​ភ្នំពេញ៖ កម្មវិធី Phnom Penh Designer Week ​ដែល​ប្រារព្ធ​ឡើង​ពីរដង​ក្នុង​មួយឆ្នាំ បាន​ត្រៀម​រៀបចំ​ការបង្ហាញ​ម៉ូដ​ដ៏​អស្ចារ្យ​រយៈពេល​ពីរ​ថ្ងៃ​នៅឯ​សណ្ឋាគាររ៉ូសវូដ​ភ្នំពេញ​ដ៏​ប្រណីត​ នឹង​នាំ​មក​នូវ​ការបង្ហាញ​ពី​ទេពកោសល្យ និង​ភាព​ច្នៃប្រឌិត​ដោយ​អ្នក​ច្នៃម៉ូដ ៧ រូប នៅថ្ងៃទី ៣០ និង ៣១​ ខែឧសភា ឆ្នាំ​២០២៥។ 

នេះ​បើ​តាម​ការ​​ប្រកាស​ក្នុង​សន្និសីទកាសែតនៅ​សណ្ឋាគាររ៉ូសវូដ​ភ្នំពេញ​ កាលពី​ថ្ងៃទី ២២ ខែមេសា ឆ្នាំ​២០២៥​។​

​​អ្នករៀបចំ​កម្មវិធី​សន្យាថា​នឹង​រៀបចំ​ព្រឹត្តិការណ៍​មួយ​ដែល​នឹង​ប្រឹងប្រែង​អស់ពី​សមត្ថភាព​​ដើម្បី​ទទួល​ស្វាគមន៍​ភ្ញៀវកិត្តិយស​ដែល​ចូលចិត្ត​ម៉ូដ​។​

​សប្តាហ៍​អ្នក​រចនា​ម៉ូដ​ភ្នំពេញ​ឆ្នាំនេះ​នឹងផ្ដោត​លើ​​ប្រធានបទ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​គឺ «​មរតក​ផុយស្រួយ​» (Fragile Heritage)។ ប្រធានបទ​នេះ​គឺ​ជា​​ការអំពាវនាវ​ដោយផ្ទាល់​ដល់​អ្នក​រចនា​ម៉ូដ​ឱ្យ​លើកកម្ពស់​សាវតា​​មរតកក្នុងការ​បំផុស​​គំនិត​ច្នៃម៉ូដ​របស់​ពួកគេ ស្របទៅនឹង​និន្នាការច្នៃ​​ម៉ូដ​សកល​។ 

សារសំខាន់​នៃ​ភាព​​ច្នៃប្រឌិត​ត្រូវ​ផ្សារភ្ជាប់​​​​យ៉ាង​ជិតស្និទ្ធ​ទៅនឹង​ភាពសម្បូរបែប​​នៃ​វប្បធម៌ និង​ការ​​​ប្រារព្ធអបអរ​ភាពចម្រុះ​នៃ​សាវតា​មរតក​មនុស្សជាតិ។​

​អ្នក​រចនា​ម៉ូដ​ជនជាតិ​ហ្វីលីពីន Don Protasio ដែលជា​សហ​ស្ថាបនិក PPDW ជាមួយ​នឹង​លោក Sophea Ke បាន​ក្លាយជា​កម្លាំងចលក​រ​នៅ​ពីក្រោយ​ព្រឹត្តិការណ៍ ​ដែល​ប្រារព្ធ​ឡើង​ពីរដង​ក្នុង​មួយឆ្នាំ​ ដើម្បី​ផ្ដល់ជា​​វេទិកា​សំខាន់​​សម្រាប់​អ្នកជំនាញ​ច្នៃ​ម៉ូដ​ទាំង​ក្នុងស្រុក និង​អន្តរជាតិ​។​

