
«របាំព្រះរាជទ្រព្យ» ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ នៅទីក្រុងអ៉ីស្តង់ប៊ុល ប្រទេសតួកគី។ រូបថត សហការី
ភ្នំពេញ៖ នៅចុងសប្ដាហ៍នេះ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដឹកនាំក្រុមសិល្បករ សិល្បការិនី ចេញទៅសម្តែងរបាំព្រះរាជទ្រព្យសាជាថ្មី។
យោងតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញថា៖ «ថ្ងៃទី០៨ និងទី០៩ ខែមីនា នឹងមានកម្មវិធីសម្តែងនៅសារមន្ទីរ Musée du quai Branly - Jacques Chirac ទីក្រុងប៉ារីស។
កម្មវិធីសម្តែងពីរផ្សេងទៀតគ្រោងនឹងធ្វើនៅតាមតំបន់មួយចំនួននៃសាធារណរដ្ឋបារាំង ដូចជានៅ Opéra National de Bordeaux និងនៅ Cité musicale-Metz»។
ក្រសួងបានឱ្យដឹងថា៖ «ក្រោមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមគោលការណ៍គាំទ្រដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានដឹកនាំសិល្បករ សិល្បការិនី ចេញទៅសម្តែងរបាំព្រះរាជទ្រព្យ សាជាថ្មី នៅសាធារណរដ្ឋបារាំង ដោយការសម្តែងពិសេសនេះគ្រោងនឹងធ្វើឡើងចំនួន៣ទីតាំងផ្សេងគ្នា។

នៅចុងសប្ដាហ៍នេះ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដឹកនាំក្រុមសិល្បករ សិល្បការិនី ចេញទៅសម្តែងរបាំព្រះរាជទ្រព្យសាជាថ្មី។ រូបថត សហការី
ដោយនៅថ្ងៃទី០៨ និងទី០៩ ខែមីនា នឹងមានកម្មវិធីសម្តែងនៅសារមន្ទីរ Musée du quai Branly - Jacques Chirac ទីក្រុងប៉ារីស។ កម្មវិធីសម្តែងពីរផ្សេងទៀតគ្រោងនឹងធ្វើនៅតាមតំបន់មួយចំនួននៃសាធារណរដ្ឋបារាំង ដូចជានៅ Opéra National de Bordeaux និងនៅ Cité musicale-Metz។
កម្មវិធីសម្តែងរបាំព្រះរាជទ្រព្យនៅសាធារណរដ្ឋបារាំង គឺជាការឆ្លុះបញ្ចាំងឱ្យឃើញពីសកម្មភាពរឹតចំណងមិត្តភាព តាមរយៈវិស័យវប្បធម៌ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ។
ក្រសួងបានបន្ដថា៖ «វាក៏ដូចជាផ្តល់ឱកាសស្វែងយល់អំពីរបាំមួយដ៏ល្អឯកគ្មានពីររបស់ខ្មែរ អមដោយសម្លៀកបំពាក់ និងគ្រឿងលម្អដ៏ល្អឆើត និងកាយវិការរាំដ៏ទន់ភ្លន់ របស់នាដការិនីខ្មែរ ព្រមទាំងជាការជំរុញការថែរក្សា ផ្សព្វផ្សាយ និងលើកកម្ពស់វិស័យវប្បធម៌ ជាពិសេសរបាំបុរាណខ្មែរឱ្យកាន់តែមានភាពល្បីរន្ទឺលើសកលលោកផងដែរ»។
«របាំព្រះរាជទ្រព្យ» ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ នៅទីក្រុងអ៉ីស្តង់ប៊ុល ប្រទេសតួកគី។
របាំព្រះរាជទ្រព្យបានទាក់ទាញទស្សនិកជនអស់រយៈពេលជាច្រើនសតវត្សរ៍ជាមួយកាយវិការដ៏រស់រវើកនៃចលនាដៃ រហូតដល់ភាពទន់ភ្លន់នៃរាងកាយ។

ដោយនៅថ្ងៃទី០៨ និងទី០៩ ខែមីនា នឹងមានកម្មវិធីសម្តែងនៅសារមន្ទីរ Musée du quai Branly - Jacques Chirac ទីក្រុងប៉ារីស។ រូបថត សហការី
ចាប់ពីឆ្នាំ១៩០៦រហូតដល់បច្ចុប្បន្នចាប់ពីជាងចម្លាក់ដ៏ល្បីជនជាតិបារាំង Auguste Rodin រហូតដល់ការកំណែទម្រង់ចុងក្រោយរបស់ស្នាព្រះហស្ដព្រះរៀម បុប្ផាទេវី របាំព្រះរាជទ្រព្យនៅតែរក្សាបាននូវអត្ដសញ្ញាណ និងភាពវិសេសរបស់ខ្លួន។
យោងតាមវេបសាយបារាំង sortiraparis.com បានឱ្យដឹងថា ចាប់ពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៥ តទៅ សារមន្ទីរ Musée du Quai Branly នឹងរៀបចំការតាំងពិព័រណ៍ថ្មីមួយស្តីពីសិល្បៈសម្លៀកបំពាក់ពី Orient to the Rising Sun។
សម្រាប់ឱកាសនោះ កម្មវិធីសិល្បៈដ៏ល្អមួយត្រូវបានគ្រោងទុក ដោយមានការប្រគុំតន្ត្រី និងការសម្តែងរបាំដោយរបាំព្រះរាជទ្រព្យកម្ពុជា ដែលជាសិល្បៈពិសិដ្ឋដែលបានចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌អរូបី។
នៅថ្ងៃសៅរ៍ ទី ៨ ខែមីនា វេលាម៉ោង ៣ រសៀល និងម៉ោង ៨យប់ ហើយនៅថ្ងៃអាទិត្យ ទី ៩ ខែមីនា វេលាម៉ោង ៥ ល្ងាច ក្រុមរបាំនឹងសម្ដែងជូនទស្សនា៕