ភ្នំពេញ៖ មន្ទីរពិសោធន៍​រុក្ខជាតិ (Mystique Tropicals) ព្រះរាជ​បណ្ណាល័យ​ហ្លួង​ម៉ែ បាន​នាំយក​រុក្ខជាតិ​កម្រ​ប្រមាណ​ជាង​២០០​ប្រភេទ​ដាក់តាំង​បង្ហាញ​នៅ​កម្មវិធី​ពិព័រណ៍​រុក្ខជាតិ និង​សួនច្បារ​ភ្នំពេញ នៅ​មជ្ឈមណ្ឌល​បៃតង Connecxion កោះ​ពេជ្រ ពី​​ថ្ងៃទី​២៨ ខែកុម្ភៈ និង​ថ្ងៃទី​១ និង​ទី​២ ខែមីនា ឆ្នាំ​២០២៥​។

ថ្ងៃ​ចុងក្រោយ​នៃ​ពិព័រណ៍​រុក្ខជាតិ និង​សួន​រាជធានី​ភ្នំពេញ​លើក​ទី​៤ ដែល​ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​ផ្សាភ្ជាប់​អ្នក​ចូលចិត្ត​ធម្មជាតិ​ និង​ប្រជាជន​ខ្មែរ​ឲ្យ​កាន់​តែមាន​ភាពស្និទ្ធស្នាល​ជាមួយ​រុក្ខជាតិ​និង​ធម្មជាតិ​ប្រទេស​កម្ពុជា​។

នៅក្នុង​ចំណោម​រុក្ខជាតិ​កម្រ​ជាង​២០០​ប្រភេទ ដែល​មន្ទីរពិសោធន៍​រុក្ខជាតិ (Mystique Tropicals) ព្រះរាជ​បណ្ណាល័យ​ហ្លួង​ម៉ែ យកទៅដាក់​តាំង​បង្ហាញ គឺមាន​រុក្ខជាតិ​មួយ​ប្រភេទ​មានឈ្មោះ​ជា​ភាសា​បច្ចេកទេស​ថា Botanical Garden Zhuidas មាន​ប្រភពដើម​មកពី​ប្រទេស​ប៉ា​ណា​ម៉ា​។

រុក្ខជាតិ​នេះ​ត្រូវបាន​យកមក​បង្កាត់​ពូជ​ដោយ​សួន​ពិសោធន៍​រុក្ខជាតិ​នៃ​សាកលវិទ្យាល័យ វី​ជេ (Vrije) នៅ​ទីក្រុង​អាំ​ស្តែ​ដាំ ប្រទេស​ហូ​ឡង់ ក្នុង​គោលបំណង​អប់រំ និង​ស្រាវជ្រាវ​សម្រាប់​មហាវិទ្យាល័យ​ជីវវិទ្យា តាំងពី​ឆ្នាំ​១៩៦៧ មកម្ល៉េះ​។

លោក ជ័យ វីរ និង កញ្ញា អាង សុខ​ហេង គឺជា​អ្នកបង្កើត និង​គ្រប់គ្រង​មន្ទីរពិសោធន៍​រុក្ខជាតិ (Mystique Tropicals) ព្រះរាជ​បណ្ណាល័យ​ហ្លួង​ម៉ែ រៀបរាប់ថា៖ «យើង​បាន​នាំយក​រុក្ខជាតិ​ប្រភេទ​កម្រ​នេះ​មក​ប្រទេស​កម្ពុជា ព្រោះ​វា​អាចជួយ​បន្សុទ្ធ​ខ្យល់​កខ្វក់ ជួយ​ការពារ​បរិស្ថាន និង​កាត់​កន្ថយ​កម្តៅ ខណៈពេលដែល​មានការ​ប្រែប្រួល​អាកាសធាតុ និង​ការកើនឡើង​កម្តៅ​ជា​រៀងរាល់ឆ្នាំ​»។

លោកស្រីឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា Flerida Ann Camille P. Mayo ទស្សនាពិព័រណ៍រុក្ខជាតិ និងសួននៅភ្នំពេញ។ រូបថត សហការី

លោក ជ័យ វីរ បន្ថែមថា៖ «យើង​ក៏​ចង់​បញ្ជ្រាប​ការយល់ដឹង​អំពី​រុក្ខជាតិ​ទាំងអស់នេះ​ដល់​ក្មេងៗ​ជំនាន់​ក្រោយ ដើម្បីឱ្យ​ក្មេងៗ​ជំនាន់​ក្រោយ​ទាំងនេះ​ស្រឡាញ់​ធម្មជាតិ និង​ការពារ​រុក្ខជាតិ​កម្រ​ដែលមាន​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​របស់​យើង​»។​

អ្នកទស្សនា​ត្រូវបាន​អញ្ជើញ​ឱ្យចូល​រួម​ក្នុង​សិក្ខាសាលា ការបង្ហាញ​អំពី​ការថែទាំ​រុក្ខជាតិ និង​ការពិភាក្សា​ដោយ​អ្នកជំនាញ​ក្នុង​វិស័យ​រុក្ខសាស្ត្រ​។​

លោក ជ័យ វីរ និង កញ្ញា អាង សុខហេង គឺជាអ្នកបង្កើត និងគ្រប់គ្រងមន្ទីរពិសោធន៍រុក្ខជាតិ (Mystique Tropicals) ព្រះរាជបណ្ណាល័យហ្លួងម៉ែ នៅពិព័រណ៍រុក្ខជាតិ និងសួននៅភ្នំពេញ។ រូបថត សហការី

