ភ្នំពេញ៖ ស្រប​ពេល​ការ​ប្រកាស​រៀបចំ​សង្ក្រាន្ដ​សៀមរាប ជាព្រឹត្ដិការណ៍​ដ៏​ធំប្រចាំ​ឆ្នាំ កម្ពុជា​ត្រៀម​ដាក់​ថ្ងៃ​បុណ្យ​ប្រពៃណី​ និង​ទំនៀម​ទម្លាប់​បរម​បុរាណ​ខ្មែរ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក។

លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត បានថ្លែងជាថ្មី​ថា​៖ «​រាជរដ្ឋាភិបាល​បានរៀបចំ​ចុះបញ្ជី​សង្ក្រាន្ត​នៅ​កម្ពុជា ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ហេតុនេះ សូម​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រៀបចំ​សង្ក្រាន្ត​ឱ្យបាន​ច្រើន និង​ស្របតាម​ប្រពៃណី​ជាតិខ្មែរ នៅតាម​មូលដ្ឋាន​របស់ខ្លួន នាឱកាស​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ខាងមុខនេះ​»។

លោកនាយករដ្ឋមន្ដ្រី​ បាន​បញ្ជាក់ថា​៖ «​សង្ឃឹមថា សង្ក្រាន្ដនៅ​កម្ពុជា​នឹង​អាច​ចុះ​ក្នុង​បេតិកភណ្ឌ​ពិភពលោក​ក្នុង​ពេល​ឆាប់ៗខាង​មុខ​នេះ​។ សង្ក្រាន្ដ​មិន​មែនជា​កម្មសិទ្ធិ​ផ្ដាច់​មុខ​របស់​ប្រទេស​ណា​ទេ។ ប្រទេស​ដែលមាន​វប្បធម៌​ស្រដៀង​គ្នា​ គាត់​មាន​សិទ្ធិ​ជា​របស់គាត់​ មិនខុសពី​គុនខ្មែរ មួយថៃ ឬ​ក្បាច់​គុន​ប្រទេស​ផ្សេង​នោះទេ​»។

ជាមួយ​ការ​លើកឡើង​ក្នុងពិធី «អបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី ២៧ និងសំណេះសំណាល ពិសាអាហារសាមគ្គីជាមួយសិល្បករ សិល្បការិនី» កាលពីថ្ងៃទី​៥ ខែមីនា លោក​នាយក​រដ្ឋមន្ដ្រី បាន​​លើកទឹកចិត្ត​ឱ្យ​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ និងវិស័យ​ឯកជនបញ្ជូន​មន្ត្រី សិល្បករ សិល្បការិនី ទៅ​សិក្សា ដក​ពិសោធន៍ និង​សហការ​ជាមួយ​ដៃគូ ក្នុងការ​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ក្នុងស្រុក​។

លោក ឈត ប៊ុនថង អ្នកជំនាញផ្នែកវប្បធម៌ និងសង្គម នៃរាជបណ្ឌិតសភាកម្ពុជា បាន​ឱ្យដឹងថា ការ​ដាក់បញ្ចូល​សង្ក្រាន្ដ​ចូល​ក្នុង​បញ្ជីបេតិកភណ្ឌ​ពិភពលោក​គឺជា​រឿង​ល្អ ដែល​កម្ពុជា​បាន​និង​កំពុង​ធ្វើ​មក​ជា​បន្ដ​បន្ទាប់។

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​ជាការពិត ការ​រៀបចំ​ដាក់​សង្ក្រាន្ដ​ខ្មែរ​ចូលក្នុង​បញ្ជី​វប្បធម៌​អរូបី​ពិភពលោក​ ក្រសួង​ ស្ថាប័ន និង​ជំនាញ​ពាក់ព័ន្ធ​ចាំបាច់ត្រូវ​ធ្វើ​ការងារស្នូល​ ដែលតម្រូវ​តាម​អង្គការ UNESCO។ ប៉ុន្ដែ​វា​ទាមទារ​ឱ្យ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ផង​ដែរ ដោយសារ​មរតក​អរូបី​នេះ​ វា​ជា​ចំណេះដឹង ផ្នត់​គំនិត​ ការ​យល់​ឃើញ​ និង​ទេពកោសល្យ​របស់​មនុស្ស​»។

ប្រជាពលរដ្ឋ​ខ្មែរ​ខិតខំ​បញ្ចេញ​សិល្បៈ ប្រពៃណី​ទាំង​នេះ​ឱ្យ​ពិភពលោក​បានស្គាល់​អំពី​សង្ក្រាន្ដ​ខ្មែរ​ តាម​រយៈ​ល្បែង​ប្រជាប្រិយ ច្រៀង​ចម្រៀង​ប្រពៃណី​ជាដើម​។

