កែបៈ ប្រធានសហគមន៍ និងប្រជានេសាទនៅសហគមន៍នេសាទភូមិថ្មី អះអាងថា ធនធានជលផល សមុទ្រមានការកើនឡើងទ្វេដង ដែលជួយឱ្យជីវភាពរបស់ពួកគាត់មានភាពប្រសើរឡើង បន្ទាប់ពីមានការ គាំទ្រពីគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរ ប្រកបដោយចីរភាពរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

លោក Masato Kanda ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំក្រុមគណៈប្រតិភូធនាគារADB ​ធ្វើទស្សនកិច្ចនៅសហគមន៍នេសាទភូមិថ្មី ដោយមានការទទួលស្វាគមន៍ពីលោក ទិត ឌីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

លោក ណុះ យ៉េប ប្រធានស្តីពីសហគមន៍នេសាទភូមិថ្មី បានឱ្យដឹងថា ក្រោយពីសហគមន៍នេសាទភូមិថ្មី ទទួលបានការគាំទ្រពីធនាគារ ADB ​ ធនធានជលផលសមុទ្រមានការលូតលាស់ កើនឡើងក្នុងដែន សហគមន៍ ដែលធ្វើឱ្យជីវភាពរបស់​សមាជិកសហគមន៍ល្អប្រសើរជាងមុន។

ប្រធានស្តីសហគមន៍ បញ្ជាក់ដូច្នេះថា៖ «គម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព បានគាំទ្រមកដល់សហគមន៍ដូចជា ទី១​ គឺ​ការ​ទម្លាក់ជម្រកសប្បនិម្មិត​ដើម្បីជាជម្រកមច្ឆា ទី២ គឺការគាំទ្រផ្នែកវារីវប្បកម្មដើម្បីបង្កើត​ជាកន្លែងចិញ្ចឹមខ្យងចំពុះទា ឬគ្រែងឈាម ក្តាមសេះ ជាក់ស្តែងយើងបាន ទម្លាប់មេពងក្រៅនៅក្នុងស៊ុម ដើម្បីឱ្យវាញាស់ក្នុងតំបន់អភិរក្សរបស់សហគមន៍»។

លោក ន៉ីត ឡៃម៉ាន ប្រជានេសាទនៃសហគមន៍នេសាទភូមិថ្មីបានឱ្យដឹងថា លោកសប្បាយចិត្តនៅពេលធនធានសមុទ្រកើនឡើង ដោយប្រៀបធៀបមុនពេលមិនទាន់មានគម្រោងរបស់ ADB ការនេសាទ នៅក្នុងដែនសហគមន៍ពុំសូវបានផលនោះឡើយ ដោយលោកត្រូវចេញទៅនេសាទនៅទីឆ្ងាយ។

លោកបញ្ជាក់ដូច្នេះថា៖ «កាលពីមុននៅដែនសហគមន៍ អត់ដែលមានត្រីនោះទេ ខ្ញុំនេសាទអត់បាន ទាល់ចេញទៅឆ្ងាយ ខ្ញុំទៅដល់កោះទន្សាយអីឯណោះ ចំណាយសាំង ៤, ៥ លីត្រ រកមួយព្រឹកថ្ងៃត្រង់ បានតែ៥, ៦ គីឡូទេ តែពេលនេះ យើងនេសាទក្បែរព្រំប្រទល់ដែនយើងហ្នឹង ចែវទូកក៏ដល់ រកតែកន្លះម៉ោង បាន ៧, ៨គីឡូ​ឯណោះ»។

លោក ឡៃម៉ាន បន្ថែមថា លោកអាចរកចំណូលបានប្រមាណ៧ ទៅ ៨ ម៉ឺនរៀលក្នុងមួយថ្ងៃ ជាពិសេស ផលនេសាទដែលលោករកបាន ពុំចាំបាច់យកទៅលក់នៅឆ្ងាយនោះទេ ដោយមានអ្នកចាំទិញនៅក្នុងសហគមន៍ស្រាប់។

លោក Masato Kanda ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងថា ក្នុងអំឡុងពេលនៃដំណើរ ទស្សនកិច្ចរបស់លោក លោកបានឃើញពីរបៀបដែលគ្រួសារអ្នកនេសាទប្រកបរបរនេសាទ ដែលមិនប៉ះពាល់ដល់បរិស្ថាន និងកន្លែងនាវានេសាទចូលចតដើម្បីផ្ទេរផលនេសាទ ដែលត្រូវបានកែលម្អ ដើម្បីការពារប្រព័ន្ធអេកូឡូស៊ីតាមឆ្នេរសមុទ្រ និងបង្កើនប្រាក់ចំណូលប្រចាំថ្ងៃរបស់ពួកគាត់។

លោកបន្ថែមដូច្នេះថា៖ «ដែលលេចធ្លោសម្រាប់ខ្ញុំ គឺរបៀបដែលគម្រោងនេះលើកកម្ពស់ជីវភាពគ្រួសារទាំងមូលដោយធានា​លក្ខខណ្ឌសុវត្ថិភាពជាងមុន និងការសង្កត់ធ្ងន់លើកម្មសិទ្ធិសហគមន៍។ វាគឺជាឧទាហរណ៍មួយនៃ​ការប្តេជ្ញាចិត្តរបស់ ADB នៅក្នុងប្រទេសកម្ពុជា ដើម្បីនាំមកនូវការផ្លាស់ប្តូរយូរអង្វែង ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រជាពលរដ្ឋក្នុងតំបន់ និងរាជរដ្ឋាភិបាលដែលជាដៃគូ។ តាមរយៈការការពារធនធានសមុទ្រ យើងជួយសហគមន៍ឱ្យទទួលបានប្រាក់ចំណូលស្ថិរភាពនៅថ្ងៃនេះ និងបន្សល់ទុកនូវបរិយាកាស​ដែលមានសុខភាពល្អសម្រាប់មនុស្សជំនាន់ក្រោយ»។

គម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព មាន​គោលបំណង​ជំរុញ​ភាព​ធន់នឹង​អាកាសធាតុ ធ្វើពិពិធកម្មប្រាក់ចំណូល និង​ស្តុកជលផលសមុទ្រ និងតំបន់ឆ្នេរកើនឡើងវិញ ចាប់អនុវត្តពីខែមីនា ​ឆ្នាំ​២០២៣ ដល់ ខែកុម្ភៈ ឆ្នាំ២០៣០ និងមានវិសាលភាពគ្របដណ្តប់លើខេត្តចំនួន៤ រួមមានខេត្តកែប កំពត កោះកុង និងព្រះសីហនុ។

គម្រោង​ជលផល​សមុទ្រ និង​តំបន់ឆ្នេរ​ប្រកបដោយ​ចីរភាព មានកញ្ចប់ហិរញ្ញប្បទានសរុបចំនួន ១០៤ លានដុល្លារ ក្នុងនោះ​ហិរញ្ញប្បទានជាកម្ចី​ចំនួន ៤១​ លាន​ដុល្លារ​ពីធនាគារអភិវឌ្ឍន៍អាស៊ី ADB, ហិរញ្ញប្បទានចំនួន ២២ លានដុល្លារ ជាជំនួយឥតសំណងរបស់ ADB, សហហិរញ្ញប្បទានចំនួន ១០ លានដុល្លារពីមូលនិធីរចនាសម្ព័ន្ធអាស៊ាន (ASEAN Infrastructure Fund), ទីភ្នាក់ងារ​​បារាំង​ដើម្បី​អភិវឌ្ឍន៍ ​(AFD) ​ផ្តល់​​ហិ​​រញ្ញ​ប្ប​ទាន​ប្រមាណ ២០ ​លាន​ដុល្លារ និង១១លានដុល្លារពីរាជរដ្ឋាភិបាលកម្ពុជា៕