ភ្នំពេញ: អំឡុងទសវត្សរ៍ឆ្នាំ ១៩៦០ វិចិត្រករស្រឡាយចិនមួយក្រុមបានធ្វើដំណើរជាទេសចរសម្ពាយឆ្លងកាត់តំបន់អាស៊ីអាគ្នេយ៍ ដូចជាឥណ្ឌូនេស៊ីវៀតណាម ថៃ ភូមា កម្ពុជា និងអង្គរវត្ដជាពិសេសផងដែរ។
ក្រោមគម្រោងផ្ទាល់ខ្លួនក្រុមវិចិត្រករ Ten Men Art Group ដែលមានសមាជិកបុរស ១០ នាក់ និងនារី ២ នាក់ មកពីប្រទេសសិង្ហបុរីដោយមានគោលគំនិតបង្កើតជាស្ទីលប្រចាំតំបន់។
លោក ស៊ុយ ទិតស៊ីង មានទំនាក់ទំនងស្អិតល្មួតជាមួយកម្ពុជា ដោយលោកផ្ដោតលើកិច្ចការចម្លាក់ឈើក្ដារ ព្រមទាំងថតរូប និងកត់ត្រាពីដំណើរមកកាន់កម្ពុជារបស់លោក។
អ្នកគ្រប់គ្រងពិព័រណ៍សិល្បៈឯករាជ្យអ្នកនាងវើរ៉ា ម៉ៃ បានពន្យល់ថា៖ «យើងអាចមើលឃើញនូវចម្លាក់ក្ដារឈើដែលឆ្លាក់ឆ្វៀលលើបន្ទះក្ដារដ៏ប៉ិនប្រសប់នៃស្នាដៃរបស់លោក។
ជំនាញនេះត្រូវបានពាំនាំយកទៅមាតុភូមិកំណើត។ ពីប្រទេសសិង្ហបុរីលោកបានបង្ហាញពីស្នាដៃបែបទំនើប តែនៅបន្ដប្រើជំនាញឆ្លាក់ ហើយអ្នកអាចឃើញពីស្នាដៃបែបសម័យអង្គរផងដែរ»។

កាលពីសប្ដាហ៍មុនតាមរយៈស្នាដៃវិចិត្រករសិង្ហបុរី និងបណ្ណាសាររក្ស កោះ ងួនហាវសមិទ្ធផលរបស់លោក ស៊ុយ នឹងត្រូវបានដាក់តាំងបង្ហាញក្នុងប្រទេសកម្ពុជាដែលទំនងជាលើកដំបូងបំផុតចំពោះទម្រង់សិល្បៈចម្លាក់នេះ។
នៅសិង្ហបុរីលោក កោះ មានឈ្មោះល្បីខាងប្រមែប្រមូលវត្ថុសិល្បៈ។
តាំងពីឆ្នាំ ២០០៥ គម្រោងបណ្ណាសារសិល្បៈសិង្ហបុរី (SAAP) របស់លោក គឺជាបណ្ដុំរូបថត ខិត្ដប័ណ្ណក្រាហ្វិក សំឡេង និងកាតាឡុកទាក់ទងនឹងសិល្បៈទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដែលស្នាដៃខ្លះមានប្រវត្ដិអំឡុងឆ្នាំ ១៩៣០។ លោក កោះ បានធ្វើការស្និទ្ធជាមួយគ្រួសារលោក ស៊ុយ និងបាននាំយករូបភាពពណ៌សខ្មៅ និងកំណត់ត្រា ដែលបកប្រែជាភាសាចិន ដែលគ្រោងនឹងដាក់បង្ហាញនៅភ្នំពេញ។
លោកក៏បានបន្ថែមវត្ថុប្រើប្រាស់ប្រចាំថ្ងៃដូចជា កញ្ច្រែង កណ្ដាប់ ក្រមា ដែលមាននៅក្នុងស្នាដៃរបស់លោក ស៊ុយ។
ពិព័រណ៍បណ្ណាសារសិល្បៈសិង្ហបុរី បើកទ្វារនៅថ្ងៃសៅរ៍ ទី ៣០ ខែកក្កដា វេលាម៉ោង ៦ ល្ងាច នៅវិចិត្រសាល ស-សបាសាក់ ផ្ទះលេខ ១៨ អឺ វិថីសុធារស ភ្នំពេញ៕
Audrey Wilson