ចំពោះ​សង្ក្រាន្ដ​ឆ្នាំ​ថ្មី​ខាង​មុខដែល​ត្រៀម​រៀបចំ​គ្រប់​ទីកន្លែង​ទូទាំង​ប្រទេស​នេះ លោក ប៊ុនថង បាន​ថ្លែងថា រាល់​ទម្រង់​ត្រូវតែ​ជា​របស់​ខ្មែរ ពលរដ្ឋ អាជ្ញាធរ អ្នក​ជំនាញ សិល្បករ​ខ្មែរត្រូវ​ចូលរួម​គគ្រឹក​គគ្រែង ចៀសវាង​ការ​យល់​ច្រឡំទម្រង់​សិល្បៈ​របស់​ប្រទេស​ថៃ​​។

លោក​បានបន្ដថា​៖ «​បើសិន​អ្នកជំនាញរបស់អង្គការ UNESCO សិក្សា​ជ្រាវជ្រាវ ក៏ដូចជា​បង្ហាញ​ពី​លទ្ធផល​នៃការ​ស្រាវជ្រាវ នោះ​វាមិន​មាន​អ្វី​គួរ​ឱ្យ​ព្រួយ​បារម្ភ​ទេ ពីព្រោះ​ប្រវត្ដិសាស្ដ្រ​ខ្មែរ ទឹកដីខ្មែរ​ ប្រពៃណី​ទំនៀម​ទម្លាប់​ខ្មែរ​នេះ​មាន​តាំងពី​បុរាណ​កាល មុន​ទាំង​ថៃមាន​នគរ​ មាន​រដ្ឋ​ទៅទៀត​»។​

លោក ប៊ុនថង យល់​ឃើញថា សង្ក្រាន្ដ​ខ្មែរក្នុង​បញ្ជី​បេតិកភណ្ឌ​មិន​មាន​ភាព​ចម្រូង​ចម្រាស​ជាមួយ​សង្ក្រាន្ដ​ប្រទេស​ដទៃ​នោះទេ ដោយសារការ​ចុះ​បញ្ជី​ក្នុង​​អង្គការ​ UNESCO ទម្រង់​សិល្បៈ​មាន​លក្ខណៈ​ខុស​គ្នា​ ដែល​អាស្រ័យ​លើ​មូលដ្ឋាន ក៏ដូចជា​ប្រវត្ដិ​ច្បាស់​លាស់​។

លោក​បានបញ្ជាក់ថា​៖ «​ប្រទេស​ជិតខាង​គ្នា​ប្រាកដជាមាន​សិល្បៈ​វប្បធម៌​ស្រដៀងគ្នា​ខ្លះ តែមិន​ដូច​គ្នា​នោះទេ​។ វា​មិន​ចម្រូង​ចម្រាសទេ តែ​អាចមាន​អត្ថាធិប្បាយ​ខុសៗ​គ្នា​»។

លោកនាយករដ្ឋមន្ដ្រី​ បាន​ថ្លែងថា ទាំង​យុវជន​ និង​ពលរដ្ឋ​ទូទៅ រួមទាំង​សិល្បករ​ជើង​ចាស់ និង​ជំនាន់​ថ្មី​​ចូលរួម​យ៉ាង​ផុសផុល​ដើម្បី​គាំទ្រ​ដល់​ល្បែង​ប្រពៃណី​ខ្មែរ​។

លោក​បានថ្លែងថា​៖ «​ឆ្នាំ​នេះ យើង​រៀបចំ​អង្គរ​សង្ក្រាន្ដ​ ដោយ​មាន​ការ​សម្ដែង​សិល្បៈ​ប្រពៃណី​ រួមទាំង​​ថ្នាក់​ខេត្ដ និង​ស្រុកត្រូវ​រៀបចំ​ឱ្យ​បាន​ច្រើន​ ជំរុញ​ការ​លេង​ល្បែង​ប្រជាប្រិយ​របស់​យើង​ឱ្យ​បាន​ច្រើន ដើម្បី​លើក​ស្ទួយ​សិល្បៈ វប្បធម៌​»។

ពាក់ព័ន្ធ​នឹង​វិស័យ​សិល្បៈ​នេះ លោកនាយករដ្ឋមន្ដ្រី លើកទឹកចិត្ត​ដល់​ការកែច្នៃ ការបង្កើត​ថ្មី ការប្រើប្រាស់​បច្ចេកវិទ្យា​ជំនាន់​ថ្មី ដោយ​ឈរលើ​ការរក្សា​អត្តសញ្ញាណ​ជាតិ​ជា​គោល​ ​បន្ត​ការស្រាវជ្រាវ និង​ចងក្រង​នូវ​សិល្ប​វប្បធម៌ ជាពិសេស​ប្រភេទ​សិល្បៈ​ដែលមាន​ហានិភ័យ​ខ្ពស់៕