ភ្នំពេញ: អ្នកនិយមទស្សនាភាពយន្ដនៅកម្ពុជា ត្រូវដឹងថា រឿង Kingsman: The Golden Circle នឹងគ្មានវត្ដមានតាមបណ្ដារោងកុនក្បែរលោកអ្នកឡើយ ដោយមន្ដ្រីរដ្ឋាភិបាលមិនផ្ដល់អាជ្ញាប័ណ្ណបញ្ចាំង ព្រោះវាមានឈុតឆាកអវិជ្ជមាននាំឲ្យប៉ះពាល់ដល់កម្ពុជា ដែលទស្សនិកជនខ្មែរមិនអាចទទួលយកបាន។
ភាពយន្ដបែបកំប្លែងបានរំលេចដំណើររឿងពីក្រុមចារកម្មសម្ងាត់អង់គ្លេសសហការជាមួយសមភាគីអាមេរិក ដើម្បីស្វែងរកមូលដ្ឋានមេជួញដូរគ្រឿងញៀន ដែលស្ថិតនៅក្នុងប្រទេសកម្ពុជា។ ពេលរកឃើញ ជម្លោះដ៏ពុះពោររវាងក្រុមបងធំ (អ្នកនាង Julianne Moore ជាចំណាប់ខ្មាំងជាមួយលោក Elton John) និងទីភ្នាក់ងារ (លោក Colin Firth និងលោក (Taron Egerton) សម្ដែងនៅក្នុងស្ទូឌីយោកាត់តរូបភាពប្រាសាទខ្មែរអមដោយព្រៃព្រឹក្សា។
ក្នុងបទសម្ភាសកាលពីពេលថ្មីៗ លោក ប៉ុក បូរក្ស ប្រធានស្តីទី នៃនាយកដ្ឋានសិល្ប:ភាពយន្ត និងផ្សព្វផ្សាយនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាននិយាយថា ការសម្រេចហាមចាក់បញ្ចាំងរឿង Kingsman នេះត្រូវបានធ្វើឡើងពីសប្ដាហ៍មុន។
លោកបាននិយាយថា៖ «ក្រោយពេលយើងទទួលភាពយន្ដនេះ យើងបានមើលឃើញពីបញ្ហាមួយចំនួន។ ពួកគេប្រើដីកម្ពុជា [ប្រាសាទ] ជាទីកន្លែងដែលក្រុមភេរវករស្នាក់នៅ និងបង្កបញ្ហាជុំវិញពិភពលោក»។
ខណៈមិនមានការបញ្ជាក់ពីទីតាំង និងឈ្មោះប្រាសាទថា នៅទីណាច្បាស់លាស់ លោកបាននិយាយថាវាដូចជាប្រាសាទតាព្រហ្មដ៏ល្បីល្បាញក្នុងរឿង Tomb Raider សម្ដែងដោយនាង អេនជេលីណា ជោលី។
ក្ដីបារម្ភចម្បង ត្រូវបានលោក ប៉ុក បូរក្ស និយាយថា ខ្សែភាពយន្តនេះមានការផ្សារភ្ជាប់យ៉ាងច្បាស់ទៅនឹងប្រទេសកម្ពុជា ជាទីតាំងដែលក្រុមជនអន្ធពាលរស់នៅ និងផលិតគ្រឿងញៀន ខុសពីរឿង Tomb Raider ដែលតួឯកស្រីបានយកអច្ឆរិយវត្ថុពីប្រាសាទអង្គរ ជាសាច់រឿងដែលអាចទទួលយកបាន ព្រោះប្រទេសកម្ពុជាត្រូវបានបង្ហាញក្នុងខ្សែភាពយន្តក្រោមរូបភាពលន្លង់លន្លោច។
ពីរសប្ដាហ៍មុនពេលបម្រាមចាក់បញ្ចាំងត្រូវបានប្រកាស លោក សាយម៊ិន ឈូ (Simon Choo) នាយកផ្នែកចែកចាយនៅក្រុមហ៊ុន Westec Media បាននិយាយថា ក្រុមហ៊ុនបានដាក់សំណើសុំកែកុនប្លង់នៃខ្សែភាពយន្ត Kingsman: The Golden Circle ដោយយោងទៅតាមមតិពីខាងក្រសួង។ ក្រុមហ៊ុនបានដកប្លង់ដែលផ្ដោតចំៗលើកម្ពុជា ទោះបីជាឈុតឆាកវ៉ៃតប់គ្នានៅតំបន់ប្រាសាទ មិនអាចកាត់ចោលទាំងស្រុងក្ដី។
លោក សាយម៊ិន បានពន្យល់ថា៖ «យើងបិទចោលសូម្បីតែឈ្មោះ និងអ្វីទាក់ទងនឹងកម្ពុជា មិនត្រូវបានបង្ហាញទាល់តែសោះ»។
ដោយយល់ថា បម្រាមនេះដូចជាតឹងរ៊ឹង ជាពិសេសសម្រាប់ភាពយន្តដែលមានសាច់រឿងបែបប្រឌិតបែបស្រមើលស្រមៃសុទ្ធសាធនោះ លោក សាយម៊ិន បាននិយាយទៀតថា៖ «រាល់ភាពយន្តទាំងអស់មិនអាចបង្ហាញប្រទេសកម្ពុជា ជាឋានសួគ៌នោះឡើយ យើងត្រូវតែប្រឈមនឹងការពិតថាគ្រប់ប្រទេសទាំងអស់ក្នុងពិភពលោកគឺមានជនឧក្រិដ្ឋ»។
ក្រុមហ៊ុន Westec នឹងទទួលបានប្រាក់ទិញសិទ្ធិបញ្ចាំងពីខាងស្ទូឌីយោ វិញ ប៉ុន្តែលោក សាយម៊ិន នៅតែមិនអស់ចិត្តចំពោះបម្រាមអវិជ្ជមានដល់ឧស្សាហកម្មភាពយន្តនេះ។ ដូចគ្នានេះដែរ យុវជន ថាយ ឈាង ម៉េង ដែលជាអ្នកនិយមទៅរោងភាពយន្តលោកក៏បានសម្ដែងការខកចិត្ត ដែលក្រសួងបានហាមប្រាមការចាក់បញ្ចាំងរឿង Kingsman: The Golden Circle នេះដែរ។
យុវជនវ័យ ២៤ ឆ្នាំរូបនេះបានបញ្ចេញមតិថា៖ «ប្រសិនបើយើងបើកទូលាយបន្តិច នឹងមានក្រុមហ៊ុនផលិតកុនធំៗមកថតនៅកម្ពុជា ហើយរដ្ឋាភិបាលក៏អាចទទួលបានចំណូលកាន់តែច្រើនផងដែរ»៕HR


