ភ្នំពេញ៖ របាំ​រឿង​ខ្មែរ​បុរាណ «​ព្រះ​នាង​ប៊ុត សុម៉ាលី មុន្នី​វត្ដី» ត្រូវបាន​លើក​យក​មកសម្ដែង​នៅ​ MC Park Community Mall កាលពី​ថ្ងៃទី​២២ ខែ​មីនា ជា​ផ្នែក​​​មួយ​នៃ​គម្រោង​សិល្បៈ និង​ច្បាប់ ដែល​រៀបចំ​ដោយ «សិទ្ធិ​ខ្ញុំ»​​។​

​គំនិត​ផ្តួចផ្តើម​នេះ​មាន​គោលបំណង​ដោះស្រាយ​បញ្ហាសំខាន់​នៃ «​ការព្រមព្រៀង» ​​នៅក្នុង​សង្គម ដោយ​​ប្រើប្រាស់​របាំ​បុរាណ​ខ្មែរ​ដើម្បី​ស្វែងយល់​ពី​សារៈសំខាន់​នៃ​ស្វ័យភាព​ផ្ទាល់ខ្លួន និង​សមភាព​យេនឌ័រ​។​

​គាំទ្រ​ដោយ​សភា​ធុរកិច្ច​អ៊ីតាលី​នៅ​កម្ពុជា (ItaCham) កម្មវិធី​​នេះ​បង្ហាញ​ពី​ការពិភាក្សា​លើ​ទិដ្ឋភាព​ច្បាប់ និងសិល្បៈ​​នៃ​ «ការ​ព្រមព្រៀង»​ ដោយ​ផ្ដូរ​ទៅនឹង​ភាពស្រដៀងគ្នា​រវាង​ការតស៊ូ​របស់​កម្ពុជា និង​អ៊ីតាលី​ជាមួយ​ច្បាប់​ស្តីពី​អំពើហិង្សា​ផ្អែកលើ​យេនឌ័រ​។​

វាគ្មីនស្ដ្រី ៣ ជំនាន់ជជែកអំពីប្រធានបទនូវពាក្យចាស់បុរាណនិយាយថា «ស្ដ្រីបង្វិលជើងក្រានមិនជុំ»។ រូបថត ហុង រស្មី

​ប្រធាន ItaCham លោក Gabriele Faja បាន​សង្កត់ធ្ងន់​លើ​ភាព​ពាក់ព័ន្ធ​ជា​សាកល​នៃ​បញ្ហា​នេះ ដោយ​កត់សម្គាល់​ពី​ប្រវត្តិ​ផ្លូវច្បាប់​របស់​ប្រទេស​អ៊ីតាលី ដែល​រហូតដល់​ឆ្នាំ ១៩៨១​ អ្នករំលោភ​អាចគេច​ផុត​ពី​​ការកាត់ទោស​ដោយ​ការ​រៀបការ​ជាមួយ​ជនរងគ្រោះ​​។​

លោក Faja បាន​និយាយថា៖ «​រហូត​ដល់​​ឆ្នាំ១៩៩៦ ទើប​​អំពើហិង្សា​ផ្លូវភេទ​ត្រូវបាន​ទទួលស្គាល់ថា​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​បុគ្គល​ជាជាង​គ្រាន់តែ​ជាការ​បំពាន​ខាង​សីលធម៌»។​

​លោក​ក៏បាន​ចង្អុល​បង្ហាញថា សូម្បីតែ​សព្វថ្ងៃនេះ ប្រទេស​អ៊ីតាលី​ខ្វះ​និយមន័យ​ផ្លូវច្បាប់​ច្បាស់លាស់​នៃ​ការ​ព្រមព្រៀង​​។​

អ្នកគ្រូ សូភីលីន ជាម ហ្សាភារ៉ូ បង្ហាញក្បាច់រាំដល់ក្រុមរបាំពីក្រោមឆាក។ រូបថត ហុង រស្មី

លោក Faja បាន​សរសើរសិទ្ធិ​​ខ្ញុំ​ សម្រាប់​ការប្រើប្រាស់​សិល្បៈ​ជា​មធ្យោបាយ​សម្រាប់​ការផ្លាស់ប្តូរ​សង្គម​។ លោក​បាននិយាយថា៖ «​សហគមន៍​អ៊ីតាលី​នៅ​កម្ពុជា​ឈរ​ពីក្រោយ​អ្នក​​។ ​​អ្នក​មិន​ត្រឹមតែ​បង្កើត​សិល្បៈ​ទេ - អ្នក​កំពុង​បង្កើត​ការផ្លាស់ប្តូរ»​។​​