តារាម៉ូដែល Sofia ពាក់សំលៀកបំពាក់ A.N.D.។ Photo by Sophea Ke

​ថ្លែង​នៅក្នុង​សន្និសីទកាសែត លោក Protasio បាន​ពណ៌នា​ព្រឹត្តិការណ៍​សន្និសីទកាសែត​កាលពី​ថ្ងៃទី ២២ ខែមេសា​ថា​ជា៖ «សន្និសីទ​កាសែត​ជា​ពិធីជប់លៀង​ស្រា​ក្រឡុក​នេះ​ជា​ឱកាស​អ្នក​ស្រឡាញ់វិស័យ​ម៉ូដ និង​អ្នកច្នៃម៉ូដ​បាន​ជួបជុំគ្នា ដែលជា​ឱកាស​ដ៏កម្រ ព្រោះ​យើង​មិនបាន​ជួប​អ្នក​ញឹកញាប់​ទេ នៅពេលដែល​យើង​រៀបចំ​កម្មវិធី​បង្ហាញ​ម៉ូដ យើង​​រវល់​ខ្លាំង​នៅ​ខាងក្រោយ​ឆាក គ្មានពេលនិយាយគ្នា ហើយ​កម្មវិធីចប់​ម្នាក់ៗ​​គ្រាន់តែ​ចង់​ត្រឡប់ទៅផ្ទះ​វិញ​សម្រាក​»​។ 

លោក​បាន​បន្ត​ថា៖ «វា​ពិតជា​អស្ចារ្យ​ណាស់​ដែល​បានឃើញអ្នក​ក្នុង​ឧស្សាហកម្ម​ម៉ូដ​​អ្នក​ទាំងអស់គ្នា​នៅទីនេះ រួមជាមួយ​អ្នកស្នង​របស់ពួកគេ សម្រាប់​​​កម្មវិធី​បង្ហាញ​ម៉ូដ​នាពេលខាងមុខ​នៅ​ថ្ងៃទី ៣០ និង ៣១ ខែឧសភា​នៅ​រ៉ូសវូដ ដែល​ខ្ញុំជឿជាក់ថា កម្មវិធី​នេះ​​​នឹងបន្ត​មាន​ច្រើនលើក​ទៀត​»។​

បើយើងក្រឡេក​មក​មើល​ម៉ូដ​របស់ស្ត្រី និង​​ការ​បង្កើតលំនាំ​ប្លែកៗ​នៅពេលរាត្រី សម្លៀក​បំពាក់​ស្ត្រីដែល​បាន​បង្ហាញ​ដោយ AND, ESSK, SCT និង Alfredo Vaez ជាសម្លៀក​បំពាក់​ស៊ីវិល័យ​ក្នុង​ទីក្រុង រ៉ូបរាត្រី​សមោសរ ដែល​ប្លែក​ពីគេ វា​ជា​អ្វី​ដែល​គួរឱ្យ​ចាប់អារម្មណ៍​ជា​ខ្លាំង។

ការពិសោធន៍​រូបរាង​ម៉ូដ និង​រចនាប័ទ្ម​ទាន់សម័យ​ជាមួយ​នឹង​ភាព​ស្រទន់​ជាងមុន​សម្រាប់​សម្លៀក​បំពាក់​បុរស និង​បង្ហាញ​ពីការ​ប្រមូល​ផ្ដុំ​ម៉ូដ​របស់ Ambre Men, Drewe Taylor Designs និង Don Protasio ភាពជា​បុរស​ដ៏ត្រេកត្រអាល និង​រូបរាងឆ្ពោះទៅ​មុខ គឺ​ជាសំណើ​ដ៏គួរ​ឱ្យ​រំភើប​សម្រាប់​បុរស​ទាន់សម័យ​ទាំងអស់។

​គោលបំណង​សំខាន់​នៃ​សប្តាហ៍​អ្នក​រចនា​ម៉ូដ​ភ្នំពេញ​គឺ​ដើម្បី​ផ្តល់នូវ​វេទិកា​សំខាន់​មួយ​សម្រាប់​អ្នក​រចនា​ម៉ូដ និង​ម៉ាក​យីហោ​ដែល​ខិតខំ​កសាង​អត្តសញ្ញាណ​ច្បាស់លាស់ តាមរយៈ​ការបង្កើត​យុទ្ធសាស្ត្រ​អាជីវកម្ម​ដែលមាន​សុខភាព​ល្អ និង​ការបណ្តុះ​វត្តមាន​ទីផ្សារ​របស់​ពួកគេ​សម្រាប់​ការរីកចម្រើន​ប្រកបដោយ​និរន្តរភាព​។​

