
ទស្សនិកជនជាច្រើននាក់មកទស្សនាការសម្ដែងទម្រង់សិល្បៈបុរាណខ្មែរក្នុងកម្មវិធីបុណ្យភូមិលើកទី ១២។ រូបថត សហការី
ភ្នំពេញ៖ បុណ្យភូមិ បានរម្កិលថ្ងៃសប្ដាហ៍ចុងក្រោយនៃកម្មវិធីរបស់ខ្លួន មុនពេលពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិចាប់ផ្ដើមនៅដើមសប្ដាហ៍ក្រោយ។
នៅសប្ដាហ៍ចុងក្រោយ ថ្ងៃទី១១ និង១២ ខែមេសានេះ មហោស្រពសិល្ប:បុណ្យភូមិឆ្នាំទី១២ ត្រូវបានរៀបចំឡើងនៅវត្តស្វាយអណ្តែត ជាទីកំណើតរបស់សិល្បៈល្ខោនខោលវត្តស្វាយអណ្តែត ដែលត្រូវបានបញ្ចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
ក្រុមអ្នករៀបចំបុណ្យភូមិ បានឱ្យដឹងថា៖ «ទម្រង់សិល្ប: ដែលនឹងត្រូវសម្តែងនាយប់ថ្ងៃទី១១ ខែមេសា នេះមានដូចជា៖ ល្ខោនបុរាណពោលស្រី វត្តកៀនស្វាយក្រៅចាប់ពីវេលាម៉ោង ៦ល្ងាចតទៅ»។
ល្ខោនបុរាណពោលស្រី វត្តកៀនស្វាយក្រៅ គឺជាទម្រង់ល្ខោនច្រៀងរាំបុរាណមួយ ដែលមនលក្ខណៈស្រដៀងទៅនឹងសិល្បៈក្បាច់បុរាណខ្មែរ ទាំងតន្ត្រីប្រគ៉ំជូនល្ខោន ទាំងសម្លៀកបំពាក់ សំពត់អាវស្បៃ ម្កុដក្បាំង ប្រដាប់ដៃជើង និងអ្នកសម្ដែងគឺសុទ្ធសឹងតែជាស្រីទាំងអស់ សូម្បីតែតួអង្គប្រុសក៏ដោយ និង មានតួត្លុកជាបុរសពីរនាក់ជា អ្នករ៉ាប់រងកិច្ចការធ្ងន់ៗ។
នៅក្នុងល្ខោនបុរាណនេះ មានតួអង្គចំនួន៤តួ គឺ តួនាង តួនាយរោង តួយក្ស តួស្វា ដែលសុទ្ធសឹងសម្តែងដោយមនុស្សស្រី លើកលែងតែតួត្លុក និងតួឥសី ដែលសម្តែងដោយមនុស្សប្រុស ល្ខោននេះ កំដរដោយភ្លេងពិណពាទ្យប៉ុន្តែមិនសម្តែងរឿងរាមកេរ្តិ៍ទេ។
ពួកគេបាននិយាយថា កម្មវិធីនៅថ្ងៃទី១២ ខែមេសា ល្ខោនយីកេរនីពេជ ខេត្តកំពង់ធំ ជាទម្រង់ល្ខោនយីកេ មួយបែបដែលវ័យចំណាស់មួយក្នុងសហគមន៍ជនជាតិដើមភាគតិចកួយ នៃខេត្តកំពង់ធំ។

ក្រុមល្ខោនយីកេជនជាតិដើមកួយ មានឱកាសសម្តែងលើឆាកដ៏ធំលើកដំបូង ដោយយករឿង «ព្រះលក្ខសិនវង្ស» ក្នុងកម្មវិធីបុណ្យភូមិនៅផ្សារទំនើបជីបម៉ុង។ រូបថត សហការី
ល្ខោនយីកេកួយនេះមានភាពស្រដៀងគ្នាទៅនឹង ល្ខោនយីកេខ្មែរដែរ ទៅលើការសន្ទនា ការច្រៀង របស់តួអង្គ ប៉ុន្តែអ្វីដែលយើងអាចកត់សម្គាល់បានថា មួយណាជាយីកេកួយ មួយណាជាយីកេខ្មែរនោះ គឺផ្អែកលើភាសា និង ក្បាច់រាំ ដោយយីកេកួយ សិល្បៈករសម្តែងជាជនជាតិកួយ មានសាច់រឿងជាភាសាកួយ ចម្រៀងកួយ និងមានក្បាច់រាំតាមបែបជនជាតិភាគតិចកួយ។
