ភ្នំពេញៈ ក្រោយពីតារាស្រីស្រស់សោភា កញ្ញា ណាក់ ស្រីណា បានទម្លាយសារតាមបណ្តាញសង្គមប្រាប់ពីអាថ៌កំបាំងដ៏រសើបរបស់ផលិតកម្មមហាហង្សមិនទាន់ប្រគល់ប្រាក់គ្រប់ចំនួនដែលថតកុនរឿង «មរតកចុកឈាម» ផ្អើលទាំងមហាជន និងអ្នកសិល្បៈនោះ ក៏ពុំទាន់កើតមានប្រតិកម្មអ្វីយ៉ាងណាពីសំណាក់ចាងហ្វាងផលិតកម្មវិញនោះនៅឡើយដែរ។
ភាពស្ងប់ស្ងាត់គ្មានការបកស្រាយ ឬប្រតិកម្មយ៉ាងណាចំពោះការទម្លាយរឿងមិនល្អសម្រាប់ផលិតកម្មភាពយន្តដ៏ល្បីមួយនេះ ក៏នៅតែជាមន្ទិលសង្ស័យពីក្រុមអ្នកលេងបណ្តាញសង្គមផងដែរ ដោយបានលើកឡើងថា៖ «ហេតុអ្វីផលិតកម្មមហាហង្ស សុខចិត្តឲ្យក្រុមតួសម្តែងនានាយករឿងមិនល្អឈ្មោះក្រុមហ៊ុនបែបនេះមកទម្លាយជាសាធារណៈ ឬក៏មានហេតុផលអ្វីផ្សេងនៅពីក្រោយ?»។
លោក អ៊ិន សុភិន ជាចាងហ្វាងផលិតកម្មមហាហង្ស ប្រាប់ភ្នំពេញប៉ុស្តិ៍ឲ្យដឹងថា៖ «យើងកំពុងតែដោះស្រាយរឿងនេះតាមច្បាប់ហើយ ខណៈខាងផលិតកម្មយើងក៏ទទួលរងនូវការជំពាក់បន្តពីអតិថិជនដែលបានសហការផលិតរឿងឲ្យយើងដែរ។ ដូច្នេះហើយបានជាខាងយើងមិនទាន់ធ្វើការបកស្រាយអ្វី។ ដោយឡែករឿង ស្រីណា បង្ហោះសារអ្វីជាសិទ្ធិគាត់ ខណៈយើងក៏បាននិយាយពិភាក្សាជាមួយគាត់ផងដែរពីមូលហេតុនៃការយឺតយ៉ាវលុយកាក់នោះ»។
លោក បានបន្តថា៖ «ចំពោះបញ្ហានេះឲ្យតែខាងអតិថិជន ដែលបាននាំគាត់មកថតកុននោះបង់ប្រាក់ឲ្យយើងគ្រប់ហើយ យើងនឹងជូនប្រាក់គាត់គ្រប់ចំនួនគឺនឹងចប់រឿងហើយ»។
ខណៈថតកុនចប់រំលងជិត ១ ឆ្នាំហើយ តែថ្លៃខ្លួនជាកម្លាំងពលកម្ម ក្នុងនាមជាតួឯកស្រីសម្តែងកុនរឿង «មរតកចុកឈាម» ឲ្យផលិតកម្មមហាហង្សនោះ ពុំទាន់ប្រគល់ប្រាក់គ្រប់ចំនួនតាមកិច្ចសន្យា និងបន្តស្ងាត់ស្ងៀមមិនព្រមសងទើបតារាស្រីស្រស់ កញ្ញា ណាក់ ស្រីណា ទម្លាយសារអាថ៌កំបាំងឡើង តាមបណ្តាញសង្គមបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
តារាសម្តែងស្រីដែលហក់ចូលវិស័យសិល្បៈបានប្រមាណ ៧-៨ ឆ្នាំ និងបច្ចុប្បន្ន គឺជាពិធីការិនីនៅប៉ុស្តិ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ មានរូបសម្ផស្សស្រស់ស្អាត រាងស្រលូន កញ្ញា ណាក់ ស្រីណា បានបង្ហើរសារបង្ហាញភាពខកចិត្តថា៖ «សូមកុំបំបាក់ទឹកចិត្តសិល្បករខ្មែរ ហើយបង្វែរទៅលើកស្ទួយគេ មរតកចុកឈាមគឺជារឿងដំបូង ដែលខ្ញុំថតឲ្យផលិតកម្មមហាហង្ស ដែលជាផលិតកម្មដ៏ល្បីនៅកម្ពុជា។ ពេលនោះពួកយើងបានបំពេញការងារ ដោយកម្លាំងញើសឈាម និងក៏បានថតចប់រួចរាល់តាមការសន្យាជិតមួយឆ្នាំហើយ ប៉ុន្តែមកដល់ពេលនេះ ស្ថានភាពលុយកាក់របស់ខ្ញុំគឺស្ងប់ស្ងាត់ខ្លាំងណាស់ ហាក់គ្មានអ្នកអើពើសោះ។ ជាចុងក្រោយ ខ្ញុំសង្ឃឹមថា ក្រុមហ៊ុននឹងមានដំណោះស្រាយល្អសម្រាប់ខ្ញុំ និងមិនឲ្យខ្ញុំរង់ចាំយូរបន្តទៀត!»។
កញ្ញា ណាក់ ស្រីណា ក៏បន្តដែរថា៖ «រឿងនេះដែរ នាងខ្ញុំក៏មិនទាន់បាននិយាយជាមួយបងប្រុស អ៊ិន សុភិន ដែលជាចាងហ្វាងផលិតកម្មនៅឡើយទេ ដោយសារគិតថា ចង់ផ្តល់តម្លៃទៅដល់អ្នកដែលបានហៅនាងខ្ញុំមកថតកុននោះ ចេញមុខដោះស្រាយ និងមិនចង់ឲ្យកើតបញ្ហាបន្តទៅថ្ងៃមុខ ទើបខំទ្រាំឡើងយូរ ខណៈការថតកុនចប់តាំងពីខែតុលា ឆ្នាំ ២០១៧ មកម្ល៉េះ»៕