កញ្ញា កុយ អេណា ពាក់សំលៀកបំពាក់ Alfredo Vaez។ Photo by Sophea Ke

​អតីត​បវរកញ្ញា​រងទីមួយ​នៃ​ការប្រឡង​ Miss Grand Cambodia ឆ្នាំ ២០២៣ ​កញ្ញា កុយ អេណា បាន​​សម្តែង​នូវ​ភាព​រីករាយ​ក្នុង​ឱកាស​ចូលរួម​ PPDW រដូវក្ដៅ​ឆ្នាំ​នេះ។

តារា​ម៉ូ​ដែល និង​តារា​សម្តែងរូបនេះ​បាន​ប្រាប់ថា៖ «ម្មវិធី​បែប​ខ្ញុំ ខ្ញុំ​ធ្លាប់ស្រមៃ​ដែរ កាលពីពីរទៅ​បី​ឆ្នាំ​មុន​ចង់មកចូលរួម​បែបចឹងៗ។ អាចនិយាយបាន​ថា​ សប្បាយ​ចិត្ត រំភើបរីករាយមែនទែន​​ ព្រោះថា​កម្មវិធី​នេះ​ប្រជុំទៅ​ដោយអ្នក​ឌីហ្សាញកំពូលៗ​នៅស្រុកខ្មែរ​ ក៏ដូចជា​មក​ពីបណ្ដា​ប្រទេស​ផ្សេងទៀត។ អ៊ីចឹង​ក្នុង​នាម​ខ្ញុំជា​ម៉ូដែលម្នាក់ ហើយខ្ញុំចង់អភិវឌ្ឍ​ខ្លួន​ឯង​ជា​ម៉ូដែលដ៏​​ពេញលេញ​ម្នាក់»។

​មាន​ដើមកំណើត​មកពី​អាហ្វ្រិក​ខាងត្បូង អ្នក​ច្នៃម៉ូដ​ Drewe Taylor បញ្ចូល​គ្នា​នូវ​ការ ច្នៃម៉ូដ​ប្រកបដោយ​​​សិល្បៈ​ជាមួយនឹង​វត្ថុធាតុដើម​ប្រណីត​ ក្នុងឧស្សាហកម្មហ្វេសសិន​គិតគូរ​ដល់​សង្គម និង​និរន្តរភាព។ 

លោក Drewe​ Ryan Taylor បាន​លើកឡើង​ថា៖ «ម៉ូដ​​មាន​​សោភ័ណភាព​បែប​ត្រូពិច​។ ផ្ទុយ​ពី​ការបង្ហាញម៉ូដ​លើក​មុនៗ​​ដែល​បង្ហាញ​ពី​ពណ៌​ស្រទន់ និង​ស្រាល រដូវកាលថ្មី​​ទទួល​បានការ​បំផុសគំនិត​ពី​ប្រទេស​ឥណ្ឌា និង​ឆ្លុះបញ្ចាំង​ពី​បញ្ហាសំខាន់ៗ​នៃ​ការប្រែប្រួល​អាកាសធាតុ និង​ការឡើង​កំដៅ​ផែនដី តាមរយៈ​រចនាប័ទ្ម​នៃ​ការ​ច្នៃម៉ូដ និង​ជម្រើស​នៃ​ក្រណាត់»​។​

​តារា​ម៉ូ​ដែល ចំរើន ចំ​រ៉ុង ដែល​បាន​ចូលរួម​សន្និសីទកាសែត បាន​ចែករំលែក​នូវ​ភាព​រំភើប​របស់គាត់​ចំពោះ​ការបង្ហាញ​សំលៀកបំពាក់​របស់ Drewe Taylor ជា​លើក​ទី​ពីរ ដោយ​កត់សម្គាល់ថា៖ «ឈុត​របស់គាត់គឺ​មានការ បំផុសគំនិត​មក​លក្ខណៈ Colorful មាន​លក្ខណៈ​បែប LGBT ច្រើន​ បើនិយាយពី Concept ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ចូលចិត្តខូលិកសិន​របស់គាត់ថ្មីៗ​ដែល​គាត់មានភាពច្នៃប្រឌិត​​ច្រើនដែលពាក់ព័ន្ធ​នឹងការប្រែប្រួលអាកាសធាតុ​ ដូចជា​ស្ទាយបែប​ឥណ្ឌា ដែល​ធ្វើ​ឱ្យអតិថិជនរបស់គាត់​ចាប់អារម្មណ៍​នឹង​ឈុត​របស់គាត់កាន់តែច្រើន»។

