត់សម្គាល់ថា កម្ពុជា​បានសម្រេច​គោលដៅ SDG រួចហើយ សម្រាប់​ការកាត់បន្ថយ​ការស្លាប់​របស់​កុមារ​អាយុ​ក្រោម ១​ឆ្នាំ និង​ក្រោម ៥​ឆ្នាំ​។​

លោក​បាន​បន្ថែមថា៖ «​សមិទ្ធផល​នេះ​បង្ហាញថា ប្រទេស​កម្ពុជា​បានសម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឆ្នាំ ២០២៣​ រួចហើយ ក្នុងការ​ទប់ស្កាត់​ការស្លាប់​របស់​ទារក​អាយុ​ក្រោម ១ ឆ្នាំ និង​កុមារ​អាយុ​ក្រោម ៥ ឆ្នាំ»​។​

​ក្រសួង​បាន​រាយការណ៍​ពី​ភាពប្រសើរឡើង​គួរឱ្យកត់សម្គាល់​ក្នុងការ​ថែទាំ​មុនពេល​សម្រាល ដោយ​ស្ត្រី​មាន​ផ្ទៃពោះ​ស្ទើរតែ​ទាំងអស់​ទទួលបាន​ការ​គាំទ្រ​ពី​បុគ្គលិក​ពេទ្យ​ដែល​បានទទួល​ការបណ្តុះបណ្តាល ដែលជា​ការកើនឡើង​យ៉ាងខ្លាំង​ពី ៣៨ ភាគរយ​ក្នុង​ឆ្នាំ២០០០។​

​ភាគរយ​នៃ​ការ​សម្រាលកូន​ដែល​ចូលរួម​ដោយ​បុគ្គលិក​ពេទ្យ​ដែល​បានទទួល​ការបណ្តុះបណ្តាល​ក៏បាន​កើនឡើង​យ៉ាងខ្លាំង​ផងដែរ ដោយ​ឈានដល់ ៩៩ភាគរយពី​ត្រឹមតែ ៣០ភាគរយ​ ក្នុង​ឆ្នាំ ២០០០​​។​

ទោះបីជា​ជោគជ័យ​ទាំងនេះ​ក៏ដោយ ក៏ត្រូ​តែ​មានការ​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត កម្ពុជា​អាច​នឹងមិន​ឈានដល់​គោលដៅ អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ (SDG) ក្នុងការ​កាត់បន្ថយ សមាមាត្រ​មរណភាព​មាតា ​នៅក្រោម ៧០ ក្នុង ១០​ម៉ឺន​នាក់​ នៅ​ឆ្នាំ ២០៣០​ នោះទេ៕