ក្រុងឡុងដ៍៖ ការប្ដូរទៅធ្វើការត្រឹម ៤ ថ្ងៃក្នុង ១ សប្ដាហ៍ អាចកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទាំងកញ្ចក់ប្រចាំឆ្នាំនៅចក្រភពអង់គ្លេសប្រមាណជិត ១ ភាគ ៤ ក្នុងរយៈពេល ៤ ឆ្នាំ។ នេះបើយោងតាមក្រុមយុទ្ធនាការបានឱ្យដឹងក្នុងរបាយការណ៍ពីសប្ដាហ៍មុន។
របាយការណ៍ពីក្រុមយុទ្ធនាការ 4DayWeek បានអះអាងថា ការផ្លាស់ប្ដូរការងារ ៥ ថ្ងៃ មកត្រឹម ៤ ថ្ងៃក្នុង ១ សប្ដាហ៍ ដោយមិនកាត់ប្រាក់បៀវត្សរ៍ អាចជួយបន្ថយការបញ្ចេញសារធាតុកាបូននៅចក្រភពអង់គ្លេសចំនួន ១២៧ លានតោនក្នុង ១ ឆ្នាំ នៅត្រឹមឆ្នាំ ២០២៥ ឬ ២១,៣ ភាគរយ។
របាយការណ៍បានបន្ដថា វាស្មើនឹងការបញ្ចេញកាបូនរបស់ប្រទេសស្វ៊ីស មួយទាំងមូល។ សំណើនេះត្រូវបានធ្វើឡើងនៅអំឡុងពេលប្រទេសបិទខ្ទប់ ដែលមនុស្សជាច្រើនបានធ្វើការពីផ្ទះ បានបង្ហាញពីការបត់បែននៃការងារ ក៏ដូចជាតុល្យភាពជីវិត និងការងារ។ ក្រុមហ៊ុនខ្លះបានចាប់ផ្ដើមសាកល្បងឱ្យបុគ្គលិកធ្វើការត្រឹម ៤ ថ្ងៃ ក្នុង ១ សប្ដាហ៍។
អង្គការ Greenpeace UK បានសរសេរថា៖ «ខ្ញុំគិតថា នេះជាអ្វីដែលយើងអាចធ្វើទៅបាន»។
អ្នកតំណាងរាស្ដ្រ Green Party អ្នកស្រី Caroline Lucas បានសរសេរដែរថា៖ «ជាគំនិតដែលគួរតែអនុវត្ដនាពេលនេះ»។
របាយការណ៍បានបន្ដថា ការងារតិចថ្ងៃក្នុង ១ សប្ដាហ៍ នាំឱ្យមានការសន្សំសំចៃថាមពលអគ្គិសនីពីការប្រើប្រាស់ក្នុងបន្ទប់ការិយាល័យ និងប្រើប្រាស់រថយន្ដតិច។
ការងារតិចម៉ោងនាំឱ្យការរស់នៅប្រកបដោយសុខុមាលភាពកាត់ទទួលទានអាហារទាន់ចិត្ដតិច មិនសូវត្រូវការសេវាកម្មវេជ្ជសាស្ដ្រ កាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី និងសម្រួលសុខភាពផ្លូវចិត្ដ។
បច្ចុប្បន្ន ១ សប្ដាហ៍ ការងារមានរយៈពេល ៤២,៥ ម៉ោង៕ AFP/HR


