ភ្នំពេញ៖ តារាស្រីជាម្ចាស់ហាងលក់គ្រឿងអលង្ការឈ្មោះ «តូតាអលង្ការ» តារាសម្តែងស្រី ម៉ាក់ សែនសូនីតា ហៅតូតា គ្រាន់តែវិលចូលប្រឡូកសិល្បៈវិញភ្លាម ក៏ចាប់ផ្តើមសកម្មភាពសប្បុរសធម៌ភ្លែត ដោយភ្ជាប់និស្ស័យជាមួយនឹងកូនប្រុសវ័យជិត ១ ខួប។
បើតាមការបង្ហាញឱ្យដឹងក្នុងបណ្តាញសង្គមហ្វេសប៊ុក និងអ៊ីនស្តាក្រាម នាពេលថ្មីៗនេះ អ្នកនាង ម៉ាក់ សែនសូនីតា បង្ហោះរូប និងសារថា៖ «កាដូ បន្តិចបន្តួចពីកូនរបស់នាងខ្ញុំ ប៉ុល បូនីតតូ ខ្ញុំបានដកប្រាក់ផ្ទាល់ខ្លួនរបស់គាត់ ដែលបានមកពីការថត Product ផ្សេង ដោយយកទៅទិញសម្ភារខ្លះៗ ជូនដល់ក្រុមគ្រួសារ បងប្រុសបងស្រី ដែលគាត់មានកូនភ្លោះ ៣ នាក់ ហើយមានការខ្វះខាត។ អរគុណដល់បង សឹង និងភរិយា ដែលបានចាត់ចែងអីវ៉ាន់ ទាំងអស់នេះ ដល់ពួកគាត់។ ជូនពរបងៗទាំងអស់គ្នាសុខភាពល្អ!»។
ទោះបីតារាស្រីជាថៅកែហាងអាហារដ្ឋាន «ផែសមុទ្រ» និងហាងលក់គ្រឿងអលង្ការ «តូតាអលង្ការ» មិនបានបង្ហើបឱ្យដឹងថា ទឹកប្រាក់សម្បុរសធម៌ ដែលបានពីថ្លៃថតស្ប៉ត របស់កូនប្រុសខ្លួនថា មានចំនួនប៉ុន្មាននោះក្តី ក៏ទង្វើល្អនេះ ត្រូវបានមហាជនជាអ្នកគាំទ្រស្វាគមន៍ និងកោតសរសើរដល់ទឹកចិត្តអ្នកនាង តូតា និងស្វាមី។ បើតាមការបញ្ជាក់នៅក្នុងសេចក្តីកំណត់ត្រាសម្គាល់នូវម្ចាស់អំណោយ គឺជាកុមារា ប៉ុល បូនីតតូ លើសម្ភារជាកាដូជូនដល់អ្នកមានកូនភ្លោះ ៣ នោះ រួមមានកំប៉ុងទឹកដោះគោ ១០ កំប៉ុង ខោទឹកនោម ៦ ដុំ ស្រោមដៃស្រោមជើងក្មេង ២០ គូ អាវក្មេង ២០ អាវ និងលុយសុទ្ធ ១០០ ដុល្លារ។
គួរបញ្ជាក់ដែរថា តារាសម្តែង ម៉ាក់ សែនសូនីតា ហៅ តូតា បានវិលមកឈរនៅមុខកាមេរ៉ាថតសម្តែងសិល្បៈវិញ ក្រោយពីសម្រាលបុត្រាដំបូងមានវ័យជិត ១ ខួប ជាមួយស្វាមីអតីតថៅកែផលិតកម្ម Angkor Picture លោក ប៉ុល វិបូ ដែលពួកគេបានរៀបការនៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២០។
តារាសម្តែងស្រីល្បីទាំងវិស័យសិល្បៈ ទាំងបង្កើតមុខជំនួញជាថៅកែហាងអាហារដ្ឋាន «ផែសមុទ្រ» អ្នកនាង តូតា បានសម្រាលកូនប្រុស នៅល្ងាចថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០២០ មានសុខភាពល្អ ជាមួយទម្ងន់ ៣,៦ គីឡូក្រាម និងមានមុខមាត់គួរឱ្យក្នាញ់ ឈ្មោះថា ប៉ុល បូនីតតូ។
នាប៉ុន្មានខែមុននេះ គេស្រាប់តែឃើញតារាសម្តែងស្រីបបូរមាត់សិចស៊ី តូតា ងាកមកសម្រុកថតកុនជាហូរហែវិញ ទោះបីជាមានស្វាមីជាអ្នកជំនួញទ្រព្យស្តុកស្តម្ភក៏ដោយ ក៏ឃើញតារាស្រីរូបនេះ មានមុខរបរថ្មីបើកហាងលក់គ្រឿងអលង្ការនៅឯម្តុំផ្សារទួលសង្កែផងដែរនោះ។
សូម្បីតែមិត្តសិល្បៈជាអ្នកនិពន្ធនៅហង្សមាស លោក Eco Vak Song ក៏លាន់មាត់ពីការវិលមកកាន់មុខកាមេរ៉ាវិញរបស់ តារាស្រីអ្នកនាង តូតា ផងដែរ ដោយនិយាយចំអន់លេងថា៖ «សង្កេតឃើញថា តារាទាំងស្រីទាំងប្រុសចេញថត ចេញច្រៀងបណ្តើរៗហើយ បើចាំកូវីដស្ងាត់ បែបដាច់បាយមុនកើតកូវីដទៀត មើលទៅ! អូយ ជ្រុលដៃ ច្រឡំ Mention Mak Sensonita!»៕


