ភ្នំពេញ៖ នៅទីបំផុតតារាសម្តែងស្រី និងពិធីការិនីមេម៉ាយកូន ១ ដែលមានរូបឆោមលោមពណ៌កាន់តែស្រស់ស្អាត សុខ សោម៉ាវត្តី ស្រាប់តែបង្ហើបរឿងព្រមទទួលសម្ព័ន្ធស្នេហ៍ពីកំលោះរូបសង្ហាកីឡាករបាល់ទាត់ លី វ៉ាហេដ ក្រោយពីឧស្សាហ៍ច្រានចោលជារឿយៗមកនោះ។
គេទើបតែឃើញតារាសម្តែងស្រី អ្នកនាង សុខ សោម៉ាវត្តី រីករាយរឿងបើកអាជីវកម្ម ២ គឺនាំយកផលិតផលរក្សាសម្រស់ពីក្រៅប្រទេស និងមានកសិដ្ឋានចិញ្ចឹមឃ្មុំ លក់ទឹកឃ្មុំធម្មជាតិ និងទឹកត្រចៀកកាំ កាលដើមឆ្នាំនេះសោះ ឥឡូវមកជួបរឿងសប្បាយចិត្ត បើកបេះដូងព្រមទទួលក្តីស្នេហ៍ពីកំលោះសង្ហា លី វ៉ាហេដ ដែលតាមយ៉ាងស្អិតជាច្រើនឆ្នាំ និងសារភាពការពិតពីសម្ព័ន្ធស្នេហ៍ពួកគេ។
នាឱកាសពិសេសជាថ្ងៃខួបកំណើតរបស់ លី វ៉ាហេដ ក្នុងឆ្នាំ ២០២១ នេះ ស្រាប់តែបង្កើតនូវភាពភ្ញាក់ផ្អើលខ្លាំងដោយឃើញស្រីស្រស់ តារាសម្តែង និងពិធីការិនី សុខ សោម៉ាវត្តី បរិយាយវាចាចេញពីបេះដូងជូនពរម្ចាស់ចិត្តយ៉ាងស៊ីអារម្មណ៍ថា៖ «Happy birthday my babe Okay និយាយដើមបន្តិចហើយចាំជូនពរ និយាយតាមត្រង់បានឆ្លងខួបបងមកច្រើនឆ្នាំហើយ ពិតជាលឿនមែន តែអូនគិតថា វាលឿន ព្រោះសុទ្ធតែជាពេលមានក្ដីសុខ និងពោរពេញ ដោយអនុស្សាវរីយ៍ល្អ។ អរគុណ ដែលតែងតែផ្ដល់ការស្រឡាញ់ ស្មោះត្រង់ ទុកចិត្ត និងរឿងជាច្រើនទៀត ជូនពរបងមានតែរឿងសប្បាយចិត្ត ការងារច្រើន សុបិនបងក្លាយជាការពិតគ្រប់យ៉ាង សុខភាពល្អសំខាន់ គឺយើងទាំងពីរអាចសើចជាមួយគ្នារហូតដល់មានស្នាមជ្រួញ។ Let”s grow old together my Ly Vahed»។
គួររំឭកដែរថា រលកព័ត៌មានលេចបែបខ្សឹបខ្សៀវពីទំនាក់ទំនងរវាងអ្នកមេម៉ាយចាយសម្ផស្ស អ្នកនាង សុខ សោម៉ាវត្តី និងកីឡាករបាល់ទាត់ លី វ៉ាហេដ ល្បីរន្ទឺតាមរយៈការឧស្សាហ៍ផុសរូបភាពបណ្តើរគ្នាស្និទ្ធស្នាល មិនឃ្លាតគ្នាទាំងនៅក្នុង និងក្រៅប្រទេស និងថែមទាំងទាក់ទាញចំណាប់អារម្មណ៍មហាជនខ្លាំងតែម្តង ក្រោយពីពួកគេទាំង ២ បានឱកាសសម្តែងកុនជាមួយគ្នារឿង «ខូចចិត្តអាជីព» ឱ្យផលិតកម្មរ៉ុកកាលពីប៉ុន្មានឆ្នាំមកនោះ។
ភាពលាក់លៀមពីសម្ព័ន្ធស្នេហ៍ខ្លួនអ្នកមេម៉ាយសខ្ចី សុខ សោម៉ាវត្តី ត្រូវល្បីថា ក្លាយជាម្ចាស់ស្នេហ៍របស់កីឡាករលោក លី វ៉ាហេដ ទៅហើយ និងកាន់តែធ្វើឱ្យមហាជនមន្ទិលសង្ស័យដែរ កាលពីថ្ងៃបុណ្យណូអែលឆ្នាំមុន។
មហាជនលើកឡើងថា៖ «កំលោះ លី វ៉ាហេដ ទោះបីជារវល់យ៉ាងណា ក៏មិនភ្លេចមកជូនកាដូឱ្យម្តាយ និងកូនរបស់នាង នាឱកាសថ្ងៃបុណ្យណូអែលដែរ ព្រោះថា អ្នកនាងជាមនុស្សពិសេសក្នុងបេះដូង»។
កន្លងមកតារាសម្តែងស្រី អ្នកនាង សុខ សោម៉ាវត្តី និងលោក លី វ៉ាហេដ មិនព្រមសារភាព មុខមហាជនថា ពួកគេជាអ្វីនឹងគ្នាឱ្យច្បាស់យ៉ាងណាក៏ដោយ តែពួកគេតែងបង្ហាញភាពស្និទ្ធស្នាលនឹងគ្នាជារឿយ៕