តារាម៉ូដែលដើរលើវេទិកានៃសប្តាហ៍អ្នករចនាម៉ូដភ្នំពេញឆ្នាំ ២០២៣ នៅសណ្ឋាគាររ៉ូសវូដភ្នំពេញ។ Post Staff

តារា​ម៉ូ​ដែល​ម្នាក់ទៀត គង់ យ៉ាង​ណាន បាន​គាំទ្រ​នូវ​អារម្មណ៍​នេះ ដោយ​បញ្ជាក់ថា៖ «ខ្ញុំ​រីករាយ​មែនទែន​ដែលបានចូលរួម​បង្ហាញ​ម៉ូដ​ឱ្យខូលិកសិន​បស់គាត់​​។ អ្វី​ដែល​ត្រៀម​ខ្លួនគឺ​សម្រាប់រូបរាងកាយ​ គឺខូលិកសិន​របស់​គាត់​​មាន​​បែបស៊ិចស៊ី​ជា​ច្រើន​ អ៊ីចឹងយើង​ព្យាយាម Gym ឱ្យ​បានច្រើន​ដើម្បី​ទទួល​បាន​រាងកាយដ៏ស្រស់ស្អាត​ដើម្បី​ដើរម៉ូត​ក្នុង​ថ្ងៃ​ខាង​មុខ​ហ្នឹង»។

​លោក អាឡិច​ ដែលជា​តារា​ម៉ូ​ដែល និងអ្នកច្នៃម៉ូដ​មួយ​រូប​ដែល​បានចូលរួម​កម្មវិធី PPDW ជាច្រើនលើក​រួចមក​ហើយ​នោះ​ បាន​លើកឡើងថា កម្មវិធីនេះ​តែងតែ​នាំមក​នូវ​អ្វីដែល​ប្លែក​ជា​រៀងរាល់ឆ្នាំ។

លោក​និយាយ​ថា៖ «ជា​រៀងរាល់ឆ្នាំ ខ្ញុំ​ចូលរួម​ជាតា​រា​ម៉ូ​ដែល​ក្នុង​កម្មវិធី ប៉ុន្តែ​ថ្ងៃ​ណាមួយ​ខ្ញុំ​សង្ឃឹមថា​នឹងចូលរួម​ជា​អ្នក​រចនា​ម៉ូ​ដែល​ក្នុង​កម្មវិធី​នេះដែរ​។ ខ្ញុំ​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​កម្មវិធី​នេះ ព្រោះ​ខ្ញុំ​បាន​ចូលរួម​ក្នុង​ឧស្សាហ​កម្មនេះ​ជា​យូរ​មកហើយ​ក្នុងនាម​ជាតា​រា​ម៉ូ​ដែល​"​។​

ជាមួយនឹង​ការទន្ទឹងរង់ចាំ​កាន់តែខ្លាំង​ឡើង សប្តាហ៍​អ្នក​រចនា​ម៉ូដ​ភ្នំពេញ​សន្យាថា​នឹង​ក្លាយជា​ពេលវេលា​ដ៏​សំខាន់​មួយ​នៅក្នុង​ប្រតិទិន​ម៉ូដ ដោយ​ប្រារព្ធ​នូវ​មរតក ភាព​ច្នៃប្រឌិត និង​ទេពកោសល្យ​ដែល​កំពុង​រីកចម្រើន​នៅក្នុង​ប្រទេស​កម្ពុជា​។

កម្មវិធី PPDW ត្រូវ​​ផលិតឡើង​ដោយ Fashion Lab ក្នុង​កិច្ចសហការ​ជាមួយ Rosewood Phnom Penh, Minerva TV និង​ដៃគូ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដ៏​រឹងមាំ រួមមាន Phnom Penh Post, Khmerer និង Sovrin Magazine៕​

អ្នកច្នៃម៉ូដលោក Ryan និងកញ្ញា កុយ អេណា ក្នុងសន្និសីទកាសែតកាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥។ សហការី