ក្រុងម៉ុងរ៉េអាល់: នីយ៉ូតៃម៉ូរិ ឬ «ស៊ូស៊ីលើរាងកាយ» ដែលគេស្គាល់ច្រើនជាការទទួលទានអាហារជប៉ុនសាស៊ីមិ ឬស៊ូស៊ីដាក់លើកាយអាក្រាតនារី។ ការទទួលទានអាហារលើរាងកាយអាក្រាតនេះត្រូវបានគេនិយាយថា បានចាប់ផ្ដើមតាំងពីសម័យសាមូរ៉ៃ នៅជប៉ុនម្ល៉េះ។
អ្នកចម្បាំងទទួលជ័យជម្នះ បានផ្ដើមអនុវត្ដប្រពៃណី ទទួលទានអាហារបុរាណលើរាងកាយអាក្រាតស្រីស្រស់នេះ ក្រោយពីឈ្នះសង្គ្រាម។ សំណាងល្អ បច្ចុប្បន្នលោកអ្នកមិនចាំបាច់ច្បាំងយកឈ្នះចាញ់ដើម្បីមានឱកាសភ្លក្សអាហារស៊ូស៊ីលើរាងកាយយ៉ាងដូច្នោះឡើយ។
លោកអ្នកគ្រាន់តែរង់ចាំដល់ព្រឹត្ដិការណ៍រៀបចំយ៉ាងពិសេស ឬឱកាសមិត្ដភក្ដិភ្ជាប់ពាក្យប៉ុណ្ណោះ។
ក្រុមហ៊ុនមួយឈ្មោះ Montreal VIP ដែលជំនាញរៀបចំពិធីជប់លៀងលាភាពកំលោះ ពេលនេះ បានផ្ដល់កញ្ចប់សេវាកម្មអាហារស៊ូស៊ីលើរាងកាយអាក្រាត។
សេវាកម្មនេះ ភ្ញៀវនឹងទទួលបានចុងភៅស៊ូស៊ីឯកជនម្នាក់ ក្នុងបន្ទប់ពិសេសក្នុងភោជនីយដ្ឋាន (សម្រាប់សមាជិក ១៧ កៅអី) និងនារីម៉ូដែលម្នាក់ ដែលត្រូវបានបណ្ដុះបណ្ដាលសិល្បៈនីយ៉ូតៃម៉ូរិ។ បើអ្នកកៀរគរបានមិត្ដភក្ដិ ១៧ នាក់ អ្នកត្រូវចំណាយម្នាក់តែជិត ១៥០ ដុល្លារប៉ុណ្ណោះ។

នីយ៉ូតៃម៉ូរិ ឬស៊ូស៊ី លើរាងកាយអាក្រាត បានក្លាយជាប្រពៃណីដ៏ពេញនិយមសម្រាប់ព្រឹត្ដិការណ៍ជប់លៀងលាភាពកំលោះ។ មិនចាំបាច់និយាយថា ហេតុអ្វីអត់មានអាហារស៊ូស៊ីលើរាងកាយអាក្រាតបុរសទេ។
ដំណើរការជាង ១ ទសវត្សរ៍មុន Montreal VIP ធ្លាប់បានបម្រើ អតិថិជនទ្រព្យស្ដុកជាច្រើន តារាល្បីៗ អត្ដពលិកជំនាញ អ្នកនយោបាយ និងអគ្គនាយកក្រុមហ៊ុនផងដែរ។
ក្រុមហ៊ុនបានអះអាងថា ក្រុមហ៊ុនជ្រើសរើសតែនារីម៉ូដែលស្អាតៗ (មកពីទីភ្នាក់ងារម៉ូដែលកំពូលនៅក្រុង ម៉ុងរ៉េអាល់) ហើយបង្វឹកពួកនាងនូវសិល្បៈនីយ៉ូតៃម៉ូរិ។
ក្នុងចំណោមម៉ូដែលទាំងនេះ ម៉ូដែលម្នាក់ត្រូវបានស្រង់សម្ដីដោយទស្សនាវដ្ដី Cosmopolitan បាននិយាយថា នាងមិនធ្លាប់ជួបបទពិសោធអីមិនសមទំនង ឬរងការបៀតបៀនអ្វីពីសំណាក់ភ្ញៀវឡើយ។
ប៉ុន្ដែនាងសារភាពថា នាងពិតជាលំបាកក្នុងការគេងស្ងៀមរយៈពេលរាប់ម៉ោងណាស់។ ជួនកាល នាងត្រូវបញ្ចេញសញ្ញាដល់ចុងភៅសុំពេលអេះរមាស់បន្ដិច៕HR