​កញ្ញា​ ឡេង ម៉ា​ឡែ​ន សហ​ស្ថាបនិក​​សិទ្ធិ​ខ្ញុំ ពន្យល់ថា នេះ​ជា​គម្រោង​សិល្បៈ និង​ច្បាប់​ទី​ពីរ បន្ទាប់ពី​បាន​បើក​ដំណើរការ​ដោយ​ជោគជ័យ​ក្នុង​ខែឧសភា ឆ្នាំ​២០២៤​។​

​កញ្ញា​​បាន​បន្តថា​៖ «​សម្រាប់​វគ្គ​នេះ យើង​​​ពិភាក្សា​អំពី​ប្រធានបទ(ការ​ព្រមព្រៀង)​ តាម​រយៈ​សាច់​រឿង​សិល្បៈ​បុរាណ​​»​។​

គម្រោង​សិល្បៈ និង​ច្បាប់ ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​ចម្បង ៣ គឺ​ការ​ចែករំលែក​ចំណេះដឹង​ផ្អែក​ច្បាប់​ដល់​សហគមន៍ ជួយ​លើក​តម្កើង​សិល្បៈ​វប្បធម៌ខ្មែរ និង​ការ​ចែក​រំលែក​ចំណេះដឹង​ផ្នែក​ច្បាប់​ជាមួយ​សិល្បករ ដោយ​ផ្ដោតលើ​សាច់រឿងនៃការសម្ដែង​។

កុមារអានរឿងសង្ខេប “ព្រះនាងប៊ុត សុម៉ាលី មុន្នីវត្តី” មុនពេលទស្សនាការសម្ដែងផ្ទាល់។ រូបថត ហុង រស្មី

តាមរយៈកម្មវិធី «នាង» ពួកយើងនឹងពិភាក្សាទៅលើគោលការណ៍នៃការព្រមព្រៀងដែលបានឆ្លុះបញ្ចាំងក្នុងសាច់រឿង «ព្រះនាងប៊ុត សុម៉ាលី មុន្នីវត្តី»។

អ្នកគ្រូ សូភីលីន ជាម ហ្សាភារ៉ូ ស្ថាបនិក​ និង​នាយិកា​ក្រុម​សិល្បៈ​សុភីលីន បាន​ឱ្យ​ដឹងថា ការ​សម្ដែង​រឿង​ព្រះ​នាង​ប៊ុត សុម៉ាលី មុន្នីវត្ដី (ដោយ​យក​លំនាំ​តាម​សាច់រឿង​ដើម ព្រះ​សមុទ្រ នាងប៊ុត សុម៉ាលី) ជាការ​លើក​តម្លៃ​សិទ្ធិ​នារី នៅពេល​យក្ស​អសុរា​ ព្រះនាម វ័យកណ្ឌ សណ្ដំ ព្រះសមុទ្រ ឱ្យ​ផ្ទំលក់​ ហើយ​ចែចង់​ព្រះ​នាងប៊ុត សុម៉ាលី។

អ្នកគ្រូ​ដែល​ដឹកនាំ​ក្រុម​សម្ដែង​ដោយ​ផ្ទាល់​ បាន​រៀបរាប់​​ថា​៖ «​ព្រះ​នាង​បានប្រឈម​ជាមួយ​តួ​អង្គ​យក្សនេះ ដោយ​ធ្វើ​ម្ដេច​ឱ្យ​យក្ស​សម្លាប់​ស្វាម៉ីរបស់ខ្លួន​។ ដោយ​សារ​ការ​ឈ្លាសវៃ​ និង​ក្លាហាន​ប្រឈម​នឹង​វ័យកណ្ឌ ព្រះ​នាង​គឺជានារី​ដ៏ក្លាហាន​ម្នាក់»​។

តាមរយៈ​ការបង្កើត​កន្លែង​សុវត្ថិភាព​សម្រាប់​ការពិភាក្សា គំនិត​ផ្តួចផ្តើម​ជួយ​ស្ត្រី​ឱ្យទទួល​ស្គាល់​អំណាច​ផ្លូវច្បាប់​របស់​ពួកគេ និង​ប្រឈម​នឹង​បទដ្ឋាន​សង្គម​ដែល​បង្ក​គ្រោះថ្នាក់​។​

កញ្ញា​ ម៉ាឡែន​ បាន​និយាយថា៖ «​​គំនិត​ផ្តួចផ្តើម​នេះ​មិនមែន​គ្រាន់តែ​អំពី​ច្បាប់​ប៉ុណ្ណោះ​ទេ វា​និយាយ​អំពី​ការកសាង​ទំនុកចិត្ត និង​ធានាថា ​ស្ត្រី​គ្រប់​វ័យ​ត្រូវបាន​ស្តាប់ ឱ្យ​តម្លៃ និង​ផ្តល់​សិទ្ធិអំណាច​ឱ្យ​រស់នៅ​ដោយ​គ្មាន​អំពើហិង្សា និង​ការរើសអើង»៕