សកម្មភាព​ទាំងនេះ​មាន​គោលបំណង​ធ្វើឱ្យ​អ្នកទស្សនា​យល់ដឹង​កាន់តែ​ស៊ីជម្រៅ​អំពី​របៀប​ថែទាំ​រុក្ខជាតិ ជាពិសេស​ប្រភេទរុក្ខជាតិ​​កម្រ ​ដូចជា​ប្រភេទ​​នាំ​មកពី​ប្រទេស​ប៉ា​ណា​ម៉ាជាដើម​​។​

លោក វីរៈ ពន្យល់ថា៖ «​រុក្ខជាតិ​ទាំងនេះ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​និរន្តរភាព ជាពិសេស​នៅក្នុង​ទេសភាព​ទីក្រុង​ដូចជា​រាជធានី​ភ្នំពេញ​​។​ ​តាមរយៈ​ការណែនាំ​ប្រភេទ​រុក្ខជាតិ​​កម្រ​ទាំងនេះ យើង​សង្ឃឹមថានឹង​​ជំរុញ​ការអនុវត្ត​ថែ​សួន​ប្រកបដោយ​និរន្តរភាព និង​លើកទឹកចិត្ត​ឱ្យមាន​ការគោរព​កាន់តែច្រើន​ចំពោះ​ធម្មជាតិ»។​

លោក​បានបន្ដ​ថា បរិស្ថាន​​​​រុក្ខជាតិ​បៃតង​លើកកម្ពស់​ការគិត និង​ស្ងប់ស្ងាត់ ដោយ​ប្រែក្លាយ​បណ្ណាល័យ​ទៅជា​កន្លែង​សម្រាក និង​ជា​មជ្ឈមណ្ឌល​សម្រាប់​ការរៀនសូត្រ​បទពិសោធ​ន៍ និង​ការយល់ដឹង​អំពី​បរិស្ថាន​។​

នៅក្នុង​អាស៊ាន និង​ជាស​កល ការ​បណ្តុះ​កូន​រុក្ខជាតិ​ដែល​ផ្តោតលើ​រុក្ខជាតិ​កម្រ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការអភិរក្ស និង​ការអប់រំ​រុក្ខសាស្ត្រ​។​

លោក វីរៈ បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «​នៅក្នុង​ប្រទេស​កម្ពុជា គំនិត​នេះនៅមិន​ទាន់​ទូលំទូលាត​ដោយសារតែ​កត្តារួម​ផ្សំ រួមទាំង​លទ្ធភាព​នៃការ​ទទួល​ព័ត៌មាន​នៅ​មាន​​កម្រិត​ចំពោះ​ប្រភេទ​រុក្ខជាតិ​ចម្រុះ និង​កម្រិត​ការយល់ដឹង​តិចតួច​អំពី​ការអភិរក្ស​រុក្ខជាតិ​»។​

លោក​បានបន្ថែមថា​៖ «​​ទោះជា​យ៉ាងណាក៏ដោយ ជាមួយនឹង​ការកើនឡើង​នូវ​ចំណាប់អារម្មណ៍​លើ​បរិស្ថាន​និយម កន្លែង​បណ្តុះ​កូន​ប្រភេទ​នេះ​កំពុង​ចាប់ផ្តើម​ទទួលបាន​ការទាក់ទាញ​»​។​

ពិព័រណ៍​នេះ​មិន​ត្រឹមតែ​ជាការ​ប្រារព្ធ​ពិធី​នៃ​ជីវិត​រុក្ខជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជាការ​ប្រមូលផ្តុំ​នៃ​បុគ្គល​ដែលមាន​គំនិត​ដូចគ្នា​ដែល​ស្រឡាញ់​វិស័យ​សាកវប្បកម្ម និង​បរិស្ថាន​និយម​ផងដែរ​។​

លោក វីរៈ បាន​និយាយថា ការដាំ​រុក្ខជាតិ​យ៉ាង​សាមញ្ញ រួមទាំង​ការ​​និយាយ​ជាមួយ​រុក្ខជាតិ​ អាច​ជំរុញឱ្យមាន​សន្តិភាព និង​ទំនាក់ទំនង​ផ្លូវចិត្ត​យ៉ាង​ជ្រាលជ្រៅ​។​

លោក​បាន​និយាយថា ការ​ថែ​សួន​អាច​​​ជា​ទម្រង់​នៃ​ការព្យាបាល ដោយ​ជួយ​បុគ្គល​ម្នាក់ៗអាច​ធ្វើ​ឱ្យ​ស្បើយ​​ទុក្ខសោក កសាង​អារម្មណ៍ជ្រះ​ថ្លា​​ឡើងវិញ​។​

លោក វីរៈ បាន​ឱ្យដឹង​ថា៖ «​វត្តមាន​របស់​រុក្ខជាតិ​បៃតង​ត្រូវបាន​បង្ហាញថា ​អាច​កាត់បន្ថយ​ភាព​តានតឹង ការ​ថប់​បារម្ភ និង​ការធ្លាក់​ទឹកចិត្ត ដែល​ធ្វើឱ្យ​​រុក្ខជាតិ​មិន​ត្រឹមតែ​ជា​ថ្នាំ​ព្យាបាល​រាងកាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជួយ​ដល់​ចិត្ត និង​ស្មារតី​ផងដែរ​»។​

ពិព័រណ៍​រុក្ខជាតិ និង​សួន​នៅ​ភ្នំពេញ ដោយ​ផ្តោតលើ​រុក្ខជាតិ​កម្រ និរន្តរភាព និង​ការអប់រំ បាន​ក្លាយជា​ព្រឹត្តិការណ៍​សំខាន់​សម្រាប់​អ្នក​ចូលចិត្ត​ដាំ​រុក្ខជាតិ​នៅ​កម្ពុជា៕