គួរបញ្ជាក់ថា ការតស៊ូរបស់ក្រុមល្ខោនយីកេជនជាតិដើមកួយ បានទទួលឱកាសសម្តែងលើឆាកដ៏ធំលើកដំបូង ដោយយករឿង «ព្រះលក្ខសិនវង្ស»។
យីកេជនជាតិដើមកួយ ប្រចាំតំបន់នេះនៃខេត្តកំពង់ធំនេះ ក៍មានវាសនាមិនខុសពី ល្ខោនដទៃ ទៀតដែរក្នុងសម័យសង្គ្រាម គឺត្រូវបានរងការបំផ្លិចបំផ្លាញអស់ស្ទើរតែទាំងស្រុង ទាំងធនធានមនុស្ស ទាំងចម្រៀង សាច់រឿងជាភាសាកួយ ព្រមទាំងក្បាច់រាំផងដែរ។
យោងតាមការរៀបរាប់អ្នករៀបចំកម្មវិធីបុណ្យភូមិ បានឱ្យដឹងថា៖ «សព្វថ្ងៃនេះក្រុមល្ខោនមានសមាជិកប្រមាណជាង ២៧នាក់ដែល ជាចំនួនមួយច្រើនគួរសម ប៉ុន្តែក្រុមល្ខោននេះ នៅតែជួបប្រទះនឹងកង្វះទីផ្សារសម្តែង ដោយបានចេញសម្តែង ភាគច្រើនតែនៅក្នុងភូមិស្រុក និងធ្លាប់មកសម្តែង នៅរាជធានីភ្នំពេញចំនួន ៣ដងតែប៉ុណ្ណោះ»។
ល្ខោនខោលវត្តស្វាយអណ្ដែត ជាឈ្មោះទីតាំងជាក់លាក់មួយដែលតំណាងឱ្យល្ខោនខោលខ្មែរទូទៅបានក្លាយជាសម្បត្តិវប្បធម៌មនុស្សជាតិពិភពលោកពីអង្គការយូណេស្កូ។
ដើមកំណើតនៃល្ខោនខោលវត្តស្វាយអណ្ដែត មានជាច្រើនតំណរ ហើយប្រជាជនចំណុះជើងវត្តស្វាយអណ្ដែតមានប្រពៃណីយ៉ាងខ្ជាប់ខ្ជួនលើការសម្ដែងល្ខោនខោលថ្វាយដល់បារមីស័ក្ដិសិទ្ធិនានាជារៀងរាល់ឆ្នាំ ក្រោយបុណ្យចូលឆ្នាំ ១ អាទិត្យ។
រយ:ពេល២ថ្ងៃនេះកម្មវិធីបុណ្យភូមិក៏មានលេងល្បែងប្រជាប្រិយខ្មែរ និង របាំប្រពៃណីចម្រុះជាច្រើន សំរាប់អ្នកស្រុកបុណ្យភូមិក្នុងការទៅកម្សាន្តដែលទីតាំងគឺស្ថិតនៅក្នុងបរិវេណវត្តស្វាយអណ្តែត។
មហោស្រពសិល្ប:បុណ្យភូមិ ត្រូវបានរៀបចំដោយ ភ្លើងគប់ PlerngKob ជាមួយការនាំមកជូនដោយ Cambodia Water សហការឧបត្ថម្តដោយ Chip Mong Bank, KIZZ, IZE។
ដៃគូផ្សព្វផ្សាយ: Kampucheers, VAYO FM Radio, Fast News Daily, Popular Magazine, The Phnom Penh Post, គំនិត-Komnit Solution , EAC News, Troryorng - ត្រយង, MUDH, 123 Creative House, NEXT Digital Media - Cambodia, អារម្មណ៍-Studio